ការផ្សាយ​ពាណិជ្ជកម្ម​នៅ​តំបន់ Times Square អបអរ​មេ​ដឹកនាំ​ថ្មី​របស់​កម្ពុជា គឺជាការ​​ក្លែងក្លាយ

ម្ចាស់​ផ្ទាំង​ប៉ាណូ​បដិសេធ​ថា ពួកគេ​មិន​ដែល​ធ្លាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សាទរ​ថា​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ឡើយ។

ដោយ Abby Seiff for RFA Investigative and RFA Khmer
2023.10.11
RFA

ការផ្សាយ​ពាណិជ្ជកម្ម​នៅ​តំបន់ Times Square អបអរ​មេ​ដឹកនាំ​ថ្មី​របស់​កម្ពុជា គឺជាការ​​ក្លែងក្លាយ

ផ្ទាំង​ប៉ាណូ​ក្លែងក្លាយ​ដែល​បង្ហាញ​ពី​ការ​សាទរ​ដល់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​តំបន់ Times Square នៃ​ទីក្រុង​ញូវយ៉ក (New York) ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​រូបថត​ទាំងនេះ​ដែល​ថត​ចេញ​ពី​វីដេអូ​តាម​ហ្វេសប៊ុក (Facebook)។Credit: Facebook/vanessa.pang.1656 [រូបឆ្វេង]; ហ្វេសប៊ុក/ហ៊ុន សែន


ផ្ទាំង​ប៉ាណូ​ទាំង​នេះ មាន​ភាព​ទាក់ទាញ។ នៅ​ក្នុង​វីដេអូ​ថត​នៅ​ចំ​កណ្ដាល​តំបន់ Times Square នៃ​ទីក្រុង​ញូវយ៉ក (New York) ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បី​បំផុត​មួយ​ក្នុង​ពិភពលោក ផ្ទាំង​ប៉ាណូ​ឌីជីថល​ដ៏​ធំ​ចំនួន​បី រំលេច​ដោយ​ផ្ទៃ​ពណ៌​ខៀវ ដែល​ជា​ពណ៌​ផ្លាក​សញ្ញា​សម្គាល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សារ​អបអរ​សាទរ​នាយករដ្ឋមន្ត្រី​ដែល​ទើប​ចាត់តាំង គឺ​លោក ហ៊ុន ម៉ាណែត។

បញ្ហា​តែ​មួយ​គត់​នោះ​គឺ​នៅ​ត្រង់​ថា​ផ្ទាំង​ប៉ាណូ​ទាំងនេះ ជា​ផ្ទាំង​ប៉ាណូ​ក្លែងក្លាយ។

កាលពី​ខែ​មុន រូបភាព និង​វីដេអូ​នៃ​ផ្ទាំង​ប៉ាណូ​ទាំងនេះ ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ លោក ហ៊ុន ម៉ាណែត បាន​អរគុណ​ដល់​អ្នក​គាំទ្រ​ម្នាក់​ដែល​បាន​ទិញ​ការផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ផ្ទាំង​ប៉ាណូ​ឌីជីថល​ដ៏​លេចធ្លោ​ចំនួន​ពីរ​នៅ​អគារ ១៥៣០ នៃ​មហាវិថី Broadway។ ទន្ទឹមគ្នា​នោះ ឪពុក​របស់​លោក ហ៊ុន ម៉ាណែត គឺ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បង្ហោះ​វីដេអូ​បង្ហាញ​ផ្ទាំង​ប៉ាណូ​ទី​បី ដែល​ជា​វីដេអូ​ថត​ឱ្យ​ឃើញ​ពី​ប្លុក​មួយ​ក្នុង​ទីក្រុង​នេះ។

លោក ហ៊ុន សែន បាន​សរសេរ​ថា៖ «ផ្ទាំង​ប៉ាណូ​នៅ​ចំ​កណ្ដាល​ទីក្រុង​ញូវយ៉ក តំបន់ Times Square ស្វាគមន៍​វត្តមាន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក»

ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្និទ្ធ​នឹង​រដ្ឋាភិបាល និង​សូម្បី​តែ​ វិទ្យុអាស៊ីសេរី​ ក៏​បាន​រាយការណ៍​អំពី​ផ្ទាំង​ប៉ាណូ​ទាំងនេះ​ផងដែរ ដោយ​កត់សម្គាល់​ថា​ការផ្សាយ​ពាណិជ្ជកម្ម​ទាំងនេះ​ធ្វើ​ឡើង​នៅ​ទន្ទឹម​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត មក​កាន់​ទីក្រុង​ញូវយ៉ក ដើម្បី​មក​ចូលរួម​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ។ នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក​មក​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​ពិភពលោក​ប្រចាំ​ឆ្នាំ​ក្រោយ​ពី​លោក​ បាន​ឡើង​កាន់​តំណែង ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​របស់​លោក​កាលពី​ខែ​សីហា។

ផ្ទាំង​ប៉ាណូ​ទាំង​បី​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​ចំនួន​បី​ផ្សេង​គ្នា ដែល​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​សុទ្ធតែ​បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា ពួកគេ​មិន​ដែល​ធ្លាប់យក​វីដេអូ​ទាំងនោះ​ទៅ​ផ្សព្វផ្សាយ​នៅ​លើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ពួកគេ​ឡើយ។

អនុប្រធាន​ប្រចាំ​តំបន់ Times Square របស់​ក្រុមហ៊ុន Outfront Media ដែល​ជា​ម្ចាស់​ផ្ទាំង​ប៉ាណូ​ផ្នែក​ខាងលើ​គេ​នៅ​អគារ ១៥៣០ មហាវិថី Broadway លោក Douglas Cordova បាន​និយាយ​ថា «វីដេអូ​នេះ មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ផ្ទាំង​ប៉ាណូ​ធំនៅ​អគារ ១៥៣០ ទេ»

រីឯ ផ្ទាំង​ប៉ាណូ​ផ្នែក​ខាង​ក្រោម​នៃ​អគារ ១៥៣០ មហាវិថី Broadway វិញ គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Heritage Outdoor Media។ សហ​ស្ថាបនិក​ក្រុមហ៊ុន​នេះ គឺ​លោក Terry Carmody បាន​និយាយ​ថា សារ​ផ្សាយ​ពាណិជ្ជកម្ម​អបអរ​សាទរ​ដែល​មាន​រូបថត​លោក ហ៊ុន ម៉ាណែត នោះ មិន​ដែល​ត្រូវ​បាន​យក​ទៅ​ផ្សព្វផ្សាយ​នៅ​លើ​ផ្ទាំង​ប៉ាណូ​របស់​ក្រុមហ៊ុន​គាត់​ឡើយ។

លោក​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិក​ថា៖ «ច្បាស់​ណាស់ វា​ហាក់​ដូច​ជា​រូប​ប៉ាន់​សំណាក ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​អញ្ចឹង»

ផ្ទាំង​ប៉ាណូ​ទី៣ និង​ធំ​ជាង​គេ គឺ​ស្ថិត​នៅ​ពី​មុខ​សណ្ឋាគារ New York Marriott Marquis ដែល​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ ៤ មាន​ទីតាំង​ស្ថិត​នៅ​មួយ​ផ្លូវ​ក្រោយ​អគារ ១៥៣០ មហាវិថី Broadway។ វីដេអូ​នៃ​ផ្ទាំង​ប៉ាណូ​ដ៏ធំ​សម្បើម ដែល​លោក ហ៊ុន សែន បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នេះ មាន​អ្នក​ចូល​មើល​រហូត​ដល់​ទៅ ៣ម៉ឺន​ដង។

ផ្ទាំង​ប៉ាណូ​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Silvercast Media។ តំណាង​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​វិទ្យុអាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា វីដេអូ​នោះ «គឺជា​ការកែច្នៃ​ក្លែងក្លាយ»

FakeNYCBillboard2.jpeg
លាត​ត្រដាង​ភាព​ក្លែងក្លាយ៖ នៅ​ក្នុង​រូបភាព​ខាងឆ្វេង​នៃ​ផ្ទាំង​ប៉ាណូ​ក្លែងក្លាយ រន្ទា​ពណ៌​ស​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ខាង​ក្រោម​អេក្រង់​វីដេអូ។ នៅ​ក្នុង​រូបភាព​ខាង​ស្ដាំ​វិញ រូបភាព​ពី​វីដេអូ​យូធូប (YouTube) នៃ​ផ្ទាំង​ប៉ាណូ​មួយ​ដែល​ត្រូវ​បាន​គេ​ថត​នៅ​ថ្ងៃ​ដដែល ពោលគឺ​ជា​ថ្ងៃ​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​បាន​ផ្សាយ​ពាណិជ្ជកម្ម​សរសើរ​លោក ហ៊ុន ម៉ាណែត នោះ បង្ហាញ​ថា គ្មាន​រន្ទា​ពណ៌​ស​នោះ​ទេ។ Credit: Facebook/Hun Sen [left]; YouTube@ActionKid

ជា​វីដេអូ​បង្កើត​ឡើង​សម្រាប់​ប្រើប្រាស់​ក្នុង​មាតិកា​ផ្សាយ​ពាណិជ្ជកម្ម វីដេអូ​នេះ​គឺ ដូចគ្នាបេះ​បិទ​ទៅ​នឹង​វីដេអូ​របស់​តន្ត្រីករ​ហ្ស៊ីមបាវ៉េ (Zimbabwe) ម្នាក់ ដែល​ត្រូវបាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ​កាលពី​ខែមុន​ដោយសារ​តែ​លោក​បាន​កាត់​ត​រូប​ថត​ខ្លួន​ឯង​យក​ទៅ​ដាក់​លើ​ផ្ទាំង​ប៉ាណូ​ដូច​គ្នា​នេះ។ នៅ​ក្នុង​វីដេអូ​លោក ហ៊ុន ម៉ាណែត និង​វីដេអូ​តន្ត្រីករ Baba Harare គេ​ឃើញ​មាន​រថយន្ត កង់ និង​មនុស្សម្នា​ដូចគ្នា​បេះ​បិទ កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​នោះ។ ជាក់ស្តែង វីដេអូ​ពិត​ប្រាកដ​ត្រូវបាន​គេ​ថត​កាលពី​ពេល​មុន ក្នុង​ពេល​ដែល​មាន​រន្ទា​ស្ថិត​នៅ​ខាង​ក្រោម​ផ្ទាំង​ប៉ាណូ​នោះ។ ប៉ុន្តែ វីដេអូ​ទេសចរណ៍​ ដែល​ថត​ក្នុង​ថ្ងៃ​តែ​មួយ​នឹង​ការអះអាង​ថា​ជា​ការផ្សាយ​ពាណិជ្ជកម្ម​របស់​លោក ហ៊ុន ម៉ាណែត នោះ ត្រូវ​បាន​គេ​បញ្ជាក់​ថា មិន​ឃើញ​មាន​រន្ទា​នោះ​ទេ។

ការ​ស្វែង​រក​ភ្លាមៗ​នៅ​លើ​អនឡាញ​របស់​វែបសាយ​ផ្តល់​សេវាកម្ម Freelance របស់​ក្រុមហ៊ុន Fiverr បង្ហាញ ឱ្យ​ឃើញ​ពី​ចំនួន​សិល្បករ​ផ្នែក Visual Effects ជាច្រើន​ដែល​ផ្តល់​សេវាកម្ម​កែច្នៃ​ស្លាក​សញ្ញា (ឡូហ្គោ) និង​ការផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​វីដេអូ​នៃ​ផ្ទាំង​ប៉ាណូ​នៅ​តំបន់ Times Square ក្នុង​តម្លៃ​ទាប​ត្រឹមតែ ១០ដុល្លារ​ប៉ុណ្ណោះ។

គេ​មិន​ច្បាស់​ថា​វីដេអូ​នេះ​មាន​ប្រភព​ដើម​មក​ពី​ណា​នោះទេ។ ប៉ុន្តែ យ៉ាងហោចណាស់​មាន​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​ បាន​បង្ហោះ​វីដេអូ នៃ​ផ្ទាំង​ប៉ាណូ​មួយ​នៅ​លើ​ហ្វេសប៊ុក មុន​ពេល​ដែល​វីដេអូ​ទាំង​នោះ​ត្រូវ​បាន​ចែក​រំលែក​ដោយ​នាយករដ្ឋមន្ត្រី និង​ឪពុក​របស់​គាត់។ លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​អរគុណ​ដល់​បុរស​ម្នាក់​ឈ្មោះ David Soth ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នេះ។ ក្រោយ​មក​សារព័ត៌មាន FreshNews ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​សរសេរ​ថា «ការផ្សព្វផ្សាយ​រូបភាព​វីដេអូ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាម​ដង​វិថី​ទីក្រុង​ញូវយ៉ក ពិសេស​នៅ​តំបន់ Times Square អំឡុង​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ​នោះ គឺ​ពុំ​មាន​គិត​ថ្លៃ​នោះ​ទេ ដោយសារ​តែ​ការ​ស្រឡាញ់​គាំទ្រ​របស់​យុវជន​កូន​ខ្មែរ​ម្នាក់ ដែល​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Billboard នេះ​ជួយ​ចាត់ចែង​ចាក់​ផ្សាយ»។ ការ​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់​មាន​សរសេរ​អក្សរ​ផ្តល់ Credit ថា «CPP Chapter of San Francisco, CA» (ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋ​កាលីហ្វ័រញ៉ា) បើទោះបីជា​ក្រុម​ការងារ​នេះ​ហាក់​ដូចជា​មិន​មាន​សកម្មភាព​នៅ​លើ​អ៊ីនធឺណិត​ក៏ដោយ។

វីដេអូ​មួយ​ដែល​មិន​ត្រូវ​បាន​គេ​ចែកចាយ​ច្រើន​​នោះ ​គឺ​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ហ្វេសប៊ុក​​ដែល​បង្ហាញ​ពី​ផ្ទាំង​ប៉ាណូ​ទី​៤ មាន​ទីតាំង​នៅ​កែង​ផ្លូវ​លេខ ៤០ និង​មហាវិថី ១១ ដែល ​ជា​កន្លែង​ចត​រថយន្ត​និង​ការដ្ឋាន​សំណង់​នៅ​ឆ្ងាយ ​ពី​តំបន់ Times Square ដ៏​មមាញឹក។ ក្នុង​វីដេអូ​នោះ គេ​ឃើញ​លោក ហ៊ុន ម៉ាណែត បង្ហាញ​ខ្លួន​លើ​អេក្រង់​ប្រមាណ​ជា ១០ វិនាទី។

អ្នក​ផ្សាយ​នោះ​ពន្យល់​តាមរយៈ ​ការផ្សាយ​ផ្ទាល់​នៅ​លើ​ហ្វេសប៊ុក កាលពី​ថ្ងៃទី២៣ ខែកញ្ញា ថា៖ «យប់ម៉ិញ យើង​ដាក់​ទៅ រវល់ពេក យើង​អត់​បាន​ទៅ​ឡាយហ្វ [ផ្សាយផ្ទាល់នៅ Times Square។ ដល់​ពេល​ចឹង​ កុំ​ឱ្យ​បងប្អូន​ខ្លះ​ថា ពួក​យើង​អេឌីត ឬក៏​ធ្វើ​រូប​ក្លែងក្លាយ។ គឺ​ពួក​យើង​អត់​ធ្វើ​ក្លែងក្លាយ​ទេ។ ពួក​យើង​ស្រឡាញ់​សម្តេច…។ ឥឡូវ [រូប]នេះ​វា rotate [ឆ្លាស់គ្នា] តិច​ទៀត​មក​ទៀត​ហើយ បិទ​បន្តិច​សិន ចាំ​មក​វិញ ចាំបើក»

RFAHunManetBillboardLocationsKHM.jpg

លោក Anthony Fontanello នាយក​ផ្នែក​អភិវឌ្ឍន៍​ប៉ុស្តិ៍​កម្មវិធី​ផ្សាយ​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន Outfront Media ដែល​ជា​ម្ចាស់​ផ្ទាំង​ប៉ាណូ​នោះ បាន​និយាយ​ថា​ការផ្សាយ​ពាណិជ្ជកម្ម​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី២២ និង២៣ ខែ​កញ្ញា។ ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា Blip ក្នុង​តម្លៃ​ត្រឹម​តែ​ជាង ៥០០ដុល្លារ​ប៉ុណ្ណោះ ជំនួស​ឱ្យ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ។ នេះ​បើ​តាម​ទិន្នន័យ​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ឃើញ។ តាមរយៈ​ក្រុមហ៊ុន Blip នេះ មនុស្សម្នា​គ្រប់គ្នា​អាច​ទិញ​ការផ្សាយ​ពាណិជ្ជកម្ម​ខ្លីៗ​នៅ​លើ​ផ្ទាំង​ប៉ាណូ​នេះ​បាន ដោយ​អាច​ជួល​ក្នុង​តម្លៃ​តែ​ពីរ​ឬ​បី​ដុល្លារ​ប៉ុណ្ណោះ ពោល​គឺ អាស្រ័យ​លើ​ពេលវេលា​ជាក់ស្ដែង​នៃ​ថ្ងៃ​នីមួយ​ៗ។

ការជួល​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​តំបន់ Times Square វិញ គឺ​មាន​តម្លៃ​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​ ប៉ុន្តែ មិន​ថ្លៃ​ហួស​ហេតុ​ពេក​នោះទេ។ លោក Carmody នៃ​ក្រុមហ៊ុន Heritage Outdoor Media បាន​ប៉ាន់ស្មាន​ថា វា​អាច​មាន​តម្លៃ​ប្រហែល ១.២០០ ដុល្លារ សម្រាប់​ការផ្សាយ​ពាណិជ្ជកម្ម​បន្តបន្ទាប់​រយៈពេល ១៥ វិនាទី នៅ​លើ​ផ្ទាំង​ប៉ាណូ​ផ្នែក​ខាងក្រោម​នៃ​អគារ ១៥៣០ រៀងរាល់​ម៉ោង ក្នុង​មួយថ្ងៃ។ ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រហែល​ជា​មាន​បញ្ហា​ក្នុង​ការ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ផ្សាយ​ពាណិជ្ជកម្​មដែល​មាន​លក្ខណៈ​នយោបាយ​បែបនេះ។

នៅ​ពេល​ដែល​សួរ​ថា​តើ​វា​អាច​ទៅ​រួច​ដែរ​ទេ ដែល​ផ្ទាំង​ប៉ាណូ​នេះ​អាច​ត្រូវ​បាន​គេ​ជូល​បន្ត​ដោយ​ក្រុមហ៊ុន​របស់​គាត់​មិន​បាន​ដឹង​នោះ លោក Cordova នៃ​ក្រុមហ៊ុន Outfront បាន​និយាយ​ថា «វា​ជា​រឿង​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ម្ចាស់​អគារ​ត្រូវ​តែ​យល់ព្រម ហើយ​ពួកគេ​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការជួល​បន្ត​នោះ​ឡើយ»

លោក​បាន​ថ្លែង​ថា៖ «វា​ជា​ខ្លឹមសារ​នយោបាយ ដូច្នេះ​ហើយ វា​ផ្ទុយ​ពី​បទប្បញ្ញត្តិ​សម្រាប់​ការផ្សាយ​ពាណិជ្ជកម្ម​លើ​ផ្ទាំង​ប៉ាណូ​របស់​ម្ចាស់​អគារ»

រាយការណ៍​បន្ថែម​ដោយ Asia Fact Check Lab។ កែ​សម្រួល​ដោយ Jim Snyder

What Next?

Recent Articles

One Response to "ការផ្សាយ​ពាណិជ្ជកម្ម​នៅ​តំបន់ Times Square អបអរ​មេ​ដឹកនាំ​ថ្មី​របស់​កម្ពុជា គឺជាការ​​ក្លែងក្លាយ"

  1. Mfjejdjw uUHHUUJdiwjdiwj твагРГРГРГашоаувауга jhduwifjefheufheuh eufhudfjhuhоарвоаруауаруг аРГРПРОРПРПРПавоыорр dhfhsdhsdhudhsfuHGHGH fhdhhhffh camnews.org says:

    Mfjejdjw uUHHUUJdiwjdiwj твагРГРГРГашоаувауга jhduwifjefheufheuh eufhudfjhuhоарвоаруауаруг аРГРПРОРПРПРПавоыорр dhfhsdhsdhudhsfuHGHGH fhdhhhffh camnews.org