លោក ហ៊ុន សែន ប្រាប់​គណបក្ស​សម្ព័ន្ធមិត្ត​​ឱ្យ​កម្ចាត់​អ្នក​នយោបាយ​មួយ​ក្រុម ដែល​លោក​ចោទ​ថា ជា​ក្រុម​ជ្រុលនិយម

ដោយ សេក បណ្ឌិត
2023.10.25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ប្រាប់​គណបក្ស​សម្ព័ន្ធមិត្ត​​ឱ្យ​កម្ចាត់​អ្នក​នយោបាយ​មួយ​ក្រុម ដែល​លោក​ចោទ​ថា ជា​ក្រុម​ជ្រុលនិយម

លោក ហ៊ុន សែន ក្នុង​ជំនួប​រវាង​គណបក្ស​កាន់​អំណាច ជាមួយ​គណបក្ស​សម្ពន្ធភាព​របស់​ខ្លួន​​ចំនួន២៧ ​​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ឬ​វិមាន ​៧​មករា នៅ​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ២០២៣​។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ទៅ​គណបក្ស​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ទាំង២៧ ថា ឱ្យ​ត្រៀម​ខ្លួន​កម្ចាត់​អ្នក​នយោបាយ​មួយ​ក្រុម ដែល​លោក​ចោទ​ថា ជា​ក្រុម​ជ្រុល​និយម។ អ្នក​វិភាគ​នយោបាយ​ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា សំដី​​របស់ ហ៊ុន សែន ជា​ការ​បង្គាប់បញ្ជា​លើ​គណបក្ស​សម្ព័ន្ធមិត្ត ដើម្បី​បំបិទ​សំឡេង​បក្ស​ប្រឆាំង​ចេញ​ពី​កម្ពុជា។

ជំនួប​រវាង​គណបក្ស​កាន់​អំណាច ជាមួយ​គណបក្ស​សម្ពន្ធភាព​របស់​ខ្លួន​​ចំនួន២៧ លោក ហ៊ុន សែន ដែល​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង គឺ​លោក ហ៊ុន សែន ត្រូវ​បាន​ធ្វើឡើង​​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ឬ​វិមាន​៧​មករា នៅ​ថ្ងៃ​ទី២៥ ខែ​តុលា​។

ថ្លែង​ទៅ​កាន់​តំណាង​គណបក្ស​សម្ពន្ធភាព​របស់​ខ្លួន លោក ហ៊ុន សែន លើក​ឡើង​ថា អ្នក​នយោបាយ​មួយ​ក្រុម ដែល​លោក​ចោទប្រកាន់​ថា ជា​ក្រុម​ជ្រុល​និយម ពួក​គេ​មាន​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ និង​បំផ្លាញ​សន្តិភាព។ លោក ហ៊ុន សែន ​ទាមទារ​​ឱ្យ​​គណបក្ស​សម្ព័ន្ធ​ទាំង ២៧គណបក្ស ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​កម្ចាត់​ចោល​ក្រុម​ជ្រុល​និយម​នេះ​ចោល។ លោក ហ៊ុន សែន អះអាង​ថា ជំហរ​បែប​នេះ គឺ​ជា​កិច្ចព្រមព្រៀង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​គណបក្ស ដែល​ចង​សម្ពន្ធភាព។ ទោះ​សារ​របស់​លោក ហ៊ុន សែន មាន​ចរិត​បង្គាប់​បញ្ជា​លើ​គណបក្ស​សម្ពន្ធភាព​ក្ដី ប៉ុន្តែ លោក ហ៊ុន សែន ថ្លែង​ការពារ​គណបក្ស​ទាំង២៧ ថា គណបក្ស​ទាំងនោះ​មិនមែន​ជា​គណបក្ស​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

លោក ហ៊ុន សែន៖ «នេះ​ជា​ទិដ្ឋភាព​ទាំងឡាយ ដែល​ខ្ញុំ​សុំ​បញ្ជាក់​ថា យើង​ត្រូវ​រួម​គ្នា ដើម្បី​កម្ចាត់​ចោល​នូវ​នយោបាយ​ជ្រុល​និយម ដូច​ដែល​ខ្ញុំ​ធ្លាប់​ដាក់​ទិសដៅ​ថា ត្រូវ​កម្ចាត់​ចោល​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ពួក​ខ្មែរ​ក្រហម ខ្ញុំ​ធ្វើ​បាន​សម្រេច។ ឥឡូវ ខ្ញុំ​ចង់​ប្រមូល​អ្នក​ទាំង​អស់​គ្នា​អត់​ធ្វើ​កិច្ចការ​ដ៏​លំបាក​ទេ»

គណបក្ស​នយោបាយ​ចំនួន២៧ ដែល​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ពន្លឺ​ថ្មី គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​រស្មី​ខេមរា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​កសិករ​ គណបក្ស​ស្ត្រី ដើម្បី​ស្ត្រី គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​តែ​មួយ​ជា​ដើម។ គណបក្ស​ទាំង២៧ នេះ បាន​ព្រមព្រៀង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៨ចំណុច មាន​ដូច​ជា ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ស្មើភាព ស្មើ​សិទ្ធិ ការពារ​រដ្ឋធម្មនុញ្ញ និង​របប​រាជានិយម ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​សហការ​គ្នា​ទប់ស្កាត់ និង​កម្ចាត់​ចោល​នយោបាយ​ជ្រុលនិយម​ជាដើម។

ជុំវិញ​រឿង​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ដួង ចន្ត្រា យល់​ថា សម្ព័ន្ធ​ភាព​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ​គ្រាន់តែ​ជា​សម្ពន្ធភាព​ក្លែងក្លាយ​ដើម្បី​បន្លំ​ភ្នែក​ពលរដ្ឋ​ប៉ុណ្ណោះ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​លើក​ឡើង​ទៀត​ថា សារ​ព្រមាន​របស់​លោក ហ៊ុន សែន ទំនង​ចង់​សំដៅ​លើ​មេ​ដឹកនាំ​នយោបាយ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​ភ្លើង​ទៀន។ លោក​ថា លោក ហ៊ុន សែន នៅតែ​ព្យាយាម​តាម​កម្ចាត់ ឫសគល់​គណបក្ស​ប្រឆាំង ដើម្បី​រក្សា​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ដួង ចន្ត្រា៖«អ្នក​ដែល​មាន​សកម្មភាព​សម្រាប់​ចូលរួម​ការបោះឆ្នោត​ពិតប្រាកដ​មានតែ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​និង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​តែ​ប៉ុណ្ណោះ ដែល​ជា​កម្លាំង​ពិត​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្លាស់ប្ដូរ​​រដ្ឋាភិបាល​នេះ អ៊ីចឹង​ហើយ​បាន​ជា​លោក ហ៊ុន សែន គាត់​នៅតែ​តាម​កម្ចាត់​ឫសគល់​អ្នក ដែល​ប្រជាធិបតេយ្យ​និយម ក៏​ដូច សម រង្ស៊ី និយម​នេះ​ឯង​នេះ»

ទាក់ទង​សារ​នយោបាយ​របស់​លោក ហ៊ុន សែន ថា​តាម​កម្ចាត់​អ្នក​នយោបាយ​ជ្រុលនិយម​នេះ បើ​ទោះ​ជា​លោក ហ៊ុន សែន មិន​បញ្ចេញ​ឈ្មោះ​អ្នក​នយោបាយ​រូប​ណា​ក្ដី ប៉ុន្តែ មនុស្ស​ដែល​លោក ហ៊ុន សែន ទំនង​ចង់​សំដៅ​គ្មាន​អ្នក​ណា​​ក្រៅ​ពី​​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ខពួក​ឡើយ។ ត្បិត​មេដឹកនាំ​គណបក្ស​កាន់​អំណាច​រូប​នេះ នៅតែ​ចោទ​ប្រកាន់​ថា ចលនា ៩វិច្ឆិកា របស់​លោក សម រង្ស៊ី គឺ​ជា​ទម្រង់​នៃ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល បំផ្លាញ​សន្តិភាព ហើយ​តុលាការ​កំពុង​កាត់ក្ដី​លើ​សំណុំរឿង​នេះ​នៅ​ឡើយ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់​ថា សារ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ជា​ការ​បញ្ជាក់​ថា គណបក្ស​ទាំង២៧ មិន​មាន​តម្លៃ​ស្មើ​មុខ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តែ​គណបក្ស​ទាំង​នោះ​គ្រាន់តែ​រង់ចាំ​ធ្វើ​តាម​​បញ្ជា​របស់​លោក ហ៊ុន សែន ឬ​របស់​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។ លោក​បន្ត​ទៀត​ថា ក្រោយ​ចុះ​ព្រមព្រៀង​សម្ពន្ធភាព​​រួច​ហើយ គណបក្ស​ទាំង​២៧​នេះ​ អាច​នឹង​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​អុកឡុក​ក្រុម​គណបក្ស​ភ្លើង​ទៀន ឬ​សម្ព័ន្ធមិត្ត​របស់​គណបក្ស​ភ្លើង​ទៀន។

លោក គឹម សុខ៖«គេ (គណបក្ស​ទាំង២៧ត្រូវ​បម្រើ​នូវ​ល្បិចកល​របស់​លោក ហ៊ុន សែន អត់​មាន​អ្វី​ធ្វើ​ក្រៅពី​លោក ហ៊ុន សែន ចង្អុល​ថា តទល់​នឹង​សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ​បែប​ណា គឺ​តទល់​បែប​ហ្នឹង​ត្រូវ​ធ្វើ​បាតុកម្ម​តទល់ ធ្វើ​បាតុកម្ម​តទល់ ត្រូវ​នាំ​គ្នា​តទល់​នឹង​សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ​ណា​បែប​ណា គឺ​តទល់​បែប​ហ្នឹង ត្រូវ​នាំ​គ្នា​ទៅ​បង្ហាញ​សកម្មភាព​ដល់​មុខ​ទីស្នាក់ការ​នៃ​សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ​គឺ​គេ​ធ្វើ​សកម្មភាព​បែប​ហ្នឹង ហ៊ុន សែន ឱ្យ​ប្ដឹង គឺ​ត្រូវតែ​ប្ដឹង​ទៅ​តុលាការ»

លោក ហ៊ុន សែន បាន​ប្រកាស​ទទួល​យក​ការ​សុំ​ចង​សម្ពន្ធភាព​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជិត៣០ កាល​​ថ្ងៃ​ទី១១ ខែតុលា បើ​ទោះ​ជា​គណបក្ស​មាន​តែ​ឈ្មោះ​តែ​ហាក់​មិន​ឃើញ​ធ្វើ​សកម្មភាព​នយោបាយ​ក្ដី ហើយ​គណបក្ស​ខ្លះ​មាន​ត្រឹម​តែ​ឈ្មោះ តែ​មិន​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ក៏​មាន។ សម្ពន្ធភាព​របស់​គណបក្ស​កាន់អំណាច​នៅ​ពេល​នេះ ក្រោយ​ពេល​បក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ចុងក្រោយ​នៅ​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles