មន្ត្រី​សង្គម​ស៊ីវិល​ថា ករណី​ជនបរទេស​ផលិត​វីដេអូ​អាសអាភាស​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ធ្វើ​ឱ្យ​អាប់ឱន​មុខមាត់​ជាតិ​ធ្ងន់ធ្ងរ

ដោយ សេក បណ្ឌិត
2023.10.27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សង្គម​ស៊ីវិល​ថា ករណី​ជនបរទេស​ផលិត​វីដេអូ​អាសអាភាស​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ធ្វើ​ឱ្យ​អាប់ឱន​មុខមាត់​ជាតិ​ធ្ងន់ធ្ងរ

ផ្ទាំងផ្សព្វផ្សាយវីដេអូអាសអាភាស ដែលត្រូវបាន​ចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក។ Photo Screenshot


មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា ជនបរទេស​ដែល​យក​ស្ត្រី​ខ្មែរ និង​ស្ត្រី​បរទេស​ផ្សេងទៀត ដើម្បី​ផលិត​វីដេអូ​អាសអាភាស​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​ស្ត្រី​ខ្មែរ និង​ធ្វើ​ឱ្យ​អាប់ឱន​ដល់​វប្បធម៌​ជាតិ​ធ្ងន់ធ្ងរ​។ ពួកគាត់​បារម្ភ​ថា ករណី​ផលិត​វីដេអូ (Video) អាស​អា​អាភាស​ដោយ​ជនបរទេស​នេះ​នឹង​បន្ត​កើតមាន ប្រសិនបើ​អាជ្ញាធរ​ពុំ​មាន​ការ​ចុះ​បង្ក្រាប​ឱ្យ​​បាន​ខ្លាំងក្លា​ទេ​នោះ។

បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​ជនបរទេស​រស់នៅ​កម្ពុជា ជាពិសេស​គឺ​ជន​ជាតិចិន និង​វៀតណាម​បន្ត​កើត​ឡើងជា​រៀងរាល់ថ្ងៃ ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​បារម្ភ បើ​ទោះ​ជា​មាន​ការ​បង្ក្រាប​ជា​ហូរហែ​របស់​សមត្ថកិច្ច​កម្ពុជា​ក្តី ប៉ុន្តែ​ជនល្មើស​ទាំងនោះ​ហាក់​កាន់តែ​ច្រើន។ ពួកគេ​មួយចំនួន​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​គ្រប់បែបយ៉ាង​ជាពិសេស​ពាក់ព័ន្ធ​ករណី​ជួញដូរ​ផ្លូវភេទ និង​ផលិត​វីដេអូ​អាសអាភាស​តាម​ទំនើងចិត្ត ដោយ​ពុំ​ខ្លាចញញើត​ចំពោះ​ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច និង​ច្បាប់​របស់​កម្ពុជា​ឡើយ។

ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ចាត់ទុក​ទង្វើ​ក្រុម​ជនបរទេស​ដែល​ផលិត​ខ្សែ​វីដេអូ​អាសអាភាស​ទាំងនោះ​ថា ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ជាតិ​ធ្ងន់ធ្ងរ​។ លោក​ថា កម្ពុជា​ជា​ប្រទេស​មាន​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ល្អ និង​មិន​គួរ​ក្លាយ​ជា​ទីកន្លែង​សម្រាប់​ក្រុម​ជនជាតិ​ចិន និង​វៀតណាម​មក​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នាំ​ស្ត្រី​ខ្មែរ​ផលិត​រឿង​ដែល​នាំ​ឱ្យ​មាន​ភាព​អាម៉ាស់​ដល់​សង្គម​ឡើយ។

លោក រស់ សុដ្ឋា៖ «កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​អរិយធម៌ រក្សា​នូវ​សេចក្ដីសុខ​ផ្លូវចិត្ត​ភាព​ស្ងប់ស្ងាត់ ពោល​គឺ​មិន​ឱ្យ​មានចិត្ត​ពុះកញ្ជ្រោល​ទៅលើ​លោភៈ ទោសៈ មោហៈ និយាយ​ឱ្យ​ចំ​តណ្ហា​ផ្លូវភេទ​នេះឯង​។ ការ​ថត​វីដេអូ​សិច (Sex) នេះ​អាច​ជំរុញ​មនុស្ស​ឱ្យ​មាន​ចំណង់​ជ្រុល​ទៅលើ​ផ្លូវភេទ ហើយ​អាច​ថា មានចិត្ត​ទៅលើ​ការប្រព្រឹត្ត​នូវ​អំពើ​ខុសឆ្គង​ផ្នែក​ផ្លូវភេទ​ដូចជា​ការរំលោភ​កូន ប្រពន្ធ​គេ​អ្នកដទៃ ដែល​មិន​មាន​ការព្រមព្រៀង ជា​ការ​រំលោភ​ផ្នែក​សីលធម៌​ខ្មែរ ក៏ដូចជា​ច្បាប់​ជាតិ​ផង​ដែរ​។ ខ្ញុំ​ជឿជាក់​ថា ឥស្លាម​សាសនា ឬក៏​គ្រិស្តសាសនា ក៏​គេ​មិន​គាំទ្រ​ដែរ​នូវ​អំពើ​ថត​វីដេអូ​ដែល​ជា​សកម្មភាព​មួយ​ក្នុង​ការ​លើកកម្ពស់​ចំណង់​ផ្លូវភេទ​នេះ»។

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែបនេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២៤ ខែតុលា បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​ជាង ៣០​នាក់​ក្នុង​នោះ​រួមមាន​ជនជាតិ​ចិន វៀតណាម និង​ស្ត្រី​ខ្មែរ​ផង ដែល​សមត្ថកិច្ច​ចោទ​ថា ពួកគេ​លួច​ផលិត​ខ្សែ​វីដេអូ​អាសអាភាស​នៅ​អគារ​ខុន​ដូរ (Condo) មួយ​ស្ថិតនៅ​ខណ្ឌ​បឹង​កេងកង។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ​លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៦ ខែ​តុលា​។ ប៉ុន្តែ លោក ឆាយ គឹមខឿន បញ្ជាក់​ប្រាប់​កាសែត​ក្នុងស្រុក កាល​ពី​ថ្ងៃទី​២៥ ខែ​តុលា​ថា សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ ប្រសិនបើ​រក​ឃើញ​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​សមត្ថកិច្ច​នឹង​បញ្ជូន​ពួកគេ​ទៅ​តុលាការ។

ខ្សែ​វីដេអូ​អាសអាភាស​នោះ​មាន​ជនជាតិ​ចិន ស្ត្រីជន​ជាតិចិន និង​ខ្មែរ គឺ​ពួកគេ​ប្រើប្រាស់​ភាសាជាតិ​រៀងខ្លួន ដើម្បី​សម្ដែង និង​ធ្វើ​សកម្មភាព​ស្រើបស្រាល។ ក្រោយ​ការ​បែកធ្លាយ​វីដេអូ​អាសអាភាស​នោះ យុវជន​ខ្មែរ​មួយចំនួន​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម ដោយ​អ្នកខ្លះ​ចូល​បញ្ចេញមតិ​រិះគន់ និង​អ្នក​ខ្លះទៀត​បញ្ចេញមតិ​បែប​បញ្ចើចបញ្ចើ និង​ចែករំលែក​យ៉ាង​ផុលផុស។

មន្ត្រី​សង្គម​ស៊ីវិល សង្កេតឃើញ​ថា សីលធម៌​សង្គម​ខ្មែរ​កំពុង​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ខណៈ​យុវជន​ខ្មែរ​ជាច្រើន​បាន​ទទួលរង​ឥទ្ធិពល​ពី​ខ្សែ​វីដេអូ​អាសអាភាស​ដែល​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ខណៈ​សមត្ថកិច្ច​មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ​។ មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​យុវជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​ថា គួរ​ចំណាយពេល​សម្រាប់​សិក្សា​ពី​សង្គមជាតិ​ដែល​កំពុង​ជួប​បញ្ហា និង​ពុំគួរ​បន្ត​ចែករំលែក​វីដេអូ​អាសអាភាស​លើ​បណ្ដាញ​សង្គម​នោះ​ទេ ព្រោះ​វា​គ្មាន​ចំណេញ​អ្វី​ក្រៅពី​នាំ​ភាព​អាម៉ាស់​ដល់​សង្គមជាតិ​ឡើយ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ កាលពី​ខែសីហា កន្លងទៅ​ក៏​មាន​ស្ត្រី​ខ្មែរ​ម្នាក់​បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម​ដោយ​អះអាង​ថា សណ្ឋាគារ​មួយ​កន្លែង​ឈ្មោះ ហ្វឹងហ្សូវ ស្ថិតនៅ​ខេត្ត​ព្រះសីហនុ មាន​ក្រុម​ជន​ជាតិចិន​ប្រើប្រាស់​គ្រឿងញៀន និង​ល្បួង​នារី​ខ្មែរ ដើម្បី​ថត​អាក្រាត​កាយ ដើម្បី​ផលិត​ខ្សែ​វីដេអូ​អាសអាភាស​ធ្វើ​អាជីវកម្ម។

ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ មាត្រា ១៥ ចែងថា ជន​ណា​ជួញដូរ​អ្នកដទៃ​ក្នុង​គោលដៅ​ស្វែងរក​ប្រយោជន៍ បំពាន​ផ្លូវភេទ និង​ផលិត​រូបភាព​អាសអាភាស ជាដើម អាច​ប្រឈម​ត្រូវ​ផ្ដន្ទាទោស​រយៈពេល ២០​ឆ្នាំ។

ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា លោក រស់ សុដ្ឋា ស្នើ​ដល់​អាជ្ញាធរ​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​ជនបរទេស​ដែល​ជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី​ខ្មែរ​ក្នុង​ទម្រង់​ផ្សេងៗ​យក​ទៅ​ផលិត​រូបភាព​អាសអាភាស ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ជាតិ និង​នាំ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់ចុះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​សង្គម​ស៊ីវិល​ថា ករណី​ជនបរទេស​ផលិត​វីដេអូ​អាសអាភាស​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ធ្វើ​ឱ្យ​អាប់ឱន​មុខមាត់​ជាតិ​ធ្ងន់ធ្ងរ"

  1. អ្នកលេងជើងចាស់ says:

    បើថតបានកុនហើយមានអ្នកមើលច្រើនមានបរទេសគេចាប់អារម្មណ៌នឹងស្រ្តីខ្មែរបានច្រើន ខ្ញុំសរសើរខ្លាចតែគេមិនមើលផងក៏មិនដឹង។ក្រឡេកមើលប្រទេសគេជិតខាងផងគេទៅដល់ណាហើយភ្ញៀវទេសចរគេច្រើនណាស់ដោយសាអ្វី?