ដោយ ជាតិ ចំណាន
2023.11.12
RFA
សាឡង់បូមខ្សាច់នៅក្បែរកោះបារាំង (ក្នុងតំបន់រ៉ាមសារកោះកាពិ ជាតំបន់ការពារ) ដែលនៅគៀកនឹងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង។ រូប៖ ហ្វេសប៊កមាតាធម្មជាតិ កាលពីថ្ងៃទី១១ វិច្ឆិកា ២០២៣
យុវជនចលនាមាតាធម្មជាតិទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបូមខ្សាច់នៅតំបន់កោះកាពិខេត្តកោះកុង។ មន្ត្រីអង្គការសង្គមស៊ីវិលបារម្ភថា ការបូមខ្សាច់ជាថ្មីម្ដងទៀតនេះ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋក្នុងតំបន់។
យុវជនចលនាមាតាធម្មជាតិ រកឃើញការបូម និងដឹកខ្សាច់ចេញពីតំបន់កោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ចាប់ផ្ដើមកក្រើកឡើងវិញ ក្រោយពីស្ងប់ស្ងាត់មួយរយៈ។
យុវជនចលនាមាតាធម្មជាតិ កញ្ញា ធួន ស្រីពៅ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ វិច្ឆិកាថា កាលពីថ្ងៃទី១១ វិច្ឆិកា ជាថ្ងៃទី៣ ដែលសាឡង់បានបូមខ្សាច់នៅកោះស្រឡៅ។ កញ្ញាបន្តថា ដំបូងឡើយមានតែសាឡង់មួយប៉ុណ្ណោះផ្ទុកខ្សាច់ពេញ ហើយដឹកចេញកោះស្រឡៅ បន្ទាប់មកសាឡង់៣ផ្សេងទៀតក៏មកតាមក្រោយ។ កញ្ញាបន្តទៀតថា កញ្ញាបានសាកសួរទិសដៅសាឡង់នេះ ពីអ្នកភូមិ ហើយអ្នកភូមិបានប្រាប់ថា គឺសាឡង់បានដឹកទៅចាក់នៅឆ្នេរកោះកុងក្រៅរបស់ឧកញ៉ា លី យ៉ុងផាត់។ កញ្ញាបន្តថា នៅតំបន់កោះស្រឡៅ មិនត្រឹមតែមានសកម្មភាពបូមខ្សាច់ប៉ុណ្ណោះទេ ថែមទាំងមានការកាប់បំផ្លាញព្រៃកោងកាងផងដែរ។
កញ្ញា ធួន ស្រីពៅ៖ «ពួកអ្នកភូមិកោះស្រឡៅគេអត់ពេញចិត្តការបូមខ្សាច់ទេ គេយល់ពីផលប៉ះពាល់ នៃការបូមខ្សាច់ហ្នឹងក៏គេព្យាយាមនិយាយថា គេអត់ចង់ឲ្យមានការបូមខ្សាច់ហ្នឹងវិញទេ។ ហើយចៅហ្វាយស្រុកក៏លើកឡើងថា ការបូមខ្សាច់ហ្នឹងមានអាជ្ញាប័ណ្ណត្រឹមត្រូវ មានអាជ្ញាប័ណ្ណត្រឹមត្រូវតែការលើកឡើងរបស់អ្នកភូមិ គឺគាត់ថាអាជ្ញាប័ណ្ណហ្នឹងគឺថាមាន ប៉ុន្តែអត់ទាន់ដល់ថ្ងៃដែលត្រូវមកបូមខ្សាច់ទេ ហើយតំបន់ ដែលបូមហ្នឹងស្ថិតនៅក្នុងតំបន់រ៉ាមសា កោះកាពិ ដែលជាតំបន់ ដែលយើងត្រូវការពារ»។
កញ្ញា ធួន ស្រីពៅ បន្ថែមថា នៅពេលជួបអ្នកភូមិ ពួកគាត់ត្អូញត្អែរថា សាឡង់បូមខ្សាច់ បានលេចប្រេងបណ្ដាលឲ្យប៉ះពាល់ជីវចម្រុះនៅក្នុងទឹក និងធ្លាក់ចុះនូវផលនេសាទ ។ កញ្ញាសោកស្ដាយចំពោះការប្រើលេសអភិវឌ្ឍ ដើម្បីទាញយកផលចំណេញសម្រាប់មនុស្សមួយក្ដាប់តូច ប៉ុន្តែបង្កទុក្ខសោករាប់មិនអស់ដល់ពលរដ្ឋក្នុងតំបន់។
កញ្ញា ធួន ស្រីពៅ៖ «អ្នកដឹកនាំថ្មីក្មេងខ្ចី រៀនសុទ្ធតែចប់បណ្ឌិត ហើយខ្ញុំជឿថា តម្លាភាព នៃការដឹកនាំរបស់គាត់បញ្ញា នៃការដឹកនាំរបស់គាត់ គាត់នឹងមើលឃើញពីទឹកភ្នែករបស់រាស្ត្រ»។
វិទ្យុអាស៊ីសេរី នៅពុំអាចទាក់ទងអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បីសុំការបកស្រាយពីបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១២ វិច្ឆិកា។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត ប្រាប់អាស៊ីសេរីថា លោកព្រួយបារម្ភជាថ្មីម្ដងទៀត ដល់បរិស្ថាន ធនធានធម្មជាតិ និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងតំបន់ ព្រោះមានសាឡង់ចូលបូមខ្សាច់សាជាថ្មីនេះ។
លោក វណ្ណ សូផាត៖ «សូមឲ្យរាជរដ្ឋាភិបាលថ្មីហ្នឹង ពិនិត្យមើលសាជាថ្មីម្ដងទៀត ហើយសូមមេត្តាបើសិនជាមានការឆកល្វេងណាមួយ ដែលមិនទាន់បានពិនិត្យច្បាស់លាស់ សូមឲ្យមានការផ្អាកជាបន្ទាន់នូវការបូមខ្សាច់ពីព្រោះតែវា ប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ធនធានធម្មជាតិ ដល់បរិស្ថាន ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។
តំបន់កោះស្រឡៅ នៃឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង គឺជាទីកន្លែងដែលមានការបូមខ្សាច់ខ្នាតធំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការធ្វើអាជីវកម្មខ្សាច់តាមប្រព័ន្ធស្ទឹង ផ្នែកខាងលើ និងក្បែរតំបន់កោះស្រឡៅ បានកើតឡើងចាប់ពីឆ្នាំ២០០៦ និងបានបញ្ឈប់សកម្មភាពបូមខ្សាច់នៅចុងឆ្នាំ២០១៦ ក្រោយពីក្រសួងរ៉ែ និងថាមពល បានចេញបម្រាមផ្អាកការបូមខ្សាច់នៅខេត្តកោះកុង និងការនាំចេញខ្សាច់ទៅក្រៅប្រទេសទាំងអស់ ដោយគ្មានកំណត់រយៈពេល។ បម្រាមនេះ កើតឡើងក្រោយពេលបណ្ដាអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ រកឃើញខ្សាច់ជាង ៦០លានតោន បានបាត់ពីប្រព័ន្ធទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជា នៃការនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី ដែលគេបានប៉ាន់ស្មានថា វានាំឲ្យមានការបាត់ប្រាក់រាប់រយលានដុល្លារសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា យុវជនចលនាមាតាធម្មជាតិ និងមន្ត្រីអង្គការសង្គមស៊ីវិល នៅតែស្នើយ៉ាងទទូច ដល់រដ្ឋាភិបាលបញ្ឈប់ការបូមខ្សាច់នៅកោះស្រឡៅ ក្បែរតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ដើម្បីរក្សាសម្រស់ឆ្នេរខ្សាច់សក្បុសពីធម្មជាតិ និងជីវចម្រុះនៅក្នុងទឹក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។