យុវជន​ថា បក្ស​កាន់អំណាច​បង្កើត​ក្រុម​បំពុល​សង្គម​កាន់តែ​ខ្លាំង បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច

ដោយ ច័ន្ទ ដារ៉ូ
2023.11.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន​ថា បក្ស​កាន់អំណាច​បង្កើត​ក្រុម​បំពុល​សង្គម​កាន់តែ​ខ្លាំង បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច

លោក ហ៊ុន ម៉ាណែត (រូបកណ្ដាល) ដឹកនាំមន្ត្រី​រាជការជួបពលរដ្ឋខ្មែរនៅអូស្ត្រាលី កាលពីថ្ងៃទី២៥ ខែ​ធ្នូ ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


យុវជន​អះអាង​ថា គណបក្ស​កាន់​អំណាច​កំពុង​ពង្រឹង​ក្រុម​វាយប្រហារ​នៅ​លើ​បណ្ដាញ​សង្គម​កាន់តែ​ខ្លាំង ដើម្បី​បំពុល​សង្គម និង​គំរាមកំហែង​អ្នក​រិះគន់​រដ្ឋាភិបាល ក្រោយ​ពេល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច។ ពួកគាត់​យល់​ថា ការ​បង្កើត​ក្រុម​ព័ត៌មាន​បំពុលសង្គម​នេះ​មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​ជាតិ និង​ការ​ប្រកួតប្រជែង​ដោយ​តម្លាភាព និង​យុត្តិធម៌​នោះ​ទេ។

យុវជន​លើកឡើង​ថា ព័ត៌មាន​ដែល​ពួកគេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ត្រូវ​បាន​ក្រុម​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​របស់​បក្ស​កាន់អំណាច​ធ្វើ​សកម្មភាព​តាម​ហ្វេសប៊ុក​វាយប្រហារ​លើ​បុគ្គល និង​ស្ថាប័ន​ជាដើម​។ ក្រុម​ធ្វើ​សកម្ម​ភាពជា​ប្រព័ន្ធ​នោះ​បាន​ប្រើប្រាស់​គណនី​ក្លែងក្លាយ​ចូល​បញ្ចេញមតិ ឬ​ផ្ញើ​រូបភាព​ច្រើន​ដង​ដោយ​គ្មាន​សីលធម៌។

យុវជន​គណបក្ស​ភ្លើងទៀន​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​លោក ផន ផាន់ណា សង្កេតឃើញ​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត កំពុង​ពង្រឹង​ក្រុមការងារ​វាយប្រហារ​តាម​បណ្ដាញ​សង្គម ដើម្បី​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ និង​គំរាមកំហែង​អ្នក​រិះគន់​ដើម្បី​កុំ​ឲ្យ​យុវជន​ជន ចាប់អារម្មណ៍​រឿង​រ៉ាង​សំខាន់ៗ​របស់​ប្រទេសជាតិ ហើយ​ងាក​ទៅ​ចាប់​អារម្មណ៍​រឿង​ឥតប្រយោជន៍​វិញ​។ លោក​ថា​និន្នាការ​បែបនេះ​ជា​សកម្មភាព​ធ្វើ​នយោបាយ​ទុច្ចរិត។

លោក ផន ផាន់ណា៖ «រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បែរជា​រាំ​ខ្ទប់​ព័ត៌មាន​មហាជន​ក្នុង​ការ​ដឹង​ឮ ថា តើ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ហ្នឹង​នៅ​ត្រង់ណា អ៊ីចឹង​ខ្ញុំ​មើល​ទៅ​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត មិនមែន​ស្រឡាញ់​ប្រជាពលរដ្ឋ​ពិតប្រាកដ​ទេ គឺ​មាន​តែ​រាំ​ខ្ទប់​ប្រជាពលរដ្ឋ​បិទ​សិទ្ធិ​បញ្ចេញមតិ ជាពិសេស​យើង​ឃើញ​ហើយ​ថា នៅ​តាម​បណ្ដាញ​សង្គម​ព្យាយាម​រារាំង​គ្រប់​មធ្យោបាយ​។ វា​លំបាក​ការ​ធ្វើ​ព័ត៌មាន​ប៉ុន្តែ​យើង​អត់​បោះបង់​ទេ ដោយ​យើង​នៅតែ​ធ្វើ​ដើម្បី​ឱ្យ​ព័ត៌មាន​ពិត​ទៅ​ដល់​ប្រជាជន​ខ្មែរ​ទាំងមូល​បានឃើញ»។

ប្រតិកម្ម​នេះ​បន្ទាប់​ពី​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រុម​សង្គ្រាម​ព័ត៌មាន​អ៊ីនធឺណិត ដែល​គេ​ដឹង​កន្លងមក​ថា ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​បង្កើន​ធ្វើ​សកម្មភាព​ចេញ​អុកឡុក​តាមរយៈ​ការប្រើប្រាស់​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​ចូល​បញ្ចេញមតិ​ដោយ​សរសេរ​សារ​ឆ្លើយតប ដូចជា​សារ​អសុរោះ​ជេរប្រមាថ​ជាដើម​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​អ្នក​នយោបាយ​ប្រឆាំង សង្គម​ស៊ីវិល អ្នកវិភាគ និង​បណ្ដា​សារព័ត៌មាន​ឯករាជ្យ​ជាដើម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ហ៊ុន ម៉ាណែត ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា។

ជុំវិញ​រឿង​នេះ យុវជន​ចលនា​មាតា​ធម្មជាតិ​កញ្ញា ភួង កែវរស្មី លើកឡើង​ថា សកម្មភាព​ក្រុម​អុកឡុក​នៅ​លើ​អ៊ីនធឺណិត​បាន​កើនឡើង​ជាង​ពេលមុន​តាមរយៈ​បង្កើត​តំណ​ភ្ជាប់​(Link) និង​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​ចូល​បញ្ចេញមតិ​ប្រើ​ពាក្យ​អសុរោះ ជេរប្រមាថ ដើម្បី​តាម​រំខាន​យុវជន​សង្គម​ដែល​ផ្សព្វផ្សាយ​ទាក់ទង​បញ្ហា​បរិស្ថាន ធានធាន​ធម្មជាតិ ព្រមទាំង​ការអប់រំ​ពលរដ្ឋ​ឱ្យ​មាន​ចំណេះដឹង និង​ស្វែងរក​ដំណោះស្រាយ​នៅ​លើ​បណ្ដាញ​សង្គម​។ កញ្ញា​យល់​ថា របៀប​បន្សាប​ព័ត៌មាន​ដែល​មហាជន​រិះគន់​រដ្ឋាភិបាល​នៅ​លើ​បណ្ដាញ​សង្គម ឬ​ធ្វើ​ឱ្យ​ចំនួន​អ្នកគាំទ្រ​ថយ​ចុះ​នេះ គ្មាន​ឥទ្ធិពល​លើ​ពលរដ្ឋ​ដែល​យល់ដឹង​ពី​វិធីសាស្ត្រ​នៅ​ពីក្រោយ​រឿង​បំពុលសង្គម​នោះ​ទេ។

កញ្ញា ភួង កែវរស្មី៖ «វា​បន្ត​កើតមាន​ម្តង​ហើយ​ម្តង​ទៀត​ជាច្រើន​ជំនាន់​មក​ហើយ តាំង​ពី​មាន​បណ្ដាញ​សង្គម​មក​គឺ​យើង​ឃើញ​ក្រុម​ប្រភេទ​ហ្នឹង​នៅ​ធ្វើការ​បែប​ហ្នឹង ហើយ​រស់​រហូតដល់​បច្ចុប្បន្ន​ដែល​ធ្វើការ​វាយប្រហារ​បំភ្លៃ​ព័ត៌មាន បន្លប់​ស្ថានការណ៍​ទាំងអស់​ហ្នឹង​ដែរ អ៊ីចឹង​គ្មានអ្វី​ក្រៅពី​យើង​ជា​ប្រជាពលរដ្ឋ​ខ្លួនឯង យើង​ឃើញ​មួយ​លុបចោល​មួយ (Block) ឃើញ​ពីរ​លុបចោល​ពីរ​ចាប់​ពី​ខ្លួន​របស់​យើង​ទាំងអស់គ្នា​ដោយ​មិន​គាំទ្រ​ទៅលើ​ព័ត៌មាន​ក្លែងក្លាយ​ទាំងអស់​ហ្នឹង»។

កាលពី​ឆ្នាំ​២០១៧ សារ​បែកធ្លាយ​ចេញពី​អ៊ីម៉ែល​របស់​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត គឺ លោក គឹម សន្ដិភាព បាន​បង្ហាញ​ពី​ការបង្កើត​ក្រុម​សង្គ្រាម​ព័ត៌មាន​តាម​អ៊ីនធឺណិត ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា សាយប៊ឺ វ៉ររូម (Cyber War Room)។

ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​២០១៣ ដែល​មាន​លោក ហ៊ុន ម៉ាណែត និង​លោក ស្វាយ ស៊ីថា ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ព័ត៌មាន និង​សាធារណមតិ​បច្ចុប្បន្ន​នេះ​ជា​ប្រធាន និង​មាន​អនុប្រធាន​ជាច្រើន​រូប ដូចជា លោក សុខ ពុទ្ធិវុធ កូនប្រសា​លោក ហ៊ុន សែន លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​កូនប្រុស​លោក ឌិត មន្ទីរ អតីត​ប្រធាន​តុលាការ​កំពូល ព្រមទាំង​លោក គឹម សន្តិភាព និង​មន្ត្រី​ច្រើន​នាក់​ទៀត។

សកម្មភាព​របស់​ក្រុម​នេះ គឺ​តាមដាន និង​គ្រប់គ្រង​ព័ត៌មាន​នានា​លើ​បណ្ដាញ​សង្គម ព្រមទាំង​រៀបចំ​វិធានការ​នានា​ដើម្បី​ទប់ស្កាត់ ឆ្លើយតប និង​វាយបក​ទៅលើ​មជ្ឈដ្ឋាន​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រុម​យុវជន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បើក​លំហ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​ងាក​មក​ប្រកួតប្រជែង​គ្នា​ក្នុង​ផ្លូវ​សុចរិត ហើយ​ត្រូវ​ក្លាហាន​ទទួលយក​មតិ​រិះគន់​ទៅ​ដោះស្រាយ​កែ​លម្អ​ដើម្បី​ប្រយោជន៍​ជាតិ​ជាជាង​ធ្វើ​នយោបាយ​មិន​ស្អាតស្អំ​តាមរយៈ​បង្កើត​ក្រុម នៅ​លើ​បណ្ដាញ​សង្គម​បង្កើត​ព្រឹត្តិការណ៍​លុប​ព្រឹត្តិការណ៍ ឬ​ក្រុម​វាយប្រហារ​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles