ដោយ មាន ឫទ្ធិ
2023.11.13
RFA
រដ្ឋមន្ត្រីការពារជាតិតពីឪពុកលោក ទៀ សីហា ថ្លែងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ទៀ សីហា
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា កំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីរឹតចំណងការទូត និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា បន្ទាប់ពីលោកវិលត្រឡប់ពីប្រទេសចិនកាលពីដើមខែវិច្ឆិកា។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយលើកឡើងថា លោក ទៀ សីហា ទៅប្រទេសវៀតណាមទំនងដើម្បីកុំឱ្យរដ្ឋាភិបាលវៀតណាមអាក់អន់ចិត្តដ្បិតវៀតណាម មិនចង់ឃើញកម្ពុជាបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិនឡើយ ព្រោះអាចបង្កការគំរាមកំហែងសន្តិសុខនានាដល់វៀតណាម។
ក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា និងរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមលោក ផាន វ៉ាន់យ៉ាង (Phan Van Giang) ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធារួមគ្នា។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម (VNA) រាយការណ៍ជាភាសាអង់គ្លេសនៅថ្ងៃទី១៣ ខែវិច្ឆិកា ថា លោក ទៀ សីហា បាននិយាយថា ដំណើរទស្សនកិច្ចនេះ មានគោលដៅបង្កើនទំនាក់ទំនងវិស័យយោធារវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ លោកក៏បានឆ្លៀតឱកាសនោះ អរគុណក្រសួងការពារជាតិវៀតណាមដែលបានជួយអភិវឌ្ឍន៍វិស័យយោធានៅកម្ពុជា។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាមដដែល ឱ្យដឹងដែរថា ភាគីទាំងពីរនឹងផ្ដោតលើការផ្លាស់ប្ដូរទស្សនកិច្ចរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ការបណ្ដុះបណ្ដាលបុគ្គលិក បង្កើនការទំនាក់ទំនងដើម្បីអប់រំមន្ត្រីយោធា និងកងទ័ព។ លើសពីនេះទៀត ភាគីទាំងពីរក៏នឹងពង្រឹងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការឆ្លងដែនខុសច្បាប់ និងកិច្ចពិគ្រោះយោបល់ជាមួយគ្នាទៅវិញទៅមកដើម្បីគាំទ្រគ្នានៅលើវេទិកា និងសន្និសីទការពារជាតិ និងយោធាពហុភាគី។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោក ទៀ សីហា ទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីលោកឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ និងជាឧបនាយករដ្ឋមន្ត្រី បន្តពីឪពុករបស់លោក គឺលោក ទៀ បាញ់ តាមរយៈផែនការផ្ទេរអំណាចជាកញ្ចប់របស់លោក ហ៊ុន សែន។
លោក ទៀ សីហា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមចំនួន ៣ថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ បើតាមក្រសួងការពារជាតិកម្ពុជាគោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងការសហប្រតិបត្តិការការពារជាតិជាមួយកងទ័ពវៀតណាមឱ្យកាន់តែរឹងមាំ ដើម្បីធានាស្ថិរភាពក្នុងតំបន់។
លោក ទៀ សីហា បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅពេលនេះ គឺបន្ទាប់ពីលោកត្រឡប់ពីបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីថ្ងៃទី៣ ខែវិច្ឆិកា។ ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន លោកបានប្រាប់ភាគីចិនថា កម្ពុជាមិនអាចខ្វះចិនបានក្នុងការកសាង និងពង្រឹងទំនាក់ទំនងផ្នែកយោធាជាមួយភាគីចិននោះទេ។ ទន្ទឹមគ្នានេះ មេបញ្ជាការកងទ័ពជើងគោកចិន លោក លី ឈវមីង (LI QIAOMING) កាលពីថ្ងៃទី៧ ខែវិច្ឆិកា ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដែរ ដោយភាគីចិនអះអាងជួយពង្រឹង និងកសាងកងទ័ពជើងគោកកម្ពុជាឱ្យរឹងមាំ ដើម្បីគោលដៅបម្រើប្រយោជន៍ដល់គ្នាទៅវិញទៅមក។
អ្នកវិភាគនយោបាយ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ប្រាប់វិទ្យុអាស៊ីសេរីថា លោក ទៀ សីហា ទៅបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីលួងចិត្តវៀតណាមកុំឱ្យអាក់អន់ចិត្ត ខណៈកម្ពុជាកំពុងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយចិនកាន់តែស៊ីជម្រៅ។ បណ្ឌិត មាស នី សង្កត់ធ្ងន់ថា វៀតណាមមិនចង់ឱ្យកម្ពុជា កសាងទំនាក់ទំនងជាមួយចិនកាន់តែស៊ីជម្រៅនោះទេ ដោយសារតែវៀតណាមព្រួយបារម្ភពីការគំរាមកំហែងនានាដែលប៉ះពាល់ដល់សន្តិសុខរបស់ខ្លួន។
បណ្ឌិត មាស នី៖ «ទំនាក់ទំនងការបរទេសជាមួយប្រទេសជិតខាង មិនមានអីខុសទេ វាជារឿងមួយត្រឹមត្រូវ ប៉ុន្តែចំណុចសំខាន់ត្រង់ថា ធ្វើម៉េចឱ្យទំនាក់ទំនងមើលទៅវាស្មើភាព កុំឱ្យជាទំនាក់ទំនងមួយយើងគ្រាន់តែធ្វើឱ្យគេសប្បាយចិត្ត ពេលណាគេមិនសប្បាយចិត្ត យើងត្រូវតែទៅបញ្ចុះបញ្ចូលគេទៀត ហ្នឹងមិនមែនជាប្រទេសដែលស្មើភាពជាដៃគូ ប្រទេសជិតខាងដែលមានអធិបតេយ្យ ឬគោរពអធិប្បាយគ្នាទៅវិញទៅមក។ កាលណាបើយើងទៅដោយសារយើងធ្វើការស្ថិតក្រោមឥទ្ធិពលគេ អាហ្នឹងយើងបាត់បង់អធិប្បាយភាពរបស់យើងហើយ»។
អ្នកឃ្លាំមើលលើកឡើងថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ កម្ពុជាហាក់កំពុងព្យាយាមបញ្ចៀសឥទ្ធិពលនយោបាយវៀតណាមមកលើកម្ពុជា ហើយចាប់ចិនធ្វើជាខ្នងបង្អែក។ ទោះជាបែបនេះក្ដី កម្ពុជានៅតែបន្តមានទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាម។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាត ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៣ ខែវិច្ឆិកា។
អ្នកវិភាគនយោបាយ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ព្រួយបារម្ភចំពោះការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្នដែលប្រាសចាកពីគោលការណ៍ប្រជាធិបតេយ្យ និងអព្យាក្រឹត្យភាព ដោយសារតែនយោបាយការបរទេសរបស់កម្ពុជា លម្អៀងទៅរកមហាអំណាចចិនកុម្មុយនិស្តខ្លាំងពេក ខណៈនៅតែបន្តក្រែងចិត្តប្រទេសវៀតណាម។ ពួកគេថា កម្ពុជាអាចប្រឈមនឹងការបាត់បង់អធិបតេយ្យភាព និងធ្វើឱ្យប្រទេសជាតិកាន់តែទន់ខ្សោយ ប្រសិនបើរដ្ឋាភិបាលផាត់ចោលទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។