អ្នកឃ្លាំមើល​ថា ចិន​កំពុង​បង្កើន​មិត្តភាព​ជាមួយ​សមាជិក​ស៊ាន​ដើម្បី​បង្ហាញ​ឥទ្ធិពល​យោធា

ដោយ នៅ វណ្ណារិន
2023.11.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកឃ្លាំមើល​ថា ចិន​កំពុង​បង្កើន​មិត្តភាព​ជាមួយ​សមាជិក​ស៊ាន​ដើម្បី​បង្ហាញ​ឥទ្ធិពល​យោធា

សមយុទ្ធយោធាចិន អាស៊ាន នៅខេត្ត​ក្វាន់ទុង ប្រទេសចិន កាលពីថ្ងៃទី២២ តុលា ២០១៨។ AFP


អ្នកឃ្លាំមើល​លើកឡើង​ថា កម្ពុជា​គឺជា​ចំណុច​ស្នូល​ក្នុង​ការ​ទាញ​ឱ្យ​អាស៊ាន​ធ្លាក់​ចូល​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ «បម្រើ​មហិច្ឆតា» ដល់​ការពង្រីក​ឥទ្ធិពល​ផ្នែក​យោធា​ចិន​ក្នុង​តំបន់​។​ការ​លើកឡើង​នេះ​ស្រប​ពេល​នេះ កងទ័ព​ពិសេស​កម្ពុជា​រួម​ទាំង​កង​ទ័ព​សមាជិក​អាស៊ាន (Asian) ចំនួន​៤​ប្រទេស​ផ្សេងទៀត​ចូលរួម​ធ្វើ​សមយុទ្ធ​នៅ​ប្រទេស​ចិន​ដែល​មាន​រយៈពេល ១០​ថ្ងៃ​ជាមួយ​កងទ័ព​រំដោះ​ប្រជាជន​ចិន ​(PLA)។

កងទ័ព​រំដោះប្រជាជន​ចិន (PLA) កំពុង​រៀបចំ​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​ប្រទេស​អាស៊ាន​ចំនួន​៥​ក្នុង​នោះ​រួមមាន​កម្ពុជា វៀតណាម ឡាវ ម៉ាឡេស៊ី និង​ប្រទេស​ថៃ។

អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ ពិនិត្យ​ឃើញ​ថា ប្រទេស​ចិន​កុម្មុយនិស្ត កំពុង​ការ​គាំទ្រ​និង​បង្កើន​ចំណងទាក់ទង​ជាមួយ​សមាជិក​អាស៊ាន​មួយចំនួន​ដោយ​យក​កម្ពុជា​ធ្វើជា​ស្នូល​ក្នុង​ការ​បង្ហាញ​ឥទ្ធិពល​យោធា​របស់​ខ្លួន​ក្នុង​តំបន់។ លោក​បន្ថែម​ថា ប្រទេស​អាស៊ាន​នឹង​ប្រឈម​តានតឹង​ផ្នែក​នយោបាយ​ដាក់គ្នា​ដោយសារតែ​សមាជិក​ខ្លះ​ពុំ​មាន​ជំហរ​នយោបាយ​ឯករាជ្យ។

លោក គឹម សុខ៖ «ចិន​ចង់​បង្ហាញ​ពិភពលោក​ថា ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​ឥទ្ធិពល​តទល់​នឹង​សហរដ្ឋអាមេរិក (US) នៅក្នុង​តំបន់​ជាពិសេស​តំបន់​អាស៊ាន (Asian) ដែល​ជា​ស្នូល​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​ទំនាក់ទំនង​យោធា និង​នយោបាយ​ការទូត​ចិន និង​កម្ពុជា ជា​គន្លឹះ​មួយ​នៃ​យុទ្ធសាស្ត្រ ភូមិសាស្ត្រ​អាស៊ាន​របស់​ចិន។ ការ​ប្រឈម​ជាក់ស្ដែង វា​កាន់តែ​តានតឹង​ហើយ មិន​ត្រឹមតែ​កម្ពុជា​ទេ គឺ​អាស៊ាន​ទាំងមូល វា​គ្រាន់តែ​ថា​កម្ពុជា​ជា​ចំណុច​ភូមិសាស្ត្រ​ស្នូល​ដែល ភាគី​នានា​សម្លឹង​មើល​មិន​ដាក់​ភ្នែក​ពីព្រោះ​តែ​ជាប់​សង្ស័យ​រឿង​ចិន​ជួយ​សាងសង់ កំពង់ផែ​កងទ័ពជើងទឹក​សមុទ្រ​រាម»។

សមយុទ្ធ​យោធា​ពហុភាគី​ដែល​មាន​៦​ប្រទេស​ចូល​ដែល​ចិន​ធ្វើជា​ម្ចាស់ផ្ទះ​មាន​ឈ្មោះ សន្តិភាព មិត្តភាព ឬ​អាម៉ាន់យូយី​២០២៣ (AMAN YOUYI 2023)។ ភាគី​ចិន​អះអាង​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​ក្នុង​គោលបំណង​ដើម្បី​ប្រឆាំង​ភេរវកម្ម និង​ការ​ការពារ​ដែន​លម្ហ​សមុទ្រ។

ក្រសួងការពារជាតិ​កម្ពុជា​ឱ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ថា ក្រសួង​បាន​បញ្ជូន​កងកម្លាំង​ពិសេស​នៃ​កងយោធពល​ខេមរភូមិន្ទ​ជិត ១​រយ​នាក់ (៩២​នាក់) រួម​ទាំង​សម្ភារៈ​យោធា​មួយចំនួន​ទៅកាន់​ប្រទេស​ចិន។

កងទ័ព​រំដោះប្រជាជន​ចិន និង​កងទ័ព​នៃ​សមាជិក​អាស៊ាន​ចំនួន​៥​ប្រទេស​នឹង​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា នៅ​តំបន់​លម្ហ​សមុទ្រ​ស្ថិតនៅ​ក្រុង​ស៊ីនជាង (Zhanjiang) ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​២២ ខែ​វិច្ឆិកា។ ប្រទេស​ចិន​កុម្មុយនិស្ត​បាន​ចាប់​រៀបចំ​សមយុទ្ធ​យោធា​សន្តិភាព​មិត្តភាព (AMAN YOUYI) បាន​ចាប់ផ្តើម​លើកដំបូង​ក្នុង​ឆ្នាំ​២០១៤ ដោយ​មាន​ភាគី​នៃ​ប្រទេស​ម៉ាឡេស៊ី​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​ការទូត​ហើយ​ការ​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​២០២៣​នេះ ប្រទេស​ដំបូង​គេ​ចូលរួម​ធ្វើ​សមយុទ្ធ​រួម​មាន​កម្ពុជា​វៀតណាម និង​ប្រទេស​ឡាវ។

កាសែត​នៃ​រដ្ឋអំណាច​ចិន​រាយការណ៍​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ថា សមយុទ្ធ​រួមគ្នា​នេះ ភាគី​ចិន​ធ្វើឡើង​ដើម្បី​ពង្រឹង​ទំនុកចិត្ត​ដល់​គ្នា​ទៅវិញទៅមក ជាមួយ​ប្រទេស​អាស៊ាន​ផ្នែក​យោធា និង​បង្កើន​សមត្ថភាព​ឆ្លើយតប​ខណៈ​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង នៅ​ជម្លោះទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​បណ្ឌិត រ៉ូ វណ្ណៈ មាន​ប្រសាសន៍​ថា ចាប់តាំងពី​ឆ្នាំ​២០១០ របប​ដឹកនាំ​បែប​កុម្មុយនិស្ត​កាន់​តែ​មាន​ឥទ្ធិពល និង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ក្នុង​ការ​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ខ្លាំង។ លោក​បន្ត​ថា កត្តា​នេះ​ជា​ផ្នែក​មួយ​ដែល​នាំ​ឱ្យ​ប្រទេស​អាស៊ាន​មួយចំនួន​បែកបាក់​ការ​ឯកភាព​គ្នា​ដ្បិត​សមាជិក​ខ្លះ​ចាប់​យក​ចិន​ធ្វើ​ខ្នងបង្អែក​ជា​ថ្នូរ​ទទួល​ផល​ប្រយោជន៍​នយោបាយ​សេដ្ឋកិច្ច និង​សមាជិក​ខ្លះទៀត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​លោក​សេរី ដើម្បី​ឱ្យ​ជួយ​គាំទ្រ​ផ្នែក​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន។

បណ្ឌិត រ៉ូ វណ្ណៈ៖ «ចិន​មានបំណង​បង្កើន​ដែន​ឥទ្ធិពល​តំបន់ គឺ​មានន័យថា អាស៊ី​ដែល​មាន​ចិន ស្នូល​ហើយ ទាត់​អាមេរិក​ចេញ​ដូច​លោក ស៊ី ជីនពីង (Xi Jinping) គាត់​ធ្លាប់​លើកឡើង​កាល​ពី​ឆ្នាំ​២០១៤​ថា ទុក​ឱ្យ​ពលរដ្ឋ​អាស៊ី​ចាត់ចែង​កិច្ចការ​អាស៊ី​ដោះស្រាយ​បញ្ហា​អាស៊ី និង​រក្សា​សន្តិសុខ​អាស៊ី។ លោក ស៊ី (Xi) លើកឡើង​ពី​ការបង្កើត​ជោគវាសនា​រួម​សកល​មួយ ដែល​វិវត្តន៍​ក្រោម​ឋានសួគ៌​នៃ​គ្រួសារ​មួយ​ដែល​មាន​ចិន​ជា​ឪពុក»។

ទោះ​យ៉ាងណា​បណ្ឌិត រ៉ូ វណ្ណៈ ព្រួយបារម្ភ​ថា កម្ពុជា​ជា​ប្រទេស​ក្រក្រី ប្រសិនបើ​បន្ត​ផ្ដេកផ្ដួល​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន​ខ្លាំង​ពេក​នោះ កម្ពុជា​អាច​ជា​ប្រទេស​មួយ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ​បម្រើ​មហិច្ឆតា​ចិន។ លើស​ពី​នេះ​លោក​ថា កម្ពុជា​ក៏​ងាយ​នឹង​ទទួល​ឥទ្ធិពល​ចិន ឬ​ការគ្រប់គ្រង​ដឹកនាំ​រដ្ឋ​បែប​សម័យថ្មី​ដែល​ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ។

មុន​ពេល​កម្ពុជា​ចូលរួម​ធ្វើ​សមយុទ្ធ​នៅ​ប្រទេស​ចិន​នេះ កម្ពុជា​និង​ចិន​ក៏បាន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ចំនួន​ពីរ​លើក​ក្នុង​ឆ្នាំ​២០២៣​ផង​ដែរ​។ ក៏ប៉ុន្តែ​កម្ពុជា​បដិសេធ​ការ​ចូល​ធ្វើ​សមយុទ្ធ​អាស៊ាន​រួមគ្នា​លើកដំបូង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​រៀបចំ​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី។ ទោះជា​យ៉ាងណា​ក្រុម​អ្នកឃ្លាំមើល​មិន​រំពឹង​ថា​ កងទ័ព​កម្ពុជា​ទទួល​បាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ចិន។ ពួកគេ​ថា ការណ៍​ដែល​កម្ពុជា​និង​ចិន​រួមគ្នា​បង្កើន​សកម្មភាព​ធ្វើ​សមយុទ្ធ​រួមគ្នា​នេះ​ភាគី​ទាំងពីរ​អាច​នឹង​មាន​ការ​ពិភាក្សា​ផ្ទៃ​ក្នុង​ដោយ​សម្ងាត់ ដើម្បី​សម្រួល​ឱ្យ​ចិន​បង្ហាញ​ឥទ្ធិពល​យោធា​ខ្លួន​នៅមុន​ការ​បិទ​បញ្ចប់​ការ​សាងសង់​មូលដ្ឋាន​កងទ័ព​សមុទ្រ​រាម ចុង​ខែ​វិច្ឆិកា ដែល​មន្ត្រី​យោធា​លោកខាងលិច​ថា ប្រទេស​ចិន​ប្រើប្រាស់​មូលដ្ឋាន​សមុទ្រ​នេះ​សម្រាប់​បម្រើ​ផ្នែក​យោធា​របស់​ខ្លួន​ផ្ដាច់​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles