កម្ពុជា
13/11/2023 – 08:49
ដោយ៖ សេង បារាំង
RFI
អ្នកធ្វើការងារបរិស្ថានភ្ញាក់ផ្អើលពេលប្រទះឃើញសាឡង់បូមខ្សាច់បានចាប់ផ្ដើមចូលបូមខ្សាច់ឡើងវិញនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ខេត្តកោះកុង ក្រោយផ្អាកអស់រយៈពេល៨ឆ្នាំមកហើយ។ បញ្ហានេះធ្វើឲ្យអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន សម្ដែងការសោកស្ដាយ និងស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ចំពោះការបើកឲ្យធ្វើអាជីវកម្មបូមខ្សាច់នៅតំបន់នោះ។
បូមខ្សាច់នៅកោះកុង © សេង បារាំង
លោក សាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលប្រទះឃើញសាឡង់បូមខ្សាច់បានចាប់ផ្ដើមចូលបូមខ្សាច់ឡើងវិញនៅតំបន់កោះស្រឡៅ ខេត្តកោះកុង។ បើតាមលោក សាន់ ម៉ាឡា អាជីវកម្មបូមខ្សាច់នៅតំបន់កោះស្រឡៅនេះ បានផ្អាកអស់រយៈពេល៨ឆ្នាំមកហើយក្រោយពីពលរដ្ឋធ្វើបាតុកម្មតវ៉ា។ លោកបន្តថា ចំពោះការបូមខ្សាច់នេះ កន្លងមកធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ មិនសប្បាយចិត្តឡើយ ពីព្រោះវាធ្វើឲ្យប៉ះពាល់ដល់របរនេសាទរបស់ពួកគាត់ ជាហេតុនាំឲ្យមានបាតុកម្មតវ៉ាពីប្រជាពលរដ្ឋ។
អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានរូបនេះ បានបញ្ជាក់ថា តំបន់កោះស្រឡៅ ស្ថិតក្នុងឃុំកោះកាពិ ខេត្តកោះកុង ជាតំបន់មួយដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិ ពីព្រោះតំបន់នោះមានជីវៈចម្រុះ និងធនធានធម្មជាតិ ព្រមទាំងមានព្រៃកោងកាងជាដើម។ ដូច្នេះរដ្ឋាភិបាលគួរធ្វើការអភិវឌ្ឍតំបន់នោះ ឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ជាជាងការផ្ដល់អាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មបូមខ្សាច់ នាំឲ្យប៉ះពាល់ដល់ជីវៈចម្រុះ ធនធានធម្មជាតិ និងប៉ះពាល់ដល់របរនេសាទរបស់ប្រជាពលរដ្ឋ។
យ៉ាងណាមិញពាក់ព័ន្ធការធ្វើអាជីវកម្មបូមខ្សាច់ និងការនាំខ្សាច់ទៅលក់នៅក្រៅប្រទេសនេះ អង្គការមាតាធម្មជាតិធ្លាប់ចេញរបាយការណ៍ស្រាវជ្រាវស៊ើបអង្កេតកន្លងមក បានលើកឡើងពីភាពមិនប្រក្រតីមួយចំនួនផងដែរ។ ភាពមិនប្រក្រតីដែលអង្គការមួយនេះបានលើកឡើង គឺរកឃើញការនាំខ្សាច់ទៅលក់នៅក្រៅប្រទេសពុំមានរបាយការណ៍ច្បាស់លាស់ ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធអំពើពុករលួយដែលនាំឲ្យបាត់ចំណូលពន្ធរបស់រដ្ឋសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។
ចំពោះការអនុញ្ញាតឲ្យសាឡង់បូមខ្សាច់ចាប់ផ្ដើមចូលបូមខ្សាច់ឡើងវិញនៅភូមិកោះស្រឡៅដែលអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានបានលើកឡើងនេះ ខាងរដ្ឋាភិបាលមិនទាន់បញ្ជាក់យ៉ាងណានៅឡើយទេ។ ប៉ុន្តែកាលពីឆ្នាំ២០១៧ ក្រសួងរ៉ែ និងថាមពល បានបញ្ឈប់ការនាំខ្សាច់គ្រប់ប្រភេទពីខេត្តកោះកុង ចេញទៅលក់នៅក្រៅប្រទេស។ កាលនោះក្រសួងរ៉ែពន្យល់ថា ការបញ្ឈប់នេះ គឺដើម្បីជៀសវាងការបង្កផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថាន ជលសាស្ត្រ និងសង្គម រួមទាំងដើម្បីការពារផលប្រយោជន៍សាធារណៈរយៈពេលវែង។
ជាងនេះ ក្រសួងរ៉ែ យល់ឃើញទៀតថា ខ្សាច់និងខ្សាច់ល្បាយភក់ គឺជាធនធានរ៉ែមានតម្លៃ និងជាវត្ថុធាតុដើមសំខាន់ ចាំបាច់មិនអាចខ្វះបានសម្រាប់វិស័យសំណង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា។ ដូច្នេះក្រៅពីបញ្ឈប់ការនាំចេញ ក្រសួងក៏កំណត់គោលការណ៍សំខាន់ៗយ៉ាងហោច៤ គឺដូចជាការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ មិនត្រូវបង្កផលប៉ះពាល់ដល់លំនឹងជលសាស្ត្រ ឬធ្វើឲ្យខូចបរិស្ថានធម្មជាតិ, មិនត្រូវបង្កឲ្យប៉ះពាល់ប្រែប្រួលទម្រង់សណ្ឋានរូបសាស្ត្រនៃផ្លូវទឹក ឬធ្វើឲ្យបាក់ច្រាំង, និងមិនត្រូវបំពុលគុណភាពទឹកជាដើម៕