គ្រួសារ​ជន​ជាប់​ឃុំ​ថា លោក តូច ថឹង មន្ត្រី​បក្ស​ភ្លើង​ទៀន រង​សម្ពាធ​ផ្លូវ​ចិត្ត ក្រោយ​ពេល​អាជ្ញាធរ​ផ្ទេរ​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ដាច់​ស្រយាល

ដោយ ច័ន្ទ ដារ៉ូ
2023.11.14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រួសារ​ជន​ជាប់​ឃុំ​ថា លោក តូច ថឹង មន្ត្រី​បក្ស​ភ្លើង​ទៀន រង​សម្ពាធ​ផ្លូវ​ចិត្ត ក្រោយ​ពេល​អាជ្ញាធរ​ផ្ទេរ​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ដាច់​ស្រយាល

លោក តូច ថឹង មន្ត្រី​បក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្តកំពង់ចាម ពេលនគរបាល​នាំមកស្ដាប់​ការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែល​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ លោក យូរ ប៊ុនឡេង បដិសេធ​បណ្ដឹង​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ Photo: RFA


គ្រួសារ​ជន​ជាប់ឃុំ​ថា លោក តូច ថឹង មន្ត្រី​បក្ស​ភ្លើង​ទៀន កំពុង​រង​សម្ពាធ​ផ្លូវ​ចិត្ត​ជា​ខ្លាំង​ក្រោយ​ពេល​អាជ្ញាធរ​ផ្ទេរ​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ដាច់​ស្រយាល​ឆ្ងាយ​ពី​គ្រួសារ និង​មិត្តភ័ក្ដិ។ គ្រួសារ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ពិចារណា​ក្នុង​ការ​ផ្ទេរ​លោក តូច ថឹង មក​ពន្ធនាគារ​នៅ​ភ្នំពេញ​វិញ ដើម្បី​ជៀស​ពី​ការ​រិះគន់​នានា ថា ករណី​នេះ​ជាប់​ពាក់ព័ន្ធ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​រើសអើង​ផ្នែក​នយោបាយ​លើ​អ្នក ដែល​មាន​និន្នាការ​ផ្ទុយ​រដ្ឋាភិបាល។

គ្រួសារ​បារម្ភ​ពី​ស្ថានភាព​សុខភាព និង​ស្មារតី​របស់​លោក តូច ថឹង ដែល​មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ថា អាច​ដុនដាប​ជាង​ពេល​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ពីព្រោះ​ការ​ផ្ទេរ​ទៅ​ពន្ធនាគារ​ឆ្ងាយ​បាន​បង្ក​ការ​លំបាក​ដល់​ពួក​គេ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ និង​ការ​ផ្គត់ផ្គង់​ចំណី​អាហារ​មិន​បាន​គ្រប់គ្រាន់​ដូច​ពី​មុន​ជា​ដើម។


ប្រពន្ធ​របស់​មន្ត្រី​បក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្តកំពង់ចាម លោក តូច ថឹង គឺ​លោកស្រី សុ វណ្ណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា​ក្រោយ​ចេញ​ពី​ជួបប្តី​ថា​ លោកស្រី​បាន​ចំណាយ​ពេល​ ២ថ្ងៃ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ និង​ចំណាយ​សោហ៊ុយ​ជា​ច្រើន ដើម្បី​មក​សួរ​សុខទុក្ខ ផ្ញើ​ថ្នាំ​ពេទ្យ ម្ហូប​អាហារ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ជូន​ប្ដី​នៅ​ពន្ធនាគារ​ជាប់​ជើង​ភ្នំ​ក្រវាញ។ ប៉ុន្តែ​លោកស្រី​ឱ្យ​ដឹង​ថា អ្វី​ដែល​គ្រួសារ​លោកស្រី​ខ្លោច​ចិត្ត​នោះ​គឺ លោក តូច ថឹង ក្នុង​សំលៀក​បំពាក់​អ្នកទោស​រង​សម្ពាធ​ផ្លូវ​ចិត្ត​រហូត​យំ​នៅ​មុខ​លោកស្រី​រៀប​រាប់​អំពី​ទុក្ខ​លំបាក ជាពិសេស គាត់​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​បញ្ជូន​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ក្នុង​តំបន់​ព្រៃភ្នំ​ឆ្ងាយ​ពី​ប្រពន្ធ​កូន។

លោកស្រី សុ វណ្ណា៖ «គាត់​ជា​មនុស្ស​រឹងមាំ តែ​ខ្ញុំ​ឃើញ​គាត់​ស្រក់​ទឹក​ភ្នែក គេ​បញ្ជូន​គាត់​មក​ហ្នឹង​អត់​ដឹង​ខ្លួន​មុន​ទេ និយាយ​ទៅ​ខ្ញុំ​ដឹង​ថា​គាត់​ខូចចិត្ត​ហើយ​យក​គេ​ទៅ​ឆ្ងាយ​ធ្វើ​ឱ្យ​ប្រពន្ធ​កូន​វេទនា​ពិបាក​រក។ គាត់​នៅ​ហ្នឹង​ក៏​ពិបាក​ដូច​ថា​គេ​បញ្ជូន​គាត់​ទៅ​នៅ​តែ​ម្នាក់​ឯង បើ​មាន​ពីរ​នាក់​អី​ទៅ​វា​ធូរ​បន្តិច នេះ​គាត់​អត់​ស្គាល់​គេ​តែ​ម្ដង គាត់​ជាប់​ឃុំ​ណា​មួយ​គាត់​ពិបាក​ចិត្ត និង​ពិបាក​នឹង​ក្មេងៗ ជក់​បារី​ជា​ដើម»។

លោកស្រី សុ វណ្ណា ស្នើ​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឱ្យ​អនុញ្ញាត​ឱ្យ​ប្ដី​លោកស្រី​ចេញ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ នៅ​ថ្ងៃ​ទី២០ ខែវិច្ឆិកា​ខាង​មុខ​នេះ រួម​ទាំង​ផ្ទេរ​គាត់​មក​ពន្ធនាគារ​ព្រៃស​វិញ​ផង​ដែរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែវិច្ឆិកា។

មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ កាល​ពី​ព្រឹក​ថ្ងៃ​ទី១០ ខែវិច្ឆិកា បាន​វាយ​ខ្នោះ​រុញ លោក តូច ថឹង បញ្ចូល​ក្នុង​ឡាន​ដឹក​ទៅ​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ (ម៤) ក្នុងស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បន្ទាប់​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោក យូរ ប៊ុនឡេង បដិសេធ​បណ្ដឹង​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា សកម្មជន​គណបក្ស​ប្រឆាំង​ជាប់​ឃុំ​មួយ​ចំនួន​តែងតែ​រង​នូវ​អំពើ​អយុត្តិធម៌ និង​ការ​ដាក់​សម្ពាធ​ផ្លូវចិត្ត​ជា​បន្ត​បន្ទាប់។ លោក​បន្ត​ថា ការ​ផ្ទេរ​សកម្មជន​ទាំង​នោះ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ឆ្ងាយ​ពី​គ្រួសារ​ ដោយ​មិន​សម​ហេតុផល បាន​នាំ​ឱ្យ​មហាជន​រិះគន់​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​បន្ថែម​ទៀត ដែល​អាជ្ញាធរ​គួរតែ​ពិចារណា​រឿង​នេះ​ឡើង​វិញ។

លោក ស៊ឹង សែនករុណា៖ «យើង​ខ្ញុំ​ឃើញ​ថា​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស ដែល​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ទទូច​ឱ្យ​មាន​ការ​បើក​នូវ​លំហ​សិទ្ធិ​នយោបាយ​ទាំង​សកម្មជន​នយោបាយ និង​គណបក្ស​ប្រកួតប្រជែង​ក្តី​ហ្នឹង​យើង​គួរ​បើក​ឱកាស​ឱ្យ​ពួកគេ​បាន​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព ប្រកួត​ប្រជែង​ដោយ​សេរី​ត្រឹមត្រូវ និង​ស្មើភាព​ជាដើម​ដោយ​កុំ​ឱ្យ​ពួកគេ​រង​សម្ពាធ​នានា ជា​ដើម​បាទ»។

លោក តូច ថឹង អាយុ ៧៥ឆ្នាំ មាន​ដើម​កំណើត​ខ្មែរ​ក្រោម និង​ជា​អតីត​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ចាម​កាល​ពី​ឆ្នាំ២០១៧ ហើយ បច្ចុប្បន្ន​លោក​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត កំពង់ចាម ដដែល។ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​លោក រួម​ជាមួយ​មន្ត្រី​បក្ស​ភ្លើង​ទៀន​ពីរ​រូប​ផ្សេង​ទៀត គឺ លោក ខឿន វីរ៉ាត់ និង​អ្នកស្រី នូ សុទ្ធារី កាល​ពី​ថ្ងៃ​ទី២៤ ខែមីនា ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ពួកគេ ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ​ពី​បទ​ក្លែងបន្លំ​ឯកសារ​ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ​កាល​ពី​ឆ្នាំ២០២១។ ការ​ចាប់​ខ្លួន​នេះ គឺ ៦ម៉ោង​មុន​ពេល​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​លោក សៀម ភ្លុក ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ៦ខែ​ក្នុង​បទ​ចោទ​ដូច​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles