ដោយ វិទ្យុអាស៊ីសេរី
2023.11.13
RFA
តោះ… ប្រកួតប្រជែងគ្នាដាក់ចំណងជើងឱ្យរូបត្លុកនយោបាយមួយនេះ! រូប៖ RFA
ពេលឡើងកាន់តំណែងបន្តពីឪពុកបានមួយខែ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អួតប្រាប់កម្មកររាប់ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែកញ្ញាថា លោកបានខំដើរទាក់ម៉ូយ ឬទាក់ទាញអ្នកវិនិយោគឱ្យមករកស៊ីនៅស្រុកខ្មែរ ព្រមទាំងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ហើយចុះកិច្ចព្រមព្រៀងបង្កើនជើងហោះហើរជាដើម។
ក្នុងពេលលោកអួតនោះ ជាក់ស្ដែង សេដ្ឋកិច្ចកម្ពុជាកំពុងធ្លាក់ចុះខ្លាំង។ អាជីវករមួយចំនួន ត្អូញត្អែរថា រកប្រាក់ចំណូលមិនបានដូចមុន។ ពលរដ្ឋនៅភ្នំពេញជាច្រើនដាក់លក់ផ្ទះសម្បែង និងដីធ្លី ដើម្បីយកប្រាក់សងបំណុលធនាគារ។ នៅខេត្តសៀមរាប កន្លែងផ្តល់សេវាកម្មភ្ញៀវទេសចររាប់រយកន្លែង ដូចជា ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ផ្សារ កន្លែងលក់វត្ថុអនុស្សាវរីយ៍ ដែលធ្លាប់តែមមាញឹក បានបិទទ្វារ ហើយបង្ខំចិត្តបញ្ឈប់បុគ្គលិកជាច្រើនរយនាក់ជាបន្តបន្ទាប់។
សេដ្ឋកិច្ចធ្លាក់ចុះ ការនាំចេញសំលៀកបំពាក់ និងស្បែកជើង បាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA សហភាពអឺរ៉ុប ២០ភាគរយ រីឯសហរដ្ឋអាម៉េរិក ក៏មិនទាន់បន្តប្រព័ន្ធអនុគ្រោះពន្ធ (GSP) របស់ខ្លួន។ លោក ហ៊ុន ម៉ាណែត ធ្លាប់អួតសរសើរគោលនយោបាយឪពុករបស់លោកថា បានយកចិត្តទុកដាក់ជួយដល់កម្មករ ហើយលោកប្ដេជ្ញាអនុវត្តបន្តទៀត។ ដើម្បីទប់ទល់ទំនិញឡើងថ្លៃ កម្មករទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២១៥ដុល្លារក្នុងមួយខែ ប៉ុន្តែទីបំផុត រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដំឡើងបានត្រឹមតែ ២០៤ដុល្លារប៉ុណ្ណោះ។
ក្នុងពេលថ្មីៗ នេះ អង្គការសង់ត្រាល់ រកឃើញរោងចក្រមួយចំនួនបានកាត់បន្ថយបុគ្គលិកកម្មករចន្លោះពី ២០ ទៅ ៣០ភាគរយនៅឆ្នាំនេះ ហើយកម្មករមួយចំនួនធំបាត់ប្រាក់ចំណូល ចន្លោះពី ២៥ ទៅ ៣០ភាគរយ បើប្រៀបធៀបក្នុងឆ្នាំ២០២២។ ករណីនេះ បានបង្ខំកម្មករឱ្យកាត់បន្ថយរបបអាហារហូបចុកប្រចាំថ្ងៃ និងរងសម្ពាធវិបត្តិផ្លូវចិត្តជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។