អង្គការ​លើកលែង​ទោស​អន្តរជាតិ៖ ពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​បណ្ដេញ​ពី​តំបន់​អង្គរ រង​គ្រោះ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ២ដង​ផ្ទួន​គ្នា

ដោយ សុជីវី
2023.11.14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​លើកលែង​ទោស​អន្តរជាតិ៖ ពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​បណ្ដេញ​ពី​តំបន់​អង្គរ រង​គ្រោះ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ២ដង​ផ្ទួន​គ្នា

រូបថត​ពីលើ​អាកាស បង្ហាញ​អំពី​ទិដ្ឋភាព​ផ្ទះ​ពលរដ្ឋ​​នៅ​តំបន់​រុនតាឯក ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​រើ​​ចេញ​ពី​តំបន់​អង្គរ។ រូប៖ Amnesty International


អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ និង​ត្រូវ​កែ​លម្អ​កន្លែង​តាំង​ទី​លំនៅ​ថ្មី​សម្រាប់​ពលរដ្ឋ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ទៅ​នៅ​ក្រៅ​តំបន់​អង្គរ ឱ្យ​ពួកគេ​រស់នៅ​បាន​សមរម្យ។

សំណើ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល ដែល​អង្គការ​នេះ​បាន​បញ្ចប់​ការសិក្សា​ស្រាវ​ជ្រាវ​ទៅ​ដល់​មូលដ្ឋាន និង​បង្ហាញ​របាយការណ៍​ពី​ការ​រក​ឃើញ​ថា​ពលរដ្ឋ​បាន​ជួប​ទ្វេគ្រោះ ឬ​រងគ្រោះ​ដល់​ទៅ ២លើក​ផ្ទួនៗ ដោយ​ការរំលោភ​សិទ្ធិ​មនុស្ស​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​នៅ​ក្រោម​គម្រោង​ផ្លាស់​ទី​ពួកគេ។

អំពើ​រំលោភ​សិទ្ធិមនុស្ស​បង្ក​ដោយ​អាជ្ញាធរ​ទាំង ២លើក​ផ្ទួនៗ គ្នា ទៅ​លើ​ពលរដ្ឋ​ខ្លួន​ឯង​នោះ​គឺ ដំបូង ពលរដ្ឋ​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​តំបន់​អង្គរ ដែល​ពួកគេ​ធ្លាប់​រស់​នៅ​ត​ជំនាន់​មក​ហើយ និង​បន្ទាប់​មក​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ទៅ​រស់​នៅ​តំបន់​ថ្មី ដែល​មិន​មាន​ហេដ្ឋារចនាសម្ពន្ធ​ត្រឹមត្រូវ​សមរម្យ​ទៅ​តាម​មូលដ្ឋាន​តម្រូវការ​ក្នុង​ជីវភាព​ធានា​ដោយ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ការ​រក​ឃើញ​នេះ​មាន​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ កម្រាស់ ៩៦ទំព័រ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកា​នេះ ដោយ​មាន​ចំណង​ជើង​ថា «គ្មាន​នរណា​ម្នាក់​ចង់​ចេញ​ពី​ផ្ទះ​ឡើយ» ដែល​ផ្ដោត​ទៅ​លើ​ការ​បណ្ដេញ​ចេញ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ចេញ​ពី​តំបន់​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ យូណេស្កូ (UNESCO)។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​អះអាង​នៅ​ក្នុង​របាយការណ៍​ថា ការ​ផ្លាស់​ទី​លំនៅ​ពលរដ្ឋ​ក្នុង​ចំនួន​ដ៏​ច្រើន ចេញ​ពី​តំបន់​អង្គរ​នេះ ជា​ប្រភេទ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ រំលោភ​លើ​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ។

ជាមួយ​គ្នា​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​សម្ភាស​ពលរដ្ឋ​ជាង ១០០នាក់ នៅ​ក្នុង​តំបន់​តាំង​ទី​លំនៅ​ថ្មី​ទាំង ២ទីតាំង គឺ​នៅ​ពាក់ស្នែង ស្រុក​អង្គរ​ធំ និង​នៅ​រុនតាឯក ស្រុក​បន្ទាយ​ស្រី។ ក្នុង​នោះ​រក​ឃើញ​ថា ទីតាំង​ថ្មី​ពុំ​មាន​ហេដ្ឋារចនាសម្ពន្ធ​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​រស់​នៅ​បាន​សមរម្យ​ឡើយ។ ពួក​គេ​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ទៅ​ទីតាំង​ថ្មី បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​គ្មាន​មុខ​របរ បាត់​បង់​ជីវភាព​ធ្លាប់​មាន​នៅ​ភូមិ​ចាស់ ឆ្ងាយ​ពី​ក្រុង ខ្វះ​អនាម័យ ត្រូវ​ចាប់​ផ្ដើម​សាងសង់​ផ្ទះ​ឡើង​វិញ​ដោយខ្លួន​ឯង​ដូច​ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ​ឡើង​វិញ។

នាយក​រង​ស្ដីទី​ប្រចាំ​តំបន់​សម្រាប់​ការស្រាវជ្រាវ​នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ អ្នកនាង ម៉ុនសេ ហ្វែររើ (Montse Ferrer) ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ស្រាវជ្រាវ​របស់​អង្គការ​នេះ​ធ្វើ​នៅ​ក្នុង​ចន្លោះ​ពី​ខែមីនា ដល់​ខែកក្កដា។ ការ​ជួប​សម្ភាស​ជាមួយ​ពលរដ្ឋ​បង្ហាញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​ពិត​ជា​បាន​រំលោភ​លើ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដោយ​មិន​បាន​ឆ្លងកាត់​ការ​ប្រឹក្សា​យោបល់​ឱ្យ​បាន​ពេញលេញ និង​មិន​បាន​ការព្រមព្រៀង​ពី​ពលរដ្ឋ។

អ្នកនាង ម៉ុនសេ ហ្វែររើ៖ «ការ​ប្រឹក្សា​មិនមែន​នាយក​រដ្ឋមន្ត្រី​ថ្លែង​សន្ទរកថា​ថា ប្រសិន​បើ​ពលរដ្ឋ​មិន​ចេញ​នៅ​ពេល​នេះ​គឺ​គេ​នឹង​មិន​បាន​ប្រាក់​សំណង​ទេ។ នៅ​ក្រោម​ន័យ​សិទ្ធិមនុស្ស ការ​ប្រឹក្សា​ជាមួយ​ពលរដ្ឋ គឺ​មាន​ន័យ​សេចក្ដី​លើស​ពី​នេះ គឺ​ជា​ការ​ជជែក​ពិភាក្សា រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​ទោះ​បី​ជា​ពលរដ្ឋ​ប្រាប់​ថា មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ទៅ​ជួប​ពួក​គេ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​មិន​បាន​ប្រាប់​ពលរដ្ឋ​ដោយ​ស្រួល​ទេ គឺ​បាន​គំរាម​ថា បើ​មិន​រើ​ចេញ​នៅ​ថ្ងៃ​នេះ​នឹង​រុះរើ​ផ្ទះ បើ​មិន​រើ​ចេញ​នៅ​ថ្ងៃ​នេះ​ពួក​គេ​នឹង​មិន​បាន​ទទួល​សំណង។ ទាំង​អស់​នេះ គឺ​មិនមែន​ជា​ការ​ប្រឹក្សា​ពេញលេញ​ទេ តែ​វា​ជា​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ»

ទាក់ទង​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ​នេះ អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​កាល​ពី​ខែតុលា ឆ្នាំ២០២២ ថា មូលហេតុ​ចម្បង​គឺ ការ​គោរព​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​អង្គការ UNESCO។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន ថែមទាំង​ព្រមាន​មិន​ផ្ដល់​សំណង​ដល់​ពលរដ្ឋ។

លោក ហ៊ុន សែន៖ «ប៉ុន្តែ​នៅ​ពេល​វេលា​មក​ដល់ មួយ​សេន ក៏​មិន​ឱ្យ ហើយ​បញ្ជូន​ចេញ​ពី​តំបន់​នោះ​តែ​ម្ដង សុំ​ផ្ដាំ​ទៅ​ឱ្យ​ហើយពេល​នេះ​រដ្ឋាភិបាល​កំពុង​ថ្នាក់ថ្នម តែ​ដល់​ពេល​ហើយ មិន​មែន​សុខ​ចិត្ត​ឱ្យ​អង្គរ​គេ​ដក​ចេញ​ពី​បេតិកភណ្ឌ​ពិភព​លោក​ទេ ច្បាស់​ជា​ដក​គ្រួសារ​ហ្នឹង​ចេញ​ហើយ

តែ​ទោះជា​យ៉ាងណា​អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​ថា អង្គការ UNESCO បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អង្គការ​នេះ​ថា UNESCO ពុំ​ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ផ្លាស់​ទីលំនៅ​របស់​ពលរដ្ឋ​ទេ។ លើស​ពី​នេះ UNESCO ឆ្លើយ​ទៀត​ថា សកម្មភាព​របស់​រដ្ឋ​ភាគី មិនមែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់ UNESCO ឡើយ។ អង្គការ UNESCO អះអាង​ទៀត​ថា ពួក​គេ​តែងតែ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​អាណត្តិ និង​សកម្មភាព​របស់​ខ្លួន។

ក្នុង​ករណី​ឆ្លើយ​ដាក់​គ្នា ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ពី​អំពើ​រំលោភ​សិទ្ធិមនុស្ស​បែប​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ ដោយ​បង្ខំ និង​ត្រូវ​រៀបចំ​ទីតាំង​លំនៅឋាន​ថ្មី​ឱ្យ​ពលរដ្ឋ​អាច​រស់​នៅ​បាន​សមរម្យ និង​អាច​ចិញ្ចឹម​ជីវិត​បាន។ ចំណែក​អង្គការ UNESCO ក៏​ត្រូវ​មាន​ចំណែក​ទទួល​ខុសត្រូវ​ក្នុង​រឿង​នេះ។

អ្នកនាង ម៉ុនសេ ហ្វែររើ (Montse Ferrer) លើក​ឡើង​ថា ប្រសិន​បើ​មិន​មាន​វិធានការ​ដាក់​សម្ពាធ​ណា​មួយ​ពី​អង្គការ UNESCO ទេ នោះ​វា​នឹង​កើត​មាន​ទៀត​នូវ​ការ​យក​ពាក្យ​អភិរក្ស​មក​ធ្វើ​ជា​អាវុធ​ទៅ​រំលោភ​សិទ្ធិ​ពលរដ្ឋ​បង្ក​ដោយ​អាជ្ញាធរ​រដ្ឋ​ភាគី។

អ្នកនាង ម៉ុនសេ ហ្វែររើ៖ «យើង​ស្នើ​ឱ្យ​អង្គការ UNESCO ត្រូវ​ពនិត្យ​មើល​ដោយ​ឯករាជ្យ​លើ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ដែល​កើត​ឡើង​នៅ​ក្នុង និង​ជុំវិញ​តំបន់​អង្គរ ដើម្បី​ថ្កោលទោស​អ្នក​បង្ក និង​ណែនាំ​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​មាន​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ឬ ICC ស្ថាប័ន​ផ្ដល់​ប្រឹក្សា​ផ្សេង​ទៀត និង​ភាគី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ថា ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ បាន​បញ្ចប់ និង​ធានា​ថា រាល់​ការ​តាំង​លំនៅ​ថ្មី​របស់​ពលរដ្ឋ​បាន​អនុវត្ត​តាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ!»។

ទាក់ទង​នឹង​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​នេះ​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា។ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ លោក ស៊ុម ម៉ាប់ បដិសេធ​មិន​ឆ្លើយ​តប ដោយ​ប្រាប់​ថា រឿង​នេះ​ពាក់​ព័ន្ធ​នឹង​អាជ្ញាធរ​អប្សរា ចំណែក​អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ហង់ ពៅ និង អគ្គនាយករង លោក ឡុង កុសល មិន​អាច​ទាក់ទង​បាន។

ងាក​ទៅ​មើល​ស្ថានភាព​របស់​នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​រុនតាឯក​នៅ​ពេល​នេះ ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ដែល​បាន​ចុះ​ទៅ​សិក្សា​ពី​ជីវភាព​ពលរដ្ឋ​ទៅ​តាំង​លំនៅ​ថ្មី​ក្នុង​តំបន់​រុនតាឯក កាល​ពី​ថ្ងៃ​ទី៤ ខែវិច្ឆិកា ឱ្យ​ដឹង​ថា បញ្ហា​ចម្បង​របស់​ពលរដ្ឋ​នៅ​ទី​នោះ គឺ​ពិបាក​រស់នៅ ព្រោះ​ខែវស្សា​ទឹក​លិច ហើយ​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បំផ្លាញ​ដោយ​ទឹកជំនន់ និង​ខ្យល់​ព្យុះ។ ចំណែក​នៅ​រដូវ​ប្រាំង​ដី​ហុយ​ខ្លាំង។ លោក​ថា ពលរដ្ឋ​មួយ​ចំនួន​ចាប់​ផ្ដើម​រើ​ចេញ​បណ្ដើរៗ អ្នក​ខ្លះ​ដាក់​លក់​ដី និង​អ្នកខ្លះ​ទៀត​បិទ​ទ្វារ​ផ្ទះ​ទុក​ចោល ពីព្រោះ​នៅ​ទីនោះ​ពួក​គាត់​គ្មាន​មុខ​របប​អ្វី​អាច​ចិញ្ចឹម​ជីវិត​បាន​ទេ។

លោក កើត សារ៉ាយ៖ «កាល​ណា ដែល​ជម្លៀស​ប្រជាពលរដ្ឋ​បែប​នេះ គឺ​វា​ត្រូវ​ការ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ ប៉ុន្តែ​ការ​ទទួល​ខុសត្រូវ​ពេល​កន្លង​មក​របស់​អាជ្ញាធរ​រដ្ឋ​គឺ​អត់​ឆ្លើយ​តប​ទេ ហើយ​ប្រជាពលរដ្ឋ​នៅ​តែ​រងគ្រោះ»។

មិន​ខុស​គ្នា​នេះ​ដែរ​ពលរដ្ឋ​វ័យ​ជាង ៥០ឆ្នាំ និង​ជា​អតីត​យុទ្ធជន លោក មុត ខុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​បាន​រើ​ផ្ទះ​ចេញ​ពី​ភូមិ​វាល សង្កាត់​គោកចក​មក​កាន់​តំបន់​រុនតាឯក​នេះ​រយៈ​ពេល​ជិត ១ឆ្នាំ​ហើយ។ ប៉ុន្តែ ជីវភាព​កាន់តែ​ពិបាក ព្រោះ​គ្មាន​ការងារ​នៅ​ជិតៗ ផ្ទះ។ លោក​ជា​ជាង​សំណង់ ប្រពន្ធ និង​កូន​លក់ដូរ​បន្លែ​ក្នុង​ផ្សារ គឺ​ត្រូវ​ចេញ​ពី​ផ្ទះ​ទៅ​ក្រុង​សៀមរាប​ជា​រៀង​រាល់​ថ្ងៃ។ លោក​ថា ភូមិ​ថ្មី​គ្មាន​អូរ គ្មាន​ត្រពាំង និង​ដីស្រែ ដែល​លោក​អាច​ទៅ​រក​ត្រី​បន្លែ និង​ធ្វើ​ស្រែ​ដូច​នៅ​ភូមិ​ចាស់​ទេ។ អ្វីៗ ត្រូវ​ទិញ​ទាំង​អស់ គឺ​ចំណាយ​កាន់​តែ​ច្រើន​ចំណូល​កាន់​តែ​តិច។ លោក​ថា ពលរដ្ឋ​ភាគ​ច្រើន​ធ្លាក់​ខ្លួន​ជាប់​បំណុល​កាន់​តែ​ច្រើន ដោយសារ​ខ្ចី​ប្រាក់​គេ​មក​ធ្វើ​ផ្ទះ និង​ចំណាយ​ចាំបាច់​មួយ​ចំនួន​ទៀត ដូច​ជា ថ្លៃ​ទឹក ភ្លើង ថ្លៃ​មធ្យោបាយ​ធ្វើ​ដំណើរ​ជាដើម។

លោក មុត ខុន៖ «ភាគ​ច្រើន​គឺ គេ​ធ្វើ​ផ្ទះ​ទុក​ចោល​គេ​ទៅ​រក​ការងារ​នៅ​ក្រៅ​វិញ។ ខ្លះ​ចេញ​ទៅ​ថៃ ខ្លះ​ទៅ​តាម​បណ្ដា​ខេត្ត​ទៅ​ក៏​ទៅ​ដេកពួន​នៅ​ឯណោះ​ ផ្ទះ​ធ្វើ​ទុក​ចោល។ អា​នេះ​ទាល់​តែ​គាត់ (អាជ្ញាធររក​ទី​ផ្សារ​នេះ​ឱ្យ​បាន​ដើរ​ទៅ ហើយ​ឱ្យ​យើង​បាន​របរ​ទៅ។ តែ​រៀបចំ​របៀប​ម៉េចខ្ញុំ​មិន​យល់​ដែរ ព្រោះ​មក​ដល់​នេះ វា​ជនបទ​សុទ្ធ​ហើយ។ ស្រែ​មិន​ស្រែ ក្រុង​មិន​ក្រុង​ហ្នឹង វា​វេទនា​ហើយ»

ពលរដ្ឋ​ដែល​បង្ខំ​ចាកចេញ​ពី​តំបន់​អង្គរ​ទទួល​បាន​សំណង​ជា​ដី​ទទេ​ទំហំ ២០ គុណ​នឹង ៣០ម៉ែត្រ ដូចៗ គ្នា ដែល​មិន​អាច​ដាំដុះ​អ្វី​ចិញ្ចឹម​ជីវិត​បាន​ទេ។ ពលរដ្ឋ​ក៏​បាន​ទទួល​ប្រាក់ ១លាន​រៀល និង​ប័ណ្ណ​ក្រីក្រ​សម្រាប់​ដោះស្រាយ​ជីវភាព។ អ្វី​ដែល​ពលរដ្ឋ​មួយ​ចំនួន​នឹក​ស្មាន​មិន​ដល់ និង​សោកសៅ​គឺ​ពលរដ្ឋ​ដែល​នៅ​ក្នុង​ភូមិ​ចាស់​រាប់​ជំនាន់​មក​ហើយ​ក៏​ត្រូវ​បង្ខំ​ឱ្យ​ចាកចេញ​ដែរ។

Run_Ta_Ek_061323_Kitty_Cat.JPG
ទិដ្ឋភាពនៃ​ការ​តាំង​លំនៅ​លើ​ដី​ថ្មី​របស់​ពលរដ្ឋ ក្នុង​តំបន់​រុនតាឯក កាល​ពី​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោយ​ពេល​អាជ្ញាធររដ្ឋាភិបាល​​បង្ខំ​ពួក​គាត់​ឱ្យ​រើ​ចេញ​ពី​តំបន់​អង្គរ។ រូបពីពលរដ្ឋ

អ្នក​នៅ​ភូមិ​រុនតាឯក​ម្នាក់ទៀត ជា​មន្ត្រី​រាជការ សុំ​លាក់​ឈ្មោះ អះអាង​ថា លោក​ជា​អ្នកភូមិ​នៅ​ខាង​ជើង​ប្រាសាទ​អង្គរ​វត្ត គ្រួសារ​លោក​រស់​នៅ​ភូមិ​នេះ​ជាច្រើន​ជំនាន់​ហើយ។ លោក​ស្រណោះ​កន្លែង​ធ្លាប់​រស់​សុខសាន្ត ព្រោះ​អ្នកភូមិ​នេះ​ជា​ច្រើន​ជា​អ្នកធ្វើ​ការងារ​នៅ​ប្រាសាទ​អង្គរវត្ត ជា​អ្នក​បោស​សំអាត ជា​អ្នកជួយ​ការងារ​អភិរក្ស​ប្រាសាទ ប៉ុន្តែ​ពេល​នេះ​លែង​មាន​ភូមិ​នេះ​ទៀត​ហើយ។ លោក​ថា​ពេល​មុន គ្រួសារ​លោក​មាន​ដី​ធំ មាន​ស្រែ​អាច​ចិញ្ចឹម​ជីវិត​បាន​តាម​របៀប​អ្នក​ស្រុក​អង្គរ។ តែ​ពេល​នេះ​មាន​តែ​ដី​ផ្ទះ​តូច​មួយ ហើយ​ក៏​ទុក​ចោល ព្រោះ​ការងារ​លោក​នៅ​ឯ​ខេត្ត។ ឯ​កូនៗ ត្រូវ​រៀន​នៅ​ខេត្ត ដោយ​ត្រូវ​ជួល​ផ្ទះ​គេ។

«ជីវភាព​រក​ចំណូល​អត់​បាន ឱ្យ​ប័ណ្ណ​ក្រីក្រ​មួយ ឱ្យ​ទៅ​បើក​លុយ​ទៅ បើក​បាន ២០ ទៅ ៣០ម៉ឺន មក​ហូប​ទៅ។ ហូប​អត់​បាន​ប៉ុន្មាន អស់ ក៏​ខ្ចី​គេ​ទៀត​ទៅ។ ត្រង់​ហ្នឹង​ហើយ ដែល​វា​លំបាក​ក្នុង​ជីវភាព។ បើ​សិន​ជា​អាច​មាន​ជា​រោង​ចក្រ​នៅ​ក្បែរ​នោះ​អី​ទៅ។ ពេល​នេះ ចំណាកស្រុក​ច្រើន​មែនទែន។ បាទពួក​ខ្ញុំ​ជា​អ្នក​ភូមិ​កសិណ​ជើង​ពេញ​លក្ខណៈ។ យើង​មាន​ស្រែ មាន​ភ្លឺ មាន​គោក មាន​ភូមិ មាន​ឈើ​មាន​ដើម ព្រៃ​យើង​មាន ហើយ​យក​ពាក្យ​យូណេស្កូ (UNESCO) នៅ​អត់​បាន​ទេ បើ​នៅ​ទៀត​គេ​ដក​ប្រាសាទ​អង្គរ​ពី​បេតិកភណ្ឌ​ពិភព​លោក​ហើយ»

មក​ដល់​ចំណុច​នេះ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ក៏​ស្នើ​ឱ្យ​ភាគ​គី​ពាក់​ព័ន្ធ​រួម​ទាំង​អង្គការ យូណេស្កូ​ផង ឱ្យ​ផ្ដល់​ព័ត៌មាន​ឱ្យ​ជាក់​លាក់ ច្បាស់លាស់​ដល់​ពលរដ្ឋ​ថា តើ​ពលរដ្ឋ​ប្រភេទ​ណា​ដែល​ចាំបាច់​ត្រូវ​ចាកចេញ ឬ​ទប់ស្កាត់​មិន​ឱ្យ​តាំង​ទី​លំនៅ​ថ្មី​ក្នុង​តំបន់​អង្គរ។

គិត​មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​ចំនួន ១ម៉ឺន​គ្រួសារ​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​រើ​ផ្ទះ​ចេញ​ពី​តំបន់​អង្គរ ដែល​មាន​ពលរដ្ឋ​សរុប​ប្រមាណ ៤ម៉ឺន​នាក់។ បើ​តាម​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដដែល​នេះ​អាជ្ញាធរ​ទំនង​មិន​បញ្ចប់​ការ​បណ្ដេញ​ចេញ​ត្រឹម​នេះ​ទេ។

អង្គការ​អន្តរជាតិ​មួយ​នេះ​ទទូច​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​ពលរដ្ឋ និង​យក​ចិត្ត​ទុក​ដាក់​រក្សា​ពលរដ្ឋ​ឱ្យ​រស់នៅ​ក្នុង​តំបន់​អង្គរ​ដូច​ដូនតា​របស់​ពួក​គេ ដែល​ម្ចាស់​អង្គរ​ធ្លាប់​បាន​រស់​នៅ។ ប្រសិន​បើ​មាន​ករណី​ចាំបាច់​ថា ត្រូវ​តែ​ឱ្យ​ពលរដ្ឋ​ចាកចេញ អាជ្ញាធរ ក៏​ត្រូវ​ធានា​គោរព​សិទ្ធិពលរដ្ឋ ចាប់​តាំង​ពី​មុន​ការ​ចាក​ចេញ ពេល​ចាកចេញ និង​ក្រោយ​ពេល​ចាកចេញ។ បើ​មិន​ដូច្នោះ​ទេ អង្គការ​លើកលែង​ទោស​អន្តរជាតិ​ថា មិន​គួរ​ហៅ​តំបន់​អង្គរ​ថា ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក ដែល​មាន​ជីវិត​រស់​រវើក​តទៅ​ទៀត​ទេ (Angkor UNESCO Living World Heritage Site) គឺ​គួរ​លុប​ពាក្យ​រស់​រវើក (Living) នេះ​ចេញ​វិញ៕

អានព័ត៌មាន​អំពីរឿងនេះជាភាសាអង់គ្លេស សូមចុច​តំណភ្ជាប់នេះ៖ Report: 40,000 evicted from Cambodia’s Angkor temple area since 2022

 Cambodian authorities have evicted 40,000 people from the famed Angkor temple complex since 2022, citing the need to protect the sprawling UNESCO World Heritage site, according to a report from Amnesty International released on Tuesday.

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment