បទយកការណ៍
15/11/2023 – 08:10
ដោយ៖ ឈាង បុប្ផា
RFI

អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International ចេញផ្សាយរបាយការណ៍ស្តីពីការបណ្តេញចេញដោយបង្ខំ នៅទីតាំងបេតិកភណ្ឌពិភពលោកអង្គរ នៅថ្ងៃអង្គារទី ១៤វិច្ឆិកា ពោលគឺនៅ១ថ្ងៃមុន សន្និសីទអន្តរដ្ឋាភិបាលស្តីពីអង្គរលើកទី៤ នៅទីស្នាក់ការធំរបស់យូណេស្កូ នៅទីក្រុងប៉ារីស។ នៅក្នុងរបាយការណ៍លម្អិតស្តីពីការបណ្តេញចេញប្រជាជនពីក្នុងតំបន់១ និងតំបន់២របស់អង្គរ អង្គការ Amnesty International ចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថាបានរំលោភសិទ្ធិមនុស្ស និងបានលើកយកឈ្មោះអង្គការយូណេស្កូមកប្រើនៅក្នុងផែនការបណ្តេញចេញពីទីតាំងបេតិកភណ្ឌពិភពលោកអង្គររបស់យូណេស្កូ។ ប្រតិកម្មទៅនឹងការចេញផ្សាយរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស ប្រធានគណៈបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបញ្ជាក់សាជាថ្មីថា យូណេស្កូមិនបានស្នើ គាំទ្រឲ្យមានការផ្លាស់ទីប្រជាជនដោយបង្ខំចេញពីតំបន់រមណីយដ្ឋានអង្គរ។