កម្ពុជា
15/11/2023 – 07:41
ដោយ៖ អោ ស្រីពេជ្រ
RFI
អង្គការ Amnesty International នៅថ្ងៃទី១៤វិច្ឆិកាម្សិលមិញ បានចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយដែលបង្ហាញថា ការប្តូរលំនៅដ្ឋានពលរដ្ឋនៅតំបន់អង្គរទៅតំបន់រុនតាឯក បានរំលោភបំពានច្បាប់និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិធ្ងន់ធ្ងរ។ អង្គការអន្តរជាតិមួយនេះបានហៅការបម្លាស់ពលរដ្ឋចេញពីតំបន់អភិរក្សនោះថា ជាការបង្ខំគំរាមកំហែងបង្កប់ក្រោមគោលការណ៍ស្មគ្រ័ចិត្ត។ នៅក្នុងរបាយការណ៍នោះដែរ អង្គការ Amnesty បានស្នើឱ្យបារាំងនិងជប៉ុនថ្កោលទោសចំពោះការបណ្តេញពលរដ្ឋដោយបង្ខំនៅតំបន់អង្គរខ្មែរនេះ។
លំនៅដ្ឋានពលរដ្ឋតំបន់រុនតាឯក ដែលប្តូរពីតំបន់អភិរក្សអង្គរ (ថតនៅខែកក្កដាឆ្នាំ២០២៣) © Amnasty International
អង្គការលើកលែងទោសអន្តរជាតិ ឬ Amnesty International បានចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយនៅថ្ងៃទី១៤វិច្ឆិកាម្សិលមិញ ដែលបង្ហាញថា ការប្តូរទីលំនៅពលរដ្ឋប្រមាណ១ម៉ឺនគ្រួសារនៅតំបន់អង្គរទៅតំបន់រុនតាឯក បានរំលោភបំពានធ្ងន់ធ្ងរលើច្បាប់និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ ជាការរំលោភបំពាន ដែលអាជ្ញាធរខ្មែរយកលេសថា ដើម្បីការការពារតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយឈរលើគោលការណ៍ស្មគ្រ័ចិត្ត។
នៅក្នុងរបាយការណ៍កម្រាស់ជាង៩០ទំព័រនោះដែរមានសរសេរទៀតថា អាជ្ញាធរខ្មែរបានថែមទាំងគំរាមកំហែង និងបំភិតបំភ័យពលរដ្ឋ ឱ្យធ្វើការសម្រេចចិត្តដោយបង្ខំគ្មានការពិគ្រោះយោបល់ជាក់លាក់ ដូចជាការបំភ្លៃថាមានគ្រោះទឹកជំនន់ ផ្តាច់អគ្គិសនី និងបំផុសព័ត៌មានក្លែងក្លាយថាពួកគេនឹងជាប់គុក មិនទទួលសំណងអ្វីទាំងអស់ បើនៅមិនព្រមចាកចេញ។
ទន្ទឹមគ្នានេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាទូទៅនៅទីតាំងថ្មីនៅតំបន់រុនតាឯកនោះមិនសមរម្យ ខ្វះមុខខ្វះក្រោយ គ្មានបន្ទប់ទឹកបង្គន់អានាម័យ ខណៈគ្រួសារដែលត្រូវបណ្តេញចេញនោះតម្រូវឱ្យសាងសង់ផ្ទះផ្ទាល់ខ្លួន។ ដែលទាំងអស់នោះមិនត្រូវនឹងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ដែលចែងថា ទីតាំងថ្មីត្រូវតែរួមបញ្ចូលការផ្គត់ផ្គង់ទឹកស្អាត លំនៅដ្ឋាន និងអនាម័យ មុនផ្លាស់ទីលំនៅពលរដ្ឋ។ គ្រួសារក្រីក្រខ្លះទៀត បានថែមទាំងបានបញ្ចាំបណ្ណក្រីក្រនិងឯកសារដីធ្លីដើម្បីខ្ចីបុលគេដើម្បីរស់ថែមទៀតផង។
គួរជម្រាបជូនថា លទ្ធផលនៃរបាយការណ៍របស់អង្គការ Amnesty International នេះគឺយោងទៅលើការចុះសិក្សាស្រាវជ្រាវដោយផ្ទាល់ទៅលើពលរដ្ឋដែលត្រូវបណ្តេញចេញជាង១០០នាក់នៅរវាងខែមិនាដល់ខែមិថុនាឆ្នាំ២០២៣។
តាមរយៈលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវខាងលើ អង្គការ Amnesty International បានស្នើបារាំងនិងជប៉ុនដែលជាសហស្ថាបនិកគណៈកម្មាធិការអាយស៊ីស៊ីអង្គរ (ICC-Angkor) ឱ្យថ្កោលទោសជាសាធារណៈចំពោះការបណ្តេញពលរដ្ឋចេញដោយបង្ខំនៅតំបន់អង្គរខ្មែរនោះ។ ហើយបារាំងនិងជប៉ុនត្រូវគាំទ្រលើការស៊ើបអង្កេតឯករាជ្យ របស់ ICC-Angkor ចំពោះការប៉ះពាល់ដល់សិទ្ធិមនុស្ស ដោយត្រូវបើកបង្ហាញលទ្ធផលជាសាធារណៈ និងត្រូវប្រាកដថា ការរំលោភសិទ្ធិមនុស្សនោះគឺជាអ្វីដែលរដ្ឋាភិបាលបារាំងនិងជប៉ុនបានជ្រាប និងលើកយកទៅបង្ហាញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនានារបស់អង្គការយូណេស្កូ។
យ៉ាងណាក៏ដោយ អាជ្ញាធរខ្មែរដែលមានអាជ្ញាធរជាតិអប្សារា បានអះអាងថាពលរដ្ឋនៅតំបន់អង្គរព្រមចាកចេញដោយស្ម័គ្រចិត្ត គ្មានការបង្ខំ ហើយអះអាងទៀតថាទីតាំងថ្មី បាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មានលក្ខខណ្ឌសមស្របសម្រាប់ពលរដ្ឋរស់នៅ។ តាមអាជ្ញាធរជាតិអប្សារា ពលរដ្ឋដែលតាំងទីលំនៅជាប្រពៃណីនៅតំបន់អង្គរនឹងមិនត្រូវបានបណ្តេញចេញឡើយ ខណៈពលរដ្ឋដែលចាកចេញពីតំបន់អង្គរនឹងទទួលបានប្រយោជន៍ច្រើនជាងនៅទីតាំងចាស់។
គួរជម្រាបជូនថា តាមសេចក្តីព្រៀងនៃសេចក្តីសម្រេចសម្រាប់តំបន់អង្គរ មានដូចជាសំណើឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ព័ត៌មានបច្ចុប្បន្នភាពត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។ ឯកសារនេះក៏ស្នើសុំឱ្យរដ្ឋាភិបាលបន្តគ្រប់គ្រងតំបន់នោះ និង«បង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិកំណត់តំបន់» ដល់ពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ដោយគិតគូរដល់សិទ្ធិរបស់សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការផ្លាស់ទីលំនៅនេះ។ របាយការណ៍នោះដែរបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៩០០០គ្រួសារត្រូវបានផ្លាស់ប្តូរទីលំនៅទៅតំបន់រុនតាឯក និងទីតាំងផ្លាស់ទីលំនៅទីពីរគឺស្ថិតនៅឃុំពាក់ស្នែង៕