ដោយ ខាន់ លក្ខិណា
2023.11.16
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អ្នកច្បាប់ និងសកម្មជនសម្ដែងការបារម្ភពីបូរណភាពទឹកដីដោយសារតែយន្តការរបស់រដ្ឋាភិបាលអនុញ្ញាតឱ្យជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យនៅកម្ពុជា។
ការបារម្ភនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានដាក់ចេញយន្តការមួយចំនួនឱ្យជនបរទេសមានសិទ្ធិកាន់កាប់ ដីធ្លី និងផ្ទះ ប្រហាក់ប្រហែល នឹងសិទ្ធិកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជាតាមវិធីឱ្យជនបរទេសជួលរយៈពេលវែង។
អ្នកច្បាប់និងសកម្មជនរួមទាំងពលរដ្ឋបារម្ភថា យន្តការរបស់រដ្ឋាភិបាលអនុញ្ញាត ឱ្យជនបរទេស ទិញនិងកាន់កាប់អចលនទ្រព្យនៅកម្ពុជា ថ្មីៗនេះ នឹងប៉ះពាល់ដល់ខ្លឹមសាររដ្ឋធម្មនុញ្ញ បូរណភាពទឹកដី និងបង្កអសន្តិសុខសង្គមប្រទេសកម្ពុជានៅថ្ងៃអនាគត។
ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់យន្តការចំនួន៣ និង បានលើកអនុសាសន៍ផ្ដល់យន្តការមួយបន្ថែមទៀត ដើម្បីបើកផ្លូវឲ្យជនបរទេស ទិញនិងកាន់កាប់អចលនទ្រព្យនៅប្រទេសកម្ពុជា ប្រហាក់ប្រហែល នឹងសិទ្ធិកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជាដែរ។
ការដាក់ចេញយន្តការនេះ លោក ហ៊ុន ម៉ាណែត ថា ដើម្បីដោះស្រាយវិស័យ សំណង់ និងអចលនទ្រព្យ ដែលកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ។
តែយ៉ាងណា សកម្មជនសង្គម លោក ម៉ា ចិត្រា សម្ដែងក្ដីបារម្ភ ដោយថា យន្តការរបស់រដ្ឋាភិបាល ដែលបើកលទ្ធភាពឱ្យជនបរទេសទិញ និងកាន់កាប់អចលនទ្រព្យ រួមទាំងជួលដីធ្លី ហើយផ្ទះក្នុងរយៈពេល ១៥ ទៅ ៥០ ឆ្នាំនេះ វានឹងប៉ះពាល់ដល់បូរណភាពទឹកដី ជាពិសេសតំបន់ជាប់ព្រំដែនប្រទេសជិតខាង។
លោកស្នើរដ្ឋាភិបាលឱ្យបង្ហាញពីវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសការបាត់បង់ ទឹកដី តាមរយៈយន្តការរបស់រដ្ឋាភិបាល។
លោក ម៉ា ចិត្រា៖ «ខ្ញុំគិតថា វាពុំដែលមានទេ ប្រវត្តិសាស្ត្រខ្មែរ លក់ដីឱ្យបរទេស ឬ តាម រយៈណាក៏ដោយ តាមរយៈតំណាងអីក៏ដោយ ពាក្យថា លក់ដីឱ្យបរទេសមួយម៉ាត់ គឺលក់ហើយ មិនគិតថា តំណាងឬមិនតំណាងអីទេ។ អ៊ីចឹងអាហ្នឹង វាពាក់ព័ន្ធ នឹងបូរណភាពទឹកដីធ្ងន់ធ្ងរ ហើយវាផ្ទុយពីរដ្ឋធម្មនុញ្ញអ៊ីចឹង សំណូមពរ រដ្ឋាភិបាល គិតគួរឡើងពីការលក់ឱ្យបរទេសនេះ ឬ ជួលក្នុងរយៈពេល វែងនេះ»។
ចំណែកពលរដ្ឋរស់នៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ឆៃ វ៉ិត យល់ថា យន្តការរបស់រដ្ឋាភិបាលនេះ វាមិនបានចំណេញអ្វីដល់ប្រទេសជាតិទេ ផ្ទុយទៅ វិញលោកថា ជាការបើកឱកាសដល់ជនបរទេសមួយចំនួន ដែលមានមហិច្ឆតាឈ្លានពានខ្មែរទៅវិញទេ។
លោកស្នើរដ្ឋាភិបាលអាណត្តិទី៧ ឱ្យពិចារណាឡើងវិញ ចំពោះការដាក់ចេញ យន្តការនេះ ព្រោះលោកមើលឃើញថា កម្ពុជាមិនទាន់មានឯកភាពជាតិ ហើយការអនុវត្តច្បាប់ក៏នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
លោក ឆៃ វ៉ិត៖ «ខ្ញុំព្រួយបារម្ភណា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ដែលនៅជាប់ តាមបណ្ដោយព្រំដែននេះ ខ្ញុំពិតជាមានការព្រួយបារម្ភណាស់ ជាពិសេស គឺជន បរទេសវៀតណាមតែម្ដង ។ ខ្ញុំបារម្ភ ៗ ជាខ្លាំង ព្រោះនៅតាមព្រំដែននេះ ខ្ញុំបាន ឃើញពលរដ្ឋវៀតណាម បានមកជួលដីខ្មែរ មកដាំអំពៅ ដាំដំឡូង ជាហូរហែល ដូចជានៅតំបន់ ទន្លេចាម ខាងឃុំជាំគ្រវៀន ឃុំជាំ អីហ្នឹង ខ្ញុំឃើញមាន ហូរហែទៅហើយ»។
តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៥ ខែវិច្ឆិកា បានចេញបកស្រាយ ដោយរក្សាអនុសាសន៍ដើមរបស់លោក ក្នុងការមិនកែរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យជនបរទេស មានសិទ្ធិដោយផ្ទាល់ ក្នុងការទិញដីធ្លី និងផ្ទះនៅប្រទេសកម្ពុជានោះទេ។
លោកក៏បានបញ្ជាក់ដែរថា យន្តការបែបនេះ របស់លោក មិនធ្វើដើម្បីលក់ដីឱ្យបរទេសឡើយ គឺខ្មែរនៅតែជាម្ចាស់កម្មសិទ្ធិដដែល ហើយលោក ឆ្លៀតថ្លែងផ្លែផ្កាដល់ក្រុមអ្នករិះគន់ ដែលសម្ដែងការបារម្ភពីបូរណៈទឹកដីខ្មែរ ថា បកស្រាយ ឆ្លៀតកេងចំណេញនយោបាយ។ បើទោះបីជាលោក ហ៊ុន ម៉ាណែត ចេញបកស្រាយយ៉ាងនេះ ក៏ដោយ លោកក៏នៅតែអះអាងរក្សាយន្តការក្នុងការបើកឱ្យជនបរទេស មានលទ្ធភាព កាន់កាប់ដីធ្លី និងផ្ទះនៅកម្ពុជាដដែល។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា មានលក្ខខណ្ឌ អនុគ្រោះជាច្រើន សម្រាប់ជនបរទេស អាចជួលរយៈពេលវែង ដែលលោកហៅថា លក្ខខណ្ឌកក់ក្ដៅដល់អ្នកវិនិយោគបរទេស។ ជាក់ស្ដែង គឺលក្ខខណ្ឌទាំងអស់នេះហើយ ដែលអ្នកច្បាប់ សកម្មជន ដីធ្លី សកម្មជនព្រំដែនសម្ដែងការបារម្ភ យ៉ាងខ្លាំង ខ្លាចប៉ះពាល់បូរណភាពទឹកដី ប្រទេសកម្ពុជានៅថ្ងៃអនាគត។
លោក ហ៊ុន ម៉ាណែត៖ «គោលគំនិតមានការស្នើសុំមែន ដើម្បីសម្រប មិនមែនថាគោល គំនិតនេះ ដើម្បីក្បត់ជាតិលក់ដីឱ្យបរទេសមិនទេ គឺដើម្បីជួយសម្រួល ក្នុងវិស័យ ដើម្បីសេដ្ឋកិច្ចបានដើរ ប៉ុន្តែ រាជរដ្ឋាភិបាលមិនបានអនុវត្តឱ្យហើយក៏មិនគិតថា មានការចាំបាច់ ជួយស្រោចស្រង់វិស័យអចលនទ្រព្យដែរ ព្រោះវិស័យ អចលនទ្រព្យយើងក្នុង ២០ឆ្នាំនេះ បានរីកចម្រើនមកដល់ប៉ុននេះក៏ មានធម្មនុញ្ញ យើង និងលក្ខខណ្ឌមហាឃាត់ហ្នឹងដែរ ប៉ុន្តែយើងមានលក្ខខណ្ឌផ្ដល់ ការអនុគ្រោះជាច្រើន ផ្ដល់ឱកាសជាច្រើន ហើយចុងក្រោយការជួលរយៈពេលវែង»។
ជុំវិញរឿងនេះ អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៥ ខែវិច្ឆិកាថា យន្តការដែលរដ្ឋាភិបាលដាក់ចេញបន្ថែមនេះ វាហាក់ដូចជាអនុញ្ញាត ឱ្យជនបរទេសមានសិទ្ធិពេញលេញ ក្នុងការទិញ ជួល និងគ្រប់គ្រងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាទៅហើយ។
លោកថា ចំពោះហេតុផលរបស់រដ្ឋាភិបាល ដែលថា យន្តការនេះ វាអាចស្ដារ វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍នោះ វានៅមិនទាន់គ្រប់គ្រាន់ឡើយ។
លោក វ៉ន ចាន់ឡូត យល់ថា យន្តការបន្ថែមរបស់រដ្ឋាភិបាល វាមិនទាន់សមស្រប ក្នុងកាលៈទេសៈនេះឡើយ ដោយសារតែ ប្រព័ន្ធនីតិរដ្ឋកម្ពុជា នៅទន់ខ្សោយហើយ ការទប់ស្កាត់អំពើពុករលួយ និងការគ្រប់គ្រងស្ថាប័នរដ្ឋនីមួយៗ ក៏មិនទាន់មានប្រសិទ្ធភាពដែរ។
លោកយល់ថា យន្តការនេះ នឹងក្លាយទៅជាបញ្ហាប្រឈមនៅថ្ងៃអនាគត ជាពិសេសបញ្ហា អធិបតេយ្យភាព និងការរំលោភសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងរឿងដីធ្លី។
លោក វ៉ន ចាន់ឡូត៖ «រដ្ឋាភិបាលគួរតែសម្លឹងមើលឱ្យជ្រៅ ហើយវែងឆ្ងាយដែលវាពាក់ព័ន្ធ នឹងអធិបតេយ្យភាព ជាពិសេស ទាក់ទិនទៅនឹងការដែលឧក្រិដ្ឋជនអាច នឹងប្រើប្រាស់នៅ រូបភាពនៃការវិនិយោគវិស័យអចលនទ្រព្យ ឬក៏អីជាដើម ដើម្បីជាការលាងលុយ។ ជាក់ស្ដែងទៅយើងឃើញថា កម្ពុជាក៏មានការរិះគន់ច្រើនពីសហគមន៍អន្តរជាតិ ទៅលើបញ្ហានេះ ដែលជាប្រទេសមួយ ជាទីកន្លែងមួយដែលអាចធ្វើឱ្យឧក្រិដ្ឋជន ងាយនៅក្នុងការប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តនៅអំពើឧក្រិដ្ឋកម្ម»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញយន្តការទាំងនេះ បន្ទាប់ពីមានសំណើរបស់ក្រុមឧកញ៉ា ដែលជាម្ចាស់បុរីនៅកម្ពុជា ដោយលោកបញ្ជាក់ថា វិស័យសំណង់និងអចលនទ្រព្យ កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរនៅពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។