ដោយ អាស៊ីសេរី
2023.11.17
RFA

ទិដ្ឋភាពពីលើនៃក្រុមហ៊ុនចិនឡាតឆេង (Late Cheng Mining Development Co Ltd) ដែលកំពុងជីកយករ៉ែមាស ទ្រង់ទ្រាយធំ ក្នុងតំបន់ព្រៃឡង់នៃទឹកដី ខេត្តកំពង់ធំ។ Photo Provided ឬអ្នកសារព័ត៌មានប្រជាពលរដ្ឋ
សកម្មភាពជីកដីរែងយករ៉ែមាស ដោយប្រើគ្រឿងចក្រ និងរំសេវផ្ទុះរបស់ក្រុមហ៊ុនចិននិងក្រុមបុគ្គលឯកជនមួយចំនួនទៀតកំពុងកើតមានទ្រង់ទ្រាយធំ យ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្ត្រចាប់ពីតំបន់ភ្នំជីក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ នៃខេត្តកំពង់ធំរហូតទៅដល់ព្រំប្រទល់តំបន់រលោះ នៃស្រុកសំបូរ ខេត្តក្រចេះ។
សកម្មភាពរែងយករ៉ែមាសទាំងនេះ កំពុងធ្វើឱ្យប៉ះពាល់ជាច្រើនទៅលើធនធានធម្មជាតិ បរិស្ថាន និងសុខភាពមនុស្សសត្វគួរឱ្យព្រួយបារម្ភ។
ក្រុមសកម្មជនការពារព្រៃឈើនិងបរិស្ថានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនចិននិងឯកជនមួយចំនួនទៀតកំពុងធ្វើសកម្មភាពទ្រង់ទ្រាយធំដោយប្រើគ្រឿងចក្រ និងជាតិរំសេវផ្ទុះដើម្បីជីកយករ៉ែមាសនៅក្នុងតំបន់ព្រៃឡង់ដែលជាព្រៃបៃតងធំជាងគេបំផុតរបស់ទ្វីបអាស៊ីនៅភាគកណ្តាលនៃប្រទេសកម្ពុជា។
សកម្មភាពជីកយករ៉ែមាសទាំងនោះហាក់មិនចំហទេ ដោយគេបានហាមឃាត់យ៉ាងតឹងរ៉ឹងដល់ក្រុមអ្នកសារព័ត៌មានក្រុមអង្គការក្រៅរដ្ឋាភិបាល ឬក៏អ្នកស្រាវជ្រាវនានា មិនឱ្យចូលទៅកាន់តំបន់ពួកគេបានឡើយ។
បណ្ដាញសហគមន៍ការពារព្រៃឡង់ នៅក្នុងខេត្តកំពង់ធំ មួយរូបដែលសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថាបច្ចុប្បន្ននេះក្រុមហ៊ុនចិនមួយចំនួនកំពុងយកគ្រឿងចក្រ ម៉ាស៊ីនស្វានព្រមទាំងជាតិរំសេវទៅដាក់បំផ្ទុះបំបែកថ្ម ដើម្បីកើបយករ៉ែមាស នៅភូមិស្នងអន ភូមិស្រែព្រីង និងតំបន់កំណប់នៃឃុំសុចិត្រស្រុកសណ្ដាន់។
បណ្ដាញសហគមន៍ដដែលបញ្ជាក់ទៀតថា លោកទើបតែបានចូលទៅកាន់តំបន់នោះ ហើយបានប្រទះឃើញកន្លែងរែងយករ៉ែមាសចំនួន ២រណ្ដៅ ក្នុងទំហំដីជាច្រើនហិកតារ ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាលោកមិនបានដឹងឱ្យប្រាកដថា តើមានក្រុមហ៊ុនចំនួនប៉ុន្មានដែលកំពុងតែធ្វើសកម្មភាពជីកយករ៉ែមាសនៅតំបន់នោះទេ ពីព្រោះតែកន្លែងដែលគេជីកយករ៉ែមាសទាំងនោះ គេមិនបានបោះព្រំប្រទល់ ឬក៏ដាក់សញ្ញាដើម្បីបញ្ជាក់ពីម្ចាស់ក្រុមហ៊ុនឡើយ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ខ្ញុំដឹងតែក្រុមហ៊ុនមួយទេ ក្រុមហ៊ុនចិនគេកំពុងរុករករ៉ែ ខ្ញុំបានឃើញដូចជា២រណ្ដៅនៅស្នងអន និងនៅតំបន់កំណប់។ បើតាមយើងមើលទៅទំហំរុករករ៉ែហ្នឹងឃើញមួយកន្លែងៗទំហំ ១គីឡូម៉ែត្របួនជ្រុង ២គីឡូម៉ែត្របួនជ្រុង បើគិតជាហិកតារក៏ច្រើនដែរ។ គេមានម៉ាស៊ីនខួង ហើយគេដាក់រំសេវបំផ្ទុះថ្ម ឱ្យបាក់បែកហើយគេចាប់ផ្ដើមប្រើកម្មករគ្រឿងចក្រអីចូលទៅក្នុងនោះដើម្បីកាយយករ៉ែតែម្ដង»។
ចំណែកបណ្ដាញសហគមន៍ព្រៃឡង់ម្នាក់ទៀតនៅខេត្តក្រចេះដែលសុំមិនបញ្ចេញឈ្មោះដែរនោះក៏បានឱ្យដឹងប្រហាក់ប្រហែលគ្នា ថា សកម្មភាពជីកយករ៉ែមាសជាទ្រង់ទ្រាយធំនេះ កំពុងកើតមាននៅក្នុងឃុំសុចិត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់គ្នារហូតមកដល់ព្រំប្រទល់ស្រុកសំបូរ ខេត្តក្រចេះ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ក្រុមហ៊ុនចិននៅខាងស្នងអន រលោះតូច ភ្នំជី ជាប់នៅខាងព្រំប្រទល់ស្រុកសំបូរខេត្តក្រចេះ ប៉ុន្តែនៅក្នុងតំបន់រលោះហ្នឹងអត់ដំណើរការទេ នៅស្នងអនទឹកដី ខេត្តកំពង់ធំច្រើនជាង។ យើងក៏មានការព្រួយបារម្ភដែរ ដោយសារតែការជីករករ៉ែហ្នឹងធ្វើឱ្យប៉ះពាល់ទៅដល់អ្នករស់នៅជុំវិញហ្នឹង ឬក៏ប៉ះពាល់ដល់ព្រៃឈើ សត្វព្រៃ។ យើងដឹងស្រាប់ហើយបើមានធាតុថ្នាំពុលឬក៏គ្រឿងផ្ទុះអីគឺធ្វើឱ្យប៉ះពាល់សត្វព្រៃ និងធម្មជាតិនៅជុំវិញ»។
តាមរបាយការណ៍របស់ក្រុមស៊ើបអង្កេតដែលកំពុងតាមដានសកម្មភាពជីករ៉ែមាសនោះ បានរកឃើញក្រុមហ៊ុនចិនមួយឈ្មោះឡាត ឆេង ម៉ាញនីងឌីវែលឡុបមែន (Late Cheng Mining Development Co Ltd) ដែលទទួលបានដីសម្បទាននៅក្នុងតំបន់នោះ កាលពីឆ្នាំ២០២០-២០២៣ក៏ប៉ុន្តែ គេមិនដឹងប្រាកដទេថា តើក្រុមហ៊ុននោះ បានទទួលអាជ្ញាប័ណ្ណស្របច្បាប់ពីរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើអាជីវកម្មជីកយករ៉ែមាសស្របច្បាប់ ឬក៏យ៉ាងណាទេ។ ក្រៅតែពីក្រុមហ៊ុនចិនឈ្មោះឡាត ឆេង ក៏មានក្រុមឯកជនជាច្រើនទៀត កំពុងតែសម្រុកជីកយករ៉ែមាសហើយក៏អាចជីកយករ៉ែ ថ្មកំបោរនិងត្បូងនៅក្នុងភូមិសាស្ត្រជាប់ៗគ្នានោះដែរ។
សកម្មភាពជីកយករ៉ែមាសទាំងនោះហាក់កំពុងមានភាពអនាធិបតេយ្យយ៉ាងខ្លាំងដោយអាជ្ញាធរមូលដ្ឋានមានថ្នាក់ឃុំ និងស្រុកជាដើមមិនហ៊ាននិយាយនិងចុះទៅត្រួតពិនិត្យទេ ហាក់ខ្លាចអំណាចក្រុមជនជីកយកធនធានធម្មជាតិទាំងនោះ។
ក្រុមស៊ើបអង្កេតរ៉ែមាសតំបន់ព្រៃឡង់ ឱ្យដឹងទៀតថា បច្ចុប្បន្ននេះតំបន់ជីកដីរែងយករ៉ែមាស មានទំហំរាប់សិបគីឡូម៉ែត្រ ដោយលាតសន្ធឹងតាំងពីជើងភ្នំជី តំបន់ដូនពៅ ស្រែព្រីងភូមិស្នងអនរបស់ឃុំសុចិត្រ នៃស្រុកសណ្ដាន់ខេត្តកំពង់ធំសំដៅទៅទិសខាងជើងរហូតទៅទល់គ្នា និងព្រំប្រទល់ឃុំរលោះ នៃស្រុកសំបូរ ខេត្តក្រចេះ។
សកម្មជនការពារបរិស្ថាននិងព្រៃឈើមួយរូប ដែលកំពុងស៊ើបអង្កេតរឿងនេះឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមអ្នកជីកយករ៉ែមាសនៅតំបន់ទាំងនោះ ហាក់មានអំណាចខ្លាំងដោយគេមានក្រុមអភិរក្ស នៃក្រសួងបរិស្ថាន និងកម្លាំងប្រដាប់អាវុធមួយចំនួនទៀតនៅប្រចាំការពារ មិនឱ្យក្រុមអ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ ឬក៏មនុស្សចម្លែកអាចចូលទៅតំបន់ពួកគេបានឡើយ។ បច្ចុប្បន្ននេះ កម្លាំងប្រដាប់អាវុធការពារក្រុមអ្នកជីកយករ៉ែមាស តែងបាញ់គំរាមមនុស្សចម្លែកណាដែលបើកឡាន ឬក៏ម៉ូតូចូលទៅធ្វើឱ្យទាំងអ្នកដំណើរទៅកាន់ទីនោះ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់មានការភ័យខ្លាច ចំពោះសន្តិសុខផ្ទាល់ខ្លួនហើយមិនហ៊ាននិយាយអំពីសកម្មភាពទាំងឡាយប្រាប់ទៅអ្នកចំណូលថ្មីឬក៏ក្រុមអ្នកសារព័ត៌មាននោះទេ។
ក្រុមអ្នកស៊ើបអង្កេតបង្ហាញថា សកម្មភាពជីកយករ៉ែមាស នៅតំបន់ព្រៃឡង់នៃស្រុកសណ្ដាន់ខេត្តកំពង់ធំនោះ កំពុងធ្វើឱ្យប៉ះពាល់ជាច្រើនផ្នែក ដូចជាធ្វើឱ្យបាត់បង់ព្រៃឈើក្នុងតំបន់ព្រៃឡង់រាប់ម៉ឺនហិកតារ និងធ្វើឱ្យសត្វព្រៃទទួលរងការប្រមាញ់ ប៉ះពាល់ដល់ដីបញ្ចុះសពរបស់ជនជាតិដើមភាគតិច ប៉ះពាល់ដីស្រែ និងចំការស្វាយចន្ទី របស់ប្រជាពលរដ្ឋជាច្រើនហិកតារដោយម្ចាស់មិនហ៊ានតវ៉ាទាមទារសំណងសមស្របជាដើម។ ក្រៅពីនេះការប្រើសារធាតុគីមី ដើម្បីរែងយករ៉ែមាស រួចបង្ហូរចូលទឹក ក៏ធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះ និងសុខភាពមនុស្សផងដែរ។ បន្ថែមលើនេះការដ្ឋានអណ្ដូងរ៉ែមាសក៏មានគ្រោះថ្នាក់ បាក់ដីសង្កត់កម្មករខ្មែរ និងជនជាតិចិនស្លាប់មួយចំនួន។ បណ្ដាញស៊ើបអង្កេតមួយរូបអះអាងថា តាមលោកដឹងក្នុងរយៈពេល២ឆ្នាំមកនេះ អណ្ដូងរ៉ែមាសនៅតំបន់ស្រុកសណ្ដាន់ ធ្លាប់បាក់ដីសង្កត់កម្មករស្លាប់ចំនួន២លើកមកហើយ ក៏ប៉ុន្តែចំនួនអ្នកស្លាប់ត្រូវគេបិទបាំងមិនឱ្យដឹងច្បាស់លាស់ និងលេចឮដល់ក្រុមអ្នកសារព័ត៌មានទេ។
ក្រៅពីកម្មករអណ្ដូងរ៉ែមាសរងគ្រោះស្លាប់ ដោយការបាក់ដីសង្កត់នោះ គឺកម្មករជាច្រើនទៀតក៏រងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀនផងដែរ ពីព្រោះតែនៅតាមការដ្ឋានជីកយករ៉ែមាសទាំងនោះ គេដឹងថា ថៅកែបានទិញគ្រឿងញៀនយកទៅឱ្យកម្មករប្រើប្រាស់ដើម្បីឱ្យឧស្សាហ៍ធ្វើការនិងមិនចេះនឿយហត់។
ទោះជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយរឿងនេះពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលលោក អ៊ឹង ឌីប៉ូឡា អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ និងអភិបាលខេត្តក្រចេះ លោក វ៉ា ថន បាននៅឡើយទេនៅថ្ងៃទី១៥ វិច្ឆិកា។
បច្ចុប្បន្ននេះ មិនមែនមានតែក្រុមហ៊ុនចិនឡាតឆេង (Late Cheng Mining Development Co Ltd) មួយប៉ុណ្ណោះទេ ដែលកំពុងតែជីកយករ៉ែមាស ទ្រង់ទ្រាយធំ ក្នុងតំបន់ព្រៃឡង់នៃទឹកដី ខេត្តកំពង់ធំ។
បណ្ដាញការពារបរិស្ថាននិងព្រៃឈើមួយរូប ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពឱ្យដឹងថា ក្រុមហ៊ុន ទ្រី ភាព ក៏កំពុងជាប់ពាក់ព័ន្ធនិងការជីកយករ៉ែមាស និងត្បូងនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រស្រុករវៀង នៃខេត្តព្រះវិហារដែរ។ បណ្ដាញការពារបរិស្ថាន និងព្រៃឈើដដែល អះអាងទៀតថា សកម្មភាពជីកយករ៉ែមាសរបស់ក្រុមហ៊ុន ទ្រី ភាព មានទ្រង់ទ្រាយធំជាងក្រុមហ៊ុនចិននោះផង ដោយគេតែងដឹកជញ្ជូនតាមសាឡាងធំៗយកទៅចំរាញ់នៅក្រៅប្រទេស។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «យើងឃើញមានដឹកគ្រឿងចក្រចូល ហើយមានកម្មករធ្វើការ មានការឈូសឆាយធ្វើទំនប់និងមានការរែងរ៉ែអីហ្នឹង ខ្ញុំមិនដឹងថា ប៉ុណ្ណាទេ ប៉ុន្តែការដ្ឋានមានទំហំធំ។ខេត្តព្រះវិហារនៅម្ដុំភូមិរវៀង គឺផ្លូវជាតិបាក់ខ្ទេច ដោយសារឡានធំៗដឹកជញ្ជូនរ៉ែមាស និងត្បូង ពីព្រះវិហារដើម្បីចុះទៅសាឡាងដើម្បីយកទៅចំរាញ់។ ខ្ញុំតាមដានឃើញដឹកយកមកដល់ខេត្តកំពង់ឆ្នាំង»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា លោកនៅមិនទាន់បានទទួលព័ត៌មានស្ដីពីសកម្មភាពជីករ៉ែមាសដ៏ធំនោះ ពីមន្ត្រីរបស់លោកនៅក្នុងខេត្តកំពង់ធំនៅឡើយទេ។
បើទោះបីជាយ៉ាងណាលោក នី សុខា យល់ថា រាល់ការធ្វើសម្បទានដីធ្លីឬក៏ការប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុនណាមួយរុករកសម្បត្តិធម្មជាតិក៏ដោយ គឺត្រូវតែមានការចូលរួមវាយតម្លៃការប៉ះពាល់ពីប្រជាពលរដ្ឋនៅក្នុងតំបន់ជាមុន ហើយចំពោះសម្បទានទាំងឡាយណាដែលធ្វើមិនបានសិក្សាមិនមានការចូលរួមពីប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ព្រមទាំងហាមឃាត់មិនឱ្យអ្នកជំនាញចូលទៅត្រួតពិនិត្យ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ លោកយល់ថានោះគឺជាសម្បទានមួយដែលមិនត្រឹមត្រូវតាមច្បាប់ទេ។
លោក នី សុខា៖ «បើសិនជាសម្បទានហើយមានផលប៉ះពាល់ទៅលើបរិស្ថាន មានការប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋគឺរដ្ឋាភិបាលត្រូវយកទៅពិនិត្យឡើងវិញអំពីសម្បទានិកហ្នឹង ហើយគេអាចនឹងដកហូតមកវិញបានដែរ។ រដ្ឋាភិបាលគួរតែពិចារណាឡើងវិញចំពោះសម្បទានបែបហ្នឹងពីព្រោះថាទ្រព្យសម្បត្តិទាំងអស់នេះ គឺជារបស់ជាតិ ដូច្នេះផលប្រយោជន៍ដែលទទួលបានពីសម្បទានវាត្រូវធ្លាក់មកដៃរដ្ឋដែលជាអ្នកគ្រប់គ្រងឱ្យធ្លាក់ចូលមកក្នុងថវិកាជាតិ»។
ចាប់តាំងពីខែសីហា ឆ្នាំ២០២០ មកគេដឹងថា អណ្តូងរ៉ែមាសពាណិជ្ជកម្មខ្នាតធំថ្មីមួយរបស់ក្រុមហ៊ុនចិនឈ្មោះឡាត ឆេង ម៉ាញនីងឌីវែបឡបមែន (Late Cheng Mining Development Co Ltd) ដែលគេហៅផងដែរថា “ចុងចេង” បានចាប់ផ្តើមអភិវឌ្ឍនៅលើដីនៃតំបន់ព្រៃឡង់ក្នុងស្រុកសណ្ដាន់ខេត្តកំពង់ធំ ហើយសកម្មភាពជីកយករ៉ែមាស ទំនងជាចាប់ផ្ដើមតាំងពីខែមេសាឆ្នាំ២០២១មកម្ល៉េះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។