ក្រុម​យុវជន​ផ្សាយ​វីដេអូ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឈប់​កាត់​ដី​ឧទ្យានជាតិ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន

ដោយ ទីន ហ្សាការីយ៉ា
2023.11.17
RFA

ក្រុម​យុវជន​ផ្សាយ​វីដេអូ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឈប់​កាត់​ដី​ឧទ្យានជាតិ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន

រូបភាពដែលអង្គការចលនាមាតាធម្មជាតិធ្វើឡើងបង្ហាញពីក្រុមហ៊ុន វ៉នម៉រ លីមីតធីត (ONE MORE Ltd.) របស់​ឧកញ៉ា ជឹង សុគន្ធាវី ទទួល​បានសិទ្ធិវិនិយោគតំបន់​ការពារ​ព្រៃឈើ។ រូប៖ Mother Nature Cambodia


ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​ផ្សាយ​វីដេអូ​ថ្មី​មួយ​ទៀត ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​ក្នុង​ប្រទេស​កម្ពុជា ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន។

សំណើ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​រដ្ឋាភិបាល បាន​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​កែប ដែល​សំបូរ​ដោយ​ព្រៃ​ក្រាស់ឃ្មឹក ទំហំ ២៩ ហិកតារ​បន្ថែម​ទៀត ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ។

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ចាត់ទុក ការ​ផ្តល់​សិទ្ធិ​អភិវឌ្ឍន៍​ក្នុង​តំបន់​ឧទ្យានជាតិ ឱ្យ​ក្រុមហ៊ុន​ឯកជន គឺជា​កំហុស​ដ៏​ធំ​របស់​រដ្ឋាភិបាល បំផ្លាញ​សម្បត្តិ​ជាតិ ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់ និង​ការ​សំណូមពរ​ទាំងឡាយ របស់​ពលរដ្ឋ​ដែល​ចង់​ទុក​តំបន់​ឧទ្យាន​ជាតិ​ឱ្យ​គង់វង្ស។

សកម្មជន​ចលនា​មាតា​ធម្មជាតិ (Mother Nature Cambodia) ​កាលពី​ថ្ងៃទី​១៥ វិច្ឆិកា បាន​ផ្សាយ​វីដេអូ​ជាង ៣​នាទី រៀបរាប់​ពី​តំបន់​អភិរក្ស​មួយចំនួន ដែល​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន រួមមាន ឧទ្យាន​ជាតិ​គិរី​រម្យ ដែនជម្រកសត្វព្រៃ​កែវសីមា និង ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ហើយ​ចុង​ក្រោយ​នេះ បន្ត​កាត់​ឆ្វៀល​ឧទ្យាន​ជាតិ​កែប​ទំហំ ២៩ ហិកតារ​បន្ថែម​ទៀត ក្នុងចំណោម​ផ្ទៃដី​សរុប​ទំហំ ៥ ពាន់​ហិកតារ (៥.០០០) ទៅ​ឱ្យ​ក្រុមហ៊ុន វ៉នម៉រ លីមីតធីត (ONE MORE Ltd.) របស់​ឧកញ៉ា ជឹង សុគន្ធាវី

ក្រុម​យុវជន​អះអាង​ថា ក្នុង​ឆ្នាំ​២០២២ ប៉ុណ្ណោះ ម្ចាស់​កម្មសិទ្ធិ​ក្រុមហ៊ុន​នេះ គឺ​អ្នកស្រី ជឹង សុគន្ធាវី ទទួល​បាន​ដី​ព្រៃ​អភិរក្ស​ចំនួន ៤ តំបន់​ផ្សេងៗ​គ្នា ជា​កន្លែង​ដែល​សំបូរ​ធនធាន​ធម្មជាតិ ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ មាន​ផ្ទៃដី​សរុប​ជិត ១​ពាន់​ហិកតារ។

សមាជិក​ក្រុម​ចលនា​មាតា​ធម្មជាតិ កញ្ញា ធួន ស្រីពៅ ដែល​បាន​ចុះ​ស្រាវជ្រាវ​រឿង​នេះ ចោទសួរ​ក្នុង​វីដេអូ​ថា តើ​មាន​មូលហេតុ​អ្វីខ្លះ នៅ​ពីក្រោយ​ក្រុមហ៊ុន​នេះ ទើប​ឧកញ៉ា ជឹង សុគន្ធាវី ទទួល​បាន​ដី​ព្រៃ​អភិរក្ស ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ?

កញ្ញា​អះអាង​ថា ក្រុម​យុវជន​នឹង​បន្ត​និយាយ​បញ្ហា​ទាំងនេះ រហូត​ទាល់តែ​រដ្ឋាភិបាល​ដោះស្រាយ។

កញ្ញា ធួន ស្រីពៅ៖ «ទោះបីជា​មានការ​ឆ្លើយតប មិន​ទទួលខុសត្រូវ​ពី​សំណាក់​ក្រសួង និង​ការចោទប្រកាន់​មក​លើ​ពួក​យើង​យ៉ាងណាក៏ដោយ ផ្ទុយទៅវិញ បែរ​ជា​មាន​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន ដែល​បាន​លើកឡើង​ថា រាល់​សកម្មភាព​និយាយ​ពី​បញ្ហា​ធនធាន​ធម្មជាតិ គឺជា​រឿង​ប្រាសចាក​ពី​ច្បាប់ ហើយ​យុវជន​ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់។ ពួក​យើង​ជា​ពលរដ្ឋ ចូលរួម​យ៉ាងសកម្ម​បង់​ពន្ធ​ជូន​រដ្ឋ ដូច្នេះ​រដ្ឋ​ត្រូវ​បកស្រាយ មិនមែន​លើកឡើង​ថា សកម្មភាព​ទាំងនេះ ខុសច្បាប់​នោះ​ទេ»។

សកម្មជន​ចលនា​មាតា​ធម្មជាតិ ប្រកាស​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​ទាំងអស់ របស់​ក្រុមហ៊ុន វ៉នម៉រ (ONE MORE Ltd.) ​រួមមាន ទឹក​សុទ្ធ វីតាល់ (Vital) និង មី​ជាតិ​ស៊ុប​មាន់ ជាដើម ដរាបណា​ក្រុមហ៊ុន​នេះ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ដកសិទ្ធិ​អភិវឌ្ឍន៍​សម្បត្តិ​ធនធានធម្មជាតិ​នោះ​ទេ។

ការ​ពហិការ​នេះ មាន​ន័យ​ថា ក្រុម​យុវជន​មិន​ផ្តល់​ចំណូល​ដល់​បុគ្គល​ណា និង​ក្រុមហ៊ុន​ណាមួយ បំផ្លាញ​ធនធាន​ធម្មជាតិ និង​ជម្រក​សត្វព្រៃ​នៅ​កម្ពុជា​ឡើយ។

កញ្ញា ធួន ស្រីពៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដី​ព្រៃ​ក្នុង​តំបន់​ឧទ្យាន​ជាតិ គឺជា​ទ្រព្យសម្បត្តិ​រួម​របស់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ និង​ជា​កេរមរតក​ដូនតា មិន​គួរ​មាន​ការ​ទិញ​លក់ដូរ​តាម​អំពើ​ចិត្ត ទៅ​ឱ្យ​បុគ្គល​ដែល​មាន​រឿងអាស្រូវ​បំផ្លាញ​ធនធាន​ធម្មជាតិ​នោះ​ទេ៖

កញ្ញា ធួន ស្រីពៅ៖ «មើល​ឃើញ​ថា សកម្មភាព​គាត់​កំពុង​ធ្វើ (​រដ្ឋាភិបាល​មាន​ន័យ​ថា យក​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​ដូនតា​ខ្មែរ យក​ជួល ទិញ​លក់ដូរ យ៉ាង​អនាធិបតេយ្យ ហាក់​អត់​ខ្វល់​ពី​ពលរដ្ឋ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​រឿង​នេះ ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត និង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី១៦ វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

រីឯ​ម្ចាស់​ក្រុមហ៊ុន​វ៉នម៉រ អ្នកស្រី ជឹង សុគន្ធាវី ក៏​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ប៉ែន ប៉ុណ្ណារ៍ យល់​ថា ការ​លើកឡើង របស់​ក្រុម​យុវជន​ជា​រឿង​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ ហើយ​រដ្ឋាភិបាល​គួរតែ​ពិនិត្យ និង​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ ជាពិសេស​ត្រូវ​ផ្អាក​ការ​វិនិយោគ​ដីព្រៃ​ក្នុង​តំបន់​អភិរក្ស​ទាំងអស់ ដើម្បី​ស្តារ​ធនធាន​ធម្មជាតិ​ឡើង​វិញ។

លោក ប៉ែន ប៉ុណ្ណារ៍៖ «តំបន់​ធនធានធម្មជាតិ ព្រៃឈើ​ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​ដែល​កូន​ខ្មែរ​ត្រូវ​តាមដាន ឃ្លាំមើល ហើយនឹង​ប្រតិកម្ម នៅពេល​មាន​បាត់បង់​ច្រើន ប៉ះពាល់​បម្រែបម្រួល​អាកាសធាតុ​ជាដើម​។ មានការ​បាត់បង់​ច្រើន​ហើយ​កន្លែង​មក យើង​ទាមទារ​ពិនិត្យ​ស្រាវជ្រាវ តំបន់​ព្រៃឈើ និង​តំបន់​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត»។

ឧទ្យាន​ជាតិ​កែប បាន​ចុះ​បញ្ជី​ជា​តំបន់​អភិរក្ស​ដោយ​ព្រះរាជក្រឹត របស់​ព្រះបាទ​សម្តេច​ព្រះនរោត្តម​សីហនុ ព្រះបរមរតនកោដ្ឋ កាល​ពី​ឆ្នាំ​១៩៩៣ មាន​ផ្ទៃដី​សរុប ៥​ពាន់​ហិកតារ។

ឧទ្យាន​ជាតិ​នេះ នៅ​ជាប់​មាត់​សមុទ្រ ជា​តំបន់​សំបូរ​ធនធានធម្មជាតិ​ជម្រក​សត្វព្រៃ បក្សាបក្សី​ជីវសាស្ត្រ​ចម្រុះ​សមុទ្រ និង សោភ័ណភាព​ស្រស់បំព្រង ទាញ​ប្រយោជន៍​ពី​ទេសភាព​បម្រើ​វិស័យ​ទេសចរ​ក្នុង​តំបន់ ហ៊ុមព័ទ្ធ​ដោយ​ព្រៃភ្នំ​ខ្ពង់រាប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment