ដោយ ជីវិតា
2023.11.17
RFA
សកម្មភាពក្រុមសកម្មជន និងអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ជួបជុំគ្នាក្នុងយុទ្ធនាការជិះកង់ដាក់ញត្តិ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២៣។ រូប៖ ហ្វេសប៊ុកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ – KSILA
ក្រុមសកម្មជនបរិស្ថានជិះកង់ដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណនាំចេញឈើទៅក្រៅប្រទេស។ មន្ត្រីអង្គការសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលពិនិត្យអាជ្ញាប័ណ្ណ ក្រុមហ៊ុននាំចេញឈើទាំងអស់ ដើម្បីទប់ស្កាត់វិនាសកម្មព្រៃឈើនៅកម្ពុជា។
ក្រុមសកម្មជន និងអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ចំនួន ២៥នាក់បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ វិច្ឆិកា ហើយបាននាំគ្នាជិះកង់ដង្ហែញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងកសិកម្ម ទាមទារឲ្យរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណនាំចេញឈើទៅក្រៅប្រទេសរបស់ក្រុមហ៊ុនអង្គរ ផ្លាយវូត (ANGKOR PLYWOOD CO., LTD)។
យុវជនបរិស្ថាន កញ្ញា អន ស្រីឡែន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ វិច្ឆិកា ថា មន្ត្រី នៃក្រសួងកសិកម្មបានចេញមកទទួលញត្តិពីក្រុមយុវជន ហើយមន្ត្រីរូបនោះ បាននិយាយថា យ៉ាងយូរបំផុត រយៈពេល ៧ថ្ងៃ ញត្តិរបស់ក្រុមយុវជននេះ នឹងទៅដល់ដៃរដ្ឋមន្ត្រីក្រសួងកសិកម្ម។ កញ្ញាមិនចង់ឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើ នៅតែបន្តកើតឡើងនៅក្នុងប្រទេសកម្ពុជាទៀតនោះទេ។
កញ្ញា អន ស្រីឡែន៖ «ជាសំណូមពរសុំឲ្យរដ្ឋាភិបាលជាពិសេស ក្រសួង មន្ទីរពាក់ព័ន្ធផ្សេងៗជួយពិនិត្យក៏ដូចជាលុបនូវអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន និងស៊ើបអង្កេតថា តើក្រុមហ៊ុនហ្នឹងបាននាំចេញឈើប្រណីត ដែលផ្ទុយអំពីច្បាប់ ដែលកម្ពុជាបានចែងឬអត់។ ហើយចំពោះអ្វី ដែលពួកខ្ញុំជាយុវជននេះស្នើនេះ គឺជាប្រយោជន៍ចំពោះរដ្ឋាភិបាលផង ហើយក៏ជាប្រយោជន៍ចំពោះប្រជាជនគ្រប់គ្នាផង។ ប្រសិនជាបាត់បង់ព្រៃឈើទៅមិនមែនប៉ះពាល់តែពួកខ្ញុំទេ ប៉ះពាល់សម្រាប់មនុស្សគ្រប់គ្នា»។
មុននឹងដាក់ញត្តិទៅកាន់ក្រសួងកសិកម្ម ក្រុមសកម្មជនបានយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី តែខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានឲ្យពួកគាត់យកទៅដាក់នៅក្រសួងកសិកម្ម ដោយលើកហេតុផលថា ក្រសួងកសិកម្មជាក្រសួងសាមី។
ការដាក់ញត្តិនៅថ្ងៃនេះ មិនមានអាជ្ញាធរមករារាំងក្រុមសកម្មជនបរិស្ថាននោះទេ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ដើម្បីសុំការឆ្លើយតបបញ្ហានេះបានទេ នៅថ្ងៃទី១៦ វិច្ឆិកា ដោយទូរស័ព្ទចូលតែត្រូវចុចបិទ។
ជុំវិញបញ្ហានេះ មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងជាអ្នកស្រាវជ្រាវបទល្មើសព្រៃឈើលោក អូត ឡាទីន ដែលបានចូលរួមដង្ហែញត្តិជាមួយក្រុមយុវជន ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ការលុបអាជ្ញាប័ណ្ណនាំចេញឈើរបស់ក្រុមហ៊ុនអង្គរផ្លាយវូត នឹងជាចំណែកមួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ ដោយសារកន្លងទៅធ្លាប់មានការរកឃើញថា ក្រុមហ៊ុននេះ ជាប់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។
លោក អូត ឡាទីន៖ «យើងគិតថាបញ្ហាបទល្មើសវាអាចនៅតែបន្តកើតមាន ប្រសិនជាក្រុមហ៊ុនមួយនេះ នៅតែទទួលបានអាជ្ញាប័ណ្ណនៅក្នុងការនាំឈើចេញទៅខាងក្រៅ ព្រោះបច្ចុប្បន្នឈើធម្មជាតិមិនមានយកចេញពីកន្លែងណាទេ គឺក្រៅតែពីតំបន់ការពារគឺអត់មានទេ អ៊ីចឹងឈើ ដែលនាំចេញទាំងអស់នោះ គឺជាឈើ ដែលចូលទៅកាប់រាន ឬក៏កាប់ធ្វើអាជីវកម្មនៅក្នុងតំបន់ការពារធម្មជាតិ»។
កាលពីខែមិថុនា ឆ្នាំ២០១២ ក្រសួងកសិកម្ម បានផ្ដល់សិទ្ធិឱ្យ ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញ លើផ្ទៃដីជាង ៣ម៉ឺន ៤ពាន់ហិកតារ (៣៤.០០៧) ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលទឹកដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បន្ទាប់មកក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) បានផ្ទេរសិទ្ធិបើករោងចក្រអារឈើទៅឱ្យក្រុមហ៊ុន អង្គរ ផ្លាយវូត កាលពីចុងឆ្នាំ២០១៨។
ការទាមទាររបស់ក្រុមអ្នកការពារបរិស្ថាន ឱ្យបញ្ឈប់ការនាំឈើចេញទៅក្រៅប្រទេសនេះ មិនមែនជារឿងថ្មីទេ តែជារឿង ដែលលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់ចេញបញ្ជាហាមប្រាមកន្លងមក។ កាលពីឆ្នាំ២០១៥ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ធ្លាប់បានចេញបញ្ជាហាមមិនឲ្យមានការនាំឈើប្រណិតចេញពីកម្ពុជា ទៅលក់នៅក្រៅប្រទេស។ ក៏ប៉ុន្តែបទបញ្ជានេះ គឺគ្មានន័យអ្វីសោះឡើយ បន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន សែន ដដែល កាលពីខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឲ្យក្រុមហ៊ុនអង្គរ ផ្លាយវូត បន្តកាប់ព្រៃឈើនិងនាំចេញក្ដារបន្ទះ ក្ដារកម្រាលការ៉ូ និងផលិតផលកែច្នៃផ្សេងៗទៀត ចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។ លើសពីនេះ រដ្ឋាភិបាលមិនបានអើពើត្រួតពិនិត្យអាជ្ញាប័ណ្ណនាំចេញឈើនោះទេ ដែលបណ្ដោយឲ្យក្រុមហ៊ុនអង្គរប្លាយវូដ នៅតែបន្តនាំឈើកម្រយកទៅលក់នៅក្រៅប្រទេសជាពិសេសវៀតណាម និងប្រទេសចិន ដែលឈើកម្រទាំងនោះរួមមាន ឈើសុក្រំ ស្រឡៅ កកោះ ឈ្លីកនិងផ្ចឹក ដែលមានតម្លៃប្រាំរយដុល្លារក្នុងមួយម៉ែត្រគីប ។ នេះបើយោងតាមវិក្កយបត្រនាំចេញទៅលក់នៅក្រៅប្រទេស របស់ក្រុមហ៊ុនអង្គរ ប្លាយវូដ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ដែលវិទ្យុអាស៊ីសេរីទទួលបាន។
ទោះជាយ៉ាងណា លោក អូត ឡាទីន លើកឡើងថា រដ្ឋាភិបាលអាចបានដឹងរួចមកហើយអំពីវិនាសកម្មព្រៃឈើនៅក្នុងតំបន់ការពារបណ្ដាលមកពីវត្តមានក្រុមហ៊ុនទទួលទិញឈើ និងនាំឈើចេញទៅក្រៅប្រទេស ជាហេតុធ្វើឲ្យពលរដ្ឋ ដែលមានជីវភាពក្រីក្របង្ខំចិត្តចូលទៅកាប់ឈើលក់ឲ្យក្រុមហ៊ុនដើម្បីបានប្រាក់កម្រៃ។ លោក អូត ឡាទីន បន្ថែមថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវបើកលំហសេរីភាពចូលរួមពីសំណាក់យុវជន សិស្ស និស្សិត អង្គការក្រៅរដ្ឋាភិបាល សហគមន៍ និងប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ ហើយលុបអាជ្ញាប័ណ្ណក្រុមហ៊ុននាំចេញឈើទាំងអស់ប្រសិនបើរកឃើញថា ក្រុមហ៊ុនទាំងនោះជាប់ពាក់ព័ន្ធនឹងបទល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។