ដោយ ទីន ហ្សាការីយ៉ា
2023.11.17
RFA

ក្រុមស្ត្រីថ្ងៃសុក្រ និងសកម្មជនគណបក្សភ្លើងទៀនចំនួន ១៤នាក់ នាំគ្នាតវ៉ាតាមដងផ្លូវពីស្ទឹងមានជ័យទៅផ្សារអូរឫស្សី រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីទាមទាររដ្ឋាភិបាល និងតុលាការឱ្យដោះលែងសមាជិកគ្រួសារពួកគាត់កំពុងជាប់ឃុំឲ្យមានសេរីភាពឡើងវិញ។ រូបពីពលរដ្ឋ
ក្រុមស្ត្រីថ្ងៃសុក្រ និងសកម្មជនគណបក្សភ្លើងទៀនចំនួន ១៤នាក់ នៅថ្ងៃទី១៧ វិច្ឆិកា បានជួបជុំគ្នានៅគល់ស្ពានស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយបានដើរដោយថ្មើរជើងតាមដងផ្លូវ ឆ្ពោះទៅកាន់ផ្សារអូរឫស្សី ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាល និងតុលាការដោះលែងពួកគាត់ឲ្យមានសេរីភាពឡើងវិញ ក្រោយពីតុលាការផ្ដន្ទាទោសពួកគាត់យ៉ាងអយុត្តិធម៌។
ពួកគាត់ដើរបណ្ដើរ ស្រែកទាមទារបណ្ដើរ ព្រមទាំងដៃកាន់ទង់ជាតិខ្មែរ រួមទាំងរូបថតអ្នកជាប់ឃុំមនសិការ រួមមាន លោក កាក់ កុម្ភារ លោក តូច ថឹង លោក ថាច់ សេដ្ឋា និងអ្នកជាប់ឃុំមនសិការដទៃទៀត និងបានកាន់បដាពណ៌ស សរសេរថា សូមដោះលែងអ្នកទោសនយោបាយ ។
ប្រពន្ធប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាម លោក តូច ថឹង គឺលោកស្រី ហាញ់ សុវណ្ណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ វិច្ឆិកាថា លោកស្រីមិនហត់នឿយនោះទេ ក្នុងការដើរដង្ហែរូបថតប្ដីលោកស្រី តាមដងផ្លូវ ដើម្បីបង្ហាញពីផលលំបាក ដែលតុលាការពង្រាត់សាច់ញាតិក្រុមគ្រួសារតាមរយៈការចោទប្រកាន់ទាំងអយុត្តិធម៌ និងទាមទារឲ្យដោះលែងប្ដីលោកស្រីឲ្យមានសេរីភាពឡើងវិញ។
លោកស្រី ហាញ់ សុវណ្ណា៖ «ឥឡូវហ្នឹងគេផ្លាស់ប្ដូរប្ដីខ្ញុំពីពន្ធនាគារព្រៃស ទៅពោធិ៍សាត់ ឆ្ងាយហា ឆ្ងាយមែនទែន ឆ្ងាយពីប្រពន្ធកូនអត់ចង់ឲ្យប្រពន្ធកូនទៅជួបទេ»។
ទន្ទឹមនឹងនេះ ប្រពន្ធសកម្មជនបក្សប្រឆាំង លោក វឿង សំណាង គឺលោកស្រី ទៀង ចិន្តា ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីចូលរួមដើរដង្ហែនៅថ្ងៃនេះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាល និងតុលាការ ដោះលែងប្ដីលោកស្រីឲ្យមានសេរីភាពឡើងវិញ ខណៈគ្រួសារលោកស្រីកំពុងជួបបញ្ហាសេដ្ឋកិច្ចបន្ទាប់ពីមេគ្រួសារជាប់ពន្ធនាគារ និងកូនៗ ខ្វះភាពកក់ក្ដៅ។
លោកស្រី ទៀង ចិន្តា៖ «ចាស! បងគាត់សួររហូត ហើយគាត់សួរថា ប៉ា… ថ្ងៃណាបានមកផ្ទះហើយរហូតដល់គាត់មានវិបត្តិផ្លូវចិត្ត ណាបង ព្រោះក្មេងគាត់ត្រូវការភាពកក់ក្ដៅពីឪពុក តែដល់ពេលឪពុកគាត់អត់មានសេរីភាព នៅក្នុងពន្ធនាគារអញ្ចឹងគាត់មានវិបត្តិផ្លូវចិត្តខ្លាំងណាស់បង»។
ចំណែកប្រពន្ធសកម្មជនគណបក្សប្រឆាំង លោក កាក់ កុម្ភារ លោកស្រី ព្រំ ចន្ថា ថ្លែងថា ការដើរដង្ហែនៅថ្ងៃនេះ គឺដើម្បីបង្ហាញក្ដីឈឺចាប់ ដែលតុលាការគ្មានភាពឯករាជ្យ និងបានកាត់ទោសប្ដីលោកស្រីទាំងអយុត្តិធម៌ ឲ្យសាធារណៈជនតាមដងផ្លូវបានឃើញ។
លោកស្រី ព្រំ ចន្ថា៖ «ផ្ញើសារទៅប្រជាពលរដ្ឋទាំងអស់ថា ប្រទេសកម្ពុជាអត់មានយុត្តិធម៌ពិតប្រាកដទេ ហើយក៏គ្មានអគុណសន្តិភាពដូចដែលរដ្ឋាភិបាលបានដាក់តាមបដា ដាក់តាមក្រសួងនានាដែរ។ អ៊ីចឹងខ្ញុំផ្ញើសារដល់ប្រជាពលរដ្ឋទាំងអស់ថា លោកឲ្យមានការឈឺចាប់ក៏ដូចជា ពួកខ្ញុំដែរ គ្រួសាររបស់ខ្ញុំលះបង់ គឺដើម្បីប្រជាពលរដ្ឋដែរចាស»។
ដោយឡែកសកម្មជនគណបក្សភ្លើងទៀន លោកស្រី ម៉ី សុផន ថា លោកស្រីចូលរួមទាមទារឲ្យដោះលែងអ្នកជាប់ឃុំមនសិការ រួមទាំងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា គឺដោយសារលោកស្រី គោរពឧត្ដមគតិ និងការលះបង់របស់ពួកគាត់។
លោកស្រី ម៉ី សុផន៖ «ខ្ញុំកាន់រូបថតនេះ គឺរូបថតគាត់នេះ គឺចង់ឲ្យអន្តរជាតិ សិទ្ធិមនុស្ស និងអង្គការផ្សេងៗ ទៀត សង្គមស៊ីវិលទាំងអស់ហ្នឹង ឲ្យគាត់មើលឃើញពីភាពអយុត្តិធម៌របស់គាត់ ដែលគាត់ត្រូវជាប់ទោសដោយអត់មានកំហុស ហើយមិនមែនតិចទៀតទាំង ដែលគាត់អាយុច្រើនហើយ មិនមែនអាយុតិចឯណា ហើយគាត់មានជំងឺ»។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១៧ វិច្ឆិកា ដោយសារទូរស័ព្ទចូលទៅ ត្រូវបានចុចបិទ។
កន្លងទៅ ក្រុមស្ត្រីថ្ងៃសុក្រធ្លាប់បានដាក់ញត្តិនៅស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗ មួយចំនួនដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន អូស្ត្រាលី ព្រមទាំងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាជាដើម។ ទោះជាក្រុមស្ត្រីថ្ងៃសុក្រ តែងតែប្រឈមនឹងការគំរាមកំហែង និងអំពើហិង្សាពីសំណាក់អាជ្ញាធរ និងក្រុមសន្តិសុខក៏ដោយ ក៏ពួកគាត់ នៅតែមិនរាថយឡើយ ក្នុងការស្វែងរកយុត្តិធម៌ដល់ក្រុមគ្រួសារអ្នកកំពុងជាប់ឃុំទាំងអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។