ដោយ សុជីវី
2023.11.17
RFA
មហាសន្និបាតអន្តររដ្ឋាភិបាលរបស់អង្គការ យូណេស្កូ (UNESCO) ស្ដីពីប្រាសាទអង្គរ រូបពីវីឌីអូ នៃអង្គការយូរស្កូ
អង្គការ យូណេស្កូ (UNESCO) អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធានាគោរពសិទ្ធិពលរដ្ឋរស់នៅតំបន់អង្គរ ដោយត្រូវអនុវត្តតាមសំណើរបស់អង្គការលើកលែងទោសអន្តរជាតិ ដែលបានលាតត្រដាងអំពីការរំលោភសិទ្ធិមនុស្សរបស់អាជ្ញាធររដ្ឋាភិបាល។
ការអំពាវនាវរបស់អង្គការ (UNESCO) នេះធ្វើឡើងភ្លាមៗ ឆ្លើយតបនឹងរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលរកឃើញថា អាជ្ញាធរកម្ពុជាបានយកឈ្មោះអង្គការនេះ ទៅបណ្ដេញពលរដ្ឋរាប់ពាន់គ្រួសារចេញពីលំនៅឋានដោយបង្ខំ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ UNESCO ចេញកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឱ្យដឹងថា UNESCO បារម្ភអំពីអ្វី ដែលអង្គការលើកលែងទោសអន្តរជាតិបានរកឃើញទាក់ទងនឹងការផ្លាស់ទីលំនៅរបស់ពលរដ្ឋ ដោយបង្ខំ។ UNESCO សង្កត់ធ្ងន់ថា ខ្លួនមិនស្នើសុំ គាំទ្រ ឬចូលរួមនៅក្នុងកម្មវិធីនេះឡើយ។ UNESCO អះអាងបានរំឭកម្ដងហើយម្ដងទៀតជាសាធារណៈ ចាប់តាំងពីអាជ្ញាធរកម្ពុជាបានប្រកាសកម្មវិធីផ្លាស់ប្ដូរទីលំនៅពលរដ្ឋ កាលពីឆ្នាំ២០២២ មកពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្សពេញលេញ។
ករណីនេះ អង្គការ UNESCO សម្រេចឱ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាត្រូវដាក់របាយការណ៍ជាថ្មីពីស្ថានភាពនៃការអភិរក្សរមណីយដ្ឋានអង្គរនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ UNESCO ថែមទាំងតម្រូវឱ្យអាជ្ញាធរកម្ពុជាបញ្ចូលការឆ្លើយតបនឹងសំណើរបស់អង្គការលើកលែងទោសអន្តរជាតិចូលក្នុងរបាយការណ៍ជាតិនោះ។
អង្គការលើកលែងទោសអន្តរជាតិ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវ ដោយរកឃើញថា រដ្ឋាភិបាលកម្ពុជាបានយកឈ្មោះអង្គការ UNESCO និងលេសពាក្យអភិរក្សជា «អាវុធ» ដើម្បីបណ្ដេញពលរដ្ឋដោយបង្ខំចេញតំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ អង្គការលើកលែងទោសអន្តរជាតិជំរុញអង្គការUNESCO ឱ្យ ចេញមុខថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលរំលោភសិទ្ធិពលរដ្ឋនៅក្នុងតំបន់អង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលចុះបញ្ជីទទួលស្គាល់ដោយអង្គការនេះ តាំងពីឆ្នាំ១៩៩២ មក។ ជាមួយគ្នានេះ អង្គការលើកលែងទោសអន្តរជាតិ ក៏បានស្នើដល់រដ្ឋាភិបាល នៃប្រទេសសំខាន់ពី គឺបារាំង និងជប៉ុន ដែលជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអង្គរ (ICC-Angkor) និងផ្ដល់ថវិកាសម្រាប់ការអភិរក្សតំបន់អង្គរថា ត្រូវទទួលស្គាល់ថា មានការរំលោភសិទ្ធិពលរដ្ឋ និងចេញមុខលាតត្រដាងបញ្ហានេះ និងជំរុញឱ្យបញ្ឈប់អំពើរំលោភសិទ្ធិមនុស្ស ដើម្បីបង្ហាញថា រដ្ឋាភិបាលនៃប្រទេសទាំង ២នេះ ពិតជាគោរពបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
អង្គការអន្តរជាតិដដែលនេះ ក៏ជំរុញរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការបណ្ដេញពលរដ្ឋដោយបង្ខំ និងងាកមកគោរពតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនៅគ្រប់ដំណាក់កាល នៃការផ្លាស់ប្ដូរលំនៅឋានរបស់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។