ដោយ សេក បណ្ឌិត
2023.11.16
RFA

(រូបថតឯកសារ) ទិដ្ឋភាពនៅបរិវេណគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។ រូប៖ Leng Maly/RFA 2016-06-13
៦ឆ្នាំក្រោយការរំលាយគណបក្សសង្គ្រោះជាតិ មេដឹកនាំគណបក្សនេះ នៅតែបន្តទាមទារ និងតស៊ូមតិ លើឆាកអន្តរជាតិស្នើទៅរដ្ឋាភិបាលកម្ពុជា ឱ្យស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ អ្នកឃ្លាំមើលនយោបាយ ជំរុញទៅរដ្ឋាភិបាល គួរដោះស្រាយជម្លោះនយោបាយនេះ ដើម្បីឱ្យកម្ពុជារួចផុតពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រទេសលោកសេរី។
គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា គឺជាខួប ៦ឆ្នាំ ដែលតុលាការកំពូលក្រោមឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា បានរំលាយគណបក្សសង្គ្រោះជាតិ។ ចំណែកអ្នកនយោបាយបក្សប្រឆាំង ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ មេដឹកនាំគណបក្សសង្គ្រោះជាតិ និងអ្នកឃ្លាំមើលនយោបាយ នៅតែទាមទារទៅរដ្ឋាភិបាលឱ្យទទួលខុសត្រូវ ចំពោះទង្វើបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាង ៣លាននាក់។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង លើកឡើងថា ថ្ងៃទី១៦ ខែវិច្ឆិកា គឺជាថ្ងៃដែលរដ្ឋាភិបាលសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែប្រយុទ្ធ តវ៉ា ទាមទារ ដោយសន្តិវិធី ដើម្បីឱ្យស្ថានការណ៍នយោបាយអាចវិលមកដូចកាលពីពេលមុនការរំលាយគណបក្សសង្គ្រោះជាតិ។ ដោយឡែក ចំពោះថ្ងៃខួប ៦ឆ្នាំ នៃការរំលាយគណបក្សសង្គ្រោះជាតិពេលនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ រូបនេះ ប្រាប់ថា គណបក្សសង្គ្រោះជាតិ មិនបានធ្វើអ្វីបន្ថែមពីលើការទាមទាររបស់ខ្លួន ដែលបានធ្វើនាពេលកន្លងមកនេះទេ។
លោក អេង ឆៃអ៊ាង៖«ពួកយើងធ្វើការងារជាប្រចាំយើងធ្វើការងាររបស់យើង យើងធ្វើការកិច្ចការការទូតជាមួយបណ្ដាប្រទេសជាមិត្ត យើងមិនមែនចាំធ្វើតែថ្ងៃ ១៦ (ថ្ងៃរំលាយគណបក្សសង្គ្រោះជាតិ) គឺយើងធ្វើរហូតតែថ្ងៃ១៦ គ្រាន់តែជាថ្ងៃ ដែលយើងត្រូវចងចាំថា ជាថ្ងៃដែលរបបលោក ហ៊ុន សែន បានសម្លាប់ប្រជាធិបតេយ្យកម្ពុជា»។

ក្រោយពេលតុលាការកំពូល ដែលមានសមាសភាព ចៅក្រម ព្រះរាជអាជ្ញា ជាមន្ត្រីគណបក្សកាន់អំណាចកាត់ក្ដី រំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានគណបក្សនេះ គឺលោក កឹម សុខា ត្រូវជាប់ឃុំ ចំណែកមន្ត្រីគណបក្សនេះប្រឈមការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការក្រុមអ្នកនយោបាយបក្សនេះ អ្នកខ្លះជាប់ពន្ធនាគារ អ្នកខ្លះទៀត ក៏រត់ភៀសខ្លួនចេញពីប្រទេសកម្ពុជា ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំង លោក ដួង ចន្ត្រា ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ប្រាប់វិទ្យុអាស៊ីសេរីថា លោកទ្រាំរស់នៅលំបាកនៅប្រទេសថៃ បែកបាក់គ្រួសារព្រោះមិនចង់លក់មនសិការឱ្យទៅគណបក្សកាន់អំណាច។ បើទោះជាកំពុងប្រឈមនឹងបញ្ហាជីវភាពបែបណាក្ដី មន្ត្រីគណបក្សប្រឆាំងរូបនេះ អះអាងថា លោកនៅតែតស៊ូមតិ ដើម្បីទាមទារឱ្យមានការការពារសិទ្ធិសេរីភាព និងប្រជាធិបតេយ្យឡើងវិញ។
លោក ដួង ចន្ត្រា៖«មកដល់ពេលនេះ គឺយើងជួបការលំបាក គឺយើងខ្វះខាតជីវភាពធ្ងន់ធ្ងរតែម្ដងដោយសារជីវភាពនេះប៉ះពាល់ទៅលើ ការបង់ថ្លៃបន្ទប់ស្នាក់នៅការហូបចុកជាប្រចាំ យើងខ្វះខាតជាទម្ងន់ ដោយសារនៅតាមបណ្ដាអង្គការនានា មកដល់ពេលនេះ ហាក់បីដូចជាអង្គការមួយចំនួនត្រូវបានបិទទ្វារមិនអាចផ្ដល់អាហារសម្រាប់យើងគ្រប់គ្រាន់»។
ទាក់ទងបញ្ហាដែលបង្កឡើងដោយវិបត្តិនយោបាយនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១៦ ខែវិច្ឆិកា។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សង្កេតឃើញថា បើទោះជាគណបក្សសង្គ្រោះជាតិ មិនអាចធ្វើសកម្មភាពនយោបាយក្នុងរយៈពេល ៦ឆ្នាំមកនេះក្ដី ប៉ុន្តែ មេដឹកនាំគណបក្សនេះ គឺលោក សម រង្ស៊ី នៅតែធ្វើសកម្មភាពតស៊ូមតិនៅលើឆាកអន្តរជាតិ។ លោកបន្តទៀតថា ចំពោះនយោបាយនៅក្នុងស្រុក ក៏មានគណបក្សនយោបាយ ដែលមានមែកធាងចេញពីគណបក្សសង្គ្រោះជាតិ បន្តសកម្មភាពនយោបាយ ដែលមានទិសដៅដូចគណបក្សសង្គ្រោះជាតិផងដែរ។ ទោះយ៉ាងណាក្ដី លោកកត់សម្គាល់ទៀតថា គណបក្សនយោបាយនោះ នៅតែរងការធ្វើទុក្ខបុកម្នេញដដែល។
លោក វ៉ន ចាន់ឡូត៖ «ជាការពិតការរឹតត្បិតការគាបសង្កត់ ការធ្វើទុក្ខបុកម្នេញ ការចាប់ចង ឬក៏ចោទប្រកាន់ដាក់ពន្ធនាគារ នៅតែកើតរូបភាពហ្នឹងដដែលទេ។ កន្លែងនេះ បើគណបក្សប្រឆាំង គាត់អាចចេះរៀនពីបទពិសោធន៍នយោបាយកន្លងមក ហើយគាត់ចេះលេងនយោបាយ អ៊ីចឹង ខ្ញុំគិតថា នៅពេលគាត់បន្តសកម្មភាពនយោបាយបានហើយ ទោះបីជាជ្រកក្រោមស្លាកគណបក្សណាមួយក៏ដោយ ថ្មីក៏ដោយ ចាស់ក៏ដោយ អ៊ីចឹង នៅពេលណាមួយ ដែលសមស្រប គណបក្សទាំងអស់នោះ គាត់ត្រូវចេះធ្វើការរួបរួមគ្នាវិញ»។
អ្នកឃ្លាំមើលសង្គមលើកឡើងថា រយៈពេល ៦ឆ្នាំក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ប្រទេសកម្ពុជា ជួបវិបត្តិនយោបាយ វិបត្តិសេដ្ឋកិច្ច និងការជាប់ទណ្ឌកម្មពីក្រុមប្រទេសលោកសេរី ខណៈសហរដ្ឋអាមេរិក មិនទាន់ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ ជី.អេស.ភី (G.S.P) មកកម្ពុជាវិញ ចំណែកសហភាពអឺរ៉ុប ក៏មិនទាន់ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ (E.B.A) ពេញលេញមកកម្ពុជាវិញដែរ។អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត យល់ថា រដ្ឋាភិបាលមិនគួរបណ្ដែតបណ្ដោយឱ្យវិបត្តិនយោបាយនេះអូសបន្លាយតទៅទៀតទេ ព្រោះបើប្រទេសលោកសេរីដាក់ទណ្ឌកម្មអ្វីបន្ថែមមកលើរដ្ឋាភិបាលទៀត អ្នកដែលរងគ្រោះ គឺរដ្ឋាភិបាល និងពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។