បទវិភាគ៖ មូលហេតុ​ពី​ក្រោយ​ខ្នង​គណបក្ស​កាន់​អំណាច​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​តូចៗ?

ដោយ ទីន ហ្សាការីយ៉ា
2023.11.18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បទវិភាគ៖ មូលហេតុ​ពី​ក្រោយ​ខ្នង​គណបក្ស​កាន់​អំណាច​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​តូចៗ?

ពិធីចុះកិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​រវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្សជិត៣០ កាលពីថ្ងៃទី២៥ តុលា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


គណបក្ស​ប្រជាជន​កម្ពុជា​បាន​កាន់អំណាច​ប្រមាណ​ជា ៤០​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​គណបក្ស​នេះ​ហាក់​នៅ​មិន​ទុកចិត្ត​ខ្លួនឯង​នៅឡើយ។ គណបក្ស​នេះ​បាន​ស្វះស្វែង​ប្រមែប្រមូល​គណបក្ស​តូចៗ ឲ្យ​មក​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ខ្លួន។

ឥលូវ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន មាន​គណបក្ស​ជិត​៣០ ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ លោក ហ៊ុន សែន ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​តូចៗ​នេះ នៅ​ស្រប​ពេល​គណបក្ស​ប្រឆាំង​បាន​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស​បី​ផ្សេង​ទៀត ដើម្បី​ត្រៀម​ប្រកួតប្រជែង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។

តើ​ហេតុអ្វី​បានជា​លោក ហ៊ុន សែន ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​តូចៗ​ផ្សេងទៀត?

អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ផ្ទេរអំណាច​ឲ្យ​កូន​គឺ​លោក ហ៊ុន ម៉ាណែត បាន​ដូច​បំណង ដោយ​ពុំ​មាន​ឧបសគ្គ​អ្វី​ឡើយ។

ទោះបីជា​លោក ហ៊ុន សែន បាន​ប្រគល់​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត បាន​ជោគជ័យ​បែបនេះ​ក្ដី ក៏​លោក ហ៊ុន សែន ហាក់​នៅ​មិនទាន់​ស្ងប់ចិត្ត​ឡើយ។

ជា​ផ្លូវការ បើ​ទោះ​ជា​លោក ហ៊ុន សែន លែង​មាន​តួនាទី​ជា​ប្រមុខ​រដ្ឋាភិបាល​ក៏ដោយ ក៏​លោក​ហាក់ នៅ​ក្ដោបក្ដាប់​អំណាច​នៅក្នុង​ដៃ​យ៉ាង​ណែន​ដដែល។

តាម​ការ​សង្កេត លោក ហ៊ុន សែន បាន​រៀបចំ​ផែនការ​កាន់កាប់​អំណាច​នេះ ហាក់​ខ្លាំង​ជាង​ពេលមុន​ថែម​ទៀត​ផង សម្រាប់​ត្រកូល​ហ៊ុន។ លោក​បែងចែក​តួនាទី​ឲ្យ​កូនចៅ​របស់​លោក ដឹកនាំ​ស្ថាប័ន​សំខាន់ៗ​ជាច្រើន ជាក់ស្ដែង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី ជា​រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ ដែល​គ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល​ទាំងមូល។ កូន​របស់​លោក​មួយ​រួប​ទៀត​គឺ ហ៊ុន ម៉ានិត កាន់​ខាង​ចារកម្ម នៅ​ក្រសួង​ការពារជាតិ និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក។ ក្រៅ​ពី​នេះ​ទៀត កូនប្រសា​របស់​លោក ក៏​មាន​តួនាទី​ដឹកនាំ​ក្រសួង​ស្ថាប័ន និង​កូនស្រី​របស់​លោក គឺ​អ្នកស្រី ហ៊ុន ម៉ាណា បាន​ក្ដោបក្ដាប់​មុខ​ជំនួញ​ធំៗ​ជាច្រើន​កន្លែង​នៅ​កម្ពុជា។

របាយការណ៍​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីនេស (Global Witness) បាន​ចេញ​របាយការណ៍​ស្ដីពី «​ការ​ក្ដោបក្ដាប់​សេដ្ឋកិច្ច​កម្ពុជា​របស់​ត្រកូល​ហ៊ុន» តាមរយៈ​ការ​រំលោភ​ច្បាប់ និង​សិទ្ធិមនុស្ស ដោយ​មិន​មាន​ការស៊ើបអង្កេត​ណាមួយ​ពី​ស្ថាប័នរដ្ឋ​ឡើយ។ របាយការណ៍​នេះ​បញ្ជាក់​ថា ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ប្រើ​ប្រើប្រាស់​អំណាច ដើម្បី​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​តម្លៃ​វាល់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ទោះជា​លោក ហ៊ុន សែន និង​កូនចៅ​របស់​លោក បាន​ក្ដោប​ក្ដាប់​អំណាច រួម​ទាំង​មុខ​ជំនួញ​ពេញ​ដៃ​បែបនេះ​ក្ដី ក៏​លោក ហ៊ុន សែន ហាក់​មិន​ស្ងប់ចិត្ត និង​មិន​ទុកចិត្ត​ខ្លួនឯង​ឡើយ។

កាលពី​ខែ​តុលា​កន្លង​ទៅ​នេះ លោក​បាន​កៀរគរ​គណបក្ស​នយោបាយ​ចំនួន​២៧​គណបក្ស ក្នុង​នោះ​មាន​គណបក្ស​ខ្លះ មិន​ទាំង​ដែល​ធ្វើ​សកម្មភាព​អ្វី​សោះ​ផង ក៏​លោក ហ៊ុន សែន ប្រមូល​យក​មក​ឱ្យ​នៅ​ក្រោម​ក្លៀក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ត្រួតត្រា​របស់​លោក​ទៀត​ផង។

ចងសម្ព័ន្ធភាព​ជាមួយ​គ្នា​ដែរ

នេះ​ជា​លើក​ទី​១ និង​ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស​នយោបាយ​ជា​ទ្រទ្រង់​ធំ​បែបនេះ​។ លោក ហ៊ុន សែន ចងសម្ព័ន្ធភាព​នេះ មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ។ លោក ហ៊ុន សែន មាន​គោលដៅ​ជាក់លាក់​ក្នុង​ការ​ចងសម្ព័ន្ធភាព។

ការ​ចងសម្ព័ន្ធភាព​នេះ នៅ​ស្របពេល​ក្រុម​គណបក្សប្រឆាំង​ចងសម្ព័ន្ធភាព​នឹង​គ្នា​ដែរ។ បញ្ហា​នេះ​តាមមើល​ទៅ​លោក ហ៊ុន សែន ចង់​ទប់ស្កាត់​ចលនា​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល មិន​ឲ្យ​រួបរួម​គ្នា​ផង និង​ចង់​ឲ្យ​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​រត់​មក​នៅ​ជ្រក​ក្រោម​ក្លៀក​របស់​លោក​ផង ដើម្បី​ងាយស្រួល​គ្រប់គ្រង។

ជា​ធម្មតា​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល ឬ​គណបក្ស​ប្រឆាំង ស្វះស្វែង​ចងសម្ព័ន្ធភាព និង​គ្នា​ដើម្បី​មាន​កម្លាំង​ខ្លាំង​ឬ មាន​អ្នកគាំទ្រ​ច្រើន ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច។ ឧទាហរណ៍​ដូចជា​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី បាន​ចងសម្ព័ន្ធភាព​និង​គ្នា ហើយ​ចូលរួម​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ ជាដើម។

ក៏ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស​២៧​ផ្សេងទៀត​នៅ​ពេល​នេះ តើ​លោក ហ៊ុន សែន មាន​បំណង​អ្វី​ពិតប្រាកដ?

នៅ​ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន បាន​សារភាព​នៅក្នុង​ពិធី​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្ស​តូចៗ​ទាំងនោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ធនធានមនុស្ស​និង​ថវិកា​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​លោក​ចង់​រួបរួម​នៅ​ពេល​នេះ គឺ​ចង់​បង្រួបបង្រួម​និង​ឲ្យ​តម្លៃ​គណបក្ស​តូចៗ​ទាំងនោះ ដោយ​ស្មើភាព​គ្នា។ «»

អ្វី​ដែល​គួរ​អស់សំណើច​នោះ គឺថា​បើសិនជា លោក ហ៊ុន សែន ពិតជា​ឲ្យ​គុណ​តម្លៃ​លើ​ការ​ស្មើភាព​គ្នា​នៃ​គណបក្ស​នយោបាយ​នោះ លោក​ប្រាកដជា​មិន​រំលាយ​ចោល គណបក្ស​សង្គ្រោះជាតិ កាល​ពី​ឆ្នាំ​២០១៧​ឡើយ។

ពាក្យ​ដែល​លោក ហ៊ុន សែន ថា បើក​សេរីភាព​ដល់​គណបក្ស​នយោបាយ​ដោយ​ស្មើៗ​គ្នា​នេះ ទំនង​គ្រាន់តែ​និយាយ​ឲ្យ​តែ​ល្អមើល​ប៉ុណ្ណោះ។ អ្វី​ជា​ការ​កត់សម្គាល់​នោះ លោក ហ៊ុន សែន បើកឱកាស​ឲ្យ​តែ​គណបក្ស​ណា​ដែល​មិន​មាន​ប្រជាប្រិយភាព​ចូលរួម​ការបោះឆ្នោត​តែប៉ុណ្ណោះ ដូចជា​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​រួបរួម​ជាតិ​និង​គណបក្ស​ទើប​បង្កើត​ថ្មីៗ មួយ​ចំនួន​ទៀត ចូលរួម​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣​ជាដើម។

រីឯ​គណបក្ស​ភ្លើងទៀន​ដែល​ជា​គណបក្សប្រឆាំង​ចុងក្រោយ​គេ​នោះ បែរជា​គ.ជ.ប​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​អតីត​នាយក​មន្ត្រី មិន​អនុញ្ញាត​ឲ្យ​ចូលរួម​បោះឆ្នោត​នោះ​ទេ ក្រោម​លេស​ថា គ្មាន​លិខិត​ចុះបញ្ជី​ច្បាប់​ដើម​នៅ​ក្រសួង​មហាផ្ទៃ។

លោក ហ៊ុន សែន ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស​តួចៗ​ជិត​៣០​នេះ ទំនង​ជា​លោក​ចង់​ឲ្យ​គណបក្ស​ទាំងនេះ​ជួយ​ទប់​លំនឹង​កៅអី​នាយករដ្ឋមន្ត្រី​កូនប្រុស​របស់​លោក នៅ​ស្រប​ពេល​ដែល​ក្រុម​អ្នក​ប្រជាធិបតេយ្យ​កំពុង​ស្វះស្វែង​ចងសម្ព័ន្ធភាព រឹងមាំ ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ពេល​បោះឆ្នោត​ខាងមុខ​។ នៅ​ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ក៏បាន​ឲ្យ​តែងតាំង​មេដឹកនាំ គណបក្ស​នយោបាយ​ក្នុង​សម្ព័ន្ធ​របស់​លោក​មាន​តួនាទី​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​រដ្ឋាភិបាល​ដែរ ដោយ​នៅក្នុង​រដ្ឋាភិបាល ស៊ីប្រាក់ខែ​រដ្ឋ ដែល​ជា​លុយ បង់ពន្ធ​របស់​ពលរដ្ឋ ទោះបីជា​គណបក្ស​ទាំងនោះ​ប្រជាពលរដ្ឋ​មិន​បោះឆ្នោត​ឱ្យ​ក៏​ដោយ​ចុះ។ អ្នក​សង្កេតការណ៍​យល់ឃើញ​ថា ការ​យក​លុយ​របស់​ប្រជាជន​ទៅ​ចំណាយ​លើ​ប្រាក់ខែ​គណបក្ស​រណប​គណបក្ស​ប្រជាជន​ទាំង​២៧​នេះ គឺជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ​ឥតប្រយោជន៍ និង​មិន​ត្រឹមត្រូវ។

ការ​ធ្វើ​ទាំងអស់​សុទ្ធ​សឹង​ជា​ការ​លួង​ចិត្ត​របស់​លោក ហ៊ុន សែន ដើម្បី​ឲ្យ​មន្ត្រី​គណបក្ស​ទាំង​២៧​នេះ​មាន​ទំនុកចិត្ត និង​ខំ​ការពារ​រដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដែល​លោក​នៅ​មិន​ទាន់​មាន​ទំនុកចិត្ត​លើ​កូន​របស់​គាត់​ទាំងស្រុង។

ម្យ៉ាងវិញទៀត ការបង្កើត​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ដទៃ​របស់​លោក ហ៊ុន សែន នេះ ក៏​ទំនងជា​លោក​ភ័យខ្លាច​គណបក្ស​តូចៗ​រួបរួម​គ្នា ហើយ​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំង ឬ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ដែល​អាច​ជា​ការ​គំរាមកំហែង​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក។ ដូច្នេះហើយ​ទើប លោក ហ៊ុន សែន មិនបាន​បង្អង់​យូរ​ឡើយ ក្រោយពី​ឃើញ​គណបក្ស​ភ្លើង​រៀបចំ​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​ដទៃទៀត​នោះ លោក​ក៏​ប្រញាប់ប្រញាល់​ប្រមូល​គណបក្ស​តូចៗ​ដែល​គណបក្ស​ខ្លះ​មិនដែល​ធ្វើ​សកម្មភាព​ផង​នោះ​មក​បង្កើត​ជា​សម្ព័ន្ធ ដើម្បី​ត្រៀម​ទប់ទល់​ជាមួយ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ។

ជីវិត​របស់​លោក ហ៊ុន សែន ហាក់​ស្ថិត​ក្នុង​ភាព​ភ័យខ្លាច​ជាប់​រហូត បើ​ទោះ​ជា​លោក​បាន​ផ្ទេរអំណាច​ឱ្យ​កូនប្រុស​លោក​ហើយ​ក្ដី។ អ្វី​ដែល​លោក​ទំនងជា​ភ័យខ្លាច​នៅ​ពេល​នេះ គឺ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​រួមគ្នា​ជា​សម្ព័ន្ធ ក្លាយជា​គណបក្សប្រឆាំង​ដ៏​រឹងមាំ និង​មាន​ប្រជាប្រិយ ដូច​ពេល​គណបក្ស សម រង្សី និង​គណបក្ស​សិទ្ធិមនុស្ស​បាន​រួម​គ្នា ក្លាយជា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ឈ្នះ​អាសនៈ​សភា​ចំនួន ៥៥​កៅអី​នៅក្នុង​ការ​បោះឆ្នោត​សាកល​ឆ្នាំ​២០១៣​។ នេះ​ហើយ​គឺជា​មូលហេតុ​ពិតប្រាកដ​ដែល​បង្ខំ​ឱ្យ​លោក ហ៊ុន សែន បង្គាប់​ឱ្យ​តុលាការ​កំពូល​រំលាយ​ចោល​គណបក្ស​សង្គ្រោះជាតិ​ដោយ​អយុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment