យុវជន​រក​ឃើញ​ថា ក្រុមហ៊ុន​កាយ​ភ្នំ​នៅ​បាត់ដំបង​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ផ្លាស់ប្ដូរ​ទីលំនៅ

ដោយ សេក បណ្ឌិត
2023.11.18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន​រក​ឃើញ​ថា ក្រុមហ៊ុន​កាយ​ភ្នំ​នៅ​បាត់ដំបង​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ផ្លាស់ប្ដូរ​ទីលំនៅ

រូបភាព​ពី​ផ្កាយ​រណប បង្ហាញ​អំពីភ្នំតាគ្រាម ឃុំតាគ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ផ្លាស់ប្ដូរ​ទ្រង់ទ្រាយ និង​រូបភាព​ជា​បន្តបន្ទាប់ ក្នុងឆ្នាំ២០១៤ ២០១៧ ២០១៩ ២០២០ និង​ឆ្នាំ២០២១។ រូប៖ World Imagery Wayback


សកម្មភាព​កាយ​កម្ទេច​ភ្នំ​ធម្មជាតិ ធ្វើ​អាជីវកម្ម​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ឋិត​ក្នុងស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ផ្លាស់ប្ដូរ​ទីលំនៅ និង​ធ្វើ​ចំណាកស្រុក​ជា​ហូរហែ។ ក្រុម​យុវជន​បាន​ធ្វើ​ដំណើរ​ដល់ទី​តាំង អាជីវកម្ម​កាយ​កម្ទេច​ភ្នំ​តាគ្រាម សោកស្តាយ មរតក​ធម្មជាតិ​ដ៏​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ បាន​បាត់បង់​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​លំបាក​វេទនា ដោយសារ​ផល​ប៉ះពាល់​ផ្ទះ​សម្បែង និង​សម្រស់​បរិស្ថាន។

ក្រុម​យុវជន​រស់នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​បាត់ដំបង ទាមទារ​ឱ្យ​រដ្ឋាភិបាល ពិនិត្យ​ឡើង​វិញ ពី​អាជីវកម្ម​កាយ​កម្ទេច​ភ្នំ​តាគ្រាម និង​ភ្នំ​ជាច្រើន​ទៀត ឋិត​ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដែល​ពួកគាត់​ចោទ​ថា ខ្វះ​តម្លាភាព។

រូបភាព 3D ភ្នំគល់នៅស្រុកបាណន់ ខេត្តបាត់ដំបង by QUADDROS on Sketchfab


ពួកគាត់​រក​ឃើញ​ថា អាជ្ញាធរ​ខេត្ត​នេះ​មិន​យកចិត្តទុកដាក់​ដោះស្រាយ ទុក្ខ​កង្វល់​រួម របស់​ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​នៅ​ជុំវិញ​ភ្នំ​ទាំងនេះ​ទេ។ រីឯ​ពលរដ្ឋ​ជិត ១ ពាន់​គ្រួសារ​ទៀត រស់​នៅ​ក្នុង​ភូមិ​ប៉ោយស្វាយ និង​ភូមិ​តាគ្រាម ក្នុង​ឃុំ​តាគ្រាម ត្អូញត្អែរ​បាត់បង់​កន្លែង​អាស្រ័យ​ផល​ព្រៃឈើ កន្លែង​ឃ្វាលគោ និង​ជម្រក​សត្វព្រៃ នៅ​តាម​បណ្តោយ​ជើងភ្នំ។

ក្រុម​យុវជន​រស់នៅ​ខេត្ត​បាត់ដំបង កញ្ញា ខេមរា រស្មី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជីវកម្ម​កាយ​កម្ទេច​ភ្នំ​ទាំងនេះ បង្កប់​ភាព​មិន​ប្រក្រតី​ច្រើន ហើយ​សំណូមពរ​ទាំងឡាយ​របស់​ពលរដ្ឋ មិន​ទាន់​ឃើញ​អាជ្ញាធរ​ដោះស្រាយ​នៅឡើយ។

កញ្ញា​បន្ថែម​ថា បច្ចុប្បន្ន​គ្រឿងចក្រ​ជាច្រើន​គ្រឿង កំពុង​មមាញឹក​បំផ្ទុះ​ថ្ម និង​រថយន្ត​ដឹក​ថ្ម​រាប់​សិប​គ្រឿង​ទៀត បើក​យ៉ាង​លឿន កាត់​មុខ​ផ្ទះ​ពលរដ្ឋ កើតមាន​គ្រោះថ្នាក់​ចរាចរ​ជា​ញឹកញាប់។

កញ្ញា​បារម្ភ​ថា បរិស្ថាន​ធម្មជាតិ​ជុំវិញ​ផ្ទះ​អ្នកភូមិ ដែល​ធ្លាប់​ស្រស់​បំព្រង​ហ៊ុមព័ទ្ធ​ដោយ​ព្រៃភ្នំ បែរ​ជា​បាត់បង់​នៅ​ជំនាន់​នេះ។

កញ្ញា ខេមរា រស្មី៖ «យើង​ចង់ឱ្យ​អាជ្ញាធរ​បង្ហាញ​តម្លាភាព បើសិនជា​គាត់​យក​ភ្នំ អភិវឌ្ឍន៍ ឬ​ធ្វើ​ផ្លូវថ្នល់ សូម​បង្ហាញ​ទូទៅ​ឱ្យ​ដឹង​ទាំងអស់គ្នា​។ ក៏ប៉ុន្តែ​ជាក់ស្តែង​ឥលូវ​ហ្នឹង​គាត់​យក​ដី​ហ្នឹង យើង​មិន​ដឹង​ថា គាត់​កាយ​ដី​ហ្នឹង ជា​សម្បត្តិ​ឯកជន ឬ​ការ​អភិវឌ្ឍ​ម្យ៉ាងទៀត​យើង​សោកស្តាយ តំបន់​ភ្នំ​ជា​តំបន់​ប្រវត្តិសាស្ត្រ បើ​គាត់​ប្រើ​មិន​មាន​តម្លាភាព ជា​រឿង​មួយ​ដែល​យើង​ទទួលយក​អត់​បានទេ»។

ក្រុម​យុវជន​រក​ឃើញ​ថា កាលពី​មិន​ទាន់​មាន​វត្តមាន​ក្រុមហ៊ុន​កាយ​ថ្មភ្នំ ទេសភាព​តាម​ជើងភ្នំ​សំបូរ​ដោយ​ព្រៃឈើ សត្វព្រៃ និង​កន្លែង​ឃ្វាលគោ​ក្របី របស់​អ្នកស្រុក​បាណន់ ជាច្រើន​ពាន់​គ្រួសារ​។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​នោះ ត្រូវ​ក្រុមហ៊ុន​ឯកជន​យ៉ាងហោចណាស់​ចំនួន ៥ ដណ្តើម​គ្នា​ពុះ​ចែក​ភ្នំ​ទ្រង់ទ្រាយ​ធំ កាន់តែ​ច្រើន​ឡើង នៅ​រយៈពេល​ជាង ៥ ឆ្នាំ​ចុង​ក្រោយនេះ។

បន្ថែម​ពី​នេះ​ទៀត ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​តាម​ជើងភ្នំ រំខាន​ដោយ​សំឡេង​គ្រាប់រំសេវ បំផ្ទះ​ថ្ម មាន​ជាតិគីមី ហូរ​ច្រោះ​ចូល​ដីស្រែ​ចម្ការ ប៉ះពាល់​ផលដំណាំ​កសិកម្ម​របស់​ពួកគាត់​។ រីឯ​ពលរដ្ឋ​មួយចំនួន​ទៀត បាន​ផ្លាស់ប្ដូរ​ទីលំនៅ ដោយសារ​ពួកគាត់ មិនអាច​ទ្រាំ​នឹង​ផល​ប៉ះពាល់​នេះ។

ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ប៉ោយស្វាយ ឃុំ​តាគ្រាម លោក ឆាយ ភៅ ថ្លែង​ថា នៅ​ពេល​ក្រុមហ៊ុន​បំផ្ទុះ​ថ្មភ្នំ​ម្តងៗ ផ្ទះ​របស់​លោក​នៅ​កៀក​ជើងភ្នំ​ញ័រ​ខ្ទរ ធ្វើ​ឱ្យ​ប្រេះ​ជញ្ជាំង​ផ្ទះ។

លោក​សោកស្តាយ ក្រោយ​ពី​មាន​វត្តមាន​ក្រុមហ៊ុន​ទាំងនេះ អ្នកភូមិ​បាត់បង់​កន្លែង​ឃ្វាលគោ រក​ប្រាក់​ចិញ្ចឹម​ជីវិត និង​បាត់​បង់​វិស័យ​ទេសចរណ៍។

លោក ឆាយ ភៅ៖ «ប្រះ​ផ្ទះ និង​យ៉ាប់​កន្លែង​ឃ្វាលគោ ពី​ដើម​មិន​ខ្វះ​ទេ ដល់​គេ​បង្កើត​កន្លែង​កិន​ថ្ម គេ​បិទ​របង​គោ​ចូល​មិន​បាន»។

ចាប់​តាំង​ពី​ឆ្នាំ​២០២១ ទល់​ពេល​នេះ ពលរដ្ឋ​រាប់​រយ​នាក់​បាន​ស្រែក​តវ៉ា​បិទផ្លូវ​ជាច្រើន​ដង ដើម្បី​រារាំង​មិន​ឱ្យ​រថយន្ត​របស់​ក្រុមហ៊ុន ដឹក​ថ្ម បើក​ឆ្លងកាត់​ភូមិឋាន​របស់​ពួកគាត់ ធ្វើ​ឱ្យ​ហុយ​ធូលី​ដី ប៉ះពាល់​សុខភាព​ល​រដ្ឋ និង​កុមារ មាន​ជំងឺ​ដង្ហើម។

អ្នក​ភូមិ​ស្នើ​ឱ្យ​អាជ្ញាធរ​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​ទាំង​នេះ ក៏ប៉ុន្តែ​គ្មាន​បាន​ផល​ឡើយ មក​ទល់​ពេល​នេះ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ដែល​ចុះ​អង្កេត​រឿង​នេះ រក​ឃើញ​ថា ពលរដ្ឋ​មួយចំនួន​ដែល​រង​ផល​ប៉ះពាល់ ពី​អាជីវកម្ម​កាយ​ភ្នំ ខ្លះ​បាក់​ទឹកចិត្ត ខ្លះ​ខឹង​សម្បារ​នឹង​អាជ្ញាធរ ហើយ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ជា​បន្តបន្ទាប់។

លោក​ថា អ្នកភូមិ​ជាច្រើន​ពាន់​គ្រួសារ​មិន​សប្បាយ​ចិត្ត នឹង​សកម្មភាព​កាយ​កម្ទេច​ភ្នំ​ទាំងនេះ​ទេ ហើយ​ប្រយោជន៍​ដែល​ទទួល​បាន ពី​ធនធានធម្មជាតិ គឺ​ធ្លាក់​លើ​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​អំណាច។

លោក ថុន រដ្ឋា៖ «អ្វី​សំខាន់​ជាងគេ កាយ​ភ្នំ​ធ្វើ​ឱ្យ​ពលរដ្ឋ​ភាគច្រើន បាត់បង់​មុខរបរ ទាញ​យក​អនុផល​ពី​ភ្នំ​តាមរយៈ ការ យក​ទំពាំង និង​ពលរដ្ឋ​ភាគច្រើន ធ្វើ​ចំណាកស្រុក ដើម្បី​រក​ការងារ​ធ្វើ នៅ​ខេត្ត​ផ្សេងៗ ជាពិសេស​ប្រទេស​ថៃ»។

ក្រុមហ៊ុន​ដែល​ធ្វើ​សកម្មភាព​កាយ​ភ្នំ​ចំនួន​៧ ទីតាំង​ផ្សេងៗ​គ្នា នៅ​តំបន់​ភ្នំ​តាគ្រាម​រួមមាន ក្រុមហ៊ុន ហេង ឆាត (Heng Chat Construction Co., Ltd) ក្រុមហ៊ុន ណឹមម៉េង (NIM MENG GROUP Co., Ltd.) ក្រុមហ៊ុន តាំងថៃឡុង (Tang Thailong Co., Ltd.) ក្រុមហ៊ុន ធី ឡុង (Thy Long) និង​បុគ្គល​មាន​លុយ​មានអំណាច​មួយចំនួន​ទៀត។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ទាំងនេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី ១៧ វិច្ឆិកា។ រីឯ​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ និង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ លោក អ៊ឹង ឌីប៉ូឡា ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ដដែល​នេះ។

ក៏ប៉ុន្តែ​មេឃុំ​តាគ្រាម លោក នៃ ពៅ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​កាយ​ភ្នំ ចូលរួម​ជួយ​កសាង​ផ្លូវ និង​អភិវឌ្ឍន៍​មូលដ្ឋាន​មួយចំនួន ហើយ​ក្រុម​ប្រឹក្សា​ឃុំ​បាន​ប្រជុំ​ពិភាក្សា​គ្នា ស្នើ​ឱ្យ​ក្រុមហ៊ុន​បន្ត​ស្ថាបនា​ផ្លូវ ចាក់​បៃ​តុង​បន្ថែម​ទៀត ដើម្បី​សម្រួលការ​ធ្វើដំណើរ​របស់​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់។

លោក​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​ថា តើ​មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ ក្នុង​ឃុំ​តាគ្រាម​ផ្លាស់ប្ដូរ​ទីលំនៅ និង​ធ្វើ​ចំណាកស្រុក ? ព្រោះ​លោក​មិន​បានដឹង​រឿង​នេះ​ទេ។

លោក នៃ ពៅ៖ «រឿង​ផល​ប៉ះពាល់​យើង​លើក ជា​រឿង​រាល់​ខែ ទាំង​ផល​ប៉ះពាល់​ដី​ហុយ និង​បាញ់​ថ្ម»។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី សង្កេត​ឃើញ​ថា វិបត្តិ​បរិស្ថាន​នេះ កើតឡើង​ជាច្រើន​អាណត្តិ​មក​ហើយ ពលរដ្ឋ​បាន​ស្រែក​តវ៉ា​ជា​ច្រើនដង គ្មាន​ដំណោះស្រាយ​នោះ​ទេ ហើយ​អាជ្ញាធរ​តែងតែ​ឆ្លើយ​ដោះសា គេច​ពី​ការ​ទទួលខុសត្រូវ។

បើសិនជា​យើង​អភិវឌ្ឍន៍​ទឹកភ្នែក និង​ឈឺចាប់ មិនមែន​ជា​ការ​អភិវឌ្ឍ​ទេ ទុក​ឱ្យ​ពលរដ្ឋ​រស់នៅ​លក្ខណៈ​ដើម​វា​ល្អ​ជាង​។ ត្រូវ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​រួមគ្នា​រក​ដំណោះស្រាយ ទើប​ជា​ការ​អភិវឌ្ឍ​ល្អ​ត្រឹមត្រូវ។

ពលរដ្ឋ និង​ក្រុម​យុវជន​ស្តាយស្រណោះ ភ្នំ​ធម្មជាតិ ដែល​ក្រុមហ៊ុន​ឯកជន និង​ក្រុម​អ្នក​មាន​អំណាច បន្ត​ជីក​គាស់​កាយ និង​ភ្នំ​ខ្លះទៀត ស្ទើរតែ​បាត់​រូបរាង​រួមមាន ភ្នំ​តា​គ្រាម ភ្នំ​ថ្ម​ក្រហម ភ្នំ​អន្សែ ភ្នំ​ប៉ើយ​ស្វាយ ភ្នំ​ពពូល ភ្នំ​តាត្រងោល ភ្នំ​គូទឈ្នៀង ភ្នំ​ដូងប្រេង និង​ភ្នំ​គល់​ជាដើម។ ភ្នំ​ធម្មជាតិ​ទាំងនេះ កំពុង​ប្រឈម​ការ​កាយ​កម្ទេច​ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles