ការ​សហការ​គ្នា​រវាង​កាសែត​កម្ពុជា និង​ចិន «មិន​បាន​ជួយ​លើក​កម្ពស់» សេរីភាព​សារព័ត៌មាន​កម្ពុជា​ឡើយ

ដោយ ​យ៉ង ចាន់តារា
2023.11.19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ការ​សហការ​គ្នា​រវាង​កាសែត​កម្ពុជា និង​ចិន «មិន​បាន​ជួយ​លើក​កម្ពស់» សេរីភាព​សារព័ត៌មាន​កម្ពុជា​ឡើយ

​វេទិកា​ជាន់ខ្ពស់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​-​ចិន និង​វេទិកា​ផ្លាស់ប្ដូរ​វប្បធម៌​កម្ពុជា​-​ចិន លើក​ទី​៣ នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃទី១៧ វិច្ឆិកា ២០២៣។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា


អ្នកសារព័ត៌មាន​ឯករាជ្យ​ថា ការ​សហការ​រវាង​អ្នកសារព័ត៌មាន​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​ចិន ដើម្បី​ប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ គឺជា​ការ​ទាញ​ទម្លាក់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា ឱ្យ​កាន់តែ​អាក្រក់។ សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​ងាក​មក​សហការ​ជាមួយ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ដើម្បី​ធ្វើជា​ផ្លូវ​កែតម្រូវ​ភាព​អវិជ្ជមាន​របស់​ខ្លួន ជាជាង​សហការ​ជាមួយ​សារព័ត៌មាន​របស់​ប្រទេស​កុម្មុយនិស្ត។

អ្នកសារព័ត៌មាន​ឯករាជ្យ​លើកឡើង​ថា ស្ថាប័ន​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា កំពុង​រំកិល​ខ្លួន​បន្តិច​ម្ដងៗ ទៅ​រក​ការ​ផ្សព្វផ្សាយ​តាម​បែប​កុម្មុយនិស្ត ដែល​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន កាន់តែ​រួម​តូច​ជាង​មុន។

អ្នក​យកព័ត៌មាន សំឡេង​ប្រជាធិបតេយ្យ​វី.អូ.ឌី ​(VOD) លោក សុត បាន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ១៨ វិច្ឆិកា ថា កិច្ច​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​-​ចិន នឹង​មិន​អាច​ជួយ​លើកកម្ពស់​សិទ្ធិ​សេរីភាព ផ្នែក​សារព័ត៌​មានបាន​នោះ​ទេ។ លោក​សង្កេត​ឃើញ​ថា សារព័ត៌មាន​របស់​មិត្ត​ដែកថែប​ចិន ដែល​ផ្សព្វផ្សាយ​អំពី​កម្ពុជា ភាគច្រើន​ផ្ដោត​សំខាន់​ទៅលើ​ទំនាក់ទំនង​មិត្តភាព ពិធី​ការទូត​រវាង​ប្រទេស​ទាំងពីរ ដោយ​មិនបាន​ផ្ដោត​ទៅ​លើ​ការរំលោភ​សិទ្ធិមនុស្ស ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​បរិស្ថាន និង​រិះគន់​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យ​មានការ​កែ​លម្អ​នោះ​ឡើយ។

លោក សុត បាន៖ «រដ្ឋាភិបាល គាត់​តែងតែ​គាំទ្រ​លើ​សារព័ត៌មាន​ណា​ដែល​លើក​សរសើរ​គាត់ និយាយ​ពី​ភាព​ល្អ​ប្រសើរ​របស់​គាត់ គឺ​ព័ត៌មាន​ចិន​ហ្នឹងឯង​។ ហើយ​សារព័ត៌មាន អាល់ ហ្សាហ្សីរ៉ា (Al Jazeera) និង​ព័ត៌មាន​អន្តរជាតិ គឺ​គេ​និយាយ​ពី​ការពិត​នៅក្នុង​កម្ពុជា គេ​និយាយ​ការពិត​អំពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ តើ​អ្នកឯង​មាន​ភាព​ខ្វះ​ចន្លោះ​អី គឺ​គេ​គ្រាន់តែ​ជំរុញ​ឱ្យ​បញ្ហា​ទាំងអស់​ហ្នឹង វា​ដំណើរការ​ទេ វា​មិនជា​ការ​បន្ទោស​បង្អាប់​ជាន់ឈ្លី រឿង​អាក្រក់​របស់​ខ្លួន​ទេ»។

ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា នៅក្នុង​វេទិកា​ជាន់ខ្ពស់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​-​ចិន និង​វេទិកា​ផ្លាស់ប្ដូរ​វប្បធម៌​កម្ពុជា​-​ចិន លើក​ទី​៣ កាលពី​ថ្ងៃទី១៧ វិច្ឆិកា បាន​ស្នើ​ឱ្យ​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន រួមគ្នា​ការពារ​សណ្ដាប់ធ្នាប់ សុចរិត យុត្តិធម៌ នៃ​ព័ត៌មាន​អន្តរជាតិ ដោយ​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ជ្រៀតជ្រែក​ព័ត៌មាន ដើម្បី​ជំរុញ​ការ​កសាង​សហគមន៍ ជោគវាសនា​រួម នៃ​មនុស្សជាតិ​។ ក្នុង​នោះ លោក នេត្រ ភក្ត្រា ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន ត្រូវ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​-​ចិន ដោយ​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​ការសម្រេច​រួមគ្នា របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ សម្រាប់​ជា​មូលដ្ឋាន​លើ​ការអនុវត្ត​ការងារ។

ការ​ចងសម្ព័ន្ធ​រវាង​អ្នកសារព័ត៌មាន នៃ​ប្រទេស​ទាំងពីរ​នេះ ធ្វើឡើង​បន្ទាប់ពី​ការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ទូរទស្សន៍​ជាតិ​កម្ពុជា ជាមួយនឹង​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន និង​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ស៊ី.អឹម.ជី (CMG) កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា។

ទោះជា​យ៉ាងណា អ្នកសារព័ត៌មាន​ឯករាជ្យ សង្កេត​ឃើញ​ថា ភាគច្រើន​មានតែ​សារព័ត៌មាន​របស់​ស្ថាប័ន​អន្តរជាតិ​ឯករាជ្យ​ប៉ុណ្ណោះ ដែល​ហ៊ាន​ផ្សាយ​លាតត្រដាង​ពី អំពើពុករលួយ​របស់​មន្ត្រី​ធំៗ ក្នុង​ជួរ​រដ្ឋាភិបាល អាថ៌កំបាំង​នៅ​ពីក្រោយ​ការ​ជួញដូរ និង​បង្ខាំង​មនុស្ស​ខុសច្បាប់ ខុសពី​សារព័ត៌មាន​របស់​ចិន ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កុម្មុយនិស្ត តែងតែ​ឃោសនា​លើកតម្កើង​រដ្ឋាភិបាល​ខ្លួនឯង និង​លាក់បាំង​ការពិត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បី​សុំ​ការ​បកស្រាយ ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី១៨ វិច្ឆិកា។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (Camboja) លោក ណុប វី ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កិច្ច​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​-​ចិន ហាក់​មិន​មាន​សារៈសំខាន់ ទៅលើ​ការ​បើក​លំហ​សិទ្ធិ​សេរីភាព នៅក្នុង​វិស័យ​សារព័ត៌មាន​ក្នុង​សង្គម​ឡើយ​។ លោក ណុប វី យល់ឃើញ​ថា ការបង្កើត​ភាពជា​ដៃគូ រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ កម្ពុជា​-​ចិន ហាក់​បង្ហាញ​ពី​ភាព​បញ្ច្រាស​គ្នា បើ​ប្រៀបធៀប​ទៅ​នឹង​ប្រព័ន្ធ​ដឹកនាំ ដោយសារ​កម្ពុជា​ឈរ​លើ​ដំណើរការ​ប្រជាធិបតេយ្យ ប៉ុន្តែ​បែរជា​ទំនោរ​ទៅ​រក​ប្រទេស​កុម្មុយនិស្ត​ចិន ដែល​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ទៅវិញ។

លោក ណុប វី៖ «ដូច្នេះ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ប្រទេស​កុម្មុយនិស្ត ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ហ្នឹង គឺថា​មាន​វិសាលភាព​ធំធេង​ច្រើន ដែល​សូម្បីតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ពី​បរទេស​ហ្នឹង ក៏​ត្រូវ​បាន​រឹតត្បិត​មិន​អនុញ្ញាត​ឱ្យ​មានការ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​ចិន​ផង​។ អ៊ីចឹង​ចំណុច​នេះ គឺជា​រឿង​មួយ​ដែរ​មានគុណ​សម្បត្តិ​មួយ​ផ្នែក ប៉ុន្តែ​ចំណុច​មួយចំនួន ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​មួយ​ផង​ដែរ»។

របាយការណ៍​សន្ទស្សន៍​ប្រចាំឆ្នាំ​ដែល​រៀបចំ​ដោយ​អង្គការ​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បង្ហាញថា ចិន​ធ្លាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន សឹង​ដល់​បាត​តារាង ដោយ​ធ្លាក់​ពី ១៧៥ មក ១៧៩ នៅក្នុង​ចំណោម ១៨០​ប្រទេស ខណៈ​កម្ពុជា​ធ្លាក់​ពី ១៤២ មក ១៤៧ ដែល​ជា​ចំណាត់​ថ្នាក់ទាប​មួយ។

ចំណាត់ថ្នាក់​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ថាប័ន​សារព័ត៌មាន​កម្ពុជា កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នៃ​ជាមួយ​សារព័ត៌មាន​បរទេស ដែល​ជាប់​ចំណាត់​ថ្នាក់លើ​សេរីភាព​សារព័ត៌មាន អន់​ជាង​ខ្លួនឯង ដែល​អាច​ធ្វើ​ឱ្យ​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា នឹង​កាន់តែ​អាក្រក់​ជាង​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles