ក្រុម​ពលករ​ខ្មែរ​នៅ​ថៃ​ថា អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​បោកប្រាស់​ពួកគេ

ដោយ សេក បណ្ឌិត
2023.11.19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​ពលករ​ខ្មែរ​នៅ​ថៃ​ថា អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​បោកប្រាស់​ពួកគេ

ស្ថានទូតខ្មែរប្រចាំទីក្រុង​បាងកក ប្រទេសថៃ។ រូប៖ ហ្វេសប៊ុកស្ថានទូតខ្មែរនៅថៃ


ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ ចោទ​ប្រកាន់​ថា ក្រុម​មេខ្យល់​ជា​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​បាន​បោកប្រាស់​ពួកគេ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា ជួយ​រក​ការងារ​ឱ្យធ្វើ​នៅ​ទេស​ថៃ តែ​ពេល​មក​ដល់​ថៃ​គ្មាន​ការងារ​ធ្វើ​ដូច​ការសន្យា​ឡើយ​។ អ្នកការពារ​សិទ្ធិ​ពលករ ជំរុញ​ទៅ​មន្ត្រី​ស្ថានទូត​គួរ​ចាត់វិធានការ​លើ​ជនខិលខូច​ទាំងនេះ បើ​មិន​ដូច្នេះ​ទេ ពលករ​ជាច្រើន​នាក់​ទៀត​រងគ្រោះ​ព្រោះ​បញ្ហា​នេះ។

ពលករ​ខ្មែរ​ដែល​ចេញ​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ កំពុង​ចាញ់បោក​ក្រុម​មេខ្យល់​ដែល​អះអាង​ថា ខ្លួន​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រុម​មេខ្យល់​ទាំងនោះ យក​ឥទ្ធិពល​គណបក្ស​នេះ ព្រមាន​មិន​ឱ្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​ថៃ ឬ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ឡើយ បើ​មិន​ដូច្នេះ​ទេ ក្រុម​ពលករ​ប្រឈម​នឹង​គ្មាន​ការងារ​ធ្វើ​និង​មិនអាច​បាន​ប្រាក់​ដែល​ពួកគេ​ដកហូត​ពី​ពលករ​មកវិញ​ឡើយ។

ពលករ​ចាញ់​បោក​មេខ្យល់​ម្នាក់ លោក ស៊ីន សាវីន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា​ថា លោក​មក​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដោយ​ឃើញ​មានការ​បង្ហោះ​ព័ត៌មាន​ជ្រើសរើស​ពលករ​មក​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​តាម​ទំព័រ​ហ្វេ​សប៊ុក។ លោក​បន្ត​ថា ពេល​មក​ដល់​ប្រទេស​ថៃ​ដំបូង​មានការ​ងារ​ធ្វើ​រយៈពេល​ពីរ​ខែ តែ​ក្រោយ​មក និង​បាន​បង់ប្រាក់​ទៅ​ក្រុម​មេខ្យល់​ចំនួន​៥.០០០​បាត​(​ប្រាំ​ពាន់​បាត​)​ឬ​ជិត​២០០​ដុល្លារ។ លោក​បន្ត​ថា លោក​ធ្វើការ​បានតែ​ពីរ​ខែ រោងចក្រ​លែង​មាន​ការងារ​ឱ្យ​លោក​ធ្វើ ដោយ​លោក​ត្រូវ​ស្នាក់​នៅក្នុង​បន្ទប់​ជួល​ជាច្រើន​ខែ​ដើម្បី​រង់ចាំ​ធ្វើ​ការងារ​ថ្មី។

លោក ស៊ីនសាវីន៖ «គេ​ផ្សាយ​ថា ការងារ​រើស​បន្ទាន់ៗ ដល់ពេល​យើង​ទាក់ទង​ទៅ​យក​លុយ​ដំបូង​៣​ពាន់​(​បី​ពាន់​បាត​)​ថ្លៃ​គេ​នាំចូល​រោងចក្រ អ៊ីចឹង​ដល់​ពេល​ធ្វើ​បាន ២​ខែ​ទៅ​អស់​ការងារ អ៊ីចឹង​ទៅ​ខាង​រោងចក្រ​គេ​ដក​យើង​ចេញ»។

​លោក ស៊ីន សាវីន បន្ត​ថា រូប​និង​ពលករ​ផ្សេង​ទៀត​ថា បាន​ទាមទារ​ឱ្យ​ក្រុម​មេខ្យល់​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ ពួកគេ​មិន​ដោះស្រាយ​ឱ្យ​ទេ និង​ព្រមាន​មិន​ឱ្យ​ប្ដឹង​ទេ​។ លោក​ប្រាប់​ថា ក្រុម​មេខ្យល់​មាន​ទាំង​មាន​គ្នា​ច្រើន ទាំង​ក្រុមហ៊ុន​នៅ​ស្រុក​ខ្មែរ និង​ភ្នាក់ងារ​នៅ​ប្រទេស​ថៃ ហើយ​ពួកគេ​អះអាងថា ខ្លួន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ និង​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ប្រទេស​ថៃ។

លោក ស៊ីន សាវីន៖ «គេ​(​មេខ្យល់​អះអាង​ថា មេ​គេ​ហ្នឹង​ដើរ​ជាមួយ​ស្ថានទូត​ខ្សែ​គ្នា​គេ​អ៊ីចឹង​ណា តែ​រូបថត ឃើញ​មែន​គេ​ដើរ​ជាមួយ​ស្ថានទូត​គេ​ដើរ​ឃោសនា​បក្ស​ជាមួយគ្នា​មែន»។

ក្រុម​ពលករ​ឱ្យ​ដឹង​ថា ក្រុម​មេខ្យល់​ទាំងនោះ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា ត្រូវការ​ជ្រើសរើស​ពលករ​មក​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ជាបន្ទាន់ តែ​ពលករ​ធ្វើការ​បានតែ​មួយ​រយៈ​ពេល​ខ្លី​គឺ​គ្មាន​ការងារ​ធ្វើ​ទៀត​ទេ ចំណែក ឯកសារ និង​ប្រាក់​ថ្លៃ​រត់ការ​ឯកសារ​ក៏​ត្រូវ​បាន​ក្រុម​មេខ្យល់​ដកហូត​មិន​ប្រគល់​មក​វិញ​នោះ​ទេ។

អ្នក​ធ្វើ​ការងារ​សង្គម និង​ជួយ​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ លោក ប្រាក់ ភត្រា ឱ្យ​ដឹង​ថា ក្រុម​មេខ្យល់​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​ជ្រើសរើស​ពលករ​មក​ធ្វើការ​នៅ​ប្រទេស​ថៃ តែងតែ​បង្ហោះ​រូបភាព​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ រូប​ធ្វើ​សកម្មភាព​គាំទ្រ​បក្ស​កាន់អំណាច​។ ឱ្យ​ដឹង​ទៀត​ថា ត្រឹម​១​ខែ​មកនេះ យ៉ាងហោចណាស់​មាន​មាន​ពលករ​ជាង ១០​នាក់ បាន​ពឹងពាក់​ឱ្យ​លោក​ជួយ​ផ្សព្វផ្សាយ​ករណី​ចាញ់បោក​មេខ្យល់​រក​ការងារ​ធ្វើតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អ្នក​ធ្វើ​ការងារ​សង្គម​រូប​នេះ យល់​ថា ក្រុម​មេខ្យល់​ដែល​ពាក់អាវ​គណបក្ស​ប្រជាជន​កម្ពុជា តែ​មក​កេង​ប្រវ័ណ្ឌ ពលករ​ដូច្នេះ គឺ​ងាយ​ធ្វើ​ឱ្យ​ពលករ​ជឿ​ទុក​ចិត្ត។ លោក​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ចាត់វិធានការ​ផ្លូវ​ទប់ស្កាត់​ជនខិលខូច​ទាំងនេះ។

លោក ប្រាក់ ភត្រា៖ «ដល់​អ៊ីចឹង​ទៅ​ធ្វើ​ឱ្យ​ពលករ​គ្នា​រងគ្រោះ​ហើយ មិន​ទទួល​បាន​ភាព​យុត្តិធម៌ ក្រុម​មេខ្យល់​ទាំងអស់​ហ្នឹង​ពាក់អាវ​បក្ស​(​គណបក្ស​ប្រជាជន​កម្ពុជា​មក​រក​ស៊ី​បោកប្រាស់​ពលករ​អ៊ីចឹង ជា​រឿង​មិន​ត្រឹមត្រូវ ហើយ​ជា​រឿង​មួយ​ធ្វើបាប​ខ្មែរ​ឯង​ដែល​គ្នា​មក​គ្មាន​ការងារ​ក្នុងស្រុក​ហើយ មក​នៅ​ស្រុក​គេ​ហើយ ត្រូវ​បក្ខពួក​មេខ្យល់​ដែល​អាង​ថា សកម្ម​បក្ស​ហ្នឹង​មក​ធ្វើបាប​ជិះជាន់​គ្នា​ទៀត»។

ទាក់ទង​បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក អាន សុខខឿន បាន​ទេ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា។ ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវុណ សុំ​មិន​បកស្រាយ​រឿង​នេះ​ទេ។ ក្រុម​ពលករ បារម្ភ​ថា ប្រសិនបើ​ស្នើ​ទៅ​មន្ត្រី​ស្ថានទូត​កម្ពុជា មិន​ជួយ​អន្តរាគមន៍​ទេ នឹង​មាន​ពលករ​ជាច្រើន​នាក់​ទៀត​ចាញ់បោក​ក្រុម​មេខ្យល់​ទាំងនោះ​។ ទោះ​យ៉ាងណា អ្នកការពារ​សិទ្ធិ​ពលករ រិះគន់​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថា ពួកគេ​ធ្វើ​ការងារ​សកម្ម​តែ​រឿង​ពង្រឹង​បក្ស​ទេ ប៉ុន្តែ បើ​ពលករ​ជួប​ការ​រំលោភបំពាន​សិទ្ធិ ឬ​ចាញ់បោក​មេខ្យល់​គេ​មិនសូវ​ឃើញ​មន្ត្រី​ស្ថានទូត​ជួយ​អន្តរាគមន៍​ទាន់ពេល​ឡើយ។

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា ឱ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ពលករ​ខ្មែរ​ជាង ១​លាន ២​សែន​នាក់​កំពុង ធ្វើការ​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ (Central) បង្ហាញ​ថា មាន​ពលករ​ខ្មែរ​កំពុង​ធ្វើការ​ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ប្រមាណ ២​លាន​នាក់ ដោយ​មួយ​ចំនួន​ពួកគាត់​ទទួលរង​ការ​រំលោភបំពាន​សិទ្ធិ​ការងារ និង​បាត់បង់​ផលប្រយោជន៍ ដែល​ប៉ះពាល់​ដល់​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles