កម្ពុជា
19/11/2023 – 08:21
ដោយ៖ អ៊ឹង ប៊ុនថន
RFI
លោក ជា មុនី ប្អូនប្រុសបង្កើតលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ត្រូវបានចាត់តាំងជាអ្នកនាំពាក្យឲ្យគណបក្សកម្លាំងជាតិ។ លោក ជា មុនី បានក្លាយជាអនុប្រធានគណបក្សប្រឆាំងថ្មីនេះ បន្ទាប់ពីលោកបានចាកចេញពីគណបក្សភ្លើងទៀន។
លោក ជា មុនី បានឡើងជាប្រធានសហជីពសេរីកម្មករនៅដើមឆ្នាំ២០០៤ ពោលតាំងបងប្រុសរបស់លោក គឺលោក ជា វិជ្ជា ត្រូវបានខ្មាន់ កាំភ្លើងបាញ់សម្លាប់នៅកន្លែងលក់កាសែតជាប់របងវត្តលង្កា កាលពីថ្ងៃទី២២មករា២០០៤។ ប៉ុន្តែលោកជា មុនី បានលាឈប់ពីប្រធានសហជីពសេរីកម្មករបន្ទាប់ពីដឹកនាំបាន១១ឆ្នាំ ពោលលោកលាឈប់នៅឆ្នាំ២០១៥។
ក្រោយឈប់ពីសហជីពលោកជា មុនី ហាក់បាត់សំឡេងមួយរយៈពេលធំ ប៉ុន្តែលោកទើបចេញមុខឡើងវិញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចូលរួមជាមួយគណបក្សភ្លើងទៀន។ ប៉ុន្តែលោកបានលាឈប់ពីគណបក្សនេះ កាលពីខែមុន ហើយទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលស្ថាបនិកភាគច្រើនចេញពីគណបក្សភ្លើងទៀនរួមទាំងលោក រ៉ុង ឈុន ដែលត្រូវបានតែងតាំង ជាទីប្រឹក្សា។
គណបក្សកម្លាំងជាតិនេះ ត្រូវបានគ.ជ.ប កាលពីថ្ងៃទី១៦វិច្ឆិកា ទើបទទួលយកសេចក្តីចម្លងនៃការប្រកាសស្តីពីការចុះឈ្មោះ និងការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដែលបង្កើតថ្មីកាលពីពាក់កណ្តាលខែតុលា ឆ្នាំ នេះ។
គណបក្សប្រឆាំងថ្មីនេះ បានប្រកាសថាខ្លួននឹងចូលបោះឆ្នោតព្រឹទ្ធសភា និងបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពេលខាងមុខ បើទោះជាខ្លួនគ្មានអង្គបោះឆ្នោតក៏ដោយ។ ការចូលរួមរបស់គណបក្សនេះ គឺស្របពេលដែលគណបក្សភ្លើងទៀន ទំនងនៅតែមិនអាចចូលរួមការបោះឆ្នោតបានតទៅទៀត ក្រោមហេតុផលរបស់គជប ថាគណបក្សគ្មាន សំបុត្រកំណើត ខណៈគណបក្សនេះអះអាងថា សំបុត្រកំណើតនោះបានបាត់នៅពេលអាជ្ញាធរចូលបង្ក្រាបទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៧៕