មន្ត្រី​បក្ស​ភ្លើង​ទៀន​លោក ខឿន វីរ៉ាត់ ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស

ដោយ ច័ន្ទ ដារ៉ូ
2023.11.19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​បក្ស​ភ្លើង​ទៀន​លោក ខឿន វីរ៉ាត់ ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស

មន្ត្រី​គណបក្ស​ភ្លើងទៀន​គឺ​លោក ខឿន វីរ៉ាត់ (ឆ្វេងទី៣)។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


គ្រួសារ​អះអាង​ថា មន្ត្រី​គណបក្ស​ភ្លើងទៀន​គឺ​លោក ខឿន វីរ៉ាត់ ធ្លាក់ខ្លួន​ឈឺ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ដោយសារ​មន្ត្រី​ពន្ធនាគារ​មិនសូវ​យកចិត្តទុកដាក់​ថែទាំ ជាពិសេស​មិន​អនុញ្ញាត​ឱ្យ​លោក​ទៅ​ព្យាបាល​ជំងឺ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ដល់​អាជ្ញាធរ​ពន្ធនាគារ​យក​ចិត្ត​ទុកដាក់​ព្យាបាល​ជំងឺ​របស់​ជន​ជាប់ឃុំ​ឱ្យ​បាន​ត្រឹមត្រូវ។

សាច់ញាតិ​លោក ខឿន វីរ៉ាត់ ព្រួយបារម្ភ​ពី​សុខភាព​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ កំពុង​ធ្លាក់ខ្លួន​ឈឺ ក្នុង​ពន្ធនាគារ​អាច​ប៉ះពាល់​សុខភាព​កាន់តែ​ធ្ងន់ ប្រសិនបើ​មិន​បញ្ជូន​គាត់​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ​ទាន់ពេល។

ប្រពន្ធ​មន្ត្រី​គណបក្ស​ភ្លើងទៀន​លោក ខឿន វីរ៉ាត់ គឺ​លោកស្រី ថាច់ ចន្ធូ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ថា កាល​នៅ​មាន​សេរីភាព ប្តី​លោកស្រី​តែង​ព្យាបាល​ជំងឺពកក និង​ជំងឺលើសឈាម​ពី​គ្រូពេទ្យ​ជំនាញ ប៉ុន្តែ​ក្រោយពេល​ជាប់ឃុំ​រយៈ​១០​ខែ​មកនេះ ប្តី​លោកស្រី​បាន​ខកខាន​ពិនិត្យ​តាមដាន​ដែល​ធ្វើ​ឱ្យ​ជំងឺ​ធ្វើទុក្ខ​រហូត​វិលមុខ និង​ញ័រ​ដៃជើង​ជាដើម។ លោកស្រី​បន្ថែម​ថា ប្តី​លោកស្រី​បាន​ក្តៅ​ខ្លួន​ស្លេកស្លាំង​ខ្លាំង​ជាច្រើន​ថ្ងៃ​មក​នេះ ។ ទោះបី​យ៉ាង​ណា​ក្តី លោកស្រី​មិន​ទាន់​ទទួល​ដំណឹង​អំពី​មូលហេតុ​ជំងឺ និង​ស្ថានភាព​សុខទុក្ខ​ប្តី​នៅឡើយ​ទេ ក្រោយពេល​គ្រូពេទ្យ​នៅក្នុង​ពន្ធនាគារ​ចូល​យក​ឈាម​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​រួចមក។

លោកស្រី ថាច់ ចន្ធូ៖ «ខ្ញុំ​ថាបើ​ខាង​ពន្ធនាគារ​អត់​មើល​គាត់​ឱ្យ​បាន​ដុត​ដល់​ទេ មាន​ន័យ​ថា គ្រោះថ្នាក់​ដល់​គាត់ ពីព្រោះ​យើង​ឈឺ​ត្រូវ​មាន​ពេទ្យ​គ្រាប់​គ្រាន់​សម្រាប់​ពិនិត្យ ដល់ពេល​យើង​ឈឺ​អ៊ីចឹង​អត់​មាន​អ្នកណា​មើល​យើង​ដុត​ដល់​ទៅ ខ្លាច​គ្រោះ​ដល់​គ្រួសារ​ខ្ញុំ​ដែរ ដល់ពេល​អ៊ីចឹង​ខ្ញុំ​បារម្ភ​ដែរ​យើង​អត់​បាន​មើល​ថែទាំ​គាត់»។

លោកស្រី ថាច់ ចន្ធូ ឱ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​គ្រូពេទ្យ​ជំនាញ​នៅ​មជ្ឈមណ្ឌល​សុខភាព​មេត្តាករុណា​កម្ពុជា (Mercy Medical Center Cambodia) បាន​ចេញ​លិខិត​បញ្ជាក់​ថា លោក ខឿន វីរ៉ាត់ មាន​ជំងឺពកក​កម្រិត​ធ្ងន់​ដោយ​តម្រូវ​ឱ្យ​អ្នកជំងឺ​ត្រូវ​ពិនិត្យ​ព្យាបាល និង​បើក​ថ្នាំ​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​មួយ​ខែ​ម្តង។ ប្រពន្ធ​មន្ត្រី​បក្ស​ភ្លើងទៀន​រូប​នេះ​អះអាង​ថា លោកស្រី​បាន​ប្រគល់​លិខិត​នោះ​ឱ្យទៅ​គ្រូពេទ្យ​នៅ​ពន្ធនាគារ​ព្រៃស ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​ឱ្យ​លោក ខឿន វីរ៉ាត់ អាច​ទទួល​ការ​ព្យាបាល​ជំងឺ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​យ៉ាងណា​នោះ​ទេ។

លោកស្រី ថាច់ ចន្ធូ៖ «ខ្ញុំ​អំពាវនាវ​ដល់​មន្ត្រី​ពន្ធនាគារ​ជួយ​មើល​ប្តី​របស់ខ្ញុំ​ឱ្យ​បាន​ដុត​ដល់ ហើយ​ខ្ញុំ​មាន​តែ​ស្នើ​ដល់​តុលាការ និង​ថ្នាក់ដឹកនាំ​នៅ​ប្រទេស​កម្ពុជា​ដោះលែង​ប្តី​របស់ខ្ញុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​ដើម្បី​បាន​ព្យាបាល​ជំងឺ​នៅ​ខាងក្រៅ​វិញ នៅ​ហ្នឹង​គាត់​មិនអាច​ចេញ​ក្រៅ​បាន និង​អត់​មាន​ថ្នាំ​គ្រប់គ្រាន់​សម្រាប់​គាត់​ហូប​ទេ»។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សាវនា មិន​ទាន់​ឆ្លើយតប​នឹង​សំនួរ​របស់​វិទ្យុ​អាស៊ីសេរី​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅឡើយ​ទេ​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា។

កន្លងមក​សកម្មជន ប្រជាពលរដ្ឋ និង​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​មួយចំនួន ធ្លាប់​បាន​រិះគន់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ជុំវិញ​ការ​អនុវត្ត​ស្តង់ដារ​ពីរ ចំពោះ​អ្នក​ជាប់ឃុំ​ដែល​ក្រីក្រ និង​អ្នកមាន​លុយ​មានអំណាច។ អ្នក​ជាប់ឃុំ​ក្រីក្រ និង​អ្នកទោស​មនសិការ មិន​ងាយ​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ឡើយ ទោះជា​ពួកគេ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬក៏​ស្នើសុំ​ច្រើនដង​បែប​ណា​ក្ដី។ ផ្ទុយទៅវិញ អ្នក​ជាប់ឃុំ​ខ្លះ​ដែល​ជា​ឧក្រិដ្ឋជន តែ​មាន​លុយ ឬ​មាន​អំណាច អាច​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​រយៈពេល​វែង​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា អាជ្ញាធរ​មាន​តួនាទី​យកចិត្តទុកដាក់​ចំពោះ​ជន​ជាប់ឃុំ និង​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ ទោះបី​ពួកគេ​មកពី​និន្នាការ​ណាក៏ដោយ។ លោក​យល់​បើសិន​ករណី​គ្រូពេទ្យ​នៅក្នុង​ពន្ធនាគារ​ពុំ​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​នោះ​ទេ អាជ្ញាធរ​ពន្ធនាគារ​គួរតែ​ស្នើសុំ​តុលាការ​អនុញ្ញាត​ឱ្យ លោក ខឿន វីរ៉ាត់ បាន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ ពីព្រោះ​ការ​ធ្វេស​ប្រហែល​ឱ្យ​នាំ​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​ប៉ះពាល់​សុខភាព​របស់​ជន​ជាប់ឃុំ​ជា​ការ​ទទួល​ខុសត្រូវ​របស់​មន្ត្រី​ពន្ធនាគារ​ចំពោះមុខ​ច្បាប់។

លោក អំ សំអាត៖ «បញ្ហា​ដែល​គេ​រិះគន់​ពី​លំហ​សេរីភាព​នយោបាយ​មានការ​ធ្លាក់ចុះ​ហ្នឹង ហើយ​អាណត្តិ​ទី​៦ ដែល​ជា​ឈាមជ័រ​ថ្មី​ផង ខ្ញុំ​គិតថា​ដើម្បី​សម្រួល​លំហ​នយោបាយ​ហ្នឹង សកម្មជន​នយោបាយ​ដែល​ពាក់ព័ន្ធ​ការចោទប្រកាន់​ដែល​គេ​រិះគន់​ថា ជា​រឿង​នយោបាយ​ច្រើន​ជាង​ការអនុវត្ត​ច្បាប់​នោះ​គួរតែ​ពិចារណា​ដោះលែង ឱ្យ​មាន​សេរីភាព​ដើម្បី​បើក​លំហ​សេរីភាព​នយោបាយ​ហ្នឹង​ឱ្យ​បាន​ទូលាយ​ឡើងវិញ​បាទ»។

លោក ខឿន វីរ៉ាត់ វ័យ ៣៣​ឆ្នាំ មាន​ដើម​កំណើត​ខ្មែរក្រោម និង​ជា​អ្នកនយោបាយ​ថ្នាក់​មូលដ្ឋាន​ដ៏​សកម្ម និង​ស្មោះត្រង់​ចំពោះ​ឆន្ទៈ​ម្ចាស់​ឆ្នោត​ដែល​បោះឆ្នោត​ឱ្យ​លោក​ក្លាយជា​ចៅ​សង្កាត់​រង​ទី​១ នៅ​ក្រុង​ភ្នំពេញ​មកពី​គណបក្ស​សង្គ្រោះជាតិ កាលពី​ឆ្នាំ​២០១៧​។ បច្ចុប្បន្ន​លោក​ជា​ប្រធាន​ចលនា​យុវជន​ថ្នាក់​ជាតិ​របស់​គណបក្ស​ភ្លើងទៀន​។ អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​លោក រួម​ជាមួយ​មន្ត្រី​បក្ស​ភ្លើងទៀន​ពីរ​រូប​ផ្សេងទៀត​គឺ លោក តូច ថឹង និង​អ្នកស្រី នូ សុទ្ធារី កាល​ពី​ថ្ងៃទី​២៤ ខែមីនា ក្រោយ​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​ពួកគេ​ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​ពី​បទ​ក្លែងបន្លំ​ឯកសារ​ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាល​ពី​ឆ្នាំ​២០២១។

សាលាឧទ្ធរណ៍​ភ្នំពេញ​នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​ជំទាស់​របស់​លោក ខឿន វីរ៉ាត់ និង​អ្នកស្រី នូ សុទ្ធារី នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ខាងមុខនេះ​។ ប៉ុន្តែ​គ្រួសារ​សង្ឃឹម​ថា សាលាឧទ្ធរណ៍​ភ្នំពេញ​នឹង​ទម្លាក់​ចោល​ការ​ចោទប្រកាន់ ហើយ​ដោះលែង​ប្តី និង​សកម្មជន​ផ្សេងទៀត​ឲ្យ​មាន​សេរីភាព​ឡើងវិញ ពីព្រោះ​ការ​ឃុំខ្លួន​មនុស្ស​ដែល​ស្អាតស្អំ​ឱ្យ​រង​ទុក្ខ​វេទនា​បែកបាក់​គ្រួសារ​គឺ​ការ​ដាក់​ទណ្ឌកម្ម​ផ្លូវចិត្ត និង​ផ្លូវកាយ​លើ​អ្នកតស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles