មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ដែល​ជា​ជំនួយ​រដ្ឋ​អំណាច​ចិន​កំពុង​បង្កើន​សកម្មភាព​សាងសង់

ដោយ ជាតិ ចំណាន
2023.11.19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ដែល​ជា​ជំនួយ​រដ្ឋ​អំណាច​ចិន​កំពុង​បង្កើន​សកម្មភាព​សាងសង់

ទិន្នន័យ​ផែនដីជាសកល​នៅ​សហរដ្ឋអាមេរិក​ឈ្មោះ ផ្លេនណិត លេបស៍ (Planet Labs) បង្ហាញ​ទិដ្ឋភាពមូលដ្ឋាន​សមុទ្រ​រាម នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ Planet Labs


មូលដ្ឋាន​កងទ័ពជើងទឹក​សមុទ្រ​រាម​ដែល​ជា​ជំនួយ​របស់​រដ្ឋអំណាច​ចិន កំពុង​លេច​រូបរាង​សំណង់​អគារ​ជា​បន្តបន្ទាប់ ខណៈ​កម្ពុជា និង​ចិន​អះអាង​ថា គម្រោង​ទំនើបកម្ម​កំពង់ផែ​សមុទ្រ​រាម​គ្រោង​បិទ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២៤។ អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ព្រួយបារម្ភ​អំពី​ការប្រើប្រាស់​កំពង់ផែ​រាម​ផ្ដាច់មុខ​ដោយ​កងទ័ព​រំដោះប្រជាជន​ចិន ដែល​វា​អាច​បង្ក​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​ទាញ​ឱ្យ​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​នៃ​ការ​អភិវឌ្ឍ​បែប​ថ្មី​របស់​ប្រទេស​ចិន។

រឿងរ៉ាវ​ចម្រូងចម្រាស​នៅ​កំពង់ផែ​សមុទ្រ​រាម​នៅ​ខេត្ត​ព្រះសីហនុ​នៅតែ​ជា​បញ្ហា​ចោទ ដែល​ប្រទេស​លោក​សេរី និង​អ្នកជំនាញ លើកឡើង​អំពី​ការវិវត្តន៍​នៃ​សំណង់​អគារ​ថ្មីៗ និង​បន្ត​ចោទ​ប្រកាន់​ថា មូលដ្ឋាន​កងទ័ព​កំពង់ផែ​រាម​នេះ នឹង​ក្លាយជា​កម្មសិទ្ធិ​ផ្ដាច់មុខ​នៃ​កងទ័ព​រំដោះប្រជាជន​ចិន (PLA)។

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ថា មូលហេតុ​ដែល​បណ្ដា​ប្រទេស​លោកខាងលិច​បន្ត​ចោទ​ប្រកាន់​ថា កម្ពុជា​អនុញ្ញាត​កងទ័ព​ចិន​ដាក់​មូលដ្ឋានទ័ព​លើទឹក​ដី​ខ្លួន​បែបនេះ ដោយសារតែ​កម្ពុជា​ពុំបាន​ធានា​នយោបាយ​អព្យាក្រឹត្យ​របស់​ខ្លួន និង​បង្កើត​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​ចិន​តែ​ម្ខាង។

លោក សេង វណ្ណលី ព្រួយបារម្ភ​ថា បើ​គម្រោង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​បម្រើ​យោធា​ចិន​ពិតមែន​នោះ កម្ពុជា នឹង​ខាតបង់​ធំធេង​ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ ខណៈ​ប្រទេស​បណ្ដា​សមាជិក​អាស៊ាន​មួយចំនួន​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង កំពុង​ព្រួយបារម្ភ​អំពី​ការពង្រីក​ឥទ្ធិពល​យោធា​ចិន ដែល​អាច​បង្ក​ការ​គំរាមកំហែង​សន្តិសុខ​ក្នុង​តំបន់។

លោក សេង វណ្ណលី៖ «ម្យ៉ាងទៀត​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ចិន បាន​បង្កើន​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​ប្រទេស​ជិតខាង​អំពី​ការ​កើន​ឡើង​នៃ​វត្តមាន​យោធា​របស់​ចិន​នៅក្នុង​តំបន់ និង​សក្ដានុពល​របស់​ចិន ក្នុង​ការ​ផ្លាស់ប្ដូរ​តុល្យភាព​អំណាច។ ការណ៍​នេះ បាន​នាំ​ឱ្យ​មាន​ភាព​តានតឹង កាន់តែ​ខ្លាំង​នឹង​ការប្រកួតប្រជែង​ដណ្ដើម​ឥទ្ធិពល ក្នុង​ចំណោម​មហាអំណាច​ក្នុង​តំបន់ ក៏ដូចជា​ជះ​ផល​ប៉ះពាល់​ដល់​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វិក​ទាំងមូល បាទ»។

ទិន្នន័យ​ផែនដី​ប្រចាំ​ថ្ងៃជា​សកល​នៅ​សហរដ្ឋអាមេរិក​ឈ្មោះ ផ្លេនណិត លេបស៍ (Planet Labs) បង្ហាញ​ថា នៅ​ចន្លោះ​ថ្ងៃទី​៣ ខែ​មករា ដល់​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ បង្ហាញ​ថា មូលដ្ឋាន​សមុទ្រ​រាម ពង្រីក​ការសាងសង់​យ៉ាង​ឆាប់រហ័ស។

សមាជិក​ជាន់ខ្ពស់ Adjunct នៃ​កម្មវិធី​ការពារ​នៅ​មជ្ឈមណ្ឌល​សម្រាប់​សន្តិសុខ​អាមេរិក​ថ្មី លោក Tom Shugart ដែល​តាមដាន​គម្រោង​នេះ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ផ្ទៃដី​ដែល​ទើប​ឈូស​ឆាយ​ថ្មីៗ​នេះ​មាន​ទំហំ​ប្រមាណ ៣០ ហិកតារ ។ ក្រៅ​ពី​នេះ លោក​ឱ្យ​ដឹង​ថា សំណង់​អគារ​ធំៗ និង​រចនាសម្ព័ន្ធ​មួយចំនួន​លេច​រូបរាង​នៅ​កំពង់ផែ​រាម​ចុង​ក្រោយនេះ ដែល​គេ​សង្ស័យ​ថា ជា​បន្ទាយ​អគារ​រដ្ឋបាល និង​អគារ​សិក្ខាសាលា។

រូបភាព​ពី​ផ្កាយរណប​ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០២៣ បង្ហាញ​ថា កំពង់ផែ​រាម​មានការ​ពង្រីក​ប្រវែង​កំពង់ផែ ដែល​ក្រុម​អ្នកវិភាគ​បាន​ប៉ាន់​ស្មានថា មាន​ប្រហែល ៣០០ ម៉ែត្រ​។ លោក Tom Shugart ឱ្យ​ដឹង​ថា ប្រវែង​នៃ​ការពង្រីក​នេះ អាច​ផ្ទុក​កប៉ាល់ រួម​ទាំង​នាវា​ផ្ទុក​យន្ត​ប្រភេទ ០០៣ របស់​កងទ័ពជើងទឹក​ចិន​បាន​ផង​ដែរ​។ លោក​ជឿជាក់​ថា ការពង្រីក​កំពង់ផែ​រាម​ប្រមាណ ៣០០​ម៉ែត្រ យ៉ាងហោចណាស់​នឹង​ជួយ​ដល់​ការ​ប្រយុទ្ធ​លើ​ផ្ទៃ​ទឹក​តាមរយៈ​នាវា​ពិឃាត និង​នាវា​ដែល​គាំទ្រ​ផ្នែក​ដឹកជញ្ជូន។

ជាមួយ​គ្នា​នេះ​ដែរ ទស្សនាវដ្ដី (Newsweek) ចុះផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ដោយ​ស្រង់​ប្រសាសន៍​អ្នកវិភាគ​សន្តិសុខ​ដែនសមុទ្រ​លោក HI Sutton ថា វត្តមាន​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​សមុទ្រ​រាម​ដែល​សង្ស័យ​មាន​វត្តមាន​យោធា​ចិន​នោះ កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្ទុក​នាវាចម្បាំង និង​នាវាមុជទឹក​របស់​ចិន​។ លើស​ពី​នេះ លោក Sutton វិភាគ​ថា ទំហំ​នៃ​ការពង្រីក​ប្រវែង​នៅ​កំពង់ផែ​រាម គឺជា​ការ​បញ្ជាក់​អំពី​លទ្ធភាព​នៃ​ការប្រើប្រាស់​កំពង់ផែ​នេះ​របស់​ទីក្រុង​ប៉េកាំង នៅ​ពេល​ដែល​គម្រោង​គាំទ្រ​ដោយ​រដ្ឋអំណាច​ចិន​មួយ​នេះ​សាងសង់​រួចរាល់។ លោក HI Sutton ឱ្យ​ដឹង​ទៀត​ថា កងទ័ព​ជើងទឹក​កម្ពុ​ជា មាន​នាវា​កងទ័ពជើងទឹក​តិចតួច​ប្រើប្រាស់​កំពង់ផែ​រាម​ប្រវែង​ប្រមាណ ៥០ ម៉ែត្រ​តែប៉ុណ្ណោះ។

ទាក់ទង​នឹង​រឿង​នេះ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងទឹក​លោក ទៀ វិញ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង ដោយ​លោក​ប្រាប់​ថា ថ្នាក់លើ​មិន​អនុញ្ញាត​ឱ្យ​លោក​បកស្រាយ។

លោក ទៀ វិញ៖ «អត់​ទេ ទៅ​សួរ​ខាងលើ​ទៅ មិន​បាច់​សួរ​ខ្ញុំ​ទេ អត់​បាន​ទេ​ខ្ញុំ​អត់​ចេះ​ដោះស្រាយ អត់​បកស្រាយ​ទេ ខាងលើ​គេ​ប្រាប់​មិន​ឱ្យ​បកស្រាយ»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ លោក ទៀ សីហា ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ បានទេ​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា។ ទោះជា​យ៉ាងណាក៏ដោយ កម្ពុជា​តាំងពី​សម័យ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន រហូតដល់​សម័យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត តែងតែ​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​បរទេស​ណាមួយ​ដាក់​មូលដ្ឋានទ័ព​នៅ​កម្ពុជា​ឡើយ ដ្បិត​វា​ជា​ការ​រំលោភ​អធិបតេយ្យ និង​ប្រឆាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ប៉ុន្តែ ទន្ទឹម​នឹង​ការ​ជិត​បិទ​បញ្ចប់​ការសាងសង់​មូលដ្ឋានទ័ព​រាម កម្ពុជា​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជិត ៣​ខែ​មកនេះ មន្ត្រី​ភាគី​កម្ពុជា និង​ចិន បាន​ផ្លាស់ប្ដូរ​ការ​បំពេញ​ទស្សនកិច្ច​ជា​ញឹកញាប់ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​ជាមួយ​ចិន ជា​បន្តបន្ទាប់ និង​អះអាង ដើម្បី​ពង្រីក​ចំណងមិត្តភាព និង​ផ្ដល់​ការ​ជឿទុកចិត្ត​ដល់​គ្នា​ទៅវិញទៅមក​។ មេបញ្ជាការ​កងទ័ពជើងគោក​ចិន លី ឈវមីង (LI QIAOMING) កាលពី​ថ្ងៃទី​៦ ខែ​វិច្ឆិកា បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​ឯកភាព​ជាមួយ​កម្ពុជា​ថា នឹង​បន្ត​ជួយ​គាំទ្រ​វិស័យ​ការពារ​ជាតិ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន។ ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​មេបញ្ជាការ​កងទ័ពជើងគោក​ចិន​រូប​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ សីហា កាល​ពី​ដើម​ខែវិច្ឆិកា បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន និង​ស្នើ​ឱ្យ​ចិន​ជួយ​គាំទ្រ​ផ្នែក​យោធា​ដល់​កម្ពុជា។

ទោះ​យ៉ាងណា​អ្នកឃ្លាំមើល​ថា ភាគី​កម្ពុជា និង​ចិន កំពុង​បង្ហាញ​ពី​ភក្ដីភាព ដើម្បី​ជួយ​ការពារ​អំណាច និង​មហិច្ឆតា​គ្នា​ទៅវិញ​ទៅ​មក។

ឯកសារ​យោធា​សម្ងាត់​របស់​មន្ទីរ​បញ្ច​កោណ​អាមេរិក​ដែល​ត្រូវ​បាន​បែកធ្លាយ ហើយ​កាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ (The Washington Post) យក​មក​ចុះផ្សាយ​កាលពី​ចុង​ខែ​មេសា កន្លង​ទៅ បង្ហាញ​ថា ផ្នែក​មួយ​នៃ​កំពង់ផែ​កងទ័ពជើងទឹក​រាម ត្រូវ​បាន​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) កំណត់ទុក​សម្រាប់​ប្រើប្រាស់​ធ្វើជា​មូលដ្ឋានទ័ព​នៃ ​«​កងពល​» របស់​ខ្លួន និង​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​គាំទ្រ​ភស្តុភារ​យោធា​របស់​ចិន​នៅ​លើ​ពិភពលោក។ ឯកសារ​ដដែល​នេះ​បង្ហាញថា មូលដ្ឋានទ័ព​របស់​ចិន​នៅ​កំពង់ផែ​រាម​នេះ ទំនងជា​អាច​ផ្ទុក​វត្តមាន​របស់​កងទ័ព​ចិន​បាន​តិច​ជាង​កំពង់ផែ ដែល​ចិន​កំពុង​សាងសង់​នៅ​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម (UAE)​។ លើស​ពី​នេះ កងទ័ព​រំដោះប្រជាជន​ចិន ក៏​ដាក់​ផែនការ​បង្កើត​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​យ៉ាងហោចណាស់​ចំនួន ៥ និង​ទីតាំង​គាំទ្រ​ដល់​ការ​ផ្គត់ផ្គង់​ភស្តុភារ​ចំនួន ១០ ត្រឹម​ឆ្នាំ​២០៣០ ក្នុង​បំណង​ការពារ​សន្តិសុខ​ជាតិ និង​អត្ថប្រយោជន៍​សេដ្ឋកិច្ច​របស់​ក្រុង​ប៉េកាំង នៅ​ក្រៅ​ប្រទេស។

មូលដ្ឋាន​ទ័ពជើងទឹក​រាម​ដែល​អាមេរិក​សង្ស័យ​មាន​វត្តមាន​យោធា​ចិន​នោះ គ្រោង​បិទ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២៤ ខាងមុខ​។ អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ធ្លាប់​ប្រកាស​ថា នៅពេល​គម្រោង​នេះ​បញ្ចប់​ការសាងសង់ កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​បរទេស​ណាមួយ​ចូល​ត្រួត​ពិនិត្យ ឬ​ចូល​ទៅ​សិក្សា​ស៊ីជម្រៅ​នៅក្នុង​មូលដ្ឋាន​ទ័ពជើងទឹក​រាម​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles