រដ្ឋាភិបាល​កំពុង​រិះរក​យុទ្ធសាស្ត្រ​ជំរុញ​កំណើន​អ្នក​ទេសចរ​ចិន​ឱ្យមក​ទស្សនា​កម្ពុជា

ដោយ ថា ថៃ
2023.11.19
RFA

រដ្ឋាភិបាល​កំពុង​រិះរក​យុទ្ធសាស្ត្រ​ជំរុញ​កំណើន​អ្នក​ទេសចរ​ចិន​ឱ្យមក​ទស្សនា​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (រូបកណ្ដាលលើកដៃសំពះ) ពេលទៅសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នា​ខេត្តសៀមរាប កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


រដ្ឋាភិបាល​កម្ពុជា​បាន​សម្លឹង​ឃើញ​ថា ប្រទេស​ចិន​គឺជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​រក​ចំណូល​ថវិកា​ជាតិ​ច្រើន​គួរសម​តាម​វិស័យ​ទេសចរណ៍​នេះ ប្រសិនបើ​អាច​ទាក់ទាញ​ប្រជាជន​ចិន ឱ្យមក​កំសាន្ត​នៅ​កម្ពុជា​បាន​ចំនួន​ច្រើន។ ក៏ប៉ុន្តែ​ក្នុង​រយៈពេល​២​ឆ្នាំ​ក្រោយពី​ការ​រាតត្បាត​ដោយ​ជម្ងឺ​កូវីដ​១៩ មក​ថ្វីបើ​មានការ​បើកចំហ​ទ្វារ​ទេសចរណ៍​ឡើងវិញ​ក៏ដោយ​ក៏​ចំនួន​អ្នក​ទេសចរណ៍​ចិន ដែល​ធ្លាប់តែ​ឈរ​លំដាប់​លេខ​រៀង​ទី​១​នោះ​មិនបាន​វិលត្រឡប់​មកវិញ​ទេ។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឹងប្រែង​ជាថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​ឱ្យមក​កំសាន្ត​នៅ​កម្ពុជា​មាន​កំណើន​ឡើងវិញ។

តើ​ការ​ប្រឹងប្រែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​នោះ​គឺ​មាន​យុទ្ធសាស្ត្រ​យ៉ាងណា​ខ្លះ.?

មន្ត្រី​គ្រឹះស្ថាន​អង្គរ​ដែល​ជា​ស្ថាប័ន​លក់​សំបុត្រ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២៣​នេះ ចំនួន​ភ្ញៀវ​ទេសចរណ៍ ជនជាតិ​ចិន​ដែល មក​ទស្សនា​ខេត្តសៀមរាប​មាន​ចំនួន​ប្រមាណ​៥​ម៉ឺន​នាក់។

ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២២ ក្រោយ​ពេល​ជំងឺ​កូវីដ​ស្រាកស្រាន្ត​គឺ​មាន​ការ​កើនឡើង​ប៉ុន្តែ បើ​ប្រៀបធៀប​ទៅ​នឹង​មុន​ពេល​ជំងឺ​កូវីដ​១៩​វិញ គឺ​បាន​ថយ​ចុះ​ខ្លាំង។

អគ្គនាយក​គ្រឹះស្ថាន​អង្គ​រលោក លី សែ មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០២៣​នេះ មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​មក​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​សរុប​ចំនួន​ប្រមាណ ៦០​ម៉ឺន​នាក់ ហើយ​ក្នុង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ទាំង​នោះ គឺ​តួលេខ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ដែល​ធ្លាប់​តែ​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ បាន​ធ្លាក់​ចុះ​មក​នៅ​លំដាប់​លេខ​រៀង​ទី​៥​វិញ។

លោក លី សែ ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួង​ទេសចរណ៍​និង​ស្ថាប័ន ពាក់ព័ន្ធ​កំពុង​ប្រឹងប្រែង​រៀបចំ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ឱ្យ​មក​កម្សាន្ត​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​ឡើងវិញ។

លោក លី សែ៖ «យើង​មាន​វិធានការ​ទាក់ទាញ​ដោយ​បាន​ទៅ​ផ្សព្វផ្សាយ​នៅ​ស្រុក​ចិន​ថា ភ្ញៀវ​មក​នឹង​មាន​សុវត្ថិ​ភាពល្អ ហើយ​មាន​ការ​តភ្ជាប់​ជើងហោះហើរ​ជាដើម។ ឥឡូវ​យើង​បាន​បើក​ព្រលាន​យន្តហោះ​ថ្មី​ដែល​ចិន​សហការ​សាងសង់​ហ្នឹង គឺ​ភ្ញៀវ​ទេសចរ​មានការ​ហោះហើរ​ច្រើន។ យើង​បាន​ខិតខំ​ឱ្យ​មាន​ជើងហោះហើរ​ជាច្រើន​នៅ​តាម​តំបន់​ប្រទេស​ចិន ក៏ប៉ុន្តែ​ត្រូវការ​ពេលវេលា​ពីព្រោះ​បញ្ហា​សំខាន់​វា​មាន​វិបត្តិ​សេដ្ឋកិច្ច​ជាន់ៗ​គ្នា ការ​ដើរ​លេង​ជា​ជម្រើស​ចុងក្រោយ ឥឡូវ​ស្ថានភាព​ភ្ញៀវ​ចិន​នៅ​ទាប»។

នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ក្នុង​វេទិកា ជួប​ជាមួយ​វិស័យ​ឯកជន​កាលពី​ថ្ងៃទី១៣ ខែ​វិច្ឆិកា ដោយ​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្តសៀមរាប ក្រសួង​ស្ថាប័ន​អាជ្ញាធរ ពាក់ព័ន្ធ​ត្រូវ​រៀបចំ​កែ លម្អ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បរិស្ថាន​ពង្រឹង​ផ្នែក​សន្តិសុខ​សណ្ដាប់ធ្នាប់ សាធារណៈ​ដល់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​នៅ​តាម​អាកាសយានដ្ឋាន​ក្នុង​ក្រុង​សៀមរាប​និង​តំបន់​គោលដៅ​ទេសចរណ៍​ផ្សេងទៀត​ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស​ឱ្យមក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន។

លោក ហ៊ុន ម៉ាណែត អះអាង​ថា កាលពី​ខែតុលា​កន្លងទៅ​លោក​ធ្លាប់​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង (Xi Jinping) និង​អតីត​នាយករដ្ឋមន្ត្រី​ចិន​លោក លី ឈាំង (Li Quiang) ឱ្យ​ជួយ​បង្កើន​សកម្មភាព​ទំនាក់ទំនង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ពិសេស​គឺ​ការជំរុញ​អ្នកទេសចរ​ជនជាតិ​ចិន​ឱ្យមក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​នៅ​ឆ្នាំ​២០២៤។

លោក ហ៊ុន ម៉ាណែត ក៏បាន​លើកទឹកចិត្ត​រដ្ឋបាល​ខេត្ត​យូណាន ប្រទេស​ចិន​ឱ្យ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​មក​កាន់​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ទេសចរណ៍​នានា​ឱ្យ​បាន​ច្រើន ពីព្រោះ​ខេត្តសៀមរាប​និង​ខេត្ត​យូណាន ជា​ខេត្ត​ដែល​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​គ្នា​ស្រាប់។

ទោះ​យ៉ាងណា​វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការអធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​លោក តុប សុភ័ក និង​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បាន​នៅ​ឡើយ​ជុំវិញ​ការ​ប្រឹងប្រែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឱ្យមក​ទស្សនា​កម្ពុជា​ឱ្យ​បាន​ច្រើន​នេះ។

ជាមួយ​គ្នា​នេះ​ដែរ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រតិភូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី អ៊ឹម ជី​(CMG) ប្រទេស​ចិន​ផ្នែក​ភាសា​ខ្មែរ​ប្រចាំ​មជ្ឈមណ្ឌល​កម្មវិធី​ភាសា​តំបន់​អាស៊ី និង​អាហ្វ្រិក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា បាន​ស្នើ​សុំ​ឱ្យ​ចិន ជួយ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ទំនៀម​ទំលាប់ និង​វិស័យ​ទេសចរណ៍​ព្រមទាំង​ភាសា​ខ្មែរ ទៅ​ដល់​ប្រជាជន​ចិន​ដើម្បី​ឱ្យ​បាន​យល់​ច្បាស់​ពី​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ទាក់ទាញ​អ្នក​វិនិយោគិន និង​អ្នកទេសចរ​ចិន​ឱ្យមក​រកស៊ី​ដើរលេង​កម្សាន្ត​នៅ​កម្ពុជា។

យ៉ាងណាក៏ដោយ​អ្នកវិភាគ​មើល​ឃើញ​ថា អ្នក​ទេសចរ​បរទេស​និង​អ្នក​ទេសចរ​ជនជាតិ​ចិន​ទំនងជា​មិន​អាច​មាន​កំណើន​ខ្លាំង​នៅ​កម្ពុជា​ឡើងវិញ ក្នុង​ពេលនេះ​ទេ ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ បន្ទាប់ពី​ជំងឺ​កូវីដ​១៩ ស្រាកស្រាន្ត​ផង និង​ដោយសារតែ​ភាព​ភ័យខ្លាច​ចំពោះ​សន្តិសុខ​របស់​ផ្ទាល់ខ្លួន​ផង​នោះ។

អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ក្នុង​មួយ​រយៈ​មក​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​ចូល​មក​ស្នាក់នៅ​ក្នុង​ប្រទេស​ជាច្រើន​ដោយ​គ្មាន​ការគ្រប់គ្រង​ឱ្យ​បាន​តឹងរ៉ឹង​ជាហេតុ​ធ្វើ​ឱ្យ​ជនជាតិ​ចិន​មួយចំនួន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ដូចជា​ការ​ជួញដូរ​មនុស្ស ជួញដូរ​គ្រឿងញៀន និង​អំពើ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អនឡាញ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ទាំងមូល។

បណ្ឌិត ឡៅ ម៉ុងហៃ៖ «ថ្មីៗ​នេះ​ឃើញ​ទេ ដូច​រឿង​ភ្ញៀវ​ទេសចរ​អីចឹង​ប៉ះពាល់​ដោយសារ​អំពើ​ទុច្ចរិត​ឬក៏​បទល្មើស​ឧក្រិដ្ឋកម្ម របស់​ជនជាតិ​ចិន​មក​រក​ស៊ី​ជំរិត​មនុស្ស បង្ខំ​ឱ្យធ្វើ​ការ​វាយ​គេ​ជំរិត​គេ»។

កាលពី​ខែកញ្ញា សារព័ត៌មាន​បរទេស​ឈ្មោះ ណៃគី អេស៊ា (Nikkei Asia) ធ្លាប់​ចុះផ្សាយ​ថា ប្រទេស​កម្ពុជា​គឺជា​ជម្រក​សម្រាប់​ក្រុម​ជន​ឆបោក​តាម​អ៊ីនធឺណិត ដែល​មាន​ទាំង​ការ​ជួញដូរ​មនុស្ស អំពើ​ចាប់ជំរិត​មនុស្ស​ទារប្រាក់ ព្រមទាំង​ការ​បាញ់​សម្លាប់​មនុស្ស​ជាដើម។ បន្ថែម​លើ​នេះ​ភាពយន្ត​ចិន​ក៏បាន​ផលិត​រឿង​មួយ​ដែល​មាន​ចំណងជើង​ថា (No More Bets) ក៏បាន​និយាយ​អាក្រក់​ពី​កម្ពុជា​និង​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ម៉ាហ្វៀ (MAFIA) ជា​កន្លែង​ចាប់ជំរិត​និង​ធ្វើ​ទារុណកម្ម​មនុស្ស គួរ​ឱ្យ​ភ័យខ្លាច ដែល​បញ្ហា​ទាំងនេះ​កំពុង​ធ្វើ​ឱ្យ​កម្ពុជា​ជាប់​កេរ្តិ៍ឈ្មោះ​យ៉ាង​អាក្រក់ ព្រមទាំង​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ស្ដារ​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​ឡើងវិញ​ផង។

មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ចិន​ម្នាក់​លោក យិង ហ្វាត មានប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ដែល​មក​ទស្សនា​អង្គរ​បាន​ថយ​ចុះ​យ៉ាងខ្លាំង​បើ​ប្រៀបធៀប​ទៅ​និង​ពេលមុន​កើត​ជម្ងឺ​កូវីដ​១៩។ មគ្គុទ្ទេសក៍​ទេសចរណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ចិន​ជាច្រើន​នាក់ បាត់បង់​ចំណូល​ទាំងស្រុង​ហើយ​បោះចោល​ការងារ​នាំ​ភ្ញៀវ​ទេសចរណ៍​ដោយ​ទៅ​រក​ការងារ​ផ្សេងៗ ដើម្បី​បាន​កម្រៃ​សម្រាប់​រស់នៅ​ប្រចាំថ្ងៃ​វិញ។

លោក យិង ហ្វាត៖ «ភ្ញៀវ​ចិន​នៅ​អត់​ទាន់​សំបូរ​ទេ​ណា​!​។ មគ្គុទ្ទេសក៍​ភាសា​ចិន​កំពុង​ជួប​លំបាក​ច្រើនណាស់​ឥឡូវ​រត់​ទៅ​ធ្វើការ​ផ្សេង​អស់ហើយ​។ ចំណែក​ខ្ញុំ​មនុស្ស​ចាស់​ក៏​ធ្វើ​អី​ទៅណា​មិនកើត​ក៏​ចេះតែ​នៅ​ប្រចាំ​មុខ​អង្គរវត្ត ចេះតែ​បាន​កម្រៃ​តិចតួច​ទៅណា។ ចំពោះ​តែ​ខ្ញុំ​ទេ បើ​មគ្គុទ្ទេសក៍​ក្មេងៗ​កំពុង​ជួប​ការ​លំបាក​ច្រើនណាស់»។

ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស និង​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​អង្គរ​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​បាត់បង់​ការងារ​ប៉ុណ្ណោះ​ទេ វា​ក៏បាន​ធ្វើ​ឱ្យ​អ្នកបំរើ​សេវាកម្ម​ផ្នែក​ទេសចរណ៍​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ និង​ប្រាក់ចំណូល​ដែរ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា​(CTSWF) លោក ម៉ម រិទ្ធី មាន​ប្រសាសន៍​ថា រយៈពេល​៣-៤​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាពលរដ្ឋ​ប្រមាណ​១០​ម៉ឺន​នាក់​នៅ​ខេត្ត​សៀមរាប ដែល​ជា​អ្នក​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ អ្នកបំរើ​សេវាកម្ម​ទេសចរណ៍​នៅ​តាម​សណ្ឋាគារ​និង​ភោជនីយដ្ឋាន ព្រមទាំង​អ្នក​លក់ដូរ​រក​កម្រៃ​ពី​ទេសចរណ៍​បាន​បាត់បង់​ការងារ​និង​ប្រាក់ចំណូល​ប្រចាំថ្ងៃ​ធ្វើឱ្យ​ពួកគេ​ប្រឈមមុខ​និង​បញ្ហា​ជីវភាព​ខ្វះខាត​យ៉ាង​ខ្លាំង។

លោក ម៉ម រិទ្ធី៖ «តាម​ការសង្កេត​របស់​ខ្ញុំ​គឺ​សណ្ឋាគារ ផ្ទះសំណាក់​នៅ​មិនទាន់​បើក​បំរើ​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​១០០%​នៅឡើយ​ទេ គឺ​បើក​ត្រឹមតែ​២០៣០%​ទេ​។ ឯ​ការ​រើស​បុគ្គលិក​ចូល​បំរើ​ការងារ​នៅ​តាម​កន្លែង​សណ្ឋាគារ ផ្ទះសំណាក់​និង​ភោជនីយដ្ឋាន​វិញ​នោះ ក៏​មិនបាន​ពេញលេញ​ដែរ​គឺ​បានត្រឹម​តែ​៣០​ទៅ​៤០%​ទេ មិន​ពេញ​ដូចដើម​ឡើយ​។​ដូច្នេះ​ចំនួន​អ្នក​ដែល​មិនទាន់​មាន​ការងារ​ធ្វើ​វា​អាច​នៅ​ខ្ទង់​៧០%​ឯណោះ ស្ថានភាព​ជីវភាព​គឺ​ធ្ងន់ធ្ងរ​ហើយ​ទាំង​បំណុល​ធនាគារ​និង​ការ​ចំណាយ​ផ្សេងៗ​ប្រចាំថ្ងៃ»។

ទោះជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​កំពុង​រំពឹង​ថា នៅក្នុង​ឆ្នាំ​២០២៣​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា​អាច​មាន​ចំនួន​ជាង ៤​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles