មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ស៊ើប​សង្កេត​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ

ដោយ ជាតិ ចំណាន
2023.11.20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ស៊ើប​សង្កេត​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ

រូបឯកសារ៖ ២៣-វិច្ឆិកា-២០១០៖ ប៉ូលិស​ឈរ​មើល​គំនរ​សម្ភារៈ​របស់​ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១០។ RFA File



មន្ត្រី​សង្គម​ស៊ីវិល​នៅតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ការស៊ើបអង្កេត​រក​អ្នកទទួលខុសត្រូវ​ក្នុង​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ ដើម្បី​រក​យុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ និង​ស្រាយ​មន្ទិលសង្ស័យ​ជំរុញ​ករណីនេះ​។ ពួកគាត់​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ហាក់​គ្មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​មូលហេតុ​នៅ​ពីក្រោយ​ករណីនេះ​យក​មក​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ បន្ទាប់ពី​មាន​ពលរដ្ឋ​ស្លាប់​រាប់​រយ​នាក់។

នៅសល់​រយៈពេល​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​គម្រប់​ខួប​១៣​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​នៅ​ស្ពាន​កោះពេជ្រ រាជធានី​ភ្នំពេញ ខណៈ​អាជ្ញាធរ​នៅ​មិនទាន់​ស្វែងរក ការពិត និង​អ្នកទទួលខុសត្រូវ​ក្នុង​ព្រឹត្តិការណ៍​នោះ​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​នៅឡើយ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៩ វិច្ឆិកា ថា អាជ្ញាធរ​គួរតែ​ស្វែង​ការពិត​នៅ​ពីក្រោយ​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះពេជ្រ​ដើម្បី​បង្ហាញ និង​ពន្យល់​ទៅដល់​ប្រជាពលរដ្ឋ ជាពិសេស​សាច់ញាតិ​ជនរងគ្រោះ​។ លោក​បន្ត​ថា ការ​ទុក​ឱ្យ​សាច់ញាតិ​ជនរងគ្រោះ និង​ពលរដ្ឋ​មាន​មន្ទិលសង្ស័យ​ចំពោះ​បញ្ហា​នេះ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​នោះ​ទេ ពីព្រោះ​បញ្ហា​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ។

លោក យង់ គិមអេង៖ «ត្រូវ​សិក្សា​ឱ្យ​ល្អិត​ពី​ឫសគល់​ពី​ដើមហេតុ​ហើយក៏​ត្រូវ​មាន​កំណត់ហេតុ មាន​របាយការណ៍​ជាក់លាក់​ដែល​ជា​មេរៀន​ជា​បទពិសោធន៍​ដើម្បី​ចែកចាយ​ហើយ​ថា​តើ​កំហុស​នោះ​ជា​កំហុស​អ្នកណា​ឱ្យ​ច្បាស់លាស់​អ្នកណា​អ្នកចូលរួម​ខុស ហើយ​ថា​តើ​សមត្ថភាព​របស់​អាជ្ញាធរ​ហ្នឹង​នៅ​មាន​កម្រិត​ឬក៏​កំហុស​របស់​អាជ្ញាធរ ឬក៏​កំហុស​របស់​អ្នកណា​បាទ​ហ្នឹង​គឺ​ត្រូវ​ឱ្យ​មានការ​កត់ត្រា​ទុក​ឱ្យ​បាន​ច្បាស់លាស់​សម្រាប់​រៀនសូត្រ​ទៅ​ថ្ងៃ​អនាគត​ដើម្បី​បញ្ចៀស​បញ្ហា​អស់ហ្នឹង»។

ក្នុង​ព្រឹត្តិការណ៍​ជាប់​គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ ឬ​ស្ពាន​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​នឹង​ថ្ងៃ​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​អុំទូក ធ្វើ​ឱ្យ​មាន​មនុស្ស ៣៥០​នាក់​ស្លាប់ និង​រាប់រយ​នាក់ ផ្សេងទៀត​រង​របួស​។ រយៈពេល​១៣​ឆ្នាំ មកនេះ ក្រុម​គ្រួសារ​ជនរងគ្រោះ​ខ្លះ នៅតែ​សោកស្ដាយ​ចំពោះ​ការបាត់បង់​សាច់ញាតិ​របស់​ពួកគេ និង​អ្នក​ខ្លះទៀត​យល់​ថា ជា​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​ដែល​បណ្ដាល​ឱ្យ​ឧបហេតុ​នេះ​កើតឡើង។

បើទោះ​បី​រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ថវិកា​ដល់​គ្រួសារ​ជនរងគ្រោះ និង​បាន​សាងសង់​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ក្ដី​ក៏​មកទល់​នេះ​រដ្ឋាភិបាល​នៅតែ​មិនទាន់​អាច​ស្វែងរក​ការពិត និង​មិន​បាន​ចាប់​អ្នកទទួលខុសត្រូវ​ណា​ម្នាក់ ក្នុង​ព្រឹត្តិការណ៍​នេះ មក​ដាក់ទោស ឬ​ទទួលកំហុស​ឡើយ​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា រដ្ឋាភិបាល​ហាក់​ចាត់ទុក​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​ជា​រឿង​មិន​សំខាន់ និង​គ្មាន​ទំនួល​ខុសត្រូវ​ក្នុងនាម​ជា​អាជ្ញាធរ​ការពារ​ពលរដ្ឋ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ លោក ម៉េត មាសភក្ដី និង​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​១៩ វិច្ឆិកា។

ជុំវិញ​បញ្ហា​នេះ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា កត់​សំគាល់​ឃើញ​ថា បន្ទាប់ពី​រដ្ឋាភិបាល​បាន​ផ្ដល់​ថវិកា​បន្តិចបន្តួច​ឱ្យទៅ​ក្រុម​គ្រួសារ​ជនរងគ្រោះ ។ លោក​មិនទាន់​ឃើញ​រដ្ឋាភិបាល​មិន​ស្វែងរក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ជូន​រងគ្រោះ​ឡើយ​។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ការប្រុងប្រយ័ត្ន និង​ដាក់​កម្លាំង​យាមល្បាត​គ្រប់​ច្រកល្ហក​ក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ។

លោក ស៊ឹង សែនករុណា៖ «ទាំង​សមត្ថកិច្ច​ទាំង​អាជ្ញាធរ​ទាំងអស់​គប្បី​យ​ក​ចិត្ត​ទុកដាក់​ក្នុង​ការ​ការពារ​និង​ថែរក្សា​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ដែល​មកលេង​មក​កម្សាន្ត​ជួបជុំគ្នា​ហ្នឹង​ចៀសវាង​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​កើតឡើង​ដូចដែល​យើង​បានដឹង​ដូច​កាល​កន្លង​មក​ហើយ​អ៊ីចឹង​ការ​ជួបជុំ​នេះ​វា​ជា​ការ​សប្បាយរីករាយ​ហើយ​ប្រជាពលរដ្ឋ ហើយ​យើង​ក៏​មិន​ចង់​ឃើញ​មាន​ទុក្ខសោក​កើតមាន​ចំពោះ​ប្រជាពលរដ្ឋ​ទៀត​ដែរ»។

ទន្ទឹមគ្នា​នឹង​ការ​រំលឹក​ខួប ១៣​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​នៅ​កោះពេជ្រ​នេះ អាជ្ញាធរ​ក្រុងភ្នំពេញ​ក៏បាន​រៀបចំ​កម្មវិធី​បុណ្យអុំទូក​បណ្ដែតប្រទីប​ផង​ដែរ គឺ​ចាប់ពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​២៨​ខែវិច្ឆិកា នៅ​មុខ​ព្រះបរមរាជវាំង។

ទោះជា​យ៉ាងណា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ឃើញ​ថា រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ការស្វែងរក​ការពិត​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ និង​ធ្វើ​ពិធី​រំលឹក​ខួប​ឱ្យ​មាន​ភាព​អ៊ូអរ​ជាង​មុន​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​នៅពេល​មាន​កម្មវិធី​ជួបជុំគ្នា​នៅ​ទី​សាធារណៈ​ដែល​មាន​មនុស្ស​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles