ដោយ ច័ន្ទ ដារ៉ូ
2023.11.20
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងកាលពីថ្ងៃទី១៦ វិច្ឆិកា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អ្នកឃ្លាំមើលឃើញ ថា មូលហេតុដែលរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាមិនព្រមបន្ធូរបន្ថយបរិយាកាសនយោបាយ និងបើកលំហប្រជាធិបតេយ្យឡើយវិញដើម្បីងាយស្រួលក្រាញអំណាចដោយគ្មានគូប្រជែង។
អ្នកឃ្លាំមើលនយោបាយលើកឡើងថា ប្រសិនបើរដ្ឋាភិបាលបើកឱ្យពលរដ្ឋអាចអនុវត្តនូវសិទ្ធិសេរីភាពពេញលេញ នោះរដ្ឋាភិបាលនឹងពិបាកក្នុងការទទួលបានសំឡេងគាំទ្រពីពលរដ្ឋ ដោយសារតែបញ្ហាអសកម្មជាច្រើននៅក្នុងសង្គមមិនបានដោះស្រាយ ដូចជាអំពើពុករលួយ ការបំផ្លាញទ្រព្យសម្បត្តិជាតិ និងបក្ខពួកនិយមនៅតាមស្ថាប័នរដ្ឋជាដើម។ ពួកគេថា ដើមហេតុទាំងនេះហើយគឺជាចំណុចស្នូលដែលរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត មិនហ៊ានក្នុងការបើកលំហសេរីភាពជូនពលរដ្ឋ និងដើរតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដនោះ។
អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត មានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលតែងផាត់ចោលមតិរិះគន់ចេញពីគណបក្សប្រឆាំង សង្គមស៊ីវិល ជាពិសេសពលរដ្ឋដែលជាម្ចាស់អំណាចមួយចំនួន ខណៈអ្នកប្រើប្រាស់សិទ្ធិសេរីភាពខ្លះត្រូវរងការចាប់ខ្លួន និងចោទប្រកាន់តាមប្រព័ន្ធតុលាការថែមទៀត។ លោកថា រដ្ឋាភិបាលបច្ចុប្បន្នហាក់គ្មានចេតនាបង្កបរិយាកាសនយោបាយឱ្យប្រសើរឡើងវិញនោះទេ ព្រោះគោលដៅសំខាន់បំផុតគឺការក្តោបក្តាប់អំណាចឱ្យបាន បើទោះបីអំណាចនោះទទួលបានដោយអំពើខុសឆ្គងយ៉ាងណាក៏ដោយ។
លោក វ៉ន ចាន់ឡូត៖ «រដ្ឋាភិបាលគេពិនិត្យមើលផលប្រយោជន៍នៃអំណាច បើសិនរដ្ឋាភិបាលឱ្យមានការអនុវត្តសិទ្ធិសេរីភាព បើកឱ្យមានការរិះគន់ជាដើម ដូច្នេះរដ្ឋាភិបាលនឹងពិបាកក្នុងការទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ពីព្រោះសង្គមសព្វថ្ងៃវាមានបញ្ហាអសកម្មជាច្រើន»។
កន្លងទៅអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងគណបក្សប្រឆាំងតែងតែផ្តល់អនុសាសន៍ជាច្រើនជុំវិញការរំលោភសិទ្ធិ និងប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការលើកស្ទួយសិទ្ធសេរីភាពផ្នែកនយោបាយ ការជួបជុំ និងសេរីភាពក្នុងការបញ្ចេញមតិឱ្យស្របតាមស្តង់ដារអន្តរជាតិដែលកម្ពុជាទទួលស្គាល់។ ប៉ុន្តែមកទល់ពេលនេះ លោក ហ៊ុន ម៉ាណែត នៅមិនទាន់បង្ហាញជំហរដោះស្រាយបញ្ហាសំខាន់ៗ ដូចជាវិបត្តិនយោបាយនៅឡើយទេ។
មិនតែប៉ុណ្ណោះ កម្ពុជាក្រោមការដឹកនាំរបស់លោករយៈពេល៤ខែមកនេះមានសកម្មជននយោបាយនិងសង្គមយ៉ាងហោច១០នាក់ត្រូវបានចាប់ដាក់ពន្ធនាគារ ២នាក់រងនូវអំពើលបវាយប្រហារ ហើយសកម្មជនខ្លះបន្តជាប់គុករងទុក្ខវេទនា ហើយអ្នកខ្លះទៀតត្រូវបង្ខំរត់គេចខ្លួនពីការធ្វើទុក្ខបុកម្នេញទៅជ្រកកោននៅប្រទេសជិតខាង។ សកម្មភាពទាំងនោះកំពុងដើរផ្ទុយបំណងរបស់ក្រុមប្រទេសប្រជាធិបតេយ្យធំៗដូចជាសហរដ្ឋអាមេរិកបន្ទន់ជំហរ និងផ្តល់ឱកាសដល់មេដឹកនាំវ័យក្មេងដើរតាមមាគ៌ាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដកន្លងមក។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីឆ្លើយតបរឿងនេះបានទេ នៅថ្ងៃទី១៩ ខែវិច្ឆិកា។
ជុំវិញរឿងនេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណារ៉ា លើកឡើងថា គណបក្សប្រជាជនកម្ពុជាបារម្ភខ្លាចបាត់បង់អំណាច ដូច្នេះរដ្ឋាភិបាលមិនបន្ធូរដៃចំពោះស្ថានការណ៍នយោបាយដែលគំរាមកំហែងដល់ការកាន់អំណាចនោះទេ។ យ៉ាងណាក្តី លោក ឯម សុវណ្ណារ៉ា យល់ថារដ្ឋាភិបាលគួរតែចាត់វិធានការស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងការឆ្លើយតបនឹងអនុសាសន៍របស់ភាគីពាក់ព័ន្ធជាពិសេសសហរដ្ឋអាមេរិក និងសភាពអឺរ៉ុប ដើម្បីទទួលបានផលប្រយោជន៍ទំនាក់ទំនងកាទូត និងសេដ្ឋកិច្ចសម្រាប់ប្រយោជន៍ពលរដ្ឋ។
លោក ឯម សុវណ្ណារ៉ា៖ «យើងអាចប្រឈមបាត់បង់តទៅទៀតរឿងប្រព័ន្ធអនុគ្រោះពន្ធនាំទំនិញទៅទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែវាមិនមែនបាត់បង់តែអត្ថប្រយោជន៍ពាណិជ្ជកម្មនោះទេ តែកេរ្តិ៍ឈ្មោះក៏ធ្លាក់ចុះដែរ ហើយការគាំពារផ្នែកការបរទេស ការទូតនេះថមថយការគាំទ្រ បើសិនភាគីកម្ពុជានៅតែព្រងើយកន្តើយមិនឈឺឆ្អាលជាវិជ្ជមាននោះ»។
អ្នកឃ្លាំមើលថា បើសិនរដ្ឋាភិបាលនៅតែខកខនមិនបានដោះស្រាយវិបត្តិនយោបាយ បើកលំហសេរីភាព និងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ ពួកគេព្រមានថា កម្ពុជានឹងជៀសមិនផុតពីទណ្ឌកម្មបន្ថែមទៀតនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។