ដោយ ទីន ហ្សាការីយ៉ា
2023.12.09
RFA
កញ្ញា សេង ធារី អ្នកជំនាញច្បាប់ និងនយោបាយអន្តរជាតិ តែងខ្លួនជាអ្នកទោសក្នុងពេលចូលរួមសវនាការ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្តល់ឱ្យ
កញ្ញា សេង ធារី ធ្វើកូដកម្មអត់អាហារ១០ថ្ងៃក្នុងពន្ធនាគារព្រៃស ចាប់ពីថ្ងៃទី៧ ធ្នូ ទៅដល់ថ្ងៃទី១៦ ធ្នូ។
មេធាវី និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយអន្តរជាតិ កញ្ញា សេង ធារី ធ្វើកូដកម្មបង្អត់អាហារខ្លួនឯងនេះ នៅមុនពេលសាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះក្ដី សំណុំរឿងរបស់កញ្ញា នៅថ្ងៃទី១៣ ធ្នូ ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យបង្កើតភាពវឹកវរនៅក្នុងសង្គម។
អ្នកប្រឹក្សាច្បាប់អន្តរជាតិរបស់កញ្ញា សេង ធារី លោក ចារិត ហ្គិនស័រ (Jared Genser) បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី៧ ធ្នូ ថា លោកព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពកញ្ញា សេង ធារី ដែលនាងបានបង្អត់អាហារខ្លួនឯងបែបនេះ។ លោកបន្ថែមថា កញ្ញា សេង ធារី ធ្វើកូដកម្មបង្អត់អាហារបែបនេះ ដើម្បីឲ្យសាលាឧទ្ធរណ៍ផ្ដល់យុត្តិធម៌ជូនកញ្ញា វិញ។ លោកបន្ថែមថា កញ្ញា សេង ធារី មានសេចក្ដីក្លាហាន និងលះបង់សិទ្ធិសេរីភាព ដើម្បីទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
នេះជាលើកទី២ហើយ ដែលកញ្ញា សេង ធារី បានធ្វើកូដកម្មក្នុងពន្ធនាគារអត់អាហារ នៅក្នុងរយៈពេល ៦ខែ ចុងក្រោយនេះ។
សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនកញ្ញា សេង ធារី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅខាងមុខតុលាការក្រុងភ្នំពេញ ក្រោយពីតុលាការប្រកាសសាលក្រមកាត់ទោសឲ្យកញ្ញាជាប់ពន្ធនាគារ ៦ឆ្នាំពីបទចោទរួមគំនិតក្បត់ ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ មួយថ្ងៃបន្ទាប់មកតុលាការបានបញ្ជូនកញ្ញាទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ នៅឆ្ងាយពីបងប្អូននិងមិត្តភក្ដិជាដើម។ ប៉ុន្តែ កាលពីថ្ងៃទី២៣ ខែកញ្ញា អាជ្ញាធរបានផ្ទេរសកម្មជនសិទ្ធិមនុស្សរូបនេះ យកមកឃុំខ្លួននៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី២ ក្នុងរាជធានីភ្នំពេញវិញ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយមន្ត្រីសហរដ្ឋអាមេរិកផ្ទួនៗគ្នាទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើទឹកដីអាមេរិក។
អង្គការសិទ្ធមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកការចាប់ខ្លួន កញ្ញា សេង ធារី នេះ ជារឿងនយោបាយ និងអំពាវនាវឲ្យដោះលេងកញ្ញាវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។