កាសែត Mongabay៖ ផលប្រយោជន៍ដែលទទួលបានពីការផ្ដល់កម្មសិទ្ធិដីធ្លីឲ្យជនជាតិដើមភាគតិច

កម្ពុជា
09/12/2023 – 11:01
ដោយ៖ ប៉ាង សុចិនាថ
RFI

ការផ្ដល់កម្មសិទ្ធិដីធ្លីទៅជនជាតិដើមភាគតិចត្រូវបានរកឃើញថាមិនត្រឹមតែជាការលើកកម្ពស់សិទ្ធិសហគមន៍ជនជាតិដើមនេះនោះទេ តែក៏ជាគន្លឹះក្នុងការអភិរក្សព្រៃឈើ បេតិកភណ្ឌវប្បធម៌ និងជីវចម្រុះ សម្រាប់ជួយដល់សេដ្ឋកិច្ចជាតិថែមទៀត។ កម្ពុជាគឺជាប្រទេសតែមួយគត់ក្នុងតំបន់មេគង្គដែលទទួលស្គាល់សិទ្ធិគ្រប់គ្រងដីរបស់សហគមន៍ជនជាតិដើមភាគតិច។ តែមកដល់ពេលនេះ មានសហគមន៍ជនជាតិដើមភាគតិចចំនួន៤០ប៉ុណ្ណោះដែលទទួលបានកម្មសិទ្ធិដីធ្លីក្នុងចំណោមសហគមន៍សរុបចំនួន៤៥៨នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការផ្សាយរបស់កាសែត Mongabay ចេញផ្សាយកាលពីដើមខែធ្នូ។

ជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា
ជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា © Internet

យោងតាមអត្ថបទមួយចុះផ្សាយដោយកាសែត Mongabay ការមានសិទ្ធិកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិច គឺជាគន្លឹះក្នុងការអភិរក្សធនធានព្រៃនិងជីវៈចម្រុះ។ ការធ្វើបែបនេះនឹងនាំឲ្យមានការបញ្ចៀសពីការកាប់បំផ្លាញនិងការទន្ទ្រានយកដីពីក្រុមជនខិលខូច។

តាម Mongabay ក្រុមជនជាតិដើមភាគតិចជាច្រើន គឺជាអ្នកថែរក្សាជីវៈចម្រុះនិងដីធ្លីប្រកបដោយប្រសិទ្ធិភាព ដោយរក្សាបាននូវតម្លៃវប្បធម៌ទៅតាមបរិបទផ្សេងៗគ្នា។ ចំណែកផលប្រយោជន៍ចម្បងមួយទៀតដែលទទួលបានពីការផ្តល់កម្មសិទ្ធិ ដីធ្លីទៅឲ្យសហគមន៍ជនជាតិដើមភាគតិច គឺការលើកកម្ពស់សិទ្ធិរបស់ពួកគេ។ ទន្ទឹមគ្នានេះ វាក៏អាចចូលរួមការពារដីសហគមន៍ឲ្យឋិតឋេរនិងកំណត់ការការពារជាក់លាក់សម្រាប់ដីសមូហភាពសហគមន៍ ដែលរួមមានដីចម្ការវិលជុំ  ព្រៃអារក្ស និងព្រៃកប់សពជាដើម។ 


នៅក្នុងប្រទេសកម្ពុជា មកដល់ពេលនេះ មានសហគមន៍ជនជាតិដើមភាគតិចតែ៤០ប៉ុណ្ណោះក្នុងចំណោមសហគមន៍សរុប៤៥៨ ដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី។ម្យ៉ាងវិញទៀត ដំណើរការដើម្បីទទួលបានប័ណ្ឌសិទ្ធិដីធ្លីក៏នៅមានបន្ទុកធ្ងន់ និងយឺតយ៉ាវផងដែរ។ មានសហគមន៍ចំនួន៩ ក្នុងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីកំពុងស្នើសុំចុះបញ្ជីកម្មសិទ្ធិដីសមូហភាពសហគមន៍ ខណៈដែលមានសហគមន៍ខ្លះបានស្នើសុំអស់ប្រមាណ១៥ ឆ្នាំមកហើយ។ 

គេអាចប៉ាន់ប្រមាណថា ប្រសិនបើដីសមូហភាពសហគមន៍ ទាំងនេះទទួលបានការចុះបញ្ជីកម្មសិទ្ធិស្របច្បាប់  ផ្ទៃដីសរុប១ម៉ឺនហិកតា ដែលមានព្រៃឈើគ្របដណ្តប់ជាងពាក់កណ្តាលនៃផ្ទៃដីនោះ នឹងត្រូវបានការពាររួមជាមួយតំបន់ដែលនៅជុំវិញ។ ធនធានធម្មជាតិ ដូចជាព្រៃឈើនិងសត្វព្រៃទាំងនេះហើយ ដែលអាចឲ្យរដ្ឋាភិបាលទទទួលបានហិរញ្ញប្បទានពីអន្តរជាតិ ដោយលក់ឥណទានកាបូន ក្រោមគម្រោងរេដបូកបាន។ 

ក៏ប៉ុន្តែរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ផងដែរចំពោះការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុប្រកបដោយអត្រាការប្រាក់ខ្ពស់របស់សហគមន៍ជនជាតិដើមភាគតិចមួយចំនួន ព្រោះបើមិនដូច្នោះទេ សហគមន៍ទាំងនេះ នឹងឈានទៅកាប់បំផ្លាញព្រៃ ឬលក់ដីទាំងមានប្លង់កម្មសិទ្ធិ ដើម្បីសងបំណុលគេ។ 

គួរជម្រាបថា យោងតាមក្រុមការងារអន្តរជាតិសម្រាប់កិច្ចការជនជាតិដើមភាគតិច (IWGIA) កម្ពុជាមានជនជាតិដើមភាគតិចប្រមាណពី២៥ទៅ៤០ម៉ឺននាក់ ពោលស្មើនឹង៣%នៃចំនួនប្រជាជនកម្ពុជាសរុប៕

What Next?

Recent Articles