ដោយ យន់ សាមៀន
2023.12.09
RFA
ចក្រភពអង់គ្លេស (UK) សហរដ្ឋអាមេរិក (USA) និងកាណាដា (Canada) ប្រកាសដាក់ទណ្ឌកម្មជាកញ្ចប់ដ៏ធំមួយទៅលើបុគ្គលដែលមានទំនាក់ទំនងជាមួយការរំលោភសិទ្ធិមនុស្សនៅជុំវិញពិភពលោក នៅមុនខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនៅថ្ងៃទី១០ ខែធ្នូ។
ទណ្ឌកម្មទាំងនោះមានចំនួន៤៦ រួមទាំងការបង្កកទ្រព្យសម្បត្តិនិងការហាមឃាត់ការធ្វើដំណើរជា ពីរប្រភេទ។ ប្រភេទទីមួយ កំណត់គោលដៅលើបុគ្គលចំនួន៩ និងអង្គភាពចំនួន៥ ដែលពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (ភូមា) ដោយបង្ខំឲ្យជនរងគ្រោះធ្វើការ សម្រាប់«កសិដ្ឋានបោកប្រាស់» តាមអ៊ីនធឺណិត ដែលបណ្តាលឱ្យមានការក្លែងបន្លំជាលក្ខណៈទ្រង់ទ្រាយធំ។
ជនរងគ្រោះត្រូវបានគេសន្យាថា នឹងឲ្យការងារដែលមានប្រាក់ខែល្អ ប៉ុន្តែត្រូវទទួលរងការធ្វើទារុណកម្មមានលក្ខណៈឃោរឃៅ អមនុស្សធម៌ ឬមើលងាយមើលថោកជាដើម។ ក្រុមហ៊ុននិងបុគ្គលរងទណ្ឌកម្មនៅកម្ពុជារួមមានក្រុមហ៊ុន ហ្សាំង ហេង គ្រុប (Zheng Heng Group) នៅរាជធានីភ្នំពេញ, កាស៊ីណូ ហេង ហ័រ (Heng He Casino) នៅខេត្តស្វាយរៀង, សណ្ឋាគារ ខេ ប៊ី (K.B Hotel ) នៅខេត្តព្រះសីហនុ, ក្រុមហ៊ុនអចលនវត្ថុ ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន (Pacific Real Estate Management) នៅរាជធានីភ្នំពេញ និងក្រុមហ៊ុនហ្គោលដេន សាន់ ស្កាយ អ៊ីនធើថិនម៉ិន (Golden Sun Sky Entertainment) នៅខេត្តព្រះសីហនុ។
ចំណែក បុគ្គលដែលត្រូវទណ្ឌកម្មវិញរួមមានម្ចាស់ក្រុមហ៊ុន ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន លោក ហ៊ុំ សុវណ្ណនី (Hum Sovanny) និង លោក ឌុង លីឆេង (Dong Lecheng) ជាម្ចាស់ក្រុមហ៊ុន ហ្គោលដេន សាន់ ស្កាយ អ៊ីនធើថិនម៉ិន។
កាលពីខែសីហាកន្លងទៅ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ចេញផ្សាយរបាយការណ៍ថ្មីមួយរកឃើញថា មានមនុស្សរាប់សែននាក់ត្រូវបានក្រុមឧក្រិដ្ឋជនបង្ខំឱ្យធ្វើការងារតាមប្រព័ន្ធអ៊ីនធឺណិត នៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះយ៉ាងហោចណាស់មានមនុស្សមួយសែនពីរម៉ឺននាក់ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេបង្ខំឱ្យធ្វើការសម្រាប់ «កសិដ្ឋានបោកប្រាស់» តាមអ៊ីនធឺណិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។