វេទិកា​អ្នក​ការពារ​សិទ្ធិមនុស្ស​វ័យក្មេង​កម្ពុជា​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​គំរាមកំហែង​​សកម្មជន​សិទ្ធិមនុស្ស

ដោយ ស្ងួន អមរា
2023.12.08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

វេទិកា​អ្នក​ការពារ​សិទ្ធិមនុស្ស​វ័យក្មេង​កម្ពុជា​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​គំរាមកំហែង​​សកម្មជន​សិទ្ធិមនុស្ស

មន្ត្រី​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង ថ្លែងក្នុងពិធី​ប្រារព្ធខួប៧៥ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិនេះ រៀបចំឡើងនៅឃុំធ្មា ស្រុកជ័យសែន និងព្រះវិហារ កាលពីថ្ងៃទី៦ ធ្នូ ២០២៣។ រូប​៖ ហ្វេសប៊ុក CYN


វេទិកា​អ្នកការពារ​សិទ្ធិមនុស្ស​វ័យក្មេង​នៅ​កម្ពុជា​រក​ឃើញ​ថា សកម្មជន​សិទ្ធិមនុស្ស​វ័យក្មេង នៅ​តែ​បន្ត​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋាភិបាល ដោយសារតែ​សកម្មភាព​ស្ម័គ្រចិត្ត ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង​បរិស្ថាន​។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា សកម្មជន​សិទ្ធិមនុស្ស​វ័យក្មេង គឺជា​បុគ្គល​គំរូ​នៅ​ក្នុង​សង្គម ហើយ​រដ្ឋាភិបាល​គួរតែ​លើកទឹកចិត្ត​សកម្មជន​វ័យក្មេង ជា​ជាង​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ពួកគេ។

បណ្ដាញ​យុវជន​កម្ពុជា ហៅ​កាត់​ថា CYN បាន​រៀបចំ​វេទិកា អ្នកការពារ​សិទ្ធិមនុស្ស​វ័យក្មេង​មួយ ក្រោម​ប្រធានបទ ការគោរព​សិទ្ធិ​អ្នកការពារ​សិទ្ធិមនុស្ស ជា​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស និង​យុត្តិធម៌​សង្គម នៅក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៨ ខែ​ធ្នូ។


វេទិកា​ដែល​មាន​រយៈពេល​ពេញ​មួយ​ថ្ងៃនេះ​មាន​អ្នកចូលរួម​ប្រមាណ ៨០​នាក់ ភាគច្រើន គឺជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស​វ័យក្មេង ដែល​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ រួម​មាន​ដូចជា សហគមន៍​ព្រៃ​ឡង់​ទាំង​៤​ខេត្ត សហគមន៍​តំបន់​អារ៉ែង ខេត្ត​កោះកុង និង​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ ខេត្ត​កំពង់ស្ពឺ​ជាដើម​។ បន្ថែម​ពី​នេះ ក៏​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​និស្សិត​កំពុង​សិក្សា​នៅ​តាម​សកល​វិទ្យាល័យ ក្នុង​ទីក្រុង​ភ្នំពេញ​ចូលរួម​ផង​ដែរ។

សកម្មជន​ការពារ​ព្រៃ​ឡង់ ខេត្តព្រះវិហារ​ម្នាក់ គឺ​លោក ចាន់ សារិន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​គាំទ្រ​សកម្មភាព​ការងារ​ប្រជា​សហគមន៍​ព្រៃ​ឡង់​ចុះ​ការពារ​ព្រៃឈើ​នោះ​ឡើយ ផ្ទុយទៅវិញ​អាជ្ញាធរ​បែរ​ជា​ការពារ​អ្នក​ចូល​កាប់​ព្រៃឈើ​។ លោក​បន្ត​ថា តាមរយៈ​ការ​ចែករំលែក​ចំណេះដឹង​ពី​សិទ្ធិ​របស់​អ្នកការពារ​សិទ្ធិមនុស្ស លោក​បាន​យល់​កាន់តែ​ច្បាស់​អំពី​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​បាន​ចែង​ការពារ​សកម្មជន​សិទ្ធិមនុស្ស។

លោក ចាន់ សារិន៖ «សំណូមពរ​ដល់​រាជរដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន​ដែល​គាត់​ជា​ម្ចាស់​នៅ​ជិត​ព្រៃ មេត្តា​លើកទឹកចិត្ត ហើយ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ការពារ​ព្រៃឈើ​របស់​យើង​ជា​សម្បត្តិ​ដូនតា​របស់​យើង ហើយ​បើក​សិទ្ធិ​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើ​ពេញលេញ​នៅក្នុង​តំបន់​ព្រៃឡង់»។

ស្រដៀង​គ្នា​នេះ សកម្មជន​ការពារ​ព្រៃឡង់​វ័យក្មេង​ម្នាក់​ទៀត មក​ពី​ខេត្ត​កំពង់ធំ គឺ​កញ្ញា ពីន ស្រីណេន លើកឡើង​ថា កញ្ញា​បាន​យល់​កាន់តែ​ច្បាស់​អំពី​គុណ​តម្លៃ ការងារ​របស់​កញ្ញា​ចូលរួម​ការពារ​ព្រៃ​សហគមន៍។ កញ្ញា​បន្ថែម​ថា តាមរយៈ​ការ​ចូលរួម​វេទិកា​សកម្មជន​សិទ្ធិមនុស្ស​វ័យក្មេង​នេះ កញ្ញា​បាន​ស្វែងយល់​បន្ថែម​អំពី​បទពិសោធន៍​ការងារ​សហគមន៍​ដទៃ​ទៀត ហើយ​កញ្ញា​ក៏​បាន​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​សកម្មជន​សិទ្ធិមនុស្ស​ពី​វិស័យ​ផ្សេងៗ​ទៀត​ផង​ដែរ។

មន្ត្រី​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង មាន​ប្រសាសន៍ថា សកម្មជន​ការពារ​សិទ្ធិមនុស្ស​វ័យក្មេង​ជាច្រើន នៅតែ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ និង​ការរើសអើង​ពី​សំណាក់​អាជ្ញាធរ និង​រដ្ឋាភិបាល នៅពេល​ពួកគេ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​។ លោក​បន្ត​ថា សកម្មជន​សិទ្ធិមនុស្ស​វ័យក្មេង​ដើរ​តួនាទី​សំខាន់ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ ហើយ​តាមរយៈ​បទពិសោធន៍​ការងារ​សង្គម យុវជន​ក៏​មាន​ឱកាស​យល់​កាន់តែ​ច្បាស់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ផង​ដែរ។

លោក ហេង គឹមហុង៖ «នៅ​ពេល​ដែល​គាត់​ចូលរួម​ការពារ​សិទ្ធិមនុស្ស ចូលរួម​ការពារ​សង្គម ហើយ​គាត់​ក្លាយ​ជា​អ្នកដឹកនាំ​អីហ្នឹង គាត់​អាច​មាន​ការ​គិតគូរ​ច្រើន គាត់​មាន​ការ​បារម្ភ​ហើយ​នឹង​យកចិត្តទុកដាក់​ទៅលើ​ការ​អភិវឌ្ឍ​ដែល​មិន​បង្ក​ឱ្យ​មាន​ការរំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន»។

លោក ហេង គឹមហុង បន្ថែម​ថា ដើម្បី​ក្លាយជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស​វ័យក្មេង យុវជន​ភាគច្រើន​បាន​ជម្នះ​ពី​ការរារាំង​របស់​គ្រួសារ និង​ហ៊ាន​ប្រឈម​ទៅ​នឹង​ហានិភ័យ​ផ្សេងៗ​នៅពេល​បំពេញការងារ ដូច្នេះ​អាជ្ញាធរ​គួរ​លើកទឹកចិត្ត​សកម្មជន​សិទ្ធិមនុស្ស ជាជាង​បន្ត​យក​ប្រព័ន្ធ​តុលាការ​គំរាមកំហែង​ទៅលើ​ភាព​សកម្ម​ការងារ​សង្គម​របស់​ពួកគេ។

លោក ហេង គឹមហុង៖ «ក្នុងនាម​ជា​ប្រទេស​គោរព​សិទ្ធិមនុស្ស ខ្ញុំ​យល់​ថា រដ្ឋាភិបាល​គួរតែ​បង្ក​លក្ខណៈ​ងាយស្រួល កុំឱ្យ​មានការ​រារាំង​ដល់​ការចូលរួម​របស់​យុវជន និង​ប្រជាពលរដ្ឋ​ដែល​គាត់​មានបំណង​ចង់​លើកកម្ពស់​សិទ្ធិមនុស្ស ហើយ​ការពារ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគាត់ នៅ​តាម​មូលដ្ឋាន​របស់​គាត់​នីមួយៗ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ នៅ​ថ្ងៃទី​៨ ខែ​ធ្នូ។

កម្ពុជា​បាន​បង្ហាញ​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​ការគោរព​សិទ្ធិមនុស្ស តាមរយៈ​ការធានា​ដោយ​រដ្ឋធម្មនុញ្ញ ជំពូក​ទី​៣ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​បាន​បញ្ជាក់​ពី​ភាព​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ចូលរួម​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ដោយ​គ្មាន​ការ​រំខាន និង​ត្រូវ​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋ។ ថ្វីបើ​មានការ​ធានា​ដោយ​ច្បាប់​កំពូល​របស់​ជាតិ និង​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ ប៉ុន្តែ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គេ​សង្កេត​ឃើញ​ថា បញ្ហា​រំលោភសិទ្ធិ​មនុស្ស នៅតែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ។

បើ​ទោះ​បី​ជា​សកម្មជន​សិទ្ធិមនុស្ស​វ័យក្មេង ធ្វើ​ការងារ​សង្គម​ដោយ​មិន​មាន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ក្ដី តែ​កន្លងមក អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋាភិបាល​មិន​ព្រម​សហការ​ជាមួយ​សកម្មជន​សិទ្ធិមនុស្ស​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​បែរ​ជា​លាប​ពណ៌​សកម្មជន​សិទ្ធិមនុស្ស​ទាំងនោះ​ថា ជា​ក្រុម​អ្នកនយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទៅវិញ។ ជាក់ស្ដែង សកម្មជន​ចលនា​មាតា​ធម្មជាតិ ៦​នាក់ នៅតែ​រង​បទ​ចោទ​រួមគំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ ខណៈ​សហគមន៍​អន្តរជាតិ​តែងតែ​ផ្ដល់​តម្លៃ និង​លើកទឹកចិត្ត​តាមរយៈ​ការ​ផ្ដល់​ពាន​រង្វាន់​ទៅ​ដល់​ពួកគេ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែល​ធ្វើជា​វាគ្មិន​ក្នុង​វេទិកា​សកម្មជន​ការពារ​សិទ្ធិមនុស្ស​វ័យក្មេង​ផង​នោះ លើកឡើង​ថា ការងារ​របស់​សកម្ម​ជន​សិទ្ធិមនុស្ស​វ័យក្មេង​មិន​ត្រឹមតែ​ផ្ដល់​បទពិសោធន៍​ការងារ និង​គុណ​តម្លៃ​របស់​សកម្មជន​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​ទេ តែ​ក៏​ចូលរួម​ចំណែក​លើកកម្ពស់​យុត្តិធម៌​សង្គម​ទៀត​ផង​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​លើកទឹកចិត្ត​សកម្មជន​ការពារ​សិទ្ធិមនុស្ស ជា​បុគ្គល​គំរូ និង​ពិចារណា​ចំពោះ​ការ​លើកឡើង​ពី​ក្ដី​កង្វល់​របស់​សកម្មជន​សិទ្ធិមនុស្ស ជាជាង​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​រឹតត្បិត​សេរីភាព​ការងារ​របស់​ពួកគេ។

លោក ស៊ឹង សែនករុណា៖ «ឆន្ទៈ​របស់​យុវជន​មួយចំនួន​ចូលរួម​នៅក្នុង​ពេល​នេះ ជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ហ្នឹង គឺ​យើង​សូម​មានការ​កោត​សរសើរ​មែនទែន ក្នុង​ខណៈ​ពេល​ដែល​ភាគច្រើន​ជា​យុវជន​ទៅ​រក​ប្រយោជន៍​(​ផ្ទាល់ខ្លួន​ច្រើន​ជាង ហើយ​ទោះបីជា​បញ្ហា​ប្រឈម​យ៉ាងណា លំបាក​យ៉ាងណា ក៏​នៅតែ​ជម្នះ​ក្នុង​ការចូលរួម​ដើម្បី​ការពារ​នូវ​ផលប្រយោជន៍ ការពារ​នូវ​សិទ្ធិ​សេរីភាព ការពារ​នូវ​សិទ្ធិ​របស់​មនុស្ស​ហ្នឹង គឺ​នៅតែ​មាន​ការចូលរួម​ទោះបី​មាន​ចំនួន​មិន​ច្រើន​ក៏ដោយ»។

ក្រៅពី​ទទួល​យក​ធាតុ​ចូល អំពី​ក្ដី​កង្វល់ និង​តម្រូវការ​របស់​សកម្ម​ជន​សិទ្ធិមនុស្ស​វ័យក្មេង ដែល​មកពី​វិស័យ​បរិស្ថាន ធនធានធម្មជាតិ សិទ្ធិ​ការងារ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ហើយ​នោះ មន្ត្រី​គម្រោង​បណ្ដាញ​យុវជន​កម្ពុជា កញ្ញា អេង ស្រីពៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា វេទិកា​អ្នកការពារ​សិទ្ធិមនុស្ស​វ័យក្មេង ក៏​នឹង​ចេញ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​ក្នុង​ពេល​ឆាប់ៗ​នេះ​ផង​ដែរ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា រដ្ឋាភិបាល​គួរ​ចាត់ទុក​សកម្មជន​សិទ្ធិមនុស្ស គឺជា​ដៃគូ​អភិវឌ្ឍ ជាជាង​បន្ត​លាប​ពណ៌​ទៅលើ​សកម្មជន​ការងារ​សង្គម ដែល​សុខចិត្ត​លះបង់​កម្លាំងកាយ កម្លាំងចិត្ត​គិតគូរ​អំពី​ប្រយោជន៍​រួម ច្រើន​ជាង​ប្រយោជន៍​ផ្ទាល់ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles