អង្គការ​យូនីសេហ្វ​រក​ឃើញ​អំពើ​ហិង្សា​លើ​កុមារ​នៅតែ​មាន​នៅ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2023.12.09
RFA

អង្គការ​យូនីសេហ្វ (Unicef) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការប្រើ​អំពើ​ហិង្សា​លើ​កុមារ​ជា​បន្ទាន់។

អង្គការ​យូនីសេហ្វ កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ ឲ្យ​ដឹង​ថា កុមារ​ជាច្រើន​កំពុង​ជួប​ប្រទះ​នៃ​ការប្រើ​អំពើ​ហិង្សា​ដ៏​អាក្រក់ រួម​ទាំង​ការ​រំលោភបំពាន​លើ​រាងកាយ ផ្លូវចិត្ត ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង រំលោភ​បំពាន​គ្រប់​រូបភាព។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូនីសេហ្វ ចេញ​កាល​ពី​កាលពី​ថ្ងៃទី​៨ ធ្នូ ធ្វើ ឡើង​នៅ ក្រោយ ពេល​នាយក​ប្រចាំ​តំបន់ អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក អ្នកស្រី ដេបូរ៉ា ខូម៉ូនី (Debora Comini) បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ នៅ​កម្ពុជា កាល​ពី​ថ្ងៃទី​៨ ធ្នូ។ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នេះ ដើម្បី​លើក​កម្ពស់​សិទ្ធិ​កុមារ និង​ពិនិត្យមើល​ដំណើរ​ការងារ​របស់​អង្គការ​យូនីសេហ្វ នៅ​កម្ពុជា ក្នុង​បេសកកម្ម​លើក​កម្ពស់​សិទ្ធិ​កុមារ គាំពារ​ថែទាំ​កុមារ និង​ជួយ​ដល់​យុវជន​ដែល​ងាយ​រងគ្រោះ​បំផុត។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អ្នកស្រី​បាន​ជួប​មន្ត្រី​នៅ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ជជែក​អំពី​ការ​លើក​កម្ពស់ និង​ការពារ​កុមារ​នៅ​កម្ពុជា។

អង្គការ​យូនីសេហ្វ បាន​ស្ទង់​មតិ​សុខភាព​ប្រជាសាស្ត្រ​កម្ពុជា​ឆ្នាំ​២០២១- ឆ្នាំ​២០២២ រកឃើញ​ថា កុមារ​៦៦% ដែល​មាន​អាយុ​ពី ១​ឆ្នាំ​ដល់​១៤​ឆ្នាំ មាន​បទ​ពិសោធន៍​ទទួលរង​នូវ​អំពើ​ហិង្សា​នៅ​តាម​ផ្ទះ ២៧% ត្រូវ​អ្នក​ថែទាំ​ដាក់​ទណ្ឌកម្ម​ផ្នែក​រាងកាយ។

អង្គការ​យូនីសេហ្វ ស្នើ​ថា ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ យូនីសេហ្វ​គាំទ្រ​កម្មវិធី​ដែល​អនុវត្ត​នៅ​ក្នុង​វត្ត​អារាម ដែល​ដឹកនាំ​ដោយ​ក្រសួង​វប្បធម៌ និង​ក្រសួង​ធម្មការ និង​សាសនា ដែល​កម្មវិធី​នេះ ផ្ដោត​លើ​ការ​ពង្រឹង​ចំណេះដឹង និង​ជំនាញ​របស់​ព្រះសង្ឃ ដើម្បី​អប់រំ​គ្រួសារ​របស់​កុមារ ជំនឿ និង​ការ​ផ្លាស់ប្ដូរ​អកប្បកិរិយា​ទាក់ទង​នឹង​ការប្រើប្រាស់​អំពើ​ហិង្សា ការបង្កើត​កន្លែង​មាន​សុវត្ថិភាព ក្នុង​សាលារៀន ផ្ទះ និង​សហគមន៍​សម្រាប់​កុមារ។

អង្គការ​យូនីសេហ្វ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្ដេជ្ញាចិត្ត​ការពារ​សិទ្ធិ​កុមារ ដែល​មាន​ចែង​នៅក្នុង​ពិសារ​បន្ថែម​នៃ អនុញ្ញាត​ស្ដីពី​សិទ្ធិ​កុមារ និង​នីតិវិធី​នៃ​ទំនាក់ទំនង និង​រួមចំណែក​ពង្រឹង​ការទទួលខុសត្រូវ​ចំពោះ​កុមារ ដោយ​ការបង្កើត​យន្តការ ដើម្បី​ឲ្យ​កុមារ​អាច​ស្វែងរក​ការ​ដោះស្រាយ បញ្ហា​រំលោភ​សិទ្ធិ​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles