ដោយ ខាន់ លក្ខិណា
2023.12.08
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងពេលចុះជួបពលរដ្ឋនៅតំបន់រុនតាឯក ខេត្តសៀមរាប កាលពីថ្ងៃទី៨ ធ្នូ ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងទៅវៀតណាមដើម្បីពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាមស្ដីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ។
ទោះបីជាយ៉ាងណា អ្នកឃ្លាំមើល លើកឡើងថា លោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចទ្វេភាគីនៅ វៀតណាមសប្ដាហ៍ក្រោយនេះ ដើម្បីបញ្ជាក់ពីទំនាក់ទំនងជាមួយចិន ខណៈកម្ពុជា ត្រូវគេមើលឃើញថា លម្អៀងទៅប្រទេសចិន ដែលប៉ះពាល់ផលប្រយោជន៍វៀតណាម និងប្រទេសក្នុងតំបន់។
អ្នកឃ្លាំមើលលើកឡើងថា លោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅវៀតណាមសប្ដាហ៍ក្រោយនេះ ដើម្បីបញ្ជាក់ជំហរទំនាក់ទំនងជាមួយចិនផង និងទទួលយកសំណើ ឬផែនការយុទ្ធសាស្ត្ររបស់វៀតណាមផង ក្រោយឡើងកាន់ តំណែងនាយកមន្ត្រីបន្តវេនពីឪពុក។
ការលើកឡើងនេះ ធ្វើឡើងស្របពេលក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កាលពីថ្ងៃទី០៧ ខែធ្នូ បានចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងថា លោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១១ ដល់១២ ខែធ្នូ ខាងមុខនេះ តាមអញ្ជើញទៅរបស់មេដឹកនាំវៀតណាម។
ក្រសួងការបរទេសថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) នឹងជួបប្រជុំទ្វេភាគី ក្នុង គោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ លើវិស័យ ជាច្រើន រួមមាន អប់រំពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែន ជាដើម។
បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។
ប្រភពដដែលថា នាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រម ព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាមស្ដីពីការជំរុញ ពាណិជ្ជកម្ម និងវិនិយោគ។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក មាស សុភ័ណ្ឌ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេនៅថ្ងៃទី៨ ខែធ្នូ។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសកុម្មុយនីស្តវៀតណាម នេះ ស្របពេលមេទ័ពចិនមកបំពេញទស្សនកិច្ច និងបញ្ជូននាវាចម្បាំងរបស់ខ្លួន មកដល់មូលដ្ឋានកំពង់ផែរាម ដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការយោធា កាលពីថ្ងៃទី៣ ខែធ្នូ ខណៈបណ្ដាប្រទេស លោកសេរីកំពុងព្រួយ បារម្ភ ចំពោះសំណង់អគារជាជំនួយ របស់ចិននៅក្នុង មូលដ្ឋានកងទ័ព ជើងទឹកកំពង់ផែរាម ខេត្តព្រះសីហនុ អាចនឹងក្លាយទៅ ជាកម្មសិទ្ធិផ្ដាច់មុខរបស់កងទ័ពរំដោះប្រជាជនចិនយកប្រើប្រាស់ ដើម្បីពង្រីក ឥទ្ធិពលយោធារបស់ខ្លួនប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ធ្នូ ថា ដំណើរទស្សនកិច្ច ទៅវៀតណាមនៅថ្ងៃទី១១ ដល់១២ ខែធ្នូ ខាងមុខនេះ អាចជាការណែនាំខ្លួនផង និងដើម្បីបញ្ជាក់ពីទំនាក់ទំនងរវាងកម្ពុជា ជាមួយចិនផង ពីព្រោះ បន្ទាប់ពីឡើង កាន់តំណែងនាយករដ្ឋមន្ត្រីនោះ លោក ហ៊ុន ម៉ាណែត បានទស្សនកិច្ចទ្វេភាគី ប្រទេសចិន ដែលធ្វើឱ្យវៀតណាមព្រួយបារម្ភ។
លោក សេង វណ្ណលី៖ «វៀតណាមមើលឃើញថា ភាពជិតដិតរវាងកម្ពុជាជាមួយចិន វាបង្កបញ្ហា អសន្តិសុខជាពិសេសសន្តិសុខដែនសមុទ្រ ដោយសារវៀតណាម ជាប្រទេសគូជម្លោះនៅដែនសមុទ្រចិនខាងត្បូងជាមួយនឹងចិន ហើយបើសិនជា ការចោទប្រកាន់របស់បស្ចិមលោកថា កម្ពុជាកំពុងផ្ដល់មូលដ្ឋាន ទ័ពឈរជើង ដល់កងទ័ពរំដោះជាតិចិននៅទឹកដីកំពង់ផែនរបស់ខ្លួននោះ នឹងធ្វើឱ្យសន្តិសុខ ឬក៏ការអះអាងទាមទារ ដែនអធិបតេយ្យលើសមុទ្រចិនខាងត្បូងរបស់វៀតណាមនឹងមានហានិភ័យ។ អ៊ីចឹងហើយវៀតណាមគាត់ មានការប្រុងប្រយ័ត្ន»។
អ្នកតាមដានភូមិសាស្ត្ររូបនេះថា បញ្ហាទំនាក់ទំនងកម្ពុជា-វៀតណាមមានចំណុចអវិជ្ជមានច្រើន ជាងវិជ្ជមាន បើធៀបនឹងទំនាក់ទំនងរវាងឡាវ និងថៃនោះ។
លោកបញ្ជាក់ថា ចំណុចអវិជ្ជមាន ដូចជា បញ្ហាព្រំដែន និងបញ្ហាប្រវត្តិសាស្ត្រ ទោះបីជាអំឡុងពេលនោះ វៀតណាមបានបណ្ដេញខ្មែរក្រហម ចេញមែន ប៉ុន្តែវៀតណាមមិនបានដកទ័ពខ្លួនចេញខ្មែរនោះទេ ដែលអន្តរជាតិចាត់ទុកថាជា រំលោភបំពានអធិបតេយ្យកម្ពុជាជាដើម។
លោក សេង វណ្ណលី ថា បញ្ហាទាំងនេះ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរយល់ថា កម្ពុជាចាញ់ប្រៀបវៀតណាម។
ថ្មីៗនេះ វៀតណាមបានស្នើភាគី កម្ពុជាចំនួន ២ដងក្នុងរយៈពេលតែ ៤ថ្ងៃប៉ុណ្ណោះ ដើម្បីក្រើនរំលឹកឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ សមាគមន៍ និងជួយគាំទ្រប្រជាជន វៀតណាមដែលរស់នៅកម្ពុជាបន្តទៀត។
ការស្នើ ២ដងដល់កម្ពុជា របស់ភាគីវៀតណាម ក្នុងរយៈពេល ៤ថ្ងៃ គឺលើកទី១ នៅថ្ងៃទី១ ធ្នូ អំឡុងពេលប្រធានរដ្ឋសភាថ្មីកម្ពុជាអ្នកស្រី ឃួន សុដារី ទៅប្រជុំ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ខណៈលើកទី ២ នៅពេលគណៈប្រភូ ក្រសួងការបរទេសវៀតណាម បំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី៣ ធ្នូ។
ការស្នើម្ដងហើយម្ដងទៀតនេះ ស្របពេលជនជាតិវៀតណាមជាតិ ១០ម៉ឺននាក់ បានទទួលបានប័ណ្ណស្នាក់ស្របច្បាប់ក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្នពួកគេកំពុងបំពេញលក្ខខណ្ឌរបស់ក្រសួងមហាផ្ទៃ ដើម្បីទទួលបានសញ្ជាតិខ្មែរ ខណៈជនជាតិវៀតណាមជិត ១០០នាក់ទទួលបានសញ្ជាតិខ្មែរពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។