ពលរដ្ឋ​ជាង ៣​រយ​គ្រួសារ នៅ​ឃុំ​បឹងប្រាំ ខេត្ត​បាត់ដំបង ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ

ដោយ យ៉ង ចាន់តារា
2023.12.10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ជាង ៣​រយ​គ្រួសារ នៅ​ឃុំ​បឹងប្រាំ ខេត្ត​បាត់ដំបង ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ

តំណាងសហគមន៍ដីធ្លី ក្នុងតំបន់បឹងប្រាំ ស្រុកបវេល ជាង ៤០នាក់ បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧៥ កាលពីថ្ងៃទី៨ ធ្នូ ២០២៣។ រូប៖ លីកាដូ​/លោក អ៊ិន គង់ជិត


ប្រជា​ពលរដ្ឋ​ជាង ៣​រយ​គ្រួសារ នៅ​តំបន់​បឹងបី និង​បឹងប្រាំ ស្ថិត​ក្នុង​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ទាមទារ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​ជម្លោះដីធ្លី​រ៉ាំរ៉ៃ និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ឱ្យ​ពួកគាត់​ដោយ​ស្របច្បាប់ បន្ទាប់ពី​អ្នក​មាន​អំណាច និង​មន្ត្រី​មូលដ្ឋាន​ឃុបឃិត​គ្នា​រំលោភ​យក​ជាង ១០​ឆ្នាំ​មកនេះ​។ មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា អាជ្ញាធរ​គួរ​ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​នេះ​ឱ្យ​បាន​ឆាប់រហ័ស និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឱ្យ​ពួកគាត់ ដើម្បី​ការពារ​ការទន្ទ្រាន​យក​ដោយ​អ្នក​មាន​អំណាច​តទៅ​ទៀត។

ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងបី និង​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង អះអាង​ថា ពួក​គាត់​មិន​អាច​បង្ក​បង្កើន​ផល និង​កាន់​កាប់​ដីធ្លី​របស់​ខ្លួន​ដោយ​ស្រប​ច្បាប់​ឡើយ ដោយ​ពួកគាត់​អះអាង​ថា ដោយសារ​អាជ្ញាធរ​អូស​បន្លាយ​ពេល និង​បាន​ឃុបឃិត​គ្នា​ជាមួយ​អ្នក​មាន​អំណាច លួច​ធ្វើ​ប្លង់​កាន់​កាប់​ដី​របស់​ពួកគាត់។

ពលរដ្ឋ​នៅ​ភូមិ​សំណាង​ប្រស្រី ឃុំ​បឹងប្រាំ លោក ឈុត ម៉ៅ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៩ ធ្នូ ថា អាជ្ញាធរ​មិន​ព្រម​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​បឹងប្រាំ​ឡើយ ដោយ​អះអាង​ថា ជា​ដី​មាន​ជម្លោះ​ជាមួយ​បុគ្គល​ឈ្មោះ សង ថន តាំង​ពី​ឆ្នាំ​២០១១។ លោក​បារម្ភ​ថា ការ​បន្ត​ពន្យារ​ពេល​មិន​ដោះស្រាយ​បែបនេះ អាច​ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​ដីធ្លី​ទៅ​ទាំងស្រុង​ដោយសារ​ក្រុម​អ្នក​មាន​អំណាច ដែល​ឃុបឃិត​ជាមួយ​មន្ត្រី​មូលដ្ឋាន លួច​ធ្វើ​ប្លង់​កាន់កាប់​យក​ធ្វើ​កម្មសិទ្ធិ ដូច​នៅ​តំបន់​បឹង​បី​ដែរ។ លោក​ស្នើ​ឱ្យ​រដ្ឋបាល​ខេត្តបាត់ដំបង ជួយ​ដោះស្រាយ​វិវាទ​មួយ​នេះ​ឱ្យ​បាន​ឆាប់រហ័ស និង​ប្រគល់​ដី​ដោយ​ស្របច្បាប់​ឱ្យ​ពលរដ្ឋ​ដាំ​ដុះ​ដំណាំ​ចិញ្ចឹមជីវិត​ឡើងវិញ។

លោក ឈុត ម៉ៅ៖ «តាំងពី​ឆ្នាំ​២០០៣ មក​មិន​ដែល​មាន​បញ្ហា​អី​ទេ​។ តែ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​កាប់ឆ្ការ​ស្រឡះ ដល់​ឆ្នាំ​២០១១ បាន​ចេញ​មុខ​គេ​មក​ហ៊ុមព័ទ្ធ​យក​ដី​ប្រជាពលរដ្ឋ​ហ្នឹង​តែម្ដង។ បើ​ខាង​បឹងបី សុំ​ឱ្យ​អាជ្ញាធរ​និរាករណ៍​លើ​ប្លង់​ដែល​ធ្វើ​លើ​តុ​នេះ។ និរាករណ៍​ចោល​ដើម្បី​ធ្វើ​ប្លង់​ឱ្យ​អ្នក​ដែល​គ្នា​អាស្រ័យ​ផល​ពិតប្រាកដ នៅ​ហ្នឹង​ពិតប្រាកដ មាន​ភូមិ មាន​សាលារៀន ត្រឹមត្រូវ​ពិតប្រាកដ»។

ទំនាស់​ដីធ្លី​របស់​ពល​រដ្ឋ​នៅ​ឃុំ​បឹង​ប្រាំ បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ និង​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ចំនួន ១០​នាក់ ជាប់​បណ្ដឹង​នៅ​តុលាការ ពី​បទ​ប៉ះពាល់​កម្មសិទ្ធិឯកជន តាម​មាត្រា​២៤៨ និង​២៥៣ នៃ​ច្បាប់​ភូមិបាល តាំងពី​ឆ្នាំ​២០១៥ ក្នុង​នោះ​ស្ត្រី​ម្នាក់ គឺ​លោកស្រី នួន នឿន ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង រហូត​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេឃុំ​បឹងប្រាំ លោក ឈា នី និង​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី៩ ធ្នូ។

កាលពី​ថ្ងៃទី៨ ធ្នូ តំណាង​សហគមន៍​ដីធ្លី ក្នុង​តំបន់​បឹង​ប្រាំ ស្រុក​ប​វេ​ល ជាង ៤០​នាក់ បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ លើក​ទី ៧៥ ដោយ​អ្នក​ចូល បាន​លើក​បដា​ជាច្រើន​ផ្ទាំង សម្ដែង​ក្ដី​កង្វល់​ចំពោះ​បញ្ហា​ដីធ្លី​ពួកគាត់ និង​ស្នើសុំ​ទៅ​អាជ្ញាធរ ឱ្យ​ដោះស្រាយ​ទំនាស់​វិវាទ​ដីធ្លី ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​សមាជិក​ពួកគាត់ ចំនួន ១៩២​គ្រួសារ ឱ្យ​បាន​ឆាប់រហ័ស។ ពួកគាត់​បាន​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​ព្រងើយកន្តើយ មិន​យកចិត្តទុកដាក់​ដោះស្រាយ​កង្វល់​អំពី​ការប្រើប្រាស់​ដី គ្មាន​ប័ណ្ណកម្មសិទ្ធិ​របស់​ពួកគាត់​ឡើយ។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត យល់ឃើញ​ថា អាជ្ញាធរ​គួរតែ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​សហគមន៍​ដីធ្លី​នៅ​ឃុំ​បឹង​ប្រាំ ឱ្យ​បាន​ឆាប់រហ័ស ព្រោះ​ប្រជាពលរដ្ឋ​បាន​ដាក់​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​អភិបាល​ខេត្ត និង​មាន​ការ​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​តម្រូវ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ចុះ​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ ជាបន្ទាន់​។ លោក​បារម្ភ​ថា ការដែល​អាជ្ញាធរ​នៅតែ​ពន្យារពេល​ចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​ពលរដ្ឋ​បែបនេះ អាច​នឹង​បណ្ដាល​ឱ្យ​ពួកគាត់​ប្រឈម​នឹង​ការបាត់បង់​ដី​បង្កបង្កើនផល ដោយសារ​អ្នកមាន​លុយ និង​អំណាច​ទន្ទ្រាន​យក។

លោក អ៊ិន គង់ជិត៖ «ការ​ដែរ​ពន្លឿន និង​យកចិត្តទុកដាក់​ចុះបញ្ជី​ដីធ្លី និង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​ពួកគាត់​ពេលនេះ និង​អាច​ជួយ​រួមចំណែក​ការពារ​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​របស់​ពួកគាត់​ប្រកបដោយ​សុវត្ថិភាព»។

វិវាទ​ដីធ្លី​របស់​សហគមន៍​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១១ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ មេឃុំ​បឹងប្រាំ ឈ្មោះ ឈា នី និង​មន្ត្រី​ផ្សេងទៀត ឃុបឃិត​ជាមួយ​អ្នក​មាន​អំណាច ដែល​ពលរដ្ឋ​ស្គាល់​ថា ឈ្មោះ សង ថន បាន​ហ៊ុមព័ទ្ធ​យក​ដី​ប្រជាពលរដ្ឋ​ដែល​ខំ​កាប់ឆ្ការ​ព្រៃ​ធ្វើ​កសិកម្ម តាំង​ពី​ឆ្នាំ​១៩៩៩។ ដី​ដែល​មាន​ទំនាស់​នេះ មាន​ទំហំ​ជាង ១​ពាន់​ហិកតារ (១០៨៥) នៅ​ចំណុច​បឹង​បាត់​ប្រមាត់ បឹងដេកា បឹង​ដង្កោ បឹង​ចោរស្លាប់ បឹង​ដំរី​ស្លាប់ នៅ​ភូមិ​សំណាងប្រស្រី ក្នុង​ឃុំ​បឹងប្រាំ ដែល​ចែក​ជា​ពីរ​តំបន់ គឺ​តំបន់​បឹង​បី និង​តំបន់​បឹង​ប្រាំ ដែល​មាន​ពលរដ្ឋ​ប៉ះពាល់​សរុប​ជាង ៣​រយ​គ្រួសារ (៣២៨)។

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី និង​រដ្ឋបាល​ខេត្ត​បាត់ដំបង ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក សុខ លូ គួរ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នេះ​ឱ្យ​បាន​ឆាប់រហ័ស និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឱ្យ​ពួកគាត់​កាន់កាប់​ដោយ​ស្ងប់ចិត្ត កុំឱ្យ​មាន​មាន​ការ​ព្រួយ​បារម្ភ​ថា នឹង​ត្រូវ​អ្នក​មាន​អំណាច​រំលោភ​យក​យ​តាម​អំពើ​ចិត្ត​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles