ដោយ ជាតិ ចំណាន
2023.12.10
RFA
ឈើសុក្រំដែលត្រូវគេយកមកទុកនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បម្រុងដឹកទៅប្រទេសវៀតណាម កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ រូបភាព៖ សហគមន៍ផ្ដល់ឲ្យ
ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីអះអាងថា ក្រុមឈ្មួញដែលរកស៊ីឈើ កំពុងសម្រុកកាប់និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពារធម្មជាតិ យកទៅលក់នៅប្រទេសវៀតណាម ដោយមិនឃើញមានអាជ្ញាធរពាក់ព័ន្ធចុះទប់ស្កាត់និងបង្ក្រាបនោះទេ ។ ចំណែកមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសថា មិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។
ប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ចំនួនពីរស្រុក គឺស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី អះអាងថា ក្រុមឈ្មួញមានអំណាច កំពុងសម្រុកកាប់ឈើនៅក្នុងតំបន់ព្រៃការពារ និងដឹងជញ្ជូនឈើទាំងអស់នោះ យកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាមដោយសេរី ។ អ្នកភូមិថា ក្រុមឈ្មួញទាំងនោះបានប្រើប្រាស់គោយន្តដើម្បីដឹកឈើចេញពីព្រៃតំបន់ការពារ និងមានរថយន្ត ឡង់គ្រីស័រ (Land Cruiser) ដឹកជញ្ជូនឈើបន្តឆ្លងដែនពេលយប់។ ឈើទាំងនោះមានដូចជា ស្រឡៅ ផ្ចឹក និងសុក្រំ ជាដើម។
ជនជាតិដើមភាគតិចព្នង រស់នៅស្រុកអូររាំង លោក សុខ មូល ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ ខែធ្នូ ថា ក្រុមឈ្មួញបានបញ្ជូនកម្មករឲ្យចូលទៅកាប់ឈើមានតម្លៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងព្រៃសហគមន៍ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅពេលថ្ងៃ។ ចំណែកនៅពេលយប់ មានឡានឡង់គ្រីស័រ ដឹងជញ្ជូនបន្តយកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម តាមច្រកព្រំដែនកង់រ៉ាឡង (Kangralang) ដោយមិនឃើញមានអាជ្ញាធរពាក់ព័ន្ធចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេះនោះ ទេ។ លោកបន្ថែមថា សហគមន៍មិនហ៊ានរាយការណ៍ទៅអាជ្ញាធរនោះទេ ដោយសារអាជ្ញាធរនៅតំបន់នោះសុទ្ធសឹងតែជាប់ពាក់ព័ន្ធជាមួយជនល្មើស និងខ្លាចក្រុមឈ្មួញទាំងនោះធ្វើបាប។
លោក សុខ មូល៖ «កំពុងតែធ្វើកំពុងអារកំពុងតែដឹក ឃើញឈើណាគេកាប់ឈើហ្នឹងគេគប់គិតគ្នាហ្នឹងគេធ្វើរាល់ថ្ងៃនៅត្រង់ចំណុចដាក់ដាំ ដឹកចេញពីព្រៃទៅគោយន្ត ដល់ផ្លូវស្អាតទៅគេដឹកឡាន មានតែមួយមុខហ្នឹងគឺដឹកយកទៅវៀតណាម បើអាជ្ញាធរទប់ស្កាត់នៅហើយឈើ ប៉ុន្តែក្រៅពីសហគមន៍ទប់ស្កាត់អត់មានទេ សុទ្ធតែគ្នាគាត់»។
ស្រដៀងគ្នានេះដែរ ប្រជាសហគមន៍ម្នាក់ទៀតរស់នៅ ស្រុកពេជ្រាដា លោក ស្រាំង សឿន ឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈើបានចូលកាប់ឈើនៅក្នុងព្រៃសហគមន៍ភូមិឡាំមេះ និងតំបន់ការពារធម្មជាតិដទៃទៀតនៅក្នុងស្រុកពេជ្រាដា ដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនកង់រ៉ាឡង នៃស្រុកអូររាំង ។ ពលរដ្ឋរូបនេះចាត់ទុកការបណ្ដែតបណ្ដោយឲ្យមានការកាប់និងដឹកជញ្ជូនដោយសេរីបែបនេះ ជាការបើកភ្លើងខៀវពីអ្នកមានអំណាចនៅក្នុងខេត្ត ទើបពួកឈ្មួញទាំងនោះហ៊ានរកស៊ីឈើដោយខុសច្បាប់បែបនេះ ។ ទោះជាយ៉ាងណា ពលរដ្ឋរូបនេះបន្ថែមថា ពលរដ្ឋនៅតំបន់នោះមិនហ៊ានយកទូរស័ព្ទថត និងផ្សព្វផ្សាយជាសាធារណៈនោះទេ ពីព្រោះកន្លងទៅតែងតែមានអាជ្ញាធរមកគំរាមកំហែងជាញឹកញយ។
លោក ស្រាំង សឿន៖ «រដ្ឋាភិបាលរាល់ថ្ងៃនេះដោយសារគាត់ចន្លោះប្រហោងគាត់ធូររលុងហ្នឹងហើយបានថាចេះតែអ្នកបំផ្លាញបំផ្លិចបំផ្លាញចេះតែមានអំណាចមានឥទ្ធិពល មានចិត្តបំផ្លាញលោភលន់ សូមអាជ្ញាធរពិសេសអាជ្ញាធរនឹងម៉ងថ្នាក់ជាតិហ្នឹងម៉ងសូមឱ្យពួកគាត់ទប់ស្កាត់ជាបន្ទាន់មិនបាច់ថា ចាំថ្ងៃនេះ ថ្ងៃនោះពេលនេះពេលនោះ អាទិត្យនេះ អាទិត្យនោះឆ្នាំនេះឆ្នាំនោះអត់ទេជាបន្ទាន់ម៉ងអន្តរាគមន៍ជាបន្ទាន់ម៉ង»។
សហគមន៍ជនជាតិដើមភាគតិចព្នង បន្ថែមទៀតថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមឈ្មួញទាំងអស់នោះរកស៊ីកាប់ឈើ និងដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាម ពោលគឺកើតឡើងសឹងរាល់ឆ្នាំ ភាគច្រើនពួកគេតែងតែធ្វើឡើងនៅចុងឆ្នាំនិងដើមឆ្នាំថ្មី។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អភិបាល ខេត្តមណ្ឌលគិរី លោក ថង សាវុន និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោក ហែម បូណារ៉ែល ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៩ ខែធ្នូ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ចំណែកអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យដឹងថា លោកនៅមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ លោកស្នើសុំឲ្យសហគមន៍ផ្ដល់ព័ត៌មានទាំងអស់នេះទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីធ្វើការវិភាគ និងចុះបង្ក្រាប។
លោក អេង ហ៊ី៖ «ខ្ញុំអត់ទាន់បានព័ត៌មានហ្នឹងទេ សូមឱ្យផ្តល់ព័ត៌មានតាមតេឡេក្រាមមក ទី១គឺសូមឱ្យគាត់ផ្តល់ព័ត៌មានមកខ្ញុំឱ្យច្បាស់លាស់ ហើយយើងនឹងវិភាគព័ត៌មានហ្នឹងយើងនឹងស្រាវជ្រាវព័ត៌មានហ្នឹង ហើយយើងនឹងបង្ក្រាបឱ្យតែមានបទល្មើសហើយអាចគាត់ផ្តល់ព័ត៌មានច្បាស់ការឱ្យហើយខ្ញុំនឹងទំនាក់ទំនងជាមួយគាត់»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តមណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់ឃើញថា បញ្ហាទាំងនេះកើតឡើងទៅបានដោយសារតែមន្ត្រីពាក់ព័ន្ធមិនបានបំពេញកាតព្វកិច្ច និងអនុវត្តច្បាប់ឲ្យត្រឹមត្រូវ ទើបបណ្ដែតបណ្ដោយឲ្យជនល្មើស រកស៊ីការកាប់ឈើនិងដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមបាន។ លោកបន្ថែមថា អាជ្ញាធរពាក់ព័ន្ធគួរតែបង្ហាញ លេខទំនាក់ទំនងជាសាធារណៈ និងប្រាប់ពីមធ្យោបាយជាក់លាក់ដល់ប្រជាពលរដ្ឋទូទៅឲ្យបានដឹង ដើម្បីងាយស្រួលពួកគេរាយការណ៍ នៅពេលបានជួបបទល្មើសព្រៃឈើនិងបទល្មើសផ្សេងៗ។
លោក ប៊ី វ៉ាន់នី៖ «ការពារ ឬក៏សុវត្ថិភាពអ្នកផ្តល់ព័ត៌មានដែរ ដើម្បីឱ្យគាត់ហ៊ានឬក៏គាត់ហ៊ានផ្តល់ព័ត៌មានត្រូវតែយើងធានានូវសុវត្ថិភាពរបស់ពួកគាត់ព្រោះរឿងខ្លះវាធ្វើឱ្យប៉ះពាល់ដល់មន្ត្រី ឬក៏អ្នកមានលុយមានអ៊ីចឹងវាធ្វើឱ្យពួកគាត់ហ្នឹងមានហានិភ័យចំពោះសុវត្ថិភាពរបស់ពួកគាត់ អ៊ីចឹងហើយយើងចង់ឱ្យខាងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផ្សព្វផ្សាយអំពីមធ្យោបាយផ្តល់ព័ត៌មានទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមមធ្យោបាយណាដែលយើងអាចផ្តល់បាន»។
កន្លងទៅអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រកាសសន្យាក្ដែងៗចំពោះមុខសាធារណជន ពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសព្រៃឈើ និងការពារព្រៃឈើឱ្យបានគង់វង្ស។ លើសពីនោះលោក ហ៊ុន សែន ថែមទាំងអះអាងដាក់ជីវិត ឬកាត់កចោល ប្រសិនបើការពារព្រៃឈើមិនបានទេនោះ និងមានពេលខ្លះទៀត លោក ហ៊ុន សែន បញ្ជាឲ្យបាញ់រ៉ុកកែតកម្ទេចក្បួនដឹកឈើរបស់ឈ្មួញទៀតផង។ ប៉ុន្តែរយៈពេលជិត២០ឆ្នាំមកនេះ ក្រុមសកម្មជន និងអង្គការអន្តរជាតិ តែងតែរកឃើញថា មានការកាប់ព្រៃឈើធ្វើអាជីវកម្ម យ៉ាងអនាធិបតេយ្យ ក្នុងនោះក៏មានជាប់ពាក់ព័ន្ធក្រុមឧកញ៉ា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងសាច់ញាតិរបស់ គ្រួសារត្រកូលហ៊ុនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។