ដោយ យ៉ង ចាន់តារា
2023.12.10
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថតរូបជាមួយពលរដ្ឋដែលរដ្ឋាភិបាលជម្លៀសទៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែធ្នូ ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
តំណាងពលរដ្ឋនៅតំបន់រុនតាឯក លើកឡើងថា ប្រជាពលរដ្ឋភាគច្រើន នៅតែបន្តទុកដី និងផ្ទះចោល ដើម្បីទៅធ្វើការ និងប្រកបមុខរបរនៅក្រុងសៀមរាប ពីព្រោះនៅរុនតាឯកគ្មានការងារធ្វើ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក មានជីវភាពសមរម្យ រដ្ឋាភិបាលគួរបង្កើតឱកាសការងារក្នុងតំបន់រុនតាឯកផ្ទាល់។
តំណាងប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក និងអង្គការសង្គមស៊ីវិលស្នើថា ដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅតំបន់រុនតាឯកបាន រដ្ឋាភិបាលគួរបង្កើតមុខរបរ ឬចែកដីស្រែចម្ការទៅដល់ប្រជាពលរដ្ឋ។
តំណាងពលរដ្ឋដែលត្រូវបង្ខំចិត្តទៅរស់នៅតំបន់រុនតាឯក ម្នាក់ ប្រាប់វិទ្យុអាស៊ីសេរី ដោយលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងថា ប្រជាពលរដ្ឋនៅតំបន់រុនតាឯក នៅតែទុកដី និងផ្ទះចោល។ លោកបន្តថា បើទោះបីជារដ្ឋាភិបាលផ្ដល់រថយន្តក្រុង ១០គ្រឿង និងបន្តចែកប័ណ្ណសមធម៌ដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់រុនតាឯកក្ដី ក៏មិនអាចលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់រុនតាឯកបានរយៈពេលយូរនោះឡើយ។
រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីឆ្នាំ២០២២កន្លងទៅ បានបណ្ដេញប្រជាពលរដ្ឋរស់នៅតំបន់អប្សរាប្រមាណ ៦ពាន់គ្រួសារ ដោយបង្ខំឱ្យទៅរស់នៅតំបន់រុនតាឯក ក្រោមហេតុផល ខ្លាចអង្គការយូណេស្កូ (UNESCO) ដកតំបន់ប្រាសាទអង្គរវត្តចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ ការលើកឡើងនេះត្រូវបានយូណេស្កូ បដិសេធថា មិនមែនជាការពិតនោះទេ។ កាលពីថ្ងៃទី៨ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថា នឹងអភិវឌ្ឍន៍តំបន់រុនតាឯក ឲ្យក្លាយជាទីក្រុង។
ក្រៅពីចែកអំណោយ បញ្ចូលក្របខ័ណ្ឌទៅដល់គ្រូបង្រៀន និងគ្រូពេទ្យជាប់កិច្ចសន្យា ជាថ្នូរឱ្យពួកគេបន្តធ្វើការនៅតំបន់រុនតាឯកហើយនោះ លោក ហ៊ុន ម៉ាណែត ក៏បានផ្ដល់រថយន្តក្រុង១០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋពីតំបន់រុនតាឯក ទៅមកក្រុងសៀមរាប ដោយឥតគិតថ្លៃទៀតផង។
លោក ហ៊ុន ម៉ាណែត៖ «កន្លងទៅខ្ញុំឃើញមានអង្គការអន្តរជាតិមួយចំនួនឆ្លៀតឱកាស អ្នកនយោបាយមួយចំនួនឆ្លៀតឱកាសមកវាយប្រហាររដ្ឋាភិបាលថា យកប្រជាជនយកបោះចោលទាំងវេទនា ខ្ញុំថា អ្នកមកមើលហ្នឹងគួរឱ្យមកមើលនៅហ្នឹង។ ប្រទេសកម្ពុជាមិនមែនប្រទេសអ្នកមានដូចសហរដ្ឋអាមេរិក (United States) ទេ តែប្រទេសមួយនេះ មានរាជរដ្ឋាភិបាល មានថ្នាក់ដឹកនាំដែលមិនអត់ចិត្តទេ ខិតខំដើម្បីធ្វើយ៉ាងណាប្រែក្លាយឱ្យលឿន មិនទុកឱ្យប្រជាពលរដ្ឋចោលទេ»។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ដែលធ្លាប់បានចុះកម្មសិក្សានៅតំបន់រុនតាឯក យល់ឃើញថា ការចែកអំណោយ និងផ្ដល់រថយន្តក្រុងធ្វើដំណើរដោយឥតគិតថ្លៃ មិនមែនជាយន្តការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក ដោយនិរន្តរភាពនោះឡើយ។ លោកបន្ថែមថា ដើម្បីធានាកុំឱ្យមានផលប៉ះពាល់សិទ្ធិប្រជាពលរដ្ឋ រដ្ឋាភិបាលគួររៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានរួចរាល់ មុននឹងធ្វើការជម្លៀសប្រជាពលរដ្ឋ។
លោក កើត សារ៉ាយ៖ «យើងដឹងហើយដីនៅតំបន់នោះ ខែវស្សា ភ្លៀងគឺលិចទឹក ខែប្រាំងគឺហុយដីទ្រលោម ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពផង ហើយវាអត់ទាន់មានទីផ្សារ ដូច្នេះចំណុចក្រោយហ្នឹង រដ្ឋាភិបាលត្រូវតែរៀបចំឱ្យមានទីផ្សារ មានន័យថា ធ្វើឱ្យមានចរន្តលក់ចេញទិញចូល អាហ្នឹងមានន័យថា ប្រជាពលរដ្ឋនៅតំបន់រុនតាឯកអាចលក់ទៅខេត្ត និងទីផ្សារម្ដុំហ្នឹង»។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ដោយសារតែប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯកភាគច្រើន ប្រកបអាជីវកម្ម និងធ្វើការងារនៅក្នុងក្រុងសៀមរាប ដូច្នេះបើទោះបីជាតំបន់រុនតាឯក ត្រូវបានអភិវឌ្ឍឱ្យក្លាយទៅជាទីក្រុងរណបក្ដី តែប្រជាពលរដ្ឋនៅតែមិនអាចមានជីវភាពសមរម្យបាននោះឡើយ ព្រោះពួកគេនៅតែចំណាយថ្លៃជួលបន្ទប់ស្នាក់នៅ ឬធ្វើដំណើរទៅវិញទៅមកប្រមាណ ៦០គីឡូម៉ែត្រ ពីក្រុងសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។