លោក ហ៊ុន ម៉ាណែត «គួរ​រៀន​ពី​មេដឹកនាំ​វៀតណាម» ដែល​សម្របសម្រួល​ខ្ពស់​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​អាមេរិក

ដោយ ខាន់ លក្ខិណា
2023.12.10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន ម៉ាណែត «គួរ​រៀន​ពី​មេដឹកនាំ​វៀតណាម» ដែល​សម្របសម្រួល​ខ្ពស់​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​អាមេរិក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង)​ជាមួយលោក​ ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុងរីយ៉ាដ ប្រទេស​អារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី២០ តុលា ឆ្នាំ​២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


ក្រុម​អ្នក​តាមដាន​បញ្ហា​នយោបាយ ជំរុញ លោក ហ៊ុន ម៉ាណែត ឱ្យ​រៀនសូត្រ​ពី​មេដឹកនាំ​វៀតណាម ដែល​មាន​ការ​សម្របសម្រួល​ខ្ពស់ ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន និង​ជាមួយ​អាមេរិក។ ការ​ជំរុញ​នេះ នៅ​ស្រប​ពេល​ដែល​មេដឹកនាំ​ចិន និង​លោក ហ៊ុន ម៉ាណែត គ្រោង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម នៅ​សប្ដាហ៍​ក្រោយ។

អ្នកឃ្លាំមើល​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត គួរ​រៀនសូត្រ​ពី​មេដឹកនាំ​វៀតណាម ដែល​មាន​ការ​សម្របសម្រួល​ខ្ពស់​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន និង​ជាមួយ​អាមេរិក ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា។

ការ​ជំរុញ​នេះ ស្រប​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ចាប់​ថ្ងៃទី​១១ ដល់​១២ ខែ​ធ្នូ នេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ចុះ​ហត្ថលេខា លើ​ឯកសារ​កិច្ចព្រមព្រៀង​មួយ​ចំនួន ខណៈ​ដែល​មេដឹកនាំ​កំពូល​ផុត​លេខ​របស់​ប្រទេស​ចិន គឺ​លោក​ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ក៏​នឹង​ទៅ​ទស្សន កិច្ច​នៅ​វៀតណាម នៅ​សប្ដាហ៍​ក្រោយ​នេះ​ដែរ។

សារព័ត៌មាន​រ៉យទ័រ (Reuters) ចុះផ្សាយ​កាលពី​ថ្ងៃទី​៧ ខែធ្នូ បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី ស៊ី ជីនពីង (Xi JinPing) នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃទី១២ ដល់​ថ្ងៃទី​១៣ ខែ​ធ្នូ ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​រដ្ឋ​កំពូលៗ របស់​វៀតណាម និង​ពិភាក្សា​អំពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ។

អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​ចិន លោក វ៉ាង វិនបៀន (Wang Wenbin) បាន​និយាយ​ក្នុង​សន្និសីទកាសែត​ខ្លី​មួយ​ថា ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ នឹង​ផ្ដោត​លើ​រឿង​សន្តិសុខ​នយោបាយ បញ្ហា​ពហុភាគី​និង​ដែនសមុទ្រ និង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ បន្ថែម​ទៀត។

ប្រទេស​ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​វៀតណាម និង​ជា​ប្រភព​ដ៏​សំខាន់ នៃ​ការ​នាំចូល​សម្រាប់​វិស័យ​ផលិតកម្ម​របស់​វៀតណាម។

កាល​ពី​ខែ​តុលា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ប្រាប់​ទៅ​កាន់​ប្រធានាធិបតី​វៀតណាម លោក វ៉ា វុំាងធឿង (Vo Van Thuong) ក្នុង​ជំនួប​ទ្វេភាគី នៅ​ក្នុង​ប្រទេស​ចិន​ថា ប្រទេស​ទាំងពីរ​មិន​ត្រូវ​ភ្លេច “​គោលបំណង​ដើម​” នៃ​មិត្ត​ភាពជា​ប្រពៃណី​របស់​ពួកគេ​ឡើយ។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ឃើញ​ថា មេដឹកនាំ​ចិន​លោក ស៊ី ជីនពីង និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​នៅ​សប្ដាហ៍​ក្រោយ​នេះ​ក្នុង​គោលដៅ ដើម្បី​ទំនាក់ទំនង​ទ្វេភាគី​ដូចគ្នា ប៉ុន្តែ​លោក​យល់​ថា ដំណើរ​ទស្សនកិច្ច​ទាំងពីរ​នេះ​គឺ មិន​ពាក់ព័ន្ធ​នឹង​គ្នា​ឡើយ។

លោក ឯម សុវណ្ណារ៉ា៖ «យើង​និយាយ​ថា ដូចគ្នា​ត្រង់​ថា ទំនាក់ទំនង​អន្តរជាតិ​គឺ​ពង្រឹង នយោបាយ​ការបរទេស​ទ្វេភាគី​រវាង​វៀតណាម​-​កម្ពុជា រវាង​វៀតណាម​-​ចិន ក៏ប៉ុន្តែ ខុសគ្នា​របៀប​នយោបាយ​ដែល​ចុះ​កិច្ចព្រមព្រៀង អនុសារណៈ​នៃ​ការ​យោគ យល់​គ្នា​(MOU) នានា វា​មាន​លក្ខខណ្ឌ​អី​ដែល​កម្ពុជា​-​វៀតណាម​ចុះ ហើយ​មាន លក្ខខណ្ឌ​អី​ខ្លះ ដែល​វៀតណាម​ចិន​លើកឡើង​ឬក៏​ចរចា​គ្នា​អានេះ​ជា​កិច្ចការ​ដែល​អាច​ថា វា​ខុសគ្នា»។

រីឯ​អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី យល់​ថា ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​ចិន លោក ស៊ី ជីនពីង បង្ហាញ​ពី​សារសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន​-​វៀតណាម ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ ផ្នែក​សេដ្ឋកិច្ច​រវាង​ចិន​-​វៀតណាម ឱ្យ​កាន់តែ​ស្អិតល្មួត​ជាង​មុន ទោះបីជា​ប្រទេស ទាំងពីរ​នៅ​មាន​ភាព​រកាំរកូស​បញ្ហា​អសន្តិសុខ​ក៏ដោយ។

លោក​ថា មេដឹកនាំ​វៀតណាម​មាន​ការ​សម្របសម្រួល​ខ្ពស់ រវាង​ទំនាក់ទំនង​ជាមួយ​ចិន និង​ជាមួយ​សហរដ្ឋអាមេរិក បើ​ទោះបីជា​វៀតណាម កំពុង​មាន​ជម្លោះ ដែនសមុទ្រ ចិន​ខាង​ត្បូង​ជាមួយ​ចិន​ក្តី ប៉ុន្តែ​វៀតណាម​នៅតែ​គ្រប់គ្រង ឬ​រក្សា​ទំនាក់ទំនង សេដ្ឋកិច្ច ជាមួយ​ប្រទេស​ចិន​បាន ហើយ​ថែមទាំង​ទាញ​បាន​ផលប្រយោជន៍ សេដ្ឋកិច្ច ពី​សហរដ្ឋអាមេរិក និង​កិច្ច​សហប្រតិបត្តិការ​វិស័យ យោធា​ជាមួយ​អាមេរិក​ផង។

លោក សេង វណ្ណលី៖ «វៀតណាម​គាត់​មាន​អនុភាព​ជាង​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ អា​ចំណុច​នេះ ខ្ញុំ​គិត​ថា កម្ពុជា​គួរ​រៀនសូត្រ ពី​ប្រទេស​ជិតខាង​ជា​ពិសេស​វៀតណាមថៃ ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី​អី​ជាដើម ដោយសារ ប្រទេស​ទាំងអស់​ហ្នឹង គេ​មាន​ភាព សម្របសម្រួល»។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ករណី​នេះ ពី​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​លោក មាស សុភ័ណ្ឌ និង​ប្រធាន​អង្គភាព អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃទី​៩ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​ទទួល។

លោក សេង វណ្ណលី ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​លំហ​សេរីភាព​នយោបាយ គោរព​សិទ្ធិមនុស្ស អភិបាលកិច្ច​ល្អ ដោយ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ តម្លាភាព និង​គណនេយ្យភាព ដើម្បី​កម្ពុជា​ទទួល​បាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន​ផង និង​ជាមួយ​ប្រទេស​លោក​សេរី ជាពិសេស​អាមេរិក​ផង។

លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា បើក​លំហ​សេរីភាព​នយោបាយ ឱ្យ​មាន​ការ​ប្រកួតប្រជែង ដោយ​សុក្រឹត្យ​និង​យុត្តិធម៌​នោះ អាច​ជា​សក្ដានុពល​មុខមាត់ ក្នុង​ការ​ជំរុញ ឬ​ស្ដារ​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ប្រទេស​លោក​សេរី ហើយ​កម្ពុជា​នៅ​តែ​ទទួល​ផល​ប្រយោជន៍​ពី​ចិន​ដដែល ពីព្រោះ​ចិន​អាច​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ជាមួយ ប្រទេស​គ្រប់​និន្នាការ​ទាំងអស់ ទាំង​ប្រទេស​កាន់​របប​ផ្ដាច់ការ និង​លោក​សេរី ដែល​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles