លោក ហ៊ុន ម៉ាណែត ឡើង​តំណែង​អនុប្រធាន​បក្ស បន្ទាប់​ពី​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ត​ពូជ​ពី​ឪ​ជាង​៣​ខែ

ដោយ ច័ន្ទ ដារ៉ូ
2023.12.10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន ម៉ាណែត ឡើង​តំណែង​អនុប្រធាន​បក្ស បន្ទាប់​ពី​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ត​ពូជ​ពី​ឪ​ជាង​៣​ខែ

លោកនាយរដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត (ស្ដាំ) ក្នុងមហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៩ ធ្នូ​ ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


១០០​ថ្ងៃក្រោយ​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ឡើង​កាន់​តំណែង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ថា ការ​ពង្រឹង​អំណាច​ត​ពូជ​បែបនេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​គ្រួសារ​របស់​អ្នក​កាន់​អំណាច ហើយ​ពលរដ្ឋ​នៅតែ​បន្ត​រងគ្រោះ​តទៅ​ទៀត។

មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រយៈពេល​ពី​រ​បាន​ពិភាក្សា​លើ​របាយការណ៍​សកម្មភាព​ការងារ​ឆ្នាំ​២០២៣ និង​ដាក់​ទិសដៅ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២៤​។ សន្និបាត​នេះ​ក៏បាន​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ជិត​៥​រយ​នាក់​(៤៩៦) សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ២៣​នាក់ មាន​ដូចជា​លោក ស សុខា កូនប្រុស​របស់​លោក ស ខេង លោក សាយ សំអាល់ កូនប្រុស​លោក សាយ ឈុំ លោក វង សូត កូនប្រសា​លោក ហេង សំរិន រួម​ទាំង​សមាជិក​មួយ​ចំនួន​ទៀត​សុទ្ធតែ​ជា​កូនៗ និង​មនុស្ស​ស្មោះស្ម័គ្រ ឬ​ឆ្អិត​ឆ្អៅ​ជាមួយ​គ្រួសារ​លោក ហ៊ុន សែន ក្នុង​ការ​ជួយជ្រោមជ្រែង​អំណាច​នា​ពេល​កន្លងទៅ​។ ទន្ទឹម​ង​រៀបចំកូនចៅ​ចូល​ទៅ​កាន់កាប់​អំណាច​កំពូល​ក្នុង​បក្ស​នោះ គណបក្សកាន់អំណាច​បាន​បោះឆ្នោត​ជ្រើសរើស​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​អនុប្រធាន​ផង​ដែរ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ។


វិទ្យុ​អាស៊ីសេរី​មិន​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ។

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​នៅ​តាម​ក្រសួង ស្ថាប័នរដ្ឋ​មួយ​ចំនួន​បាន​បង្ហោះ​សារ​រំលឹក​ដឹង​គុណ​បុណ្យ និង​អបអរសាទរ​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ដែល​ក្លាយ​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រោងព្រាត​នៅ​លើ​បណ្តេញ​សង្គម។ ពួកគេ​ចាត់ទុក​លោក ហ៊ុន ម៉ាណែត ថា មាន​ស្នាដៃ​ធំធេង​ក្នុង​ការ​បំពេញ​ការងារ​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ប្រទេស​មាន​សន្តិភាព និង​វឌ្ឍនភាព​សម្រាប់​ផល​ប្រយោជន៍​ជាតិ។


ទោះ​យ៉ាងណា អ្នកឃ្លាំមើល​លើកឡើង​ថា បើ​ទោះ​បីជា លោក ហ៊ុន ម៉ាណែត ជា​បញ្ញវន្ត​ឈាម​ថ្មី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក្ដី តែ​កម្ពុជា​ក្រោយ​ការ​ដឹក​នាំ​របស់​លោក​ជាង ៣​ខែ​មក​នេះ មិន​ទាន់​បង្ហាញ​ភាព​ជឿជាក់​ថា កម្ពុជា​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព និង​ដើរ​ចាក​ឆ្ងាយ​ពី​ឪពុក​របស់​លោក​ដែល​ជា​មេដឹកនាំ​ផ្ដាច់​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ឡើយ​ទេ។

មន្ត្រី​គណបក្ស​ភ្លើងទៀន ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស លោក ខឹម មុន្នីកុសល មើល​ឃើញ​ថា សុខភាព និង​វ័យ​របស់​លោក ហ៊ុន សែន កាន់តែ​ចាស់​ទ្រុឌទ្រោម​ពីមួយ​ថ្ងៃ​ទៅ​មួយ ដូច្នេះ​ការ​បញ្ចូល​កូនចៅ​ទៅកាន់​កាប់​តំណែង​កំពូលៗ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រឿង​ចាំបាច់ និង​មិនអាច​ខកខាន ដើម្បី​ប្រកួតប្រជែង​ឥទ្ធិពល​ផ្ទៃក្នុង​បក្ស​មួយ​នេះ​តាមរយៈ​រុញ​ឱ្យ​បក្ខពួក​ជាពិសេស​លោក ហ៊ុន ម៉ាណែត ឈាន​ទៅ​គ្រប់គ្រង​បក្ស ដោយ​គ្មាន​អ្នក​រារាំង​នៅពេល​ខាងមុខ។ លោក​ថា​បញ្ហា​នេះ​មិន​ផ្តល់​ប្រយោជន៍​ជា​ដុំ​កំភួន​ដល់​សង្គមជាតិ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លោក​បារម្ភ​ថា ការ​ដឹកនាំ​ផ្ទេរ​អំណាច​បែបនេះ​នឹង​ធ្វើ​ឱ្យ​រំលោភសិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ ដែល​គ្រោះថ្នាក់​ដល់​ជោគ​វាសនា​របស់​ជាតិ។

លោក ខឹម មុន្នីកុសល៖ «គាត់(ហ៊ុន សែន​)​ត្រូវតែ​ពង្រឹង​អំណាច​ហ្នឹង​គឺ​បង្ក្រាប​លើ​អ្នក​ប្រជាធិបតេយ្យ​ដោយ​ចាប់ចង ការគាបសង្កត់​នៅតែ​បន្ត​កើតឡើង ដូចជា​ពេល​ថ្មីៗ​នេះ​ទៀត​ការបង្កើត​ច្បាប់​មួយចំនួន បង្កើត​គណៈកម្មការ​តាមដាន​ការ​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​ជាដើម​សុទ្ធតែ​ជា​យន្តការ​ដែល​នាំ​ឱ្យ​រំលោភសិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ទៅ​មុខ​ទៀត ហើយ​គាត់​នឹង​ឈាន​មួយ​ជំហាន​ទៀត ដោយ​ឱ្យ​លោក ហ៊ុន ម៉ាណែត គ្រប់គ្រង​អំណាច​ពេញលេញ​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង»។

ចំណែក អ្នក​សិក្សា​ផ្នែក​ច្បាប់​និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក វ៉ន ចាន់ឡូត លើកឡើង​ថា ការ​បញ្ចូល​សមាសភាព​កូន​មន្ត្រី​ចាស់ៗ​ត្រៀម​ជំនួស​ដូច​នឹង​ការផ្ទេរ​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ គឺជា​ទម្រង់​ទាញ​ឱ្យ​កម្ពុជា​ដើរ​ខុសពី​គន្លង​ប្រជាធិបតេយ្យ និង​បង្ហាញ​កាន់តែ​ច្បាស់​ពី​ការដឹកនាំ​បែប​កុម្មុយនីស្ត ខណៈ​តួនាទី​បក្ស​កាន់អំណាច​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​គ្រប​ដណ្តប់​លើ​អំណាច​កំពូល​របស់​រដ្ឋ។

លោក វ៉ន ចាន់ឡូត៖ «គ្រាន់តែ​នៅ​ចំពោះមុខ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ហ៊ាន​ទទួល​ស្គាល់​ថា ខ្លួន​ដឹកនាំ​ឆ្ពោះ​តាមរបៀប​របប​កុម្មុយនីស្ត​តែប៉ុណ្ណោះ តែ​ក្នុង​ទម្រង់​នេះ​សបញ្ជាក់​ហើយ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ប្រើប្រាស់​បែប​កុម្មុយនីស្ត​នៅក្នុង​ការ​ដឹកនាំ​រដ្ឋ»។

លោក ហ៊ុន ម៉ាណែត ដែល​មាន​វ័យ​ត្រឹម​៤៥​ឆ្នាំ មុន​ក្លាយ​ជា​អនុប្រធាន​បក្ស​ប្រជា​កម្ពុជា​នៅ​ពេល​នេះ គឺ​តាមរយៈ​ការ​ជួយជ្រោមជ្រែង​ពី​ឪពុក​គឺ​លោក ហ៊ុន សែន កន្លងមក​លោក​កំពុង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ហើយ​កាន់​តំណែង​ក្រាក់ៗ​ក្នុង​ជួរ​កងទ័ព​ជា​បន្តបន្ទាប់​។ តួនាទី​ក្នុង​បក្ស​វិញ លោក​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស ហើយក៏​ជា​ប្រធាន​យុវជន​ដែល​ជា​អ្នកដឹកនាំ​ក្រុម​កូនចៅ និង​សមាជិក​ជំនាន់​ក្រោយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

រយៈពេល​ជិត​៤០​ឆ្នាំ​មកនេះ លោក ហ៊ុន សែន បាន​ប្រើប្រាស់​មធ្យោបាយ​គ្រប់​បែបយ៉ាង​ដើម្បី​ផ្ទេរអំណាច​ទៅ​ឱ្យ លោក ហ៊ុន ម៉ាណែត គ្មាន​ឧបសគ្គ និង​គ្មាន​អ្នក​មក​ប្រកួតប្រជែង។ វិធី​ដែល​លោក ហ៊ុន សែន យក​មក​ប្រើ​នោះ​មាន​ដូចជា​ការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស​តាមរយៈ​ការ​បិទផ្លូវ​មន្ត្រី​ចាស់ៗ ការ​កែប្រែ​ច្បាប់​ដោយ​កាត់បន្ថយ​អំណាច​សភា បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើជា​អាវុធ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង និង​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ជាដើម​។ ជាក់ស្ដែង​លោក ហ៊ុន សែន បាន​និយាយ​ដដែលៗ​ថា លោក​នៅតែ​គ្រប់គ្រង​កិច្ចការ​ជាតិ​និង​គណបក្ស ទោះបី​លោក​លែង​ធ្វើជា​នាយករដ្ឋមន្ត្រី​ក៏ដោយ។

ចំណែក​អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​មើល​ឃើញ​ថា​លោក ហ៊ុន សែន នឹង​ផ្ទេរតំណែង​ប្រធាន​បក្ស​ប្រជា​កម្ពុជា​ឱ្យទៅ​លោក ហ៊ុន ម៉ាណែត នៅពេល​ខាងមុខ ដើម្បី​រក្សា​អំណាច​ដឹកនាំ​ផ្ដាច់ការ​។ ពួកគេ​ថាបើ​ទោះបីជា លោក ហ៊ុន សែន ខំ​កម្ទេច​គណបក្ស​ប្រឆាំង ហើយ​ផ្ទេរអំណាច​ឲ្យ​កូនប្រុស​របស់​លោក បាន​ជោគជ័យ​ក៏ដោយ ក៏​អំណាច​របស់​លោក ហ៊ុន ម៉ាណែត មិន​រឹងមាំ​និង​គង់វង្ស​ឡើយ​។ ពួកគាត់​ជឿ​ថា អំណាច​របស់​លោក ហ៊ុន ម៉ាណែត នឹង​ជ្រុះ​បាត់​ទៅវិញ ដោយសារ​បែកបាក់​ផ្ទៃក្នុង​បក្ស ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ពលរដ្ឋ​រង​ទុក្ខ​វេទនា និង​ទណ្ឌកម្ម​ពី​អន្តរជាតិ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles