មន្រ្តី​រដ្ឋាភិបាល​ថា​កម្ពុជា​មិន​មែន​ជា «អាយ៉ង​របស់​វៀត​ណាម» ​ឡើយ

១៣ ធ្នូ ២០២៣
ស៊ឹម ចាន់សំណាង
វីអូអេខ្មែរ

រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេសលោក តាន់​ ហ្សង់​ហ្វ្រង់ស័រ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីថ្ងៃទី​១៣ ធ្នូ ឆ្នាំ២០២៣។(Facebook/Jean-François Tain)
រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេសលោក តាន់​ ហ្សង់​ហ្វ្រង់ស័រ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីថ្ងៃទី​១៣ ធ្នូ ឆ្នាំ២០២៣។(Facebook/Jean-François Tain)

ភ្នំពេញ — មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​អះអាង​ថា​រដ្ឋាភិបាល​កម្ពុជា​មិនមែន​ជា ​«អាយ៉ង» ​របស់​វៀតណាម ឬ​ប្រទេស​ណា​មួយ​ឡើយ។

ការអះអាង​បែប​នេះ ក្រោយ​ការ​បំពេញ​ទស្សន​កិច្ចរបស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​វៀតណាម ដែល​បញ្ចប់​កាល​ពីថ្ងៃ​អង្គារ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្រោយ​បញ្ចប់​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេស​ លោក តាន់​ ហ្សង់​ហ្វ្រង់ស័រ ថ្លែង​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​មាន​ការ​យល់​ដឹង​ពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ទាំង​ក្នុង​តំបន់ និង​ពិភព​លោក។ លោក​បន្ថែម​ថា​កម្ពុជា​មិនមែន​ជា​អាយ៉ង​របស់​ប្រទេស​ណា​មួយ​ឡើយ។

លោក​ថ្លែង​ថា៖ «អ្នក​អត្ថាធិប្បាយ​នយោបាយ​ស៊ី​អារម្មណ៍​មួយ​ចំនួន​ហៅ​ពេញៗ​មាត់ រាជ​រដ្ឋាភិបាល​កម្ពុជា​ថា​ជា​អាយ៉ង​យួន។ ពាក្យ​ដ៏​ធ្ងន់​ធ្ងរ​នេះ​នៅ​ពេល​នេះ​ តាម​ការ​សង្កេត​ឃើញ​ខ្ញុំ ឬ​របស់​យើង​ទាំង​អស់​គ្នា​ស្បើយ​ទៅៗ​ មិន​របូត​ពី​មាត់​របស់​ពួក​គាត់​ឆាប់​រហ័ស​ដូច​ពេល​មុនៗ​ទៀត​ទេ​ ពីព្រោះ​តាម​មើល​ទៅ​គាត់​យល់​ដឹង​ថា​ខ្មែរ មហាជន​ខ្មែរ​ចាប់​ផ្តើម​ ឬ​បាន​នឹង​បន្ត​យល់​កាន់​តែ​ច្បាស់​ពី​យន្ត​ការ​ និង​ពី​គន្លឹះ​ធំៗ​នៃ​ភូមិ​សាស្ត្រ​នយោបាយ​តំបន់ និង​ពិភព​លោក»

កាល​ពី​កន្លង​ទៅ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​អ្នក​នយោបាយ​ជំទាស់​មួយ​ចំនួន និង​អ្នក​រិះគន់​លើក​ឡើង​ថា​ជា ​«អាយ៉ង​វៀតណាម» ដោយ​សារ​វៀតណាម​បាន​ចូល​មក​ទឹក​ដី​កម្ពុជា ហើយ​បាន​រៀបចំ​រដ្ឋាភិបាល​ថ្មី ក្រោយ​ការ​ផ្តួលរំលំ​របប​ខ្មែរ​ក្រហម។

ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​ប្រទេស​វៀត​ណាម លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ប្រវត្តិ​សាស្ត្រ​អំពី​ការ​ជួយ​របស់​វៀតណាម​ក្នុង​ការ​រំដោះ​ប្រទេស​កម្ពុជា​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត និង​សុំ​កុំ​មាន​ការ​យល់​ច្រឡំ ក៏​ដូច​ជា​បង្ក​ការ​រើស​អើង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ៕

What Next?

Recent Articles

One Response to "មន្រ្តី​រដ្ឋាភិបាល​ថា​កម្ពុជា​មិន​មែន​ជា «អាយ៉ង​របស់​វៀត​ណាម» ​ឡើយ"

  1. Anonymous says:

    Don’t just say it prove it to demonstrate that you are not Vietnam puppet. So far what Cambodian heard was continually requesting from Vietnam government to your government to take care their people but nothing about the responses from your government back to Vietnam.