លោក ហ៊ុន សែន ព្រមាន​រួមដៃគ្នា​ជាមួយ​គណបក្ស​សម្ព័ន្ធមិត្ត កម្ចាត់​នយោបាយ​ «​ជ្រុលនិយម​» ​ឱ្យ​ផុត​ពី​កម្ពុជា

ដោយ ខាន់ លក្ខិណា
2024.01.08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ព្រមាន​រួមដៃគ្នា​ជាមួយ​គណបក្ស​សម្ព័ន្ធមិត្ត កម្ចាត់​នយោបាយ​«​ជ្រុលនិយម​»​ឱ្យ​ផុត​ពី​កម្ពុជា

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីរំលឺកខួបទី៤៥ នៃថ្ងៃ៧ មករា កាលពីថ្ងៃទី៧ ខែ​មករា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន បាន​ថ្លែង​ថា លោក​និង​គណបក្ស​សម្ព័ន្ធភាព​ចំនួន ២៧​ផ្សេងទៀត នឹង​សហការ​គ្នា​កម្ចាត់ នយោបាយ ដែល​លោក​ហៅថា ជ្រុលនិយម​ឱ្យ​ផុត​ពី​កម្ពុជា​។ មន្ត្រី​បក្ស​ប្រឆាំង លើកឡើង​ថា មិន​ដឹង​មាន​អ្នក​ជ្រុលនិយម​នៅ​កម្ពុជា​ឯណា​ទេ។

ក្នុង​ទិវា​រំឭក​ខួប លើក​ទី ៤៥ ឆ្នាំ នៃ​ទិវា ៧ មករា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​លើកឡើង​ថា ការ​កម្ចាត់​នយោបាយ​ជ្រុលនិយម នឹង​រួមគ្នា​ធ្វើ​ដោយ​គណបក្ស​សម្ព័ន្ធភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​អនុវត្ត​តាម​កិច្ចព្រមព្រៀង ដែល​បាន​ធ្វើ​រួច​ហើយ។

លោក ហ៊ុន សែន៖ «នឹង​រួមគ្នា​កម្ចាត់​នយោបាយ​ជ្រុលនិយម​ឱ្យ​ចេញ​ផុត​ពី​កម្ពុជា​តាមរយៈ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​អំពី​កិច្ច​សហប្រតិបត្តិការ​សម្ព័ន្ធភាព​រវាង​បណ្ដាល​គណបក្ស​នយោបាយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​គណបក្ស ២៧​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០២៣»។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ ថ្លែង​ព្រមាន​កម្ចាត់ ក្រុម​អ្នក​នយោបាយ ដែល​លោក​ចោទ ថា​ជ្រុលនិយម​។ ប៉ុន្តែ​គឺជា​សារ​ព្រមាន លើក​ទី​១ ដែល​លោក​បាន​បញ្ជាក់ ថា​ជា​ការ​ប្រឹង​កម្ចាត់​នយោបាយ ជ្រុលនិយម ដោយមាន គណបក្ស​សម្ព័ន្ធភាព​២៧​ផ្សេងទៀត ចូលរួម​សហការ ជាមួយ​គណបក្ស​ប្រជាជន កម្ពុជា​ដែរ ដែល​ជា​យុទ្ធនាការ​មិន​ធ្លាប់​មាន​ជា​ផ្លូវការ​ពី​មុន​មក។

គេ​មិនដឹង​ច្បាស់​ទេ​ថា ក្រុម​បុគ្គល​ប្រភេទ​ណា ដែល​លោក ហ៊ុន សែន កំណត់​ថា ជា​អ្នកនយោបាយ​ជ្រុលនិយម​។ ប៉ុន្តែ​នៅ​ថ្ងៃទី​៧ មករា នេះ លោក​បាន​ចំអក​ដាក់​អ្នក​ទាំងឡាយ​ណា ដែល​ប្រឆាំង​ថ្ងៃ​៧​មករា និង​ទិវា​សន្តិភាព​២៩ ធ្នូ របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​នៃ​កូនប្រុស​របស់​លោក សូម​ឱ្យ​អ្នក​ទាំងនោះ​ទៅ​ប្រថុយ នឹង​គ្រោះថ្នាក់​នៅ​ចម្ការ​មីន ដែល​នៅ​សេសសល់។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៧ មករា ដោយ​លើក​ចម្ងល់​ថា នៅ​កម្ពុជា​មិនដឹង​មាន​ក្រុម​ជ្រុលនិយម​នៅ​ឯណា​ទេ ព្រោះ​គ្រប់​គណបក្ស​នយោបាយ សុទ្ធតែ​ប្រតិបត្តិ​ការងារ​ដោយ​គោរព​តាមច្បាប់។

លោក​បន្ថែម​ថា កម្ពុជា​ជា​ប្រទេស​ដែល​រដ្ឋធម្មនុញ្ញ​ចែង​អំពី​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ដូច្នេះ មិនគួរ​ណា មាន​គណបក្ស​សម្ព័ន្ធភាព​រណប​គណបក្ស​កាន់អំណាច​ឡើយ ហើយ​គណបក្ស​ទាំងនោះ គួរតែ​អាច​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​សេរី។

លោក សុន ឆ័យ សង្ឃឹម​ថា មន្ត្រី​នយោបាយ​នៅ​មូលដ្ឋាន​ឃុំ​-​សង្កាត់ អាច​បំពេញ​ការងារ​ដោយ​គ្មាន​ការ​រំខាន បន្ទាប់​ពី​មាន​ការ​ព្រមាន​របស់​លោក ហ៊ុន សែន បែប​នេះ។

លោក សុន ឆ័យ៖ «ក្នុងនាម​ជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល យើង​តែង​រង​គំរាម​ពាក្យសម្ដី​បែបនេះ តែ​យើង​មិនដឹង តើ​ការ​គំរាម​ហ្នឹង​ឆ្ពោះទៅ​ក្រុម​ណា​ជន​ណាមួយ​ទេ​ក៏ប៉ុន្តែ​ជា​រឿង​ដែល​កើតមាន​ចំពោះ​យើង​ដែល​ជា​អ្នកនយោបាយ​ក្នុង​បក្ស​ក្រៅ​រដ្ឋាភិបាល​។ ដូច្នេះ ខ្ញុំ​យល់ថា មិន​គួរ​ធ្វើ​បទ​អត្ថាធិប្បាយ​អី​ច្រើន​ក្រៅពី​បន្តការងារ​របស់​យើង​ដែល​ជា​យន្តការ​មួយ​ស្រប​រដ្ឋធម្មនុញ្ញ»។

អ្នកសម្របសម្រួល​កម្មវិធី​អង្កេត និង​តស៊ូ​មតិ នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស បាន​លើកឡើង​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ សេរី ពហុបក្ស ការ​ត្រួតពិនិត្យ​គ្នា​ទៅវិញទៅមក ជា​ការ​ចាំបាច់ ហើយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​សង្គម ដែល​មាន​តួនាទី​លើក​មតិ​រិះគន់ ដោយ​មិន​ត្រូវ​រង​នយោបាយ​កម្ចាត់​ចោល​ណាមួយ​ឡើយ។

លោក​បន្ថែម​ថា មិន​គួរ​មាន​ចេតនា​បំបាត់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទេ ហើយ​គួរ​មាន​ការ​អត់ឱន​ខ្ពស់​ផ្នែក​នយោបាយ ដើម្បី​ជំរុញ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ មាន​ភាព​ជឿនលឿន។

លោក កន សាវាង្ស៖ «លើកឡើង​ឱ្យ​មាន​ការរិះគន់​និង​ការ​ស្ថាបនា ហើយ​មាន​ការ​ប្រកួតប្រជែង​គ្នា​ផ្នែក​នយោបាយ គេ​អត់​អាច ទៅ​សម្លាប់​នយោបាយ​គណបក្ស​មួយ និង​គណបក្ស​មួយទៀត​ទេ។ អ៊ីចឹង​ជា​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​គឺ​គេ​ស្ថាបនា​គ្នា»។

គ្រប់​ពេល​មាន​ការ​ចោទប្រកាន់​គូប្រជែង​នយោបាយ​ថា ជ្រុលនិយម ហើយ​ត្រូវ​កម្ចាត់​តាម​ផ្លូវ​តុលាការ​ជាដើម តែងតែ​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​កម្ពុជា កាន់តែ​ច្របូកច្របល់ និង​ស្រអាប់​ប្រជាធិបតេយ្យ។

លោក កឹម សុខា ដែល​ត្រូវ​បាន​ចោទ​ជ្រុល​ហួសហេតុ ថា ជា​ជន​ក្បត់ជាតិ ក៏​នាំ​ទៅ​ដល់​ការ​រំលាយ គណបក្ស​សង្គ្រោះជាតិ កាលពី​ឆ្នាំ​២០១៧ និង​ធ្វើ​ឱ្យ​កម្ពុជា​ជួប​វិបត្តិ​នយោបាយ​ដល់​បច្ចុប្បន្ន។

លោក សម រង្ស៊ី ជារឿយៗ ត្រូវ​លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា ជា​ជន​ជ្រុល​និយម និង​ជា​ឧទ្ទាម​ក្រៅច្បាប់ ហើយ​ជា​បន្តបន្ទាប់ គណបក្ស​ដែល​មាន​សំឡេង សម​ល្មម​ក្នុង​ការ​ប្រកួតប្រជែង ដូចជា​គណបក្ស​ភ្លើងទៀន​ជាដើម ក៏​ត្រូវ​លោក ហ៊ុន សែន ចោទ​ភ្ជាប់​នឹង​លោក សម រង្ស៊ី និង​អុកឡុក​មិន​ឱ្យ​គណបក្ស​នេះ ចូលរួម​បោះឆ្នោត​តំណាងរាស្ត្រ​កាលពី​ឆ្នាំ​២០២៣ រួម​ទាំង​ខ្ទប់​មិន​ឱ្យ​ចូល​បោះឆ្នោត ព្រឹទ្ធសភា​ខាងមុខនេះ​ផង។ ករណី​នេះ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា អាប់អួរ​យ៉ាង​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles