ដោយ សេក បណ្ឌិត
2024.01.15
RFA

កម្មវិធីដឹកនាំដោយក្រមហ៊ុនស្រាបៀកម្ពុជា របស់ក្រុមហ៊ុនជីបម៉ុង គ្រុប ហៅយុវជនឡើងលើសង្វៀនប្រដាល់ ផឹកស្រាបៀបង្ហាញអតិថិជន និងផ្សព្វផ្សាយតាមកញ្ចប់ទូរទស្សន៍ និងបណ្ដាញសង្គម។ រូប៖ ផ្សព្វផ្សាយលើហ្វេសប៊ុក BTV Cambodia
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក្នុងនោះមានទាំងកីឡាករ និងតារាចម្រៀង ល្បីឈ្មោះមួយចំនួនផងបានចេញសារព្រមៗគ្នាប្រឆាំងការផ្សាយពាណិជ្ជកម្ម ស្រាបៀនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ដែលយកក្មេងៗ ជាឧបករណ៍ ក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនោះ។
តើសាររបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ប្រតិកម្មយ៉ាងណាខ្លះចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដោយឲ្យក្មេងផឹកស្រាបៀ ប្រណាំងគ្នាយកឈ្នះចាញ់ ដើម្បីទទួលបានរង្វាន់ហើយផ្សាយជាសាធារណៈនៅលើកញ្ចក់ទូរទស្សន៍យ៉ាងដូច្នេះ?
តើពួកគេព្រួយបារម្ភយ៉ាងដែរ ចំពោះវាសនាអនាគតរបស់យុវជនខ្មែរដែលជាទំពាំងស្នងឫស្សីរបស់ជាតិទាំងមូលនោះ…?
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ព្រួយបារម្ភពីអនាគតយុវជនខ្មែរដែលជាទំពាំងស្នងឫស្សី នឹងក្លាយជាទំពាំងស្អុយរលួយដោយត្រូវសង្គមសព្វថ្ងៃពង្វក់តាមរយៈគ្រឿងញៀន ល្បែងស៊ីសង និងស្រវឹងជាដើម។
តារាចម្រៀងវ័យក្មេង លោក អ៊ាម វណ្ណី បានផុសលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីពេលថ្មីនេះថា៖ លោកមានតែម្រាមដៃដប់ ក្រាបសំពះអង្វរទេ សូមបញ្ឈប់ភ្លាមទៅ ចំពោះការផ្សាយលក់គ្រឿងស្រវឹងដោយយកក្មេងមកឡូកឡំក្នុងរឿងនេះ។
លោក អ៊ាម វណ្ណី ក៏ស្នើសុំដល់អ្នកគ្រប់គ្រងធំៗ សូមមេត្តាដល់ក្មេងៗផង គ្នាមិនដឹងអីទេ បើយើងពង្វក់ក្មេង នោះក្មេងប្រាកដជាគេចមិនផុត ពីសង្គមតែលតោលគ្មានគោលដៅនោះទេ ខ្ញុំសូមមិនគាំទ្រការធ្វើទីផ្សារបែបនេះទេ គុណវិបត្តិនៃការប្រើប្រាស់គ្រឿងស្រវឹងគ្មាននរណាដែលមិនដឹងនោះទេ សូមកុំដាច់ចិត្តធ្វើបាបទំពាំងស្នងឫស្សីអីខ្ញុំសុំទៅចុះ។
ចំណែកទំព័រហ្វេសប៊ុករបស់សិល្បករ និងកីឡាករល្បីឈ្មោះមួយចំនួនទៀតក៏ចេញមុខបង្ហាញក្តីកង្វល់ប្រហាក់ប្រហែលគ្នា និងប្រតិកម្មចំពោះរឿងនេះដែរ។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយទៀតមានឈ្មោះ ផន ផល្លា (Phalla Phorn) ក៏មានទស្សនៈ Comments ដែរថា៖ «ពង្វក់សាហាវ…ពង្វក់គ្រប់ទម្រង់ ពង្វក់គ្រប់កន្លែង ពង្វក់គ្រប់វ័យ… ខ្ញុំមើលទៅដូចជាជ្រុលពេកហើយ…!! ហៅក្មេងៗមកផឹកស្រាដាក់ទូរទស្សន៍បែបនេះ ផឹកក៏ផឹកចុះ….តែនេះដូចជាពេកហើយអស់លោកអ្នកធ្វើទីផ្សារ….ទីផ្សារនេះ ខ្ញុំឲ្យឈ្មោះថា ទីផ្សារបំផ្លាញសង្គម ទីផ្សារ បំផ្លាញជាតិ ទីផ្សារបំផ្លាញក្មេងជំនាន់ក្រោយ។
ខ្ញុំសូមមិនគាំទ្រកម្មវិធីដែលបានពង្វក់ក្មេង ឲ្យផឹកស្រាបែបនេះជាដាច់ខាត។ តើអ្នកដឹកកម្មវិធីនេះ យកស្អីមកគិត? ដើម្បីលុយ ដើម្បីប្រយោជន៍ខ្លួន និងដើម្បីភាពជោគជ័យរបស់អ្នក អ្នកមិនបានអាណិតអាសូរដល់ជាតិសាសន៍មួយនេះទាល់តែសោះ។
ប្រតិកម្មបែបនេះបានកើតឡើងព្រោងព្រាត់នៅទំព័រហ្វេសប៊ុកក្រោយទូរទស្សន៍បាយ័នជារបស់កូនស្រី លោក ហ៊ុន សែន គឺ អ្នកស្រី ហ៊ុន ម៉ាណា និងត្រូវជាប្អូនស្រី នាយករបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានបង្កើតកម្មវិធីមួយដោយក្នុងនោះអ្នកដឹកនាំកម្មវិធីអនុញ្ញាតឲ្យក្មេងៗឡើងភ្លក់រសជាតិស្រាបៀ នឹងផឹកប្រណាំងគ្នាយករង្វាន់លើសង្វៀនប្រដាល់ក្នុងកម្មវិធីឡាយផ្ទាល់ផ្សាយជាសាធារណៈតាមកញ្ចក់ទូរទស្សន៍នេះកាលពីពេលថ្មីនេះ។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាសនី (Meas Nee) ពេលមើលឃើញនូវទិដ្ឋភាពបែបនេះ ក៏បង្ហាញអារម្មណ៍ហួសចិត្ត និងបានដាក់ជាសំណួរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «នរណាទទួលខុសត្រូវលើទង្វើមួយនេះ…? ក្រុមហ៊ុនស្រាបៀរ….? អ្នករៀបចំបង្គំតន្ត្រី ? អាជ្ញាធរពាក់ព័ន្ធ… ? រាជរដ្ឋាភិបាល…បន្តនៅស្ងៀម ឬបន្តឆ្លើយយករួចខ្លួន…?
ឆ្លើយតបនឹងសំនួរនេះ ម្ចាស់គណនីហ្វេសប៊ុកមួយទៀតមានឈ្មោះថា វ៉ា សំណាង (War Samnang) បានComments ថា៖ «ចង់ដឹងថា នណាជាអ្នកទទួលខុសត្រូវទង្វើនេះ ទាល់តែដឹងថា នរណាទទួលបានលាភពីទង្វើនេះ…» ។
ទំនងជាឆ្លើយតបនឹងសំណួរដដែលនេះដែរ ម្ចាស់គណនីហ្វេសប៊ុកមួយទៀត ដាក់ ឈ្មោះថា ថាវី លួ (Thavy Laau) បានបញ្ចេញទស្សនៈដែរថា «ពេលដែលសង្គមមនុស្សពោរពេញទៅដោយបច្ចេកវិទ្យាជឿនលឿន និងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងក្លា មនុស្សនិងបាត់បង់សារជាតិជាមនុស្សដោយសារការលះបង់សីលធម៌ គុណធម៌ យុត្តិធម៌ ដើម្បីកសាងភាពមច្ឆរិយៈក្លែងក្លាយលើគំនរឆ្អឹងនិងសមុទ្រទឹកភ្នែកនៃមនុស្សជាតិ។
អ្នកទទួលខុសត្រូវ គឺអាជ្ញាធរពាក់ព័ន្ធ និងរដ្ឋាភិបាល ព្រោះរដ្ឋអំណាចមានកាតព្វកិច្ចការពារប្រជាពលរដ្ឋទន់ខ្សោយ។
ទាក់ទងនឹងកង្វល់របស់ពលរដ្ឋជុំការផ្សាយលក់គ្រឿងស្រវឹងពង្វក់យុវជននេះ គេមិនទាន់ឃើញរដ្ឋាភិបាលមានវិធានការផ្លូវច្បាប់ ឬមានចំណាត់ការជាក់លាក់ទៅលើប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនស្រាបៀទាំងនោះនៅឡើយទេ។
ថ្មីនេះៗក្រសួងព័ត៌មាន បានត្រឹមចេញសេចក្តីណែនាំក្រើនរំលឹកជាថ្មីម្តងទៀតដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ឲ្យយកចិត្ត អនុវត្តតាមគោលការណ៍ស្ដីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មានកន្លងមកប៉ុណ្ណោះ។
គោលការណ៍នោះហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្ដល់រង្វាន់ ហាមយកស្ត្រី និងអនីតិជនក្រោម១៨ឆ្នាំ មកផ្សាយពាណិជ្ជកម្មជាដើម។
ការក្រើនរម្លឹកនេះ ក្រោយពីមានការរិះគន់យ៉ាងផុលផុសពីមហាជន។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ មករា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងផងដែរ។ ក្រសួងសុខាភិបាលបង្ហាញថា ជាតិអាល់កុល ដែលមាននៅក្នុងផលិតផលគ្រឿងស្រវឹងនោះ ប៉ះពាល់ដល់សុខភាពភ្លាមៗ ដូចជា ចលនាអន់ថយ ការមើលឃើញធ្លាក់ចុះ និងសន្លប់បាត់ស្មារតី និងប្រឈមជំងឺឆ្លងផ្សេងទៀត ហើយបង្កប៉ះពាល់រយៈពេលវែងចំពោះសុខភាពដូចជា ជំងឺក្រិនថ្លើម ជំងឺមហារីក ប្រព័ន្ធភាពស៊ាំចុះខ្សោយ ជំងឺបេះដូង សរសៃឈាម និងក្លាយជាអ្នកញៀនគ្រឿងស្រវឹងជាដើម។
ទាក់ទងនឹងរឿងនេះដែរ ម្ចាស់ទំព័រហ្វេសប៊ុកដែលដាក់ឈ្មោះថា គំនិតពិចារណា ក៏បានផុសរូបភាព អមដោយវីដេអូខ្លីៗជាច្រើនដែលជាការផ្សាយពាណិជ្ជកម្មស្រាបៀជាច្រើនទម្រង់តាមបណ្ដាញសង្គម និងនៅលើកញ្ចក់ទូរទស្សន៍។
ម្ចាស់ទំព័រហ្វេសប៊ុកមួយនេះបានសរសេរថា៖ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង កំពុងពង្វក់យុវជនខ្មែរយើង។
គ្រឿងស្រវឹងគឺជាឃាតកលាក់មុខសម្លាប់ប្រជាពលរដ្ឋខ្មែរយើងមួយឆ្នាំៗអស់រាប់រយនាក់ នាំឲ្យកើតឧបទ្ទវហេតុផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរ ឃាតកម្ម ការកាប់សម្លាប់គ្នា ព្រោះស្រាចូលខ្លួនភ្លេចស្មារតី បាត់បង់សតិ លែងដឹងខុសត្រូវបាត់វិចារណញ្ញាណ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។