លោក ហ៊ុន ម៉ាណែត ជាប់​ឈ្មោះ​ជា​មេដឹកនាំ​កខ្វក់​ក្នុង​ចំណោម​បុគ្គល ១២រូប នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក

ដោយ ថា ថៃ
2024.01.16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន ម៉ាណែត ជាប់​ឈ្មោះ​ជា​មេដឹកនាំ​កខ្វក់​ក្នុង​ចំណោម​បុគ្គល ១២រូប នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងសន្ទរកថា​ ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) នៅ​ទីក្រុង​ដាវូស (Davos) ប្រទេស​ស្វីស (Switzerland) នៅ​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​មួយ​ចាត់​ចូល​ជា​មេ​ដឹក​នាំ​កខ្វក់​ក្នុង​ចំណោម​បុគ្គល ១២រូប ដែល​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) នៅ​ទីក្រុង​ដាវូស (Davos) ប្រទេស​ស្វីស (Switzerland)។ អ្នក​វិភាគ​នយោបាយ​យល់​ថា កេរ្តិ៍ឈ្មោះ​អាស្រូវ​របស់​លោក ហ៊ុន ម៉ាណែត នេះ នឹង​មិន​អាច​ទាក់ទាញ​អ្នកវិនិយោគទុន​បរទេស​ល្អៗ មក​រកស៊ី​នៅ​កម្ពុជា​បាន​ច្រើន​នោះ​ទេ។


ស្រប​ពេល​លោក ហ៊ុន ម៉ាណែត កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​របស់​លោក ឲ្យ​ជួយ​ផ្សព្វ​ផ្សាយ​ពី​មុខមាត់​របស់​លោក ដែល​បាន​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (WEF) នៅ​ទីក្រុង​ដាវូស ​ប្រទេស​ស្វីស​នោះ ប៉ុន្តែ​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ បែរ​ជា​លាតត្រដាង​ថា លោក ហ៊ុន ម៉ាណែត គឺ​ជា​ជន​ផ្ដាច់ការ និង​មាន​អំនួត​ក្អេង​ក្អាង​ម្នាក់​នៅ​ក្នុង​ពិធី​ជួបជុំ។

អង្គភាព​ព័ត៌មាន​អន្តរជាតិ ដែល​ផ្ដោត​លើ​ផ្នែក​គោល​នយោបាយ និង​នយោបាយ​នៅ​លើ​ពិភព​លោក​ឈ្មោះ​ប៉ូលិទិកូ ( POLITOCO) បាន​បញ្ចូល​ឈ្មោះ​លោក ហ៊ុន ម៉ាណែត ក្នុង​ចំណោម​មេដឹកនាំ​ និង​អ្នកជំនួញ​កខ្វក់​ចំនួន​១២​រូប​ដែល​មាន​វត្តមាន​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ទីក្រុង​ដាវូស។ បុគ្គល​ដែល​មាន​ឈ្មោះ​កខ្វក់​ទាំង ១២រូប​នោះ ក្រៅ​ពី​លោក ហ៊ុន ម៉ាណែត គឺ​មាន​ប្រធានាធិបតី​អាហ្សង់ទីន (Argentine) រាជ​ទាយាទ​អារ៉ាប៊ី​សាអូឌីត ព្រះអង្គម្ចាស់ មហាម៉ាត់ ប៊ីន សាលមែន អាល់សាត (Mohammed bin Salman Al Saud) ប្រធានាធិបតី​អាស៊ែបៃហ្សង់ (Azerbaijan) ប្រធានាធិបតី​រវ៉ាន់ដា (Rwanda) នាយក​រដ្ឋមន្ត្រី​ចិន លោក លី ឈាង (Li Qiang) ប្រធានាធិបតី​ហុងគ្រី (Hungary) នាយក​រដ្ឋមន្ត្រី​ស្លូវ៉ាគី (Slovakia) ប្រធានាធិបតី​ប៉ូឡូញ (Poland) និង​នាយក​រដ្ឋមន្ត្រី​កាតា (Qatar) ព្រមទាំង​អ្នក​ជំនួញ​ពីរ​រូប​ទៀត។

អង្គភាព​ព័ត៌មាន POLITICO ចាត់​ទុក​ថា បុគ្គល​ទាំង​នេះ គឺជា​ប្រភេទ​អ្នកជំនួញ​ទុច្ចរិត ជា​មេ​ដឹកនាំ​ផ្ដាច់ការ​បែប​អត្តាធិបតេយ្យ​ដែល​ច្បាម​យក​អំណាច និង​ផលប្រយោជន៍​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ មិន​គោរព​ច្បាប់​ មាន​អំនួត​ក្អេង​ក្អាង និង​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​លើ​អ្នករិះគន់ ​អ្នក​កាសែត និង​បង្ក្រាប​បង្ហូរ​ឈាម​លើ​ពលរដ្ឋ​ស្លូតត្រង់​ជា​ដើម។ បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​មួយ​នេះ ក៏​បរិយាយ​ពី​លោក ហ៊ុន ម៉ាណែត ដែរ​ថា ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ដែល​ទទួល​បាន​ការ​អប់រំ​ខ្ពស់​នៅ​ប្រទេស​លោក​ខាង​លិច ហើយ​មជ្ឈដ្ឋាន​មួយ​ចំនួន យល់​ថា ជា​អ្នក​កែទម្រង់ និង​ទំនើបកម្ម​ដ៏​មាន​សក្ដានុពល​ម្នាក់។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​ទទួល​បាន​តំណែង​ពី​បិតា​របស់​លោក​គឺ​លោក ហ៊ុន សែន ជា​អ្នក​កាន់​អំណាច​ជា​យូរ​មក​ហើយ​នោះ​លោក ហ៊ុន ម៉ាណែត មិន​បាន​បង្ហាញ​សញ្ញា​ណាមួយ​នៃ​ការ​ចង់​ធ្វើ​ទំនើបកម្ម ឬ​កែទម្រង់​កម្ពុជា​នោះ​ឡើយ។ អង្គភាព​ព័ត៌មាន POLITICO គូស​បញ្ជាក់​ថា មាន​ចំណុច​សំខាន់ៗ ជាច្រើន​នៃ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន ម៉ាណែត រួមមាន ការ​បង្ក្រាប​ឥត​ឈប់​ឈរ​លើ​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់ ការ​បោះ​ឆ្នោត​បែប​ឡប់ឡែ អំពើ​ពុក​រលួយ​ដ៏​រាលដាល និង​ទំនាក់​ទំនង​បក្ខពួក​និយម​រវាង​ក្រុម​អ្នក​នយោបាយ​កាន់​អំណាច និង​អ្នក​ជំនួញ «អញ​ជួយ​ឯង ឯង​ជួយ​អញ»

ទាក់ទង​នឹង​រឿង​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ទ្វីប​អឺរ៉ុប កាល​ពី​ថ្ងៃទី១៤ មករា ថា វត្តមាន​របស់​លោក​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី៥៤ នៅ​ទីក្រុង​ដាវូស (Davos) គឺជា​ដំណើរ​ទៅ​គោះទ្វារ​ស្វែងរក​អ្នក​ធុរកិច្ច ឱ្យ​មក​​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា។

លោក ហ៊ុន ម៉ាណែត៖ «មក​ទី​នេះ ហើយ​ដាក់​ពេល​វេលា​ជាប់គ្នា​ទាំងអស់ គឺ​ភារកិច្ច​តែមួយ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​គោះ​ទ្វា ដើម្បី​ចាប់ដៃ ដើម្បី​បង្ហាញ​ទាំង​ថ្នាក់​ដឹកនាំ​នយោបាយ អង្គការ ក៏ដូចជា​ធុរកិច្ច​នៅ​លើ​ពិភពលោក​អំពី​កម្ពុជា ហើយ​ប្រមូល​គេ​ទៅ​តែ​ម្ដង ហៅ​ថា​ដើរ​ទាក់​ម៉ូយ​តែ​ម្ដង»

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា វត្តមាន​លោក ហ៊ុន ម៉ាណែត ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក គ្រាន់តែ​ជា​ការ​យក​រូបភាព​មក​បោក​ប្រាស់​ពលរដ្ឋ​ខ្មែរ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នឹង​មិន​អាច​នាំ​ផលប្រយោជន៍​អ្វី​ដល់​កម្ពុជា​ឡើយ ប្រសិន​បើ​មេដឹកនាំ​រូប​នេះ​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ។ លោក យល់ថា​ ពិភពលោក និង​អ្នកជំនួញ​អន្តរជាតិ បាន​ស្គាល់​លោក ហ៊ុន ម៉ាណែត ច្បាស់​ថា លោក​ជា​មេដឹកនាំ​ផ្ដាច់ការ​បន្ត​ពី​ឪពុក ដែល​បំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ដូច្នេះ​អ្នក​រកស៊ី​ល្អៗ នឹង​ខ្លាច​ញញើត​ក្នុង​ការ​ចូល​ទៅ​វិនិយោគ​នៅ​កម្ពុជា។

លោក គឹម សុខ៖ «ឡើង​កាន់​តំណែង​ដោយ​ការ​ប្រកួត​មិន​ត្រឹមត្រូវ ដូច្នេះ វា​ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ បំផ្លាញ​រដ្ឋធម្មនុញ្ញ មាន​ន័យ​ថា បំផ្លាញ​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​ទាំង​មូល​តែ​ម្ដង។ បើ​កាលណា​បំផ្លាញ​ប្រព័ន្ធ​ច្បាប់​ដែល​គេ​ដឹង ពេញ​ពិភពលោក​ទៅ​ហើយ តើ​អ្នកជំនួញ​ប្រភេទ​ណា គេ​ចាប់​អារម្មណ៍​ទៅ​រកស៊ី នៅ​ប្រទេស​កម្ពុជា ព្រោះ​អ្នក​ជំនួញ​អន្តរជាតិ​ល្អៗ ដែល​គេ​រកស៊ី​ត្រឹមត្រូវ គេ​ទៅ​ប្រទេស​ណា​មួយ​គេ​រក​ផល​ចំណេញ​មែន ពេល​គេ​បាន​ផល​ចំណេញ តើ​គេ​ការពារ​ផល​ប្រយោជន៍​គេ​ដោយ​វិធី​ណាដូច្នេះ​វា​ទាល់តែ​ប្រព័ន្ធ​ច្បាប់​រឹងមាំ​ណាស់ មិន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​អំណាច បក្ខ​ពួក​និយម និង​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ចាក់ស្រេះ ទើប​អាច​ការពារ​ផល​ប្រ​យោជន៍​របស់​ពួក​គេ​បាន»

មេដឹកនាំ​ពិភពលោក​ជាង ៦០នាក់ កំពុង​ជួប​ប្រជុំ​គ្នា​ជាមួយ​ក្រុម​អ្នក​ជំនួញ​មក​ពី​ជុំវិញ​ពិភពលោក នៅ​ទីក្រុង​ដាវូស ប្រទេស​ស្វីស រយៈ​ពេល ៥ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៩ ខែមករា ក្រោម​ប្រធាន​បទ «ការ​កសាង​ទំនុក​ចិត្ត​ឡើង​វិញ» បន្ទាប់ពី​ពិភព​លោក​ប្រឈម​នឹង​វិបត្តិ​ជាបន្តបន្ទាប់​ដូច​ជា​បញ្ហា​សង្គ្រាម និង​វិបត្តិ​ជំងឺ​កូវីដ​ជា​ដើម។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ដែល​ប្រមូលផ្ដុំ​ដោយ​មេ​ដឹកនាំ​ផ្ដាច់ការ និង​ពុករលួយ ព្រម​ទាំង​អ្នក​ជំនួញ​ទុច្ចរិត​មួយ​ចំនួន​ផង​នោះ នឹង​មិន​មាន​ការ​ជជែក​គ្នា និង​ការ​សម្រេច​ចិត្ត​ដោយ​បើក​ចំហ និង​តម្លាភាព ដើម្បី​ផល​ប្រយោជន៍​សម្រាប់​មនុស្សជាតិ​ទូទៅ​ឡើយ។ អ្នក​ឃ្លាំមើល កត់​សម្គាល់​ថា នៅ​តាម​ប្រទេស​ផ្ដាច់ការ​ទ្រព្យសម្បត្តិ​របស់​ឥស្សរជន​នយោបាយ និង​ក្រុម​អ្នកជំនួញ​ទុច្ចរិត នៅតែ​បន្ត​កើន​ឡើង​ច្រើន​ជាង​ទ្វេដង ខណៈ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ កំពុង​ធ្លាក់​ខ្លួន​ក្រីក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

One Response to "លោក ហ៊ុន ម៉ាណែត ជាប់​ឈ្មោះ​ជា​មេដឹកនាំ​កខ្វក់​ក្នុង​ចំណោម​បុគ្គល ១២រូប នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក"

  1. រន្ទះខែចេត្រ says:

    ហ៊ុន ម៉ាណែត គឺជាមេដឹកនាំ ពុករលួយបន្តពូជ! មហាពុករលួយជាងរបប លុន នុល ១០០ដងគួរឲ្យខ្ពើមរអើមលើលោក។