អ្នកឃ្លាំមើល​ថា លោក កឹម សុខា នឹង​មិន​អាច​ទទួល​បាន​យុត្តិធម៌​ពី​សាលាឧទ្ធរណ៍​ឡើយ

ដោយ សេក បណ្ឌិត
2024.01.25
RFA

អ្នកឃ្លាំមើល​ថា លោក កឹម សុខា នឹង​មិន​អាច​ទទួល​បាន​យុត្តិធម៌​ពី​សាលាឧទ្ធរណ៍​ឡើយ

(រូបថតឯកសារ) លោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះ​ជាតិ ពេល​ទៅ​ចូលរួម​សវនាការ​ករណី​របស់​លោក នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ ខែមករា ឆ្នាំ២០២០។ រូបពីពលរដ្ឋ


អ្នក​ឃ្លាំមើល​ថា ដោយសារ​តែ​គណបក្ស​កាន់​អំណាច​មិន​ហ៊ាន​ប្រកួត​ប្រជែង​នយោបាយ​ដោយ​ស្មើភាព​គ្នា ដូច្នេះ លោក កឹម សុខា នឹង​ពិបាក​ទទួល​បាន​យុត្តិធម៌​ពី​សាលាឧទ្ធរណ៍​ណាស់។ ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ការ​កាត់​ទោស​លោក កឹម សុខ គឺ​ជា​ការងារ​របស់​តុលាការ និង​មិន​ពាក់ព័ន្ធ​ជាមួយ​ការ​ធ្វើ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​នោះ​ទេ។

អ្នកវិភាគ​នយោបាយ និង​អ្នក​ឃ្លាំមើល​លើក​ឡើង​ស្រដៀងៗ គ្នា ថា ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច ដូច្នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​អាច​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេសណ័រវ៉េ (Norway) លោក ម៉ែន ណាត យល់​ឃើញ​ថា ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​នយោបាយ​បែប​ទុច្ចរិត និង​មិន​ហ៊ាន​ប្រកួតប្រជែង​នយោបាយ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ដូច្នេះ​លោក​សន្និដ្ឋាន​ថា លោក កឹម សុខា នឹង​មិន​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ទេ។

សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០២៣ បាន​សម្រេច​ផ្ដន្ទាទោស លោក កឹម សុខា ឱ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​រយៈ​ពេល ២៧ឆ្នាំ ក្នុង​សំណុំរឿង​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​បទ​ក្បត់ជាតិ និង​ហាម​មិន​ឱ្យ​ធ្វើ​នយោបាយ គាំទ្រ​អ្នក​នយោបាយ និង​មិន​អាច​ជួប​អ្នក​ណា​ក្រៅ​សាច់​ញាតិ​របស់​ខ្លួន​ឡើយ។ សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​សវនាការ​លើ​លោក កឹម សុខា នៅ​ថ្ងៃ​ទី៣០ ខែមករា​ខាង​មុខ។

ជុំវិញ​រឿង​នេះ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ លើក​ឡើង​ថា គ្រួសារ​ត្រកូល ហ៊ុន ចង់​បន្ត​ដឹកនាំ​ប្រទេស​យក​គំរូ​តាម​ប្រទេស​ផ្ដាច់ការ​ផង​នោះ ដូច្នេះ លោក កឹម សុខា នឹង​មិន​អាច​ទទួល​បាន​យុត្តិធម៌​ពី​សាលាឧទ្ធរណ៍​នោះ​ទេ។

ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន ដែល​ធ្វើ​នយោបាយ​បែប​កំសាក​នោះ​ឡើយ។ លោក​បន្ត​ថា ការ​កាត់​ទោស​លោក កឹម សុខា គឺ​ជា​ភារកិច្ច​របស់​ប្រព័ន្ធ​តុលាការ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​មាន​ឥទ្ធិពល​ទៅ​លើ​តុលាការ​នោះ​ដែរ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​បណ្ដា​ប្រទេស​នាំ​មុខ​លទ្ធិ​ប្រជាធិបតេយ្យ​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក កឹម សុខា រហូត​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​រំលាយ​មូលដ្ឋាន​គ្រឹះ​លទ្ធិ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង​បណ្ដា​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ ដូចជា សហភាព​អឺរ៉ុប (EU) សហរដ្ឋ​អាមេរិក (United States) និង​អូស្ត្រាលី (Autralia) ជា​ដើម តែងតែ​ទាមទារ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះ​លែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព និង​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដោយ​ឥត​លក្ខខ័ណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles