ពលរដ្ឋក្រុងរុនតាឯកផ្ទុះការតវ៉ារឿងកាត់ប្រាក់ឧបត្ថម្ភ តែអាជ្ញាធរសន្យាដោះស្រាយ

កម្ពុជា
26/01/2024 – 11:57
ដោយ៖ សេង​ បារាំង
RFI

ប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯក ខេត្តសៀមរាបបានផ្ទុះការតវ៉ា ក្រោយពីមន្រ្តីមូលដ្ឋានមិនបានផ្តល់ ប្រាក់​គ្រប់ចំនួន។ ប្រាក់ដែលពួកគាត់ចង់និយាយ គឺជាប្រាក់ដែលឧបត្ថម្ភដោយរដ្ឋាភិបាល។ រឿងរ៉ាវមួយ នេះត្រូវបានអភិបាលរងខេត្តសៀមរាបបានបញ្ជាក់ថា ក្រសួងសង្គមកិច្ចនឹងចុះទៅដោះស្រាយ និងពន្យល់ពលរដ្ឋនៅថ្ងៃសៅរ៍ ទី២៧ មករា។

ពលរដ្ឋក្រុងរុនតាឯកផ្ទុះការតវ៉ារឿងកាត់ប្រាក់ឧបត្ថម្ភ តែអាជ្ញាធរសន្យាដោះស្រាយ © សេង បារាំង


នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅក្រុងរុនតាឯក ខេត្តសៀមរាប បានផ្ទុះការតវ៉ា និងកើតទុក្ខមិនសុខចិត្តនឹងមន្រ្តីនៅទីនោះកាត់ប្រាក់ឧបត្ថម្ភរបស់ពួកគេដែលផ្ដល់ជូនដោយរដ្ឋាភិបាល។ តាមរយៈហ្វេសប៊ុកឈ្មោះ Ly Ma ដែលបានផ្សាយផ្ទាល់រឿងការតវ៉ានេះ ពលរដ្ឋនៅទីនោះ បានលើកឡើងស្រដៀងគ្នាថា មន្រ្តីបានកាត់ប្រាក់ខ្លះដែលពួកគេត្រូវទទួលបាន។ ក្រៅពីនេះ ពួកគេក៏បានលើកឡើងពីការមិនទទួលបាននូវប្លង់កម្មសិទ្ធិ និងអំណោយដែលផ្ដល់ជូនដោយរដ្ឋាភិបាលដែរ។

ពលរដ្ឋក្រុងរុនតាឯកផ្ទុះការតវ៉ារឿងកាត់ប្រាក់ឧបត្ថម្ភ តែអាជ្ញាធរសន្យាដោះស្រាយ
ពលរដ្ឋក្រុងរុនតាឯកផ្ទុះការតវ៉ារឿងកាត់ប្រាក់ឧបត្ថម្ភ តែអាជ្ញាធរសន្យាដោះស្រាយ © សេង បារាំង

ឆ្លើយតបនឹងការតវ៉ានេះ លោក លី សំរិទ្ធិ អភិបាលរងខេត្តសៀមរាបបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦មករានេះថា ក្រសួងសង្គមកិច្ចនឹងចុះដោះស្រាយ ព្រមទាំងពន្យល់ប្រជាពលរដ្ឋនៅថ្ងៃសៅរ៍ ទី២៧ មករាស្អែក។ តាមលោក លី សំរិទ្ធិ ប្រជាពលរដ្ឋអាចមានការយល់ច្រឡំរឿងនេះទើបឈានដល់ការតវ៉ា និងថាមិនមានការកាត់ប្រាក់ឧបត្ថម្ភចំពោះពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅក្រុងរុនតាឯកទេ។

សូមបញ្ជាក់ថា រដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ និងផ្ដល់បណ្ណសមធម៌ជូនក្រុមគ្រួសារដែលស្ម័គ្រចិត្តផ្លាល់ទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប ទៅកាន់ក្រុងរុនតាឯក ខេត្តសៀមរាប។ ក្នុងចំណោមប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅក្រុងរុនតាឯក មានជាង១៧០គ្រួសារហើយ ដែលទទួលបានបណ្ណសមធម៌ក្នុងដំណាក់កាលដំបូង។ ប្រជាពលរដ្ឋអាចប្រើបណ្ណសមធម៌នេះដើម្បីទទួលបានការគាំពារ និងការឧត្តម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល៕

What Next?

Recent Articles