ដោយ ខាន់ លក្ខិណា
2024.01.26
RFA
ប្រជាពលរដ្ឋតំបន់រុនតាឯកប្រមាណ ៨រយគ្រួសារ នាំគ្នាប្រមូលផ្ដុំតវ៉ា នៅខាងមុខសាលាឃុំរុនតាឯក ក្រោយពីរដ្ឋាភិបាលកាត់ប្រាក់ប័ណ្ណសមធម៌ ចន្លោះ ២០ ទៅ ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ។
សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលដោះស្រាយតាមការសន្យាបើមិនដូច្នេះទេ អាចធ្វើឱ្យប្រជាពលរដ្ឋក្លាយជាជនចំណាកស្រុក ដើម្បីរកចំណូល និងក្លាយជាអ្នកសុំទានកាន់តែច្រើន។
ពលរដ្ឋរស់នៅតំបន់រុនតាឯកប្រមាណ ៨រយគ្រួសារ បានផ្ទុះការតវ៉ានៅសាលាឃុំ ករណីរដ្ឋាភិបាលកាត់ប្រាក់ប័ណ្ណសមធម៌ពីពួកគាត់ ប្រមាណ ២០ ទៅ ៣០ម៉ឺនរៀល ក្នុងមួយគ្រួសារ។
កាលពីខែកញ្ញា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រកាសផ្ដល់ប័ណ្ណក្រីក្រប្រភេទ ១ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាកចេញពីតំបន់អង្គរ ទៅរស់នៅតំបន់រុនតាឯក និងតំបន់ផ្សេងទៀត ដោយសារប័ណ្ណក្រីក្រប្រភេទ ១នេះ ទទួលបានប្រាក់ឧបត្ថម្ភច្រើនជាងបណ្ណក្រីក្រប្រភេទទី២។
លោក ហ៊ុន សែន៖ «អ៊ីចឹង ដើម្បីកុំឱ្យក្រសួងផែនការចុះទៅវាយតម្លៃថា អ្នកនេះ ប្រភេទ២ អ្នកនេះប្រភេទ១ ឥឡូវនេះ ខ្ញុំសម្រេចចិត្តថ្ងៃនេះ ប្រគល់ជូនបងប្អូនទាំងអស់ ទាំងមុន ទាំងក្រោយប្រភេទ១ ទាំងអស់ អ្នកកំពុងកាន់ប្រភេទ២ ត្រូវដូរមកប្រភេទ១ វិញ»។
ពលរដ្ឋនៅរស់នៅតំបន់រុនតាឯក លោក ឡង ឡែន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ មករា ថា គ្រួសារ ដែលធ្លាប់បើកប្រាក់ពីប័ណ្ណសមធម៌ចំនួន ៣២ម៉ឺនរៀល ក្នុងមួយខែកន្លងមក ប៉ុន្តែខែមករានេះ បើកបានតែ ១២ម៉ឺនរៀលក្នុងមួយគ្រួសារ ដោយរដ្ឋកាត់អស់ ២០ម៉ឺនរៀល។
លោកថា បើរដ្ឋាភិបាលមិនផ្ដល់ប្រាក់បន្ថែមដល់ពួកគាត់ទេ សូមកុំបន្ថយ ពីព្រោះធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងដល់ជីវភាពរបស់ពួកគាត់ ហើយក៏ដូចជា យកពួកគាត់ទៅសម្លាប់ចោល ដោយសារវិធានការ ដែលរដ្ឋាភិបាលឱ្យពួកគាត់ចេញពីតំបន់ អង្គរទៅរស់នៅតំបន់រុនតាឯកនេះ ធ្វើឱ្យពួកគាត់បាត់បង់ការងារប្រាក់ចំណូល និងជំពាក់បំណុលធនាគារវ័ណ្ឌកទៅហើយ។
លោក ឡង ឡែន៖«លះបង់ដីស្រែចម្ការរបស់ពួកខ្ញុំទៅតាមអ្វីដែលស្នើសុំរបស់រដ្ឋ ហើយរដ្ឋ បាន សន្យាឱ្យប័ណ្ណសមធម៌ពួកខ្ញុំ១០ ឆ្នាំឥឡូវនេះ បានមួយឆ្នាំជាង គាត់ធ្វើអ៊ីចឹង វាអយុត្តិធម៌មែនទែន។ អ៊ីចឹងសម្ដីប្រមុខដឹកនាំនិយាយហើយអត់យកជាបានការតែម្ដង។ អ៊ីចឹងវាអយុត្តិធម៌មែនទែន អ៊ីចឹងពួកខ្ញុំក៏អត់មានអ្នកសុខចិត្តដែរ»។
ពលរដ្ឋម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ លើកឡើងដែរថា គ្រួសាររបស់ពួកគាត់ ដែលមានសមាជិក ៩ នាក់ទទួលប្រាក់សមធម៌បានចំនួន ៤៨ម៉ឺនរៀលជារាល់ខែ ប៉ុន្តែខែមករានេះ គ្រួសារគាត់បើកបានតែ ១៦ម៉ឺនរៀលដោយរដ្ឋកាត់អស់ ៣០ម៉ឺនរៀល។
លោកស្នើឱ្យរដ្ឋាភិបាលថ្មីនេះ ពិចារណាឡើងវិញ ចំពោះការកាត់ប្រាក់ពីពួកគាត់។ លោកថា បើមិនមានដំណោះស្រាយទេ ពួកគាត់នឹងនាំគ្នាឡើងទៅតវ៉ានៅថ្នាក់ជាតិ ឬត្រឡប់ទៅរស់នៅតំបន់អង្គរវិញ ពីព្រោះការទៅរស់នៅតំបន់រុនតាឯក ធ្វើឱ្យ ពួកគាត់ប្រឈមនឹងបញ្ហាជីវភាពខ្លាំង ហើយរដ្ឋាភិបាលបែរជាដកប្រាក់ឧបត្ថម្ភ ជាងពាក់កណ្ដាលពីពួកគាត់ថែមទៀត។
លោកថា៖ «កេថាដកលុយនោះ ទៅទុកសម្រាប់តម្កល់ឱ្យអ្នកដែលចូលរៀនវិជ្ជាជីវៈនៃជំនាញផ្សេងៗ ដូចជាខាងស្រីៗ រៀនខាងឆុងកាហ្វេ ធ្វើនំ ហើយខាងប្រុសៗរៀនការសំណង ខាងគ្រឿងចក្រអេឡិចត្រូនិច ប៉ុន្តែពួកយើងមិនយល់ស្រប គួរតែមានកញ្ចប់ផ្សេង ដាច់ដោយឡែកពីប្រជាពលរដ្ឋដែលកំពុងមានប័ណ្ណសមធម៌ពួកគាត់ទៅពួកហ្នឹង វាអត់ត្រូវ។ យើងចង់បង្កើនចំណេះជំនាញសម្រាប់ពលរដ្ឋ រាជរដ្ឋាភិបាលគួរបង្កើតកញ្ចប់ថវិកាសម្រាប់សិស្សទាំងឡាយនោះ មិនអាចដកកញ្ចប់ថវិកានៃពលរដ្ឋដែលគាត់កំពុងមាននៅក្នុងប័ណ្ណរបស់ពួកគាត់ទេ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីមេឃុំអ្នកស្រី ឈួន អ៊ឹម និងជំទប់ទី១ ឃុំរុនតាឯក លោក ទាវ សម បានទេ នៅថ្ងៃទី២៦ មករា ដោយសារទូរស័ព្ទចូល គ្មានអ្នកទទួល។
អ្នកសារព័ត៌មានអាស៊ីសេរីបានទាក់ទងទៅអភិបាលខេត្តសៀមរាបលោក ប្រាក់ សោភ័ណ ប៉ុន្តែមានអ្នកចុចផ្ដាច់ទូរស័ព្ទនៅពេលឮអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណសុផាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ មករា ថា ការសន្យារបស់រដ្ឋាភិបាលថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយតំបន់រុនតាឯកទៅជាទីក្រុងរណបដ៏ស្រស់ស្អាតមួយ មិនអាចទៅរួចទេ ប្រសិនបើមិនដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋតាមការសន្យារបស់រដ្ឋាភិបាល ។
លោក វណ្ណ សុផាត៖ «បទពិសោធន៍ពីមុនមកដូចជានៅខាងភ្នំពេញ បុរីកីឡា ដែលបណ្ដេញទៅភ្នំបាត អីបច្ចុប្បន្ននេះក្លាយជាអ្នកសុំទានអីក៏មាន អ្នករើសអេតចាយក៏មាន អាហ្នឹង ជាបន្ទុកបន្ថែមសម្រាប់ប្រជាពលរដ្ឋ អាហ្នឹងជាការរំលោភសិទ្ធិធ្ងន់ធ្ងរ ជាពិសេសអនុសាសន៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ឬ អង្គការយូណេស្កូ (UNESCO) ថ្មីៗ នេះ សូមឱ្យបញ្ឈប់ការបណ្ដេញជាបន្ទាន់ ហើយពិនិត្យមើលជីវភាពប្រជាពលរដ្ឋដែលបាន ត្រូវបណ្ដេញចេញទៅរុនតាឯកហ្នឹង»។
ក្រុមប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក បានអះអាងថា ពលរដ្ឋដែលទទួលបានប័ណ្ណ សមធម៌ មានជាង ៦ (៦.៧៩៤)ពាន់គ្រួសារ។ ក្រោយពីប្រមូលផ្ដុំតវ៉ានៅខាងមុខសាលាឃុំរុនតាឯកជាង ១ម៉ោង នៅព្រឹកថ្ងៃទី២៦ មករា ពួកគាត់បានរំសាយវិញ បន្ទាប់ពីអាជ្ញាធរឃុំបានសន្យាថា នឹងជួបពិភាក្សាជាមួយពួកគាត់ដោយផ្ទាល់ នៅថ្ងៃស្អែកនៅផ្សាររុនតាឯកថ្មី ដើម្បីរកដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។