ដោយ វិទ្យុអាស៊ីសេរី
2024.01.28
RFA
តស់… ប្រកួតគ្នាដាក់ចំណងជើងឱ្យរូបត្លុកនយោបាយមួយនេះ! រូប៖ RFA
ពាក្យ «ប្រទេសតូចតែមានបេះដូងធំ» ត្រូវរដ្ឋាភិបាលកម្ពុជាតាំងពីសម័យនាយករដ្ឋមន្ត្រីឪដល់នាយករដ្ឋមន្ត្រីកូនយកមកអនុវត្តយ៉ាងខ្ជាប់ខ្ជួនដើម្បីសម្ញែងមុខមាត់នៅចំពោះមុខបរទេស។ ក៏ប៉ុន្តែ ពាក្យនេះកម្រត្រូវបានរដ្ឋាភិបាលយកមកអនុវត្តសម្រាប់ពលរដ្ឋខ្មែរខ្លួនឯងដែលជាម្ចាស់ស្រុក។
ជាក់ស្តែង ភាពខុសប្លែកគ្នានៃការផ្តល់ដំណោះស្រាយជាដីសម្បទានសង្គមកិច្ចទំហំ៤០ហិកតាដល់ពលរដ្ឋវៀតណាមជិត២ពាន់គ្រួសារដែលរស់នៅលើផ្ទះបណ្ដែតទឹកនៅតំបន់ទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងឱ្យមករស់នៅលើគោក និងចំណាត់ការបណ្ដេញចេញដោយបង្ខំមកលើពលរដ្ឋខ្មែរម្ចាស់ស្រុកនៅតំបន់បឹងតាមោកក្នុងរាជធានីភ្នំពេញ។
កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលបានកាត់ឆ្វៀលដីលិចទឹកទំហំ៤០ហិកតារក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ឋិតនៅកៀកបឹងទន្លេសាប ដើម្បីរៀបចំជាដីសម្បទានសង្គមកិច្ចឱ្យពលរដ្ឋវៀតណាមទាំងនោះឡើងមករស់នៅលើគោក ក្រោមហេតុផលថាដើម្បីកែលម្អសោភ័ណភាព និងការពារបរិស្ថាននៅលើផ្ទៃបឹងទន្លេសាប។ លើសពីនេះទៀត អាជ្ញាធរក៏បានរៀបចំផ្ដល់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹកភ្លើង និងមណ្ឌលសុខភាពជូនពលរដ្ឋវៀតណាមដែលឡើងគោកទាំងនោះថែមទៀតផង។
ផ្ទុយទៅវិញ សម្រាប់អ្នកបឹងតាមោកវិញ ពួកគេគ្មានវាសនាទទួលបានសន្ដានចិត្តពីរដ្ឋាភិបាលខ្លួនឯងយ៉ាងដូច្នេះឡើយ។ ស្របពេលដែលរដ្ឋាភិបាលបន្តកាត់ផ្ទៃបឹងតាមោកជាបន្តបន្ទាប់ប្រគល់ឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុន និងបុគ្គលឯកជនជាអ្នកមានលុយមានអំណាចធ្វើជាកម្មសិទ្ធិស្របច្បាប់ផ្ទាល់ខ្លួន អ្នកបឹងតាមោក២៥០គ្រួសារក្នុងសង្កាត់សំរោងត្បូង និងប្រមាណ ៨៨គ្រួសារក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កំពុងក្លាយជាជងរងគ្រោះនៃការបណ្តេញចេញដោយបង្ខំ ខណៈអាជ្ញាធរបន្តចាក់ដីលុបបឹងនេះ។ ចាប់តាំងពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ យ៉ាងហោចណាស់អ្នកបឹងតាមោកចំនួន១៨នាក់ កំពុងរងបណ្ដឹងពីតុលាការ ខណៈមនុស្សមួយចំនួនទៀតបានរត់គេចខ្លួនដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។