អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងថា កម្ពុជានិងវៀតណាមនឹងបង្ក្រាបលើអ្នកតស៊ូទាមទារសិទ្ធិសេរីភាព ក្រោមលេសដើម្បីកម្ទេចក្រុមកម្លាំងអមិត្ត

ដោយ ទីន ហ្សាការីយ៉ា
2024.01.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងថា កម្ពុជានិងវៀតណាមនឹងបង្ក្រាបលើអ្នកតស៊ូទាមទារសិទ្ធិសេរីភាព ក្រោមលេសដើម្បីកម្ទេចក្រុមកម្លាំងអមិត្ត

រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក តូ ឡឹម (ឆ្វេង) ជួបពិភាក្សាជាមួយលោក ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ (ស្ដាំ) នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ នៅវិមាន ៧ មករា។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


អ្នក​វិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ឃើញ​ដូច​គ្នា​ថា ការ​បន្ត​កិច្ច​សហប្រតិបត្តិ​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​ប្រឆាំង​កម្លាំង​អមិត្ត គឺ​ផ្ដល់​ប្រយោជន៍​តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រទេស​វៀតណាម​ប៉ុណ្ណោះ មិន​មែន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​នោះ​ទេ​។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​ឆ្លើយតប​ថា កិច្ច​សហប្រតិបត្តិការ​នេះ ដើម្បី​ការពារ​សន្តិសុខ​សម្រាប់​ប្រទេស​នីមួយ​ៗ​។

អ្នក​វិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា កិច្ច​សហប្រតិបត្តិ​រវាង​កម្ពុជា​និង​វៀតណាម​នេះ គ្រាន់​តែ​ជា​ការ​ជួយ​គ្នា ដើម្បី​ការពារ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ តាម​រយៈ​ការ​តាម​កម្ទេច​ក្រុម​អ្នក​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី ២៥ មករា ថា វៀតណាម នឹង​បន្ត​ជួយ​ដើម្បី​ទប់ស្កាត់​អ្នក​ណា ដែល​អាច​គំរាមកំហែង​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​ត​ពូជ​របស់​ត្រកូល ហ៊ុន ដោយ​មិន​ត្រូវ​ឱ្យ​ឆ្លង​កាត់​ទឹក​ដី​វៀតណាម ចូល​កម្ពុជា​ឡើយ​។ លោក​បន្ត​ថា សម្រាប់​កម្ពុជា​វិញ គឺ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​បន្ត​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​រូប​ណា ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ ហើយ​ហ៊ាន​ធ្វើ​សកម្មភាព​ផុលផុស ដើម្បី​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ទឹក​ដី​វៀតណាម គឺ​នឹង​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្រោម​លេស​ផ្សេង​ៗ ឬ​ចាប់​បញ្ជូន​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​វៀតណាម ដើម្បី​ដាក់​គុក​ធ្វើ​ទារុណកម្ម​ជាដើម​។

លោក អ៊ុំ សំអាន​៖ «​វៀតណាម​ជួយ​គាំទ្រ ឱ្យ​គណបក្ស​ប្រជាជន ឱ្យ​លោក ហ៊ុន ម៉ាណែត ហ្នឹង​កាន់​អំណាច​ផ្ដាច់ការ​ត​ទៅ​ទៀត​នៅ​កម្ពុជា​ដែរ ដូច្នេះ​មាន​ន័យ​ថា ដើម្បី​តែ​ផល​ប្រយោជន៍ និង​ការ​កាន់​អំណាច​ផ្ដាច់ការ​របស់​ត្រកូល «​ហ៊ុន​» តែ​ប៉ុណ្ណោះ​ឯង មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ខ្មែរ​នោះ​ទេ​» 

កាល​ពី​អំឡុង​ឆ្នាំ ២០០៧ មាន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះតេជព្រះគុណ ទឹម សាខន ព្រះ​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង ក្នុង​ខេត្ត​តាកែវ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ និង​មន្ត្រី​សង្ឃ​ខ្មែរ​ចាប់​ផ្សឹក​ដោយ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឱ្យ «​បែក​បាក់​សាមគ្គីភាព​វៀតណាម​និង​កម្ពុជា​» ដើម្បី​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​វៀតណាម​យក​ទៅ​ដាក់​គុក​នៅ​ក្នុង​ប្រទេស​វៀតណាម​។

កាល​ពី​ថ្ងៃ​ទី ២៣ មករា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន បាន​ទទួល​ជួប​ជាមួយ​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម និង​ជា​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម​លោក តូ ឡឹម នៅ​វិមាន ៧ មករា ដើម្បី​ពិភាក្សា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនិស្ត​វៀតណាម និង​វិស័យ​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ​។

លោក ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា នៅ​ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម បាន​ឯកភាព​គ្នា​ជា​ថ្មី ដោយ​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​អមិត្ត​ណា​មួយ ប្រើប្រាស់​ទឹក​ដី​របស់​ខ្លួន ដើម្បី​ប្រឆាំង​ប្រទេស​រៀង​ៗ ខ្លួន​ឡើយ​។

ក្រៅ​ពី​ជួប​លោក ហ៊ុន សែន រដ្ឋមន្ត្រី​នគរបាល​វៀតណាម​លោក តូ ឡឹម ក៏​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈឹម ផលវរុណ ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​ដើម្បី​ប្រឆាំង​អមិត្ត​នេះ គ្រាន់​តែ​ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​អធិបតេយ្យ​របស់​ប្រទេស​នីមួយ​ៗ ហើយ​ការ​លើកឡើង​ផ្សេង​ពី​នេះ របស់​មន្ត្រី​គណបក្ស​ប្រឆាំង គ្រាន់​តែ​ជា​សិទ្ធិ​បញ្ចេញ​មតិ​។

លោក ឈឹម ផលវរុណ​៖ «​រឿង​អ្នក​ដែល​ចូលចិត្ត​រឿង​និទាន​ប្រជាធិបតេយ្យ អា​ហ្នឹង​ជា​សិទ្ធិ​របស់​អ្នក​នោះ​។ ប៉ុន្តែ​រឿង​ពាក្យ «​អមិត្ត​» មិន​មែន​មាន​តែ​នៅ​កម្ពុជា ឬ​នៅ​វៀតណាម ឬ​នៅ​អាស៊ី​ទេ សូម្បី​នៅ​អាមេរិក ក៏​ចាត់​ទុក​អ្នក​ប្រឆាំង​ខ្លួន ជា​អមិត្ត​ដូច​តែ​គ្នា​ហ្នឹង​» 

ថ្វីត្បិត​មាន​ការ​លើកឡើង​ពី​មន្ត្រី​គណបក្ស​កាន់​អំណាច​បែប​នេះ​ក្ដី ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ សង្កេត​ឃើញ​ថា កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អមិត្ត​កន្លង​មក តែង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ច្រើន ហើយ​មាន​តែ​វៀតណាម​ទេ ដែល​ទទួល​បាន​ផល​ចំណេញ ដូច​ជា​ទទួល​បាន​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​ពលរដ្ឋ​វៀតណាម​បន្ត​ហូរ​ចូល​ទឹក​ដី​កម្ពុជា និង​ទទួល​បាន​ការ​ចូល​សញ្ជាតិ​ខ្មែរ ជា​ថ្នូរ​ដែល​វៀតណាម​បន្ត​ជួយ​គាំទ្រ​ការ​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​បន្ត​ថា សម្រាប់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ហើយ​ចង់​វិល​មក​ស្រុក​ដើម្បី​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ គឺ​មាន​លទ្ធភាព​តិចតួច ដែល​អាច​ប្រើប្រាស់​ទឹក​ដី​វៀតណាម សម្រាប់​ឆ្លង​កាត់​ចូល​កម្ពុជា​វិញ ពីព្រោះ​វៀតណាម​នៅ​តែ​បន្ត​ចង់​ប្រើប្រាស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ខ្លួន ជាពិសេស​គឺ​ចង់​ឱ្យ​កម្ពុជា​បន្ត​ជួយ​វៀតណាម ទប់ស្កាត់​កម្លាំង​ជនជាតិ​ដើម​ភាគ​តិច​នៅ​ប្រទេស​វៀតណាម ដែល​ងើប​តស៊ូ​ដើម្បី​សេរីភាព​។

លោក គឹម សុខ​៖ «​ចំណុច​ដែល​សំខាន់​បំផុត គឺ​វៀតណាម​ចង់​ឱ្យ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ហ្នឹង ទប់ស្កាត់​កុំ​ឱ្យ​ជនជាតិ​ដើម​ភាគ​តិច ដែល​រស់​នៅ​វៀតណាម អាច​រត់​គេច​ពី​វៀតណាម ហើយ​មក​សម្ងំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​សកម្មភាព​នយោបាយ ដើម្បី​សេរីភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន នៅ​ប្រទេស​វៀតណាម​» 

ការ​លើកឡើង​ពី​អ្នក​វិភាគ​រូប​នេះ ដោយសារ​ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក មាន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម​រាប់​ពាន់​នាក់ រត់​កាត់​ព្រៃ​ឆ្លង​ដែន​ចូល​ទឹក​កម្ពុជា តាម​ខេត្ត​រតនគីរី និង​មណ្ឌលគីរី ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន ដោយសារ​ពួកគេ​អះអាង​ថា ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​។ ប៉ុន្តែ​កន្លង​មក មាន​ជនជាតិ​ម៉ុងតាញ៉ា​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ចាប់​ខ្លួន​ប្រគល់​ទៅ​ឱ្យ​វៀតណាម​វិញ ទោះបីជា​ចំណាត់​ការ​ទាំង​នេះ រង​ការ​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ និង​ប្រព្រឹត្តិ​ផ្ទុយ​ពី​អនុសញ្ញា​ស្ដី​ពី​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ក្ដី​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment